អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប៖អតីតប្រធានាធិបតីលោកម័រស៊ីទទួលមរណៈភាព និងត្រូវបានគេបញ្ចុះដោយស្ងាត់ៗ

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប អតីត​ប្រធានាធិបតី​លោក​ម័រស៊ី​បាន​ទទួល​មរណៈភាព​នា​ថ្ងៃ​ចន្ទ ទី១៧ មិថុនា​ដោយ​​គាំងបេះដូង។ លោក​ម័រស៊ី​ជា​ឥស្សរជននយោបាយ​ចេញ​មក​ពី​ចលនា​ភាតរៈអ៊ីស្លាម និង​ជា​ប្រធានាធិបតី​អេហ្ស៊ីប​ទី១ ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្រោយ​បដិវត្តអារ៉ាប់​ផ្តួល​រំលំ​ប្រធានាធិបតី​ផ្តាច់ការ​លោក​ហូស្ន៊ី មូបារ៉ាក់។ តែ​លោក​ម័រស៊ី​ត្រូវ​បាន​ក្រុម​យោធា​ទម្លាក់​ពី​អំណាច និង​បាន​ទទួល​ការ​កាត់ទោស​ច្រើន​ដង ក្នុង​នោះ​មាន​ម្តង​ជា​ទោស​ជាប់គុក​អស់​មួយ​ជីវិត។ អ្វី​ជា​ការ​កត់សម្គាល់ លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​លោក​ម័រស៊ី​បាន​រងការ​រិះគន់ ទិតៀន​ខ្លាំង​នៅ​បរទេស។ សាកសព​លោក​ម័រស៊ី​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចុះ​ស្ងាត់ៗ​នៅ​ប៉ែក​ខាងកើត​ទីក្រុង​គែរ​នា​ថ្ងៃ​អង្គារ ទី១៨ មិថុនា។

នៅ​អេហ្ស៊ីប អតីតប្រធានាធិបតីលោកម័រស៊ីទទួលមរណៈភាព និងត្រូវបានគេបញ្ចុះដោយស្ងាត់ៗ
នៅ​អេហ្ស៊ីប អតីតប្រធានាធិបតីលោកម័រស៊ីទទួលមរណៈភាព និងត្រូវបានគេបញ្ចុះដោយស្ងាត់ៗ AFP PHOTO / STR
ផ្សាយពាណិជ្ជកម្ម

ជម្រើស​បញ្ចុះ​សព​លោក​ម័រស៊ី​ភ្លាមៗ និង​ធ្វើ​ឡើង​ដោយ​សម្ងាត់​បំផុត​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ មិន​ចៃដន្យ​ព្រោះ​រដ្ឋអំណាច​មិន​ចង់​ឲ្យ​អតីត​ប្រធានាធិបតី​រូប​នេះ​ក្លាយ​ជា​ទុក្ករបុគ្គល ហើយ​កន្លែង​បញ្ចុះ​សព​របស់​គាត់​ក្លាយ​ជា​ទីកន្លែង​ស្វែង​បុណ្យ​សម្រាប់​ក្រុម​សកម្មជន​របស់​គាត់​ទេ។ នៅ​កន្លែង​បញ្ចុះ​សព​លោក​ម័រស៊ី​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ទីក្រុង​គែរ គេ​ឃើញ​មាន​តែ​វត្តមាន​ក្រុម​គ្រួសារ​លោក​ម័រស៊ី និង​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​យ៉ាង​ច្រើន​សម្បើម។ តាម​ពិត​ទៅ ក្រុម​គ្រួសារ​លោក​ម័រស៊ី​ចង់​យក​សព​លោក​ម័រស៊ី​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត តែ​រដ្ឋអំណាច​បាន​បដិសេធ។

គួរ​រម្លឹក​ថា​មាន​អាយុ ៦៧ឆ្នាំ លោក​ម័រស៊ី​ជា​ឥស្សរជននយោបាយ​ចេញ​មក​ពី​ចលនា​ភាតរៈអ៊ីស្លាម និង​ជា​ប្រធានាធិបតី​អេហ្ស៊ីប​ទី១ ដែល​បាន​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​នៅ​ក្រោយ​បដិវត្តអារ៉ាប់​ផ្តួល​រំលំ​ប្រធានាធិបតី​ផ្តាច់ការ​លោក​ហូស្ន៊ី មូបារ៉ាក់។ លោក​ម័រស៊ី​ត្រូវ​បាន​ក្រុម​យោធា​ទម្លាក់​ពី​អំណាច បន្ទាប់​ពី​កាន់​តំណែង​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣។ ក្រោយ​ធ្លាក់​ពី​អំណាច លោក​ម័រស៊ី​បាន​រង​ការ​កាត់ទោស​ច្រើន​ដង​ដែល​ម្តង​ជា​ទោស​ជាប់​គុក​អស់​មួយ​ជីវិត។ ក្រុម​គ្រួសារ និង​ក្រុម​មនុស្សជំនិត​លោក​ម័រស៊ី​បាន​បរិហារ​ពី​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​លោក​ម័រស៊ី​ដោយ​បញ្ជាក់​ថា លោក​ម័រស៊ី​ដែល​មាន​ឈឺ​អស់​ជា​ច្រើន​ខែ​មិន​បាន​ទទួល​ការ​ព្យាបាល​ទេ។

សម្តី​បរិហារ​រិះគន់​ដូច​គ្នា​នេះ​ក៏​មាន​នៅ​បរទេស​ដែរ​ដោយ​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៧ មិថុនា គណៈកម្មការ​សភា​អង់គ្លេស​បាន​បរិហារ​លើ​លក្ខខណ្ឌ​ឃុំឃាំង​លោក​ម័រស៊ី​ដែល​មាន​លក្ខណៈ​អមនុស្សធម៌។ ចំណែក​ក្រុម​អង្គការ​សិទ្ធិមនុស្ស Human Rights Watch និង Amnesty International បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​គែរ​បំភ្លឺ​ជុំវិញ​មរណៈភាព​លោក​ម័រស៊ី​ដែល​ពួក​គេ​កំពុង​មាន​មន្ទិលសង្ស័យ។ យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ក្បួន​បាតុកម្ម​ពី​ក្រុម​សកម្មជន​គាំទ្រ​លោក​ម័រស៊ី រដ្ឋអំណាច​បាន​ពង្រឹង​លើ​វិធានការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ខណៈ​នេះ កម្លាំង​សន្តិសុខ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ទីក្រុង​សំខាន់ និង​ក្នុង​ខេត្ត​នីល​ដែល​ជា​ស្រុកកំណើត​របស់​លោក​ម័រស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ