អង្គការសុខភាពពិភពលោកពង្រាយកម្លាំងប្រយុទ្ធនឹងការរាតត្បាតនៃជំងឺអេបូឡា
អេបូឡាត្រលប់មករាតត្បាតជាថ្មីទៀតឬ ? សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងភ្នាក់ងារអង្គការសហប្រជាជាតិ បានចាប់ផ្តើមពង្រឹងកម្លាំង ពង្រាយក្រុមជំនាញការងារ ដើម្បីសាកល្បងទប់ស្កាត់ការរាតត្បាតនៃជំងឺអេបូឡា។ តឹ្រមពីថ្ងៃទី ៤ មេសា ដល់ទី ៩ឧសភា អង្គការសុខភាពពិភពលោកបានរាប់ឃើញមានការឆ្លងជំងឺអេបូឡា៣២ករណី ក្នុង១៨នាក់បានស្លាប់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៩
ករណីសង្ស័យដំបូងត្រូវបានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារមុន។ តំបន់ដែលកំពុងប្រឈមនឹងការគំរាមកំហែងខ្លាំងជាងគេស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រពីរដ្ឋធានី គីមសាស្ហារ របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ តែគ្រោះរាតត្បាតនៃជំងឺអេបូឡា មានកំរិតខ្ពស់ណាស់ ! នេះបើតាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក បន្ទាប់ពីបានទទួលដំណឹងថាមានករណីសង្ស័យឆ្លងអេបូឡា ៣២នាក់ ក្នុងនោះ១៨នាក់បានស្លាប់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រសួងសុខភិបាលកុងហ្គោ បានចុះផ្សាយនៅថ្ងៃអាទិត្យទី ១៣ឧសភា នេះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានកិច្ចខិតខំរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងរាតត្បាតនៃអេបូឡាមានប្រសិទ្ធិភាព។ ជាកិច្ចឆ្លើយតប អង្គការសុខភាពពិភពលោក បានបញ្ចេញសកម្មភាព ដោយគ្មានបង្អង់ទេ ព្រោះអង្គការមិនចង់ទទួលការរិះគន់ ដូចសម័យឆ្នាំ២០១៤-២០១៦ ឆ្នាំដែលរោគអេបូឡាបានធ្វើការរាតត្បាតយ៉ាងខ្លាំងសម្លាប់មនុស្សអស់ជាង១១៣០០នាក់ នៅហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្លាប់ជួបគ្រោះអេបូឡា ចំនួន៨លើកដែរ ប៉ុន្តែជាសំណាងល្អគេអាចខ្ទប់ការរាតត្បាតបាន ដោយជំងឺនេះកើតតែក្នុងភូមិឆ្ងាយៗដាច់ស្រយ៉ាលពីទីប្រជុំជន។ ប៉ុន្តែនៅលើកនេះ ករណីអេបូឡាបានផ្ទុះឡើងនៅភូមិដែលជាប់ទន្លេកុងហ្គោ បណ្តាញទឹកហូរដ៏សំខាន់ឆ្ពោះទៅរដ្ឋធានីគីនសាស្ហា និងប្រទេសកុងហ្គោប្រាហ្សាវីលជិតខាងទៀត ព្រមទាំងបន្តរាលដាលដល់ភូមិបីផ្សេងទៀត ដែលនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីគ្នាទៅហើយ។
ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក បានទៅឈរជើង នៅតាមទីតាំងជាច្រើនកន្លែង ដោយសង្ឃឹមថានឹងវែករកករណីសង្ស័យបានទាន់ពេលវេលាកុំឱ្យអេបូឡារាតត្បាតដល់ក្រុងMbandaka ជិតនោះ ដែលមានប្រជាជនរស់នៅកកកុញច្រើន។ អង្គការក៏សង្ឃឹមថានឹងអាចចាប់សាកល្បងប្រើថ្នាំបង្ការអេបូឡា ជាកិច្ចពិសោធន៍ក្នុងពេលឆាប់ៗនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ