បារាំង បញ្ជាក់ជាថ្មី ការគាំទ្រ រដ្ឋាភិបាលរួបរួមលីប៊ីយ៉ាងពេញទំហឹង
មួយសប្តាហ៍ក្រោយ ការទាមទាររបស់លីប៊ី ឱ្យបារាំងបំភ្លឺជាផ្លូវការ ថាហេតុអ្វីមានទ័ពបារាំង នៅក្នុងលីប៊ី ដោយគ្មានការព្រមព្រៀងពីម្ចាស់ប្រទេសមក នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលបានអះអាងបញ្ជាក់ជាថ្មី ទៅកាន់នាយករដ្ឋមន្ត្រីលីប៊ី លោក ហ្វាយ៉េស អាល់សារ៉ា Fayez Al-Sarraj ថា បារាំងគាំទ្រយ៉ាងពេញទំហឹង រដ្ឋាភិបាលរួបរួមលីប៊ី។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសបារាំងបានប្រាប់ទៅសមភាគីលីប៊ី ថា បារាំងគាំទ្រយ៉ាងពេញទំហឹងសកម្មភាពរបស់រដ្ឋាភិបាលរួបរួមលីប៊ី ក្នុងការបង្រួបបង្រួមជាតិ និងស្តារស្ថាប័នជាតិឡើងវិញ។ បារាំងនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយលីប៊ី ដោយចាប់ផ្តើមពីវិស័យសន្តិសុខនិងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ មិនតែប៉ុណ្ណោះ បារាំងបានអបអរសេចក្តីសម្រេចចិត្តរបស់អាជ្ញាធរលីប៊ី ដែលសុំជំនួយអន្តរជាតិ ពោលគឺព្រមឱ្យទ័ពអាមេរិកដឹកនាំវាយប្រហារលើទីតាំងពួកជីហាតរដ្ឋអ៊ីស្លាម ចាប់ពីថ្ងៃចន្ទនេះតទៅ។
បារាំងត្រូវបង្ខំចិត្តចេញសេចក្តីថ្លែងការណ៍ថ្ងៃនេះ បញ្ជាក់អំពីជំហររបស់ខ្លួនចំពោះលីប៊ី ព្រោះតែកាលពី ថ្ងៃទី ២៦កក្កដា ប្រមុខរដ្ឋាភិបាលរួបរួមលីប៊ី បានទាមទារឱ្យក្រុងប៉ារីស ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ពន្យល់អំពីវត្តមានទាហានបារាំងនៅភាគខាងកើតលីប៊ីដែលគ្រប់គ្រងដោយក្រុមនយោបាយមួយផ្សេង តែគ្មានអន្តរជាតិណាទទួលទេ។ សម្រាប់រដ្ឋាភិបាលរួបរួមលីប៊ី វត្តមានទាហានបារាំងដោយគ្មានការព្រមព្រៀងពីម្ចាស់ផ្ទះ គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដែលមិនអាចទទួលយកបានឡើយ។
ប្រមុខការទូតលីប៊ី ក៏បានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំក្រុងទ្រីប៉ូលី ដើម្បីសម្តែងការប្រឆាំង។ ប៉ុន្តែនៅថ្ងៃនេះ ក្រសួងការបរទេសបារាំងគូសបញ្ជាក់ថា ជំនួបរវាងឯកអគ្គទូតបារាំងជាមួយរដ្ឋមន្ត្រីការបរទេសលីប៊ី គ្រាន់តែជាកិច្ចសន្ទនាការងារធម្មតា ក្រៅក្របខ័ណ្ឌជំនួបប្រជុំអន្តរជាតិនៅម៉ូរីតានីប៉ុណ្ណោះ។ វត្តមានទ័ពបារាំង នៅភាគខាងកើតលីប៊ី នោះគឺធ្វើក្នុងបេសកកម្មប្រឆាំងនឹងភេរវកម្មទេ។ នេះបើតាមរដ្ឋមន្ត្រីការពាជាតិបារាំង។
សូមបញ្ជាក់ថាតាំងពីរបបកាដាហ្វី បានរលំរលាយទៅនៅឆ្នាំ២០១១ លីប៊ីធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ អំពើហិង្សានិងការដណ្តើមអំណាចគ្នា ពីសំណាក់ក្រុមប្រដាប់អាវុធផ្សេងៗ ជាការសម្រួលខ្លាំងដល់ពួកអង្គការរដ្ឋអ៊ីស្លាម។ ក្រោមម្លប់របស់អង្គការសហប្រជាជាតិ នៅទីបំផុត លីប៊ីបានរកឃើញកិច្ចព្រមព្រៀងនយោបាយមួយបង្កើតរដ្ឋាភិបាលរួបរួមជាតិ ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ក្នុងនោះក៏មានបារាំងមួយដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ