អានតួអត្ថបទ

ស៊ីមបាវ៉េ ៖ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន ស្រែក​បណ្តេញ​លោក ម៉ូហ្កាបេ ពី​តំណែង

សម្រែក​ទាមទារ​ឱ្យលោក​មូហ្កាបេ ប្រធានាធិបតី​ស៊ីមបាវ៉េ តាំង​ពី​ឆ្នាំ​១៩៨០​ ចុះ​ចេញ​ពី​តំណែង​មាន​កាន់​តែ​ខ្លាំងឡើងៗ។ នៅ​ថ្ងៃ​សៅរ៍​នេះ ជា​សម្រែក​ពលរដ្ឋ ! បាតុករ​រាប់​សិបពាន់​នាក់​បាន​នាំគ្នា​ចុះ​ថ្នល់​ ដង្ហែ​ក្បួន អម​ដោយ​កងកម្លាំង​យោធា សំដៅ​វិមាន​ប្រធានាធិបតី។ ជា​ការ​ប្រមូល​ផ្តុំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​សឹង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ។

ហ្វូងបាតុករ​ស៊ីមបាវ៉េ នៅ​តាម​ដង​ផ្លូវ​ក្រុង​ Harare ឆ្ពោះ​ទៅវិមាន​ប្រធានាធិបតី ថ្ងៃទី​១៨ វិច្ឆិកា២០១៧
ហ្វូងបាតុករ​ស៊ីមបាវ៉េ នៅ​តាម​ដង​ផ្លូវ​ក្រុង​ Harare ឆ្ពោះ​ទៅវិមាន​ប្រធានាធិបតី ថ្ងៃទី​១៨ វិច្ឆិកា២០១៧ AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល​អស់​មួយសប្តាហ៍ ពេញ​មួយ​ថ្ងៃ​សៅរ៍​ទី ១៨​វិច្ឆិកា ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​មួយ​បាន​រៀប​ចំ​ឡើង នៅ​កណ្តាល​រដ្ឋធានីហារ៉ារ៉េ​ Harare ដើម្បី​ទាមទារ​​ឱ្យ​ប្រធានាធិបតី​ចំណាស់ ៩៣​ឆ្នាំ កាន់​អំណាច​តាំង​ពី​៣៧​ឆ្នាំ លោក ម៉ូហ្កាបេ ចាក​ចេញ​ពី​តំណែង។

បាតុកម្ម​ចាប់​ផ្តើម​តាំងពី​ព្រលឹម ដោយ​សន្តិវិធី ដល់​រសៀល​ក្រុមយោធា ប្រដាប់​ដោយ​អាវុធធុន​​ធ្ងន់ផង បាន​មក​បញ្ឈប់ និង​​​ឃុំគ្រង​របស់ហ្វូង​បាតុករ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​វិមាន​ប្រធានាធិបតី ឱ្យ​បន្ត​ធ្វើ​សកម្មភាព​ តវ៉ា ដោយ​ស្ងប់​ស្ងាត់ អង្គុយ​ត្រៀមត្រា មុខ​វិមាន​ប្រធានាធិបតី​ប្រមាណ​ជា ២០០ម៉ែត្រ។ ​​

នេះ​ជា​ការ​​​​រៀប​ចំ​​របស់​ក្រុម​អតីត​យុទ្ធជន ដែល​ជា​មាន​តួនាទី​សំខាន់​ក្នុង​នយោបាយ​ស៊ីមបាវ៉េ​ និង​សង្គម​ស៊ីវិលដែល​ជា​ក៏​តំណាង​ចរន្ត​ប្រឆាំង​លោក​មូហ្កាបេ​ដ៏​សំខាន់​។ ដូច្នេះ​វត្តមាន​របស់​យោធាថ្ងៃ​នេះ មិនមែន​មក​បង្ក្រាបបាតុករ​ឡើយ ! យោធា​ដែល​បាន​គ្រប់​គ្រង​ប្រទេសមួយ​សប្តាហ៍​កន្លង​មក​នេះ​​​ ​បាន​ទទួល​ការ​គាំទ្រ​ជា​ផ្លូវការ​ពី​ ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ។

កម្មវត្ថុ​ចំបង​បំផុត​នៃការ​ប្រមូល​ផ្តុំ​គ្នា​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្មាន​ថ្ងៃ​ដែល​ពលរដ្ឋ​ស៊ីមបាវ៉េ បក​ក្រោយទេ​ ! ពួក​ចង់​សម្រេច​ជោគវាសនា​អនាគត​ប្រទេស​ ដោយ​ខ្លួន​ឯង និង​ដោយ​ចង់​ឃើញ​លោក​ម៉ូហ្កាបេ ចាក​ចេញ​ពី​តំណែង។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃអង្គារ​ឆ្លង​ចូល​ថ្ងៃពុធ យោធា​ស៊ីមបាវ៉េ បាន​ចេញ​ធ្វើ​អន្តរាគមន៍ ក្នុង​ទម្រង់​ដូច​ធ្វើ​​​រដ្ឋប្រហារ​ ដើម្បី​ការពារ​អនុប្រធានាធិបតី​ដែល​លោក​ម៉ូហ្កាបេ បាន​ដក​ចេញ​ពី​តំណែង​កាលពី​សប្តាហ៍​មុន ហើយ​បាន​ចាប់​លោកប្រធានាធិបតី​ឃុំ​នៅ​ក្នុង​គេហដ្ឋាន។

នៅ​ថ្ងៃសុក្រ​ទី ១៧វិច្ឆិកា លោក ម៉ូហ្កាបេ​ បានប​ង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​មហាវិទ្យាល័យ​ហារ៉ារ៉េ តែ​មិន​ធ្វើ​សុន្ទរកថាអ្វី​ទេ និង​ដោយ​អង្គុយងោក​ដូចទម្លាប់ជា​ញឹកញយ។

ពេល​នេះ​ការ​ចរចា​​មិន​ទៅ​មុខមែន​​ លោក មូហ្កាបេ នៅ​តែ​តោង​អំណាច​ជាប់​ ប៉ុន្តែ​​ខាង​យោធា​បាន​ព្រលយ​ថា​មាន​ភាព​ប្រសើរ​ច្រើន ដោយ​អាច​បោស​សម្អាត​ក្រុម​​ជំនិត​ប្រធានាធិបតី​ ហើយ​ក៏​មាន​អ្នក​ចាប់​ដោះ​​ដៃ​ពី​លោកម៉ូហ្កាបេ​បណ្តើរៗដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ