អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​អាហ្វ្រិក​​​បើក​សវនាការ​ជា​ប្រវត្តិសាស្ត្រ​ កាត់ទោស​អតីត​ប្រធានាធិបតី​ផ្តាច់ការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​តុលាការ ដែល​អតីត​ប្រធានាធិបតី​ប្រទេស​មួយ​នៅ​អាហ្វ្រិក​ ត្រូវ​ចូល​ខ្លួន​ឱ្យ​តុលាការ​ប្រទេស​ផ្សេង​មួយ​ទៀត កាត់​ទោស។ នៅ​ថ្ងៃ​ចន្ទ​ទី ២០ កក្កដា ២០១៥​នេះ តុលាការ​ សេណេហ្គាល់ ដែល​ជា​តុលាការ​ពិសេស​​របស់​អាហ្វ្រិក បានផ្តើម​​បើក​សវនាការ​កាត់​ទោស​អតីត​ប្រធានាធិបតី​ឆាដ លោក ហ៊ីសែន​ ហាប្រេ (Hissene Habre) ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទ​ឧក្រិដ្ឋ​ធ្វើ​ទារុណកម្ម​ ក្នុង​អំឡុង​ពេល​កាន់​អំណាច​ពី​ឆ្នាំ​ ១៩៨២ ដល់​ឆ្នាំ​១៩៩០ ដែល​បាន​សម្លាប់​ជិវិត​មនុស្ស​អស់​ជាង​បួន​ម៉ឺន​នាក់។

អតីត​ប្រធានាធិបតី​ឆាដ លោក Hissène Habré ស្រែក​បង្ក​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​នៅ​ក្នុង​តុលាការ
អតីត​ប្រធានាធិបតី​ឆាដ លោក Hissène Habré ស្រែក​បង្ក​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​នៅ​ក្នុង​តុលាការ AFP PHOTO / SEYLLOU
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ត្រឹម​តែ​ជា​លើក​ទី​មួយ​សម្រាប់​អាហ្វ្រិក​ ល្បី​ខាង​មាន​មេដឹកនាំ​ផ្តាច់ការ រំលោភ​សិទ្ធិមនុស្ស​ទេ តែ​សម្រាប់​ពិភពលោក​ទាំង​មូល​តែ​ម្តង ដែល​អតីត​ប្រធានាធិបតី​ប្រទេស​មួយ (ឆាដ) ត្រូវ​តុលាការ​នៅ​ប្រទេស​មួយ​ផ្សេង​ទៀត​ (សេណេហ្គាល់)​កាត់​ទោស ពីបទ​រំលោភ​សិទ្ធិមនុស្ស។

 

​អតីត​ប្រធានាធិបតី​ឆាដ ពី​ឆ្នាំ​១៩៨២-១៩៩០ ធ្លាប់​ជា​បាន​ទទួល​ការ​គាំទ្រ​ពី​​បស្ចឹម​លោក ដើម្បី​ឡើង​កាន់​តំណែ​ង​​ដឹកនាំ​ប្រទេស លោក ហ៊ីសែន ហាប្រេ បាន​​រត់​​​ចេញ​ពី​ប្រទេស ទៅ​​សំងំ​លាក់​​ខ្លួន​នៅ​ប្រទេស​សេណេហ្កាល់តាំង​ពី​ឆ្នាំ​១៩៩០ ជា​មួយ​ទ្រព្យ​សម្បត្តិ​​ជាតិ​ដ៏​សម្បើម​ និង​មាន​ប្រពន្ធ​ទី​បី​ជា​ស្ត្រី​សេណេហ្កាល់​ ​ធ្លាប់​បាន​ប្រើ​​អំពើ​ហិហង្សា​ធ្វើ​ទារុណកម្ម​ជា​ស្វ័យប្រវត្តិ បង្ក្រាប​ ចាប់​ដាក់​ពន្ធនាគារ ប្រហារ​ជីវិត ពលរដ្ឋ​អស់​ប្រមាណ​ជាង​បួន​ម៉ឺន​នាក់ ក្នុង​អំឡុង​ពេល​កាន់​អំណាច​៨​ឆ្នាំ ពេល​នេះ​បាន​ក្លាយ​ជា​ជន​ជាប់​ចោទរបស់​តុលាការ​ពិសេស​សេណេហ្កាល់។

ទាំង​មាន​លក្ខណៈ​ពិសេស ទាំង​​កម្រ​មិនធ្លាប់​មាន​ សវនាការកាត់​ទោស​អតីត​មេដឹក​នាំ​ផ្តាច់ការ​អាហ្វ្រិក​ នៅ​លើ​ទឹក​ដី​នៃ​ទ្វីប​អាហ្វ្រិក​ជា​លើក​ទី​មួយនេះ គឺ​ជា​មោទនភាព​របស់​ទ្វីប​អាហ្វ្រិក​ទាំង​មូល។ កន្លងមក​ អាហ្វ្រិក​តែង​ស្រែក​បរិហារ​ និង​បញ្ចេញ​ឆ្មុង​ដាក់​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុង​ឡាអេ ថា ចូល​ចិត្ត​កាត់​ក្តី​ប្រឆាំង​​លើ​តែ​ថ្នាក់​ដឹកនាំ​អាហ្វ្រិក តែ​នៅ​ថ្ងៃ​នេះ​គឺ​អាហ្វ្រិក​ខ្លួន​ឯង​ផ្ទាល់​តែ​ម្តង​ជា​អ្នក​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹងអ្វី​ដែល​ហៅ​ថា​​ការ​រំលោភ​សិទ្ធមនុស្ស​។ តុលាការ​នេះ ចង់​តាំង​ខ្លួន​ជា​តុលាការ​តំបន់ (របស់ទ្វីប) ជា​ផ្នែក​មួយ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផង។

​តុលាការ​​សេណេហ្កាល់​នេះ​ បង្កើត​ចេញ​ជា​រូប​រាង​នៅ​ឆ្នាំ​២០១៣ ​ដោយ​មានកិច្ចព្រមព្រៀង​រវាង​សហភាព​អាហ្វ្រិក​និង​ប្រទេស​សេណេហ្គាល់ បន្ទាប់​ពី​ការក្រាញ​ននៀល​​របស់​ជន​រងគ្រោះ និង​អង្គការ​សិទ្ធិមនុស្ស​ រយៈ​ពេល​ជាង ១៥​ឆ្នាំ។

​សេណេហ្កាល់​មិន​បាន​ធ្វើ​ដឹង​ធ្វើឮ​រឿង​កាត់​ទោស​អតីត​មេដឹកនាំ​ឆាដ​នេះ​ទេ។ នៅ​ឆ្នាំ​២០០៥​ ក្រុម​អ្នក​​រង​គ្រោះ​ឆាដ​បាន​ប្តឹង​ លោក ហ៊ីសែន ហាប្រេ នៅ​តុលាការ​ប្រទេស​ប៊ែលហ្សិក​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ឆ្នាំ​២០០៩  ​ប៊ែលហ្សិក​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ តែ​រាល់​សំណើ​សុំ​ធ្វើ​បត្យាប័ន​លោក ហ៊ីសែន ហាប្រេ ត្រូវ​បរាជ័យ​ទាំង​អស់។ អន្តរាគមន៍​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ផ្សេងៗ របស់​សហភាព​អឺរ៉ុប របស់​សហភាព​អាហ្វ្រិក មិន​បាន​ធ្វើ​ឱ្យ​សេណេហ្កាល់​ប្តូរ​ចិត្ត​អ្វី​សោះ។ ​

រហូត​ទាល់​តែ​ដល់​ឆ្នាំ​២០១២ សេណេហ្កាល់​មាន​ប្រធានាធិបតី​ថ្មី អ្វីៗ​ក៏​ប្តូរ​ផ្លាស់។ សេណេហ្កាល់​​នៅ​តែ​មិន​ព្រមបញ្ជូន​ធ្វើ​បត្យាប័ន​លោក​ហ៊ីសែន ហាប្រេ តែ​សុខចិត្ត​​បង្កើត​តុលាការ​ថ្មី​ ដើម្បី​កាត់​ទោស​មេដឹកនាំ​អាហ្វ្រិក​​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្សជាតិ-សង្គ្រាម។ សវនាការបាន​​ចាប់​ពី​​ថ្ងៃ​ចន្ទ​ទី ២០​កក្កដា​នេះ​ទៅ នៅ​ទីក្រុង​ដាការ សម្រាប់​រយៈ​ពេល​បីខែ។

លោក ហ៊ីសែន ហាប្រេ ជនជាប់​ចោទ​តែ​មួយ​គត់ ?

​សឹង​អាច​ចាត់​ទុក​ថា​ព្រឹត្តិការណ៍-ជា​សវនាការ​​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​គ្រប់​អាហ្វ្រិក​មិន​មែន​សុទ្ធ​តែ​អបអរ​នឹងសវនការ​នេះ​ឡើយ នៅ​ទី​បំផុត​សវនាការ​លោក ហ៊ីសែន ហាប្រេ មាន​តម្លៃ​ត្រឹម​ជា​ការ​ពិសោធន៍​សមត្ថភាព​តុលាការសកល​តែ​ប៉ុណ្ណោះ។

សវនាការ​ថ្ងៃ​នេះ ជន​ជាប់​ចោទ​​​មាន​តែ​ម្នាក់​គត់​ គឺ​រូប​លោក ហ៊ីសែន ហាប្រេ ដែល​​បាន​ប្រកាស​តាំង​ពី​ដំបូង មិន​ទទួល​ស្គាល់​តុលាការកូនកាត់​​សេណេហ្កាល់​នេះ​ទេ និង​មិន​ព្រម​បង្ហាញ​ខ្លួន​នៅ​ក្នុង​អង្គ​សវនាការ​ឡើយ ព្រោះ​យល់​ថា​​ជា​តុលាការ​​​យុត្តិធម៌​រើស​មុខ។

ចាប់​បង្ខំ​ឱ្យ​មក​បង្ហាញ​មុខ​នៅ​ក្នុង​អង្គសវនាការ ​មក​អង្គុយ​ក្នុង​រង្វង់​ក្រចក​សេះ បាន​​ថ្ងៃ​នេះ​មែន ប៉ុន្តែ​លោក​ ហ៊ីសែន ហាប្រេ ទំនង​ជា​​ ​ជាអតីត​​ប្រមុខ​រដ្ឋ​នៅ​ទ្វីប​អាហ្វ្រិក​ដំបូង​គេ​​បង្អស់ ​និង​តែ​មួយ​គត់​ដែល​តុលាការ​ អាហ្រ្វិក​នៅ​សេណេហ្គាល់ កាត់​ទោស​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ-សង្គ្រាម។

ថ្វី​បើ​អាហ្វ្រិក​ថ្ងៃ​នេះ​បាន​បង្ហាញ​ខ្លួន​ថា​អាច​កាត់​ទោស​មេ​ដឹកនាំ​ផ្តាច់​ការ​អាហ្វ្រិក​បាន​មែន ប៉ុន្តែ​ជាមួយ​ឆន្ទៈ​ល្អ​​ចង់​ខ្លួន​ជា​តុលាការ​តំបន់ (របស់ទ្វីប) ជា​ផ្នែក​មួយ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រដ្ឋអាជ្ញារ​​​​គ្មានគម្រោង​សំលឹង​ចាប់​ទោស​​មេ​ដឹកនាំ​អាហ្វ្រិក​ណា​ផ្សេង​ទៀតទេ មាន​តែ​ការ​បោះជំហាន​ដើរ​ថយ​ក្រោយ​ការពារ​ខ្លួន ជាក់​ស្តែង​កាលពី​ឆ្នាំ​ទៅ  សហភាពអាហ្វ្រិក​ដែលប្រធានផ្លាស់​វេន​​បច្ចុប្បន្ន​គឺ​ជាប្រធានាធិបតី​ហ្ស៊ីមបាវេ តាំង​ពី​៣៥​ឆ្នាំ ចង់​បង្កើត​ច្បាប់​អភ័យឯកសិទ្ធិ​បុគ្គល​របស់​ប្រមុខ​រដ្ឋ​ និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ប្រទេស​ផង។ អភ័យ​ឯកសិទ្ធិ​ដែល​ការពារ​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ពី​ទោសទណ្ឌ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ