អាហ្វ្រិកខាងលិចបើកជំនួបកំពូលវិសាមញ្ញដើម្បីទប់ស្កាត់អំពើភេរវនិយម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៧
ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃក្រុមប្រទេស ជាសមាជិកសហគមសេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ហៅកាត់ថា Cédéao សេដេអាអូ ប្រមាណ១៥ប្រទេស បូកទាំងប្រទេសឆាដ ម៉ូរីតានី និងកាមឺរ៉ូនផង បានមកចូលរួមបើកជំនួបកំពូលវិសាមញ្ញ នៅថ្ងៃសៅរ៍ទី ១៤ កញ្ញា នេះនៅក្រុងអ៊ូអាហ្កាឌូហ្កូ ប្រទេសប៊ួគីណាហ្វាសូ។ ជាជំនួបស្តីអំពីបញ្ហាសន្តិសុខតំបន់ ដើម្បីសាកល្បងរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងពួកជីហាតភេរវនិយមដែលកំពុងរីករាលដាលនៅ តំបន់Sahel សាហ៊ែល នៃទ្វីបអាហ្វ្រិក។
ជំនួបកំពូលវិសាមញ្ញ ស្តីពីបញ្ហាសន្តិសុខ បានប្រព្រឹត្តទៅក្នុងខណៈដែលតំបន់សាហ៊ែល បានក្លាយជាទិសដៅនៃការវាយប្រហារភេរវកម្ម ពីសំណាក់ពួកជីហាតអ៊ីស្លាមជ្រុលនិយម កាន់តែខ្លាំងឡើងៗ។ គិតចាប់តាំងពីឆ្នាំ២០១៦មក ចំនួននៃការវាយប្រហារភេរវកម្មបានកើនមួយជាពីរ ក្នុងមួយឆ្នាំ និងជារៀងរាល់ឆ្នាំ។ ពោលគឺ មានបំផ្ទុះភេរវកម្មជាងមួយករណី ក្នុងមួយថ្ងៃជាមធ្យម នៅក្នុងឆ្នាំ២០១៨។
នៅសប្តាហ៍នេះ មានមនុស្សប្រមាណ៣០នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយ នៅប៊ួរគីណាហ្វាសូ។ ផលវិបាកផ្នែកមនុស្សធម៌ បន្សល់ទុកដោយការវាយប្រហារភេរវកម្ម មានលក្ខណៈធ្ងន់ធ្ងរគួរឱ្យសង្វេកខ្លាំងណាស់ ៖ ១៣លាននាក់កំពុងត្រូវការជំនួយ ! រាប់សិបពាន់នាក់ បានបង្ខំចិត្តរត់ចោល និងចាកចេញពីលំនៅដ្ឋាន។ នេះបើតាមអង្គការ Oxfam។
កងកម្លាំង G-5 សាហ៊ែល កំពុងទន់ដៃ
តាំងពីជាច្រើនឆ្នាំមកនេះ ប្រទេសក្នុងតំបន់រងការវាយប្រហារភេរវកម្មជីហាត ខ្លាំង។ ដើម្បីយកឈ្នះពួកជីហាត ប្រទេសទាំង៥នៃតំបន់សាហ៊ែល ត្រូវការយុទ្ធសាស្ត្រ អភិវឌ្ឍន៍និងសន្តិសុខ ជាបន្ទាន់និងយ៉ាងចាំបាច់។
ក្រោមការផ្តួចផ្តើមរបស់បារាំង កងកម្លាំងទ័ពរួមតំបន់សាហ៊ែល ត្រូវបានបង្កើត ឡើងនៅឆ្នាំ២០១៧។ កងកម្លាំងG៥ នៃក្រុម៥ប្រទេសអាហ្វ្រិកចុងសាហារ៉ានេះ ប្រមូលផ្តុំដោយទាហាន៥កងពល មួយប្រទេសមួយកងពល និងមានដាក់ពង្រាយនៅតាមព្រមដែនម៉ាលី បួគីណាហ្វាសូ និងនីហ្សេ។ កងកម្លាំងនេះត្រូវបានបង្កើតឡើង ដើម្បីការពារសន្តិសុខតំបន់ផង និង ត្រូវក្លាយជាកម្លាំងជំនួយសម្រាប់មកជំនួសបេសកកម្មមួកខៀវអង្គការសហប្រជាជាតិ និង បេសកកម្មរបស់បារាំង (៤៥០០នាក់ ) ដែលកំពុងបំពេញប្រតិបត្តិការ នៅក្នុងតំបន់តាំងពីឆ្នាំ២០១៤មក។
ប៉ុន្តែមកទល់ថ្ងៃនេះ លទ្ធផលការងាររបស់ក្រុមហ្សេ៥ មានស្តួចស្តើងបំផុត ! តិចតួចរហូតដល់ថា្នក់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកាសដោយត្រង់ៗ ថ្មីៗនេះ ថា “យើងមិនមែនកំពុងឈ្នះសង្គ្រាមនៅសាហ៊ែលទេ »។ ក្រុមកម្លាំងG៥ កំពុងតែទន់ជង្គង់ ឬសឹងថាកំពុងតែចាញ់ផង។ នេះបើតាមការយល់ឃើញរបស់អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសេណេហ្កាល់។
ការគំរាមកំហែងភេរវកម្មមិនកំរិតត្រឹមតំបន់សាហ៊ែល
តាមការពិត កងកម្លាំងទ័ពអាហ្វ្រិក៥ប្រទេសនេះ មានទ័ពត្រឹម៥ពាន់នាក់ បានដឹងថាមិនអាច មិនអាចសម្រេចកម្មវត្ថុប្រឆាំងនឹងពួកភេរវនិយមបាន តាំងពីពេលបង្កើតឡើងភ្លាមម្ល៉េះ។ ក្រុមប្រទេសសាហ៊ែល ហ្សេ៥ ប្រទេសដែលរងគ្រោះភេរវកម្មជាងគេ បានអំពាវនាវហើយអំពាវនាវទៀត ឱ្យមានការបង្កើតកងកម្លាំងសម្ព័ន្ធអន្តរជាតិ យកគំរូតាមកងកម្លាំងសម្ព័ន្ធមិត្ត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់។
ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរបស់ពួកជីហាតអ៊ីស្លាមជ្រុលនិយម មិនអាចកំរិតត្រឹមតែបី ឬ៥ប្រទេស នៅតំបន់សាហ៊ែលនេះបានឡើយ ! ប្រទេសក្នុងតំបន់ទាំងមូល ត្រូវតែចូលរួមសហការ និងគាំទ្រ ទប់ស្កាត់ការគំរាមកំហែងភេរវកម្មដែលកំពុងរាលដាលតម្រង់ទៅបណ្តាប្រទេសនៅជាប់តំបន់សាហ៊ែលទៀត។ ត្រឹមកងកម្លាំងហ្សេ៥សាហ៊ែល និងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅម៉ាលី Minusma ពិតជាមិនគ្រប់គ្រាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្មឡើយ។
ក្រុមCédéao ចូលជួយ
ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ ក្រុមប្រទេសនៅអាហ្វ្រិកខាងលិច ឬក្រុមCédéao បានបើកជំនួបវិសាមញ្ញ ស្តីពីបញ្ហាសន្តិសុខ ដើម្បីសើរើមើលយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ។ ជំនួបវិសាមញ្ញថ្ងៃនេះ អាចជាពិធីបិទបញ្ចប់ប្រតិបត្តិការយោធាហ្សេ៥សាហ៊ែល តែជាការបង្កើតឱកាស ផ្តល់មធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការយោធា ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ដោយមានប្រទេសជាសមាជិកសមាគមសេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច ចូលរួមចំណែកជាមួយ។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនីហ្សេ ដែលជាប្រទេសមួយក្នុងចំណោមក្រុមហ្សេ៥សាហ៊ែល ក្រុមប្រទេសអាហ្វ្រិកខាងលិច អាចបង្ហាញសាមគ្គីភាពតាមរយៈ ការផ្តល់ហិរញ្ញវត្ថុ ឬជាមធ្យោបាយសម្រាប់ធ្វើប្រតិបត្តិការ ដូចជាយន្តហោះ ឬឧទ្ធម្ភាគចក្រ។ ចំណែកក្រុមប្រទេស នៅតំបន់សាហ៊ែលវិញ បានសន្យាថា បង្កើនកិច្ចសហប្រតិបត្តិការច្រើនជាងមុនជាមួយប្រទេសក្នុងតំបន់ លើផ្នែកចារកិច្ច និងចែករំលែកព័ត៌មាន។
គេទំនងជាត្រូវការមានជំនួប មានកិច្ចប្រជុំ និងជួបជជែកគ្នា ច្រើនទៀត ដើម្បីបានឃើញទម្រង់នៃកិច្ចសហប្រតិបត្តិការយោធាច្បាស់លាស់។ ប៉ុន្តែអ្វីៗកំពុងប្តូរផ្លាស់ហើយ ! គ្រាន់តែមានការចូលរួមរបស់ក្រុមប្រទេសនៅអាហ្វ្រិកខាងលិច ជាសញ្ញាល្អ និងធ្វើឱ្យ ហ្សេ៥ មានកម្លាំងឡើងវិញ។ ក្រុមប្រទេសភាគខាងលិចអាហ្វ្រិក នៅតាមបណ្តោយឆ្នេរអាត្លង់ទិក ច្រើនតែមានសេដ្ឋកិច្ចមានបានជាងគេ អាចទាក់ទាញអន្តរជាតិ មកជួយទាំងផ្នែកសន្តិសុខនិងអភិវឌ្ឍន៍ ព្រោះទាំងអ្នកស្រាវជ្រាវ អ្នកទទួលខុសត្រូវនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងក្រុមយោធាផ្ទាល់ សុទ្ធយល់ស្របគ្នាថា ដំណោះស្រាយមិនមែនមានតែតាមវិធីយោធាមួយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ