បួគីណាហ្វាសូ រងការវាយប្រហារភេរវកម្មនៅយប់ថ្ងៃអាទិត្យទី១៣សីហា
នៅទីក្រុង Ouagadougou ក្នុងប្រទេស Burkina Faso កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ មានការវាយប្រហារភេរវនិយមមួយដែលបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១៨នាក់និងរងរបួសជាង២០នាក់។ យោងតាមរដ្ឋាភិបាល Burkina Faso ភេរវជន២នាក់ ត្រូវស្លាប់នៅក្នុងប្រតិបត្តិការវាយលុករបស់កម្លាំងទ័ព Burkina Faso ដែលបានបិទបញ្ចប់ប្រតិបត្តិការនៅពេលព្រឹកថ្ងៃចន្ទ១៤សីហានេះ នៅវេលាម៉ោង៧ព្រឹកម៉ោងនៅស្រុកបារាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣០
នៅយប់ថ្ងៃអាទិត្យម្សិលមិញវេលាម៉ោង២១យប់ម៉ោងក្នុងស្រុក ពួកភេរវជនអ៊ីស្លាមជីហាតមួយក្រុម បានធ្វើការវាយប្រហារដោយបានបាញ់រះប្រឆាំងទៅលើបណ្តាអតិថិជនដែលភាគច្រើនជាជនជាតិបរទេស កំពុងអង្គុយទទួលទានអាហារយ៉ាងកកកុញនៅរានហាលខាងក្រៅនៃភោជនីយដ្ឋាន-កាហ្វេឈ្មោះ Istambul ដែលស្ថិតនៅក្នុងរដ្ឋធានីOuagadougouប្រទេស Burkina Faso។
យោងតាមសាកសី ពួកឈ្លានពាន ២ នាក់ជិះម៉ូតូប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ kALACHNIKOV បានធ្វើការបាញ់រះប្រឆាំងទៅលើភោជនីយដា្នន-កាហ្វេ Istambul និងបានបណ្តាលឲ្យមនុស្សស្លាប់សរុប១៨នាក់ក្នុងចំណោមនោះ ក៏មានជនជាតិបារាំងមួយរូបដែរ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង Burkina Faso បានគូសបញ្ជាក់ប្រាប់ថា ពួកភេរវជនចំនួនយ៉ាងតិច២នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការអន្តរាគមន៍វាយលុករបស់កងកម្លាំង Burkina Faso ដែលបានបិទបញ្ចប់សព្វគ្រប់នៅម៉ោង៧ព្រឹកម៉ោងស្រុកបារាំងក្នុងថ្ងៃចន្ទ១៤សីហានេះ។
គួរបញ្ជាក់ថា ភោជនីយដ្ឋាន Istambul គឺជាទីកន្លែងដែលក្រុមគ្រួសារប្រជាជនក្នុងស្រុកនិងជនបរទេសចូលចិត្តមកជួបជុំទទួលទានអាហារនៅទីនេះណាស់។
ហើយភោជនីយដ្ឋានមួយនេះ ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានចម្ងាយពីហាងកាហ្វេ Cappuccino ដែរគឹប្រមាណតែ២០០ម៉ែត្រប៉ុណ្ណោះ។ ហាងកាហ្វេ Cappuccino នេះ កាលពីខែមករាឆ្នាំ ២០១៦ ជាផ្ទាំងស៊ីបនៃការវាយប្រហារបង្ហូរឈាមរបស់ពួកអីស្លាមជីហាតជ្រុលនិយម Al-Qaïda នៅតំបន់ Maghreb ឈ្មោះ (Aqmi) ។ ក្រុម Aqmi ជំនាន់នោះ បានប្រកាសថាការវាយប្រហារនោះជាស្នាដៃរបស់ក្រុមខ្លួនដែលបានសម្លាប់មនុស្សដល់ទៅ៣០នាក់ក្នុងនោះមានជនជាតិបារាំង២ រូប។ ចំណែកអ្នករងគ្រោះវិញ មានរហូតដល់ទៅ៧១នាក់ដែលភាគច្រើនជាជនបរទេស។
ស្របគ្នានេះ លោកប្រធានាធិបតីបារាំងEmmanuel Macron បានបរិហារការវាយប្រហារភេរវនិយមកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយថ្លែងអះអាងថា អាជ្ញាធរបារាំងនិង Burkina Faso ធ្វើការទាក់ទងជាមួយគ្នាយាងស្និទ្ធល្មួតតាំងពីយប់ម្សិលមិញនៅលើបញ្ហានេះ ហើយនៅថ្ងៃចន្ទនេះទៀត លោកត្រូវធ្វើការពិភាក្សាជាមួយលោក Roch Marc Christian Kaboré ប្រធានាធិបតី Burkina Faso ដើម្បីវាយតម្លៃនៅលើស្ថានការណ៍នេះ។
ប្រធានាធិបតីបារាំង ថែមទាំងសំដែងការអបអរសាទរ ចំពោះប្រតិបត្តិការដ៏ឆាប់រហ័សនិងដ៏ប្រសិទ្ធិភាពរបស់អាជ្ញាធរ Burkina Faso នៅក្នុងការបិទបញ្ចប់ការវាយប្រហារភេរវនិយម ដោយលោកបានសំដែងក្តីអាណិតអាសូរនិងសាម្គីភាពរបស់លោកចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។
ទន្ទឹមនេះ វិមានប្រធានាធិបតីបារាំងអេលីហ្សេ បានអំពាវនាវដល់ប្រជាជនបារាំងដែលស្ថិតនៅក្នុងប្រទេស Burkina Faso ឲ្យរក្សានូវភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ចក៏ព្រមទាំងចៀសវៀងសង្កាត់ម្តុំដែលមានការវាយប្រហារនៅយប់ថ្ងៃអាទិត្យម្សិលមិញនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ