តុលាការអន្តរជាតិកាត់ក្តីឲ្យហ្កាណាឈ្នះ កូតឌីវ័រ នៅក្នុងជម្លោះទាមទារដែនទឹកសមុទ្រ
តុលាការអន្តរជាតិ នីតិសមុទ្រ នៅទីក្រុងHambourg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញ បានសម្រេចឲ្យប្រទេសហ្កាណាឈ្នះក្តី ទៅលើប្រទេសកូតឌីវ័រ នៅក្នុងជម្លោះដណ្តើមគ្រប់គ្រងដែនទឹក នៅក្នុងមហាសមុទ្រអាត្លង់ទិក។ ទៅតាមការសម្រេចរបស់តុលាការអន្តរជាតិ ដោយជីកខួងយកប្រេង នៅក្នុងតំបន់ ហ្កាណាមិនបានរំលោភចូលដែនទឹករបស់កូតឌីវ័រ ដូចដែលកូតឌីវ័របានចោទប្រកាន់នោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងសាលក្រម តុលាការអន្តរជាតិនីតិសមុទ្រ បានសម្រេចថា ហ្កាណាមិនបានចូលទៅចូលទៅរំលោភដែនអធិបតេយ្យភាព របស់ប្រទេសកូតឌីវ័រនោះទេ។ អាចនិយាយបានថា ហ្កាណា ដែលជាម្ចាស់ដើមបណ្តឹង បានឈ្នះលើកូតឌីវ័រ ដែលបានចោទប្រកាន់ហ្កាណាថា បានរំលោភ ដែនទឹក កូតឌីវ័រ ដើម្បីជីកខួង បូមយកប្រេង។
ហ្កាណា និងកូតឌីវ័រ ប្រទេសសេដ្ឋកិច្ច សំខាន់ពីរ នៅតំបន់អាហ្រ្វិក ខាងលិច បានឈ្លោះទាស់ទែងគ្នាពីរឿងព្រំដែនទឹក ជាង ៧ឆ្នាំមកហើយ បន្ទាប់ពីគេបានរកឃើញ អណ្តូងប្រេង ដ៏សំខាន់ធំមួយ នៅក្រោមបាតសមុទ្រ នៅក្បែរព្រំដែនទឹកប្រទេសទាំងពីរ។
នៅក្រោយការរកឃើញ អណ្តូងប្រេង នៅឆ្នាំ ២០០៧ រដ្ឋាភិបាល ហ្កាណាបានចាប់ធ្វើអាជីវកម្មបូមយកប្រេងលក់ តាំងពីឆ្នាំ ២០១០ ប៉ុន្តែ កូតឌីវ័រដែលទាមទារគ្រប់គ្រងអណ្តូងប្រេងដែរនោះ បានចោទសកម្មភាពជីកខួងយកប្រេងរបស់រដ្ឋាភិបាលហ្កាណាថា ជាការរំលោភចូលដែនទឹករបស់ខ្លួន។ ហ្កាណា និងកូតឌីវ័រដែលជាប្រទេសជិតខាងគ្នាបានចរចា ការទូតគ្នាជាច្រើន ច្រើនសា ប៉ុន្តែគ្មានបានលទ្ធផលអ្វី។ រដ្ឋាភិបាលហ្កាណាបានទាមទារឲ្យកូតឌីវ័រ គោរពតាមខ្សែបន្ទាត់ព្រំដែន គោក និងទឹក ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ហើយដែលកូតឌីវ័របានទទួលស្គាល់ កាលពីប៉ុន្មានទសវត្សរ៍កន្លងមក។
ប៉ុន្តែ កូតឌីវ័រឯណោះវិញ មិនព្រម និងនៅតែទាមទារជាម្ចាស់ តំបន់ទឹកដែលមានអណ្តូងប្រេង។ នៅឆ្នាំ ២០១៤ រដ្ឋាភិបាលហ្កាណាបានសម្រេចយកដាក់បណ្តឹង ប្តឹងប្រទេសកូតឌីវ័រ នៅតុលាការអន្តរជាតិនីតិសមុទ្រ ដែលមានទីតាំងនៅទីក្រុងHambourg ប្រទេសអាល្លឺម៉ង់។ នៅ៣ឆ្នាំ ក្រោយសវនាការដេញដោល និងដោយផ្អែក លើផែនទី ផ្ទៀងផ្ទាត់ដោយប្រទេសទាំងពីរ តុលាការអន្តរជាតិនីតិសមុទ្រ ទើបបានសម្រេច នៅថ្ងៃសៅរ៍ នូវសាលក្រម មួយ ដែលនៅក្នុងនោះ កន្លែងជីកខួងយកប្រេង ស្ថិតនៅតំបន់ទឹករបស់ប្រទេសហ្កាណា គឺមិនមែនដូចការទាមទាររបស់ប្រទេសកូតឌីវ័នោះទេ។
ជាញឹកញយ អណ្តូងប្រេងជាប្រភពទំនាស់ និងជម្លោះប្រដាប់អាវុធ និងមិនដែលផ្តល់ប្រយោជន៍ដល់ប្រជាជនអាហ្វ្រិកនោះទេ។ យ៉ាងណាក៏ដោយ ទោះជាមានភាពតានតឹងនឹងគ្នា កូតឌីវ័រ និងហ្កាណាដែលជាប្រទេសសេដ្ឋកិច្ចសំខាន់ធំពីរ នៅអាហ្វ្រិកខាងលិច បានយល់ស្របគ្នាថា នឹងបន្តទំនាក់ទំនងល្អជាមួយគ្នាទៅថ្ងៃមុខ។ ហ្កាណាដែលសំបូរមាស និងកាកាវ បានធ្វើអាជីវកម្មបូមយកប្រេងលក់តាំងពីឆ្នាំ២០១០ និងអាចផលិតបានប្រេងប្រមាណ ១សែនបារីល ក្នុងមួយថ្ងៃៗ។ ចំណែកកូតឌីវ័រដែលជាប្រទេសផលិតនាំចេញកាកាវច្រើនជាងគេក្នុងលោក អាចផលិតប្រេងបាន តែជាង ៤ម៉ឺនបារីល ប៉ុន្តែសន្យាថា នឹងជំរុញផ្នែកអាជីវកម្មប្រេងនេះ ដើម្បីអាចផលិតឲ្យបានប្រេងជាង២សែនបារីល នៅក្នុងមួយថ្ងៃៗ នៅឆ្នាំ ២០២០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ