នាយករដ្ឋមន្ត្រីអេត្យូពីចូលខ្លួនធ្វើអន្តរការីឱ្យស៊ូដង់
នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ Abiy Ahmed បានអញ្ជើញទៅដល់ប្រទេសស៊ូដង់ហើយនៅថ្ងៃសុក្រទី ៧ មិថុនា ២០១៩ នេះ ដើម្បីដើរតួនាទីជាអន្តរការីដោះស្រាយវិបត្តិនយោបាយឱ្យស៊ូដង់។ ក្រោយរដ្ឋប្រហារទម្លាក់ប្រធានាធិបតី លោក អូមារ អែលបេស្ហៀរ កាលពីខែមេសាមក ស៊ូដង់បានលង់ក្នុងសោកដនាកម្ម និងការប្រឈមតតាំងគ្នារវាងក្រុមប្រឹក្សាយោធាអន្តរកាល និងសម្ព័ន្ធស៊ីវិលជាបក្សប្រឆាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើតាមប្រភពការទូតជាច្រើន លោកនាយករដ្ឋមន្ត្រី Abiy Ahmed គ្រោងនឹងមានជំនួបជាមួយសមាជិកក្រុមប្រឹក្សាយោធាអន្តរកាល ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតា អាល់ប៊ួរ៉ាន និងតំណាងក្រុមប្រឆាំងនៃសម្ព័ន្ធស៊ីវិលដើម្បីសេរីភាព និងរំដោះស៊ូដង់។ ប៉ុន្តែកាលវិភាគលម្អិតរបស់លោកប្រមុខរដ្ឋាភិបាលអេត្យូពី មិនត្រូវបានបញ្ជាក់ទេ។
ឡើងកាន់អំណាចនៅខែមេសា ២០១៨ លោក អាប៊ី ត្រូវបានពិភពលោកទទួលស្គាល់និងអបអរ ថាជាអ្នកការទូតដ៏ចំណាន ដោយបានរកឃើញកិច្ចព្រមព្រៀងសន្តិភាពឱ្យអេត្យូពីជាមួយប្រទេសអេរីត្រេ ដែលជាអតីតខេត្តមួយអេត្យូពី ទើបប្រកាសជារដ្ឋឯករាជ្យនៅឆ្នាំ១៩៩៣។ បន្ទាប់មកទៀត លោក អាប៊ី ក៏បានសាកល្បងបន្ធូរបន្ថយសម្ពាធតានតឹងនៅស៊ូដង់ខាងត្បូង ភាពតានតឹងរវាងប្រទេសអេរីត្រេនិងជីប៊ូជី និងរវាងកេនយ៉ាជាមួយសូម៉ាលី។
តើលោកអាប៊ី នឹងមានឥទ្ធិពលខ្លាំងគ្រប់គ្រាន់នៅស៊ូដង់ដែរឬទេ បើប្រទេសនេះស្ថិតក្រោមការគាំទ្រយ៉ាងខ្លាំងពីអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ប្រទេសទាំងបីនេះមិនងាយនឹងព្រលែងក្រុងខាទុំងាយៗឡើយ។ ម្សិលមិញ អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាត បានត្រឹមតែចេញសេចក្តីថ្លែងការណ៍ចុងមាត់ចុងកប៉ុណ្ណោះ ឱ្យភាគទាំងពីរជ្រើសរើសផ្លូវការចរចា។ តែសម្ព័ន្ធស៊ីវិលជាបក្សប្រឆាំងបានបដិសេធយ៉ាងដាច់អហង្កា។ អ្នកជំនាញប្រទេសស៊ូដង់ សំឡឹងឃើញមានដំណោះស្រាយតែមួយគត់ គឺគំនាបរបស់សហគមន៍អន្តរជាតិបង្ខំឱ្យក្រុមប្រឹក្សាយោធាអន្តរកាលព្រមរំលាយខ្លួន ចុះចេញពីអំណាច។ ការចរចាមិនមែនជាជម្រើសល្អឡើយសម្រាប់ពេលនេះ ព្រោះប្រទេសទាំងមូលគ្របដណ្តប់ទៅដោយការភ័យខ្លាច។
ស៊ូដង់បានលង់ក្នុងអំពើហិង្សាមរណៈ តាំងពីប្រធានាធិបតីបេស្ហៀរ ត្រូវបានក្រុមយោធាទម្លាក់ចេញពីតំណែង នៅថ្ងៃទី ១១មេសា។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលសឹកដឹកនាំដោយក្រុមប្រឹក្សាយោធាអន្តរកាល បានចេញបង្ក្រាបបាតុករដែលមកកាន់កាប់នៅមុខទីបញ្ជាការដ្ឋានយោធា រហូតមានស្លាប់ប្រមាណ១១៣នាក់ បើតាមប្រភពបក្សប្រឆាំងនិង តែ៦១នាក់បើតាមប្រភពយោធា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ