អានតួអត្ថបទ
អេហ្ស៊ីប

ទ្វីបអាហ្រ្វិក​បោះជំហាន​ឆ្ពោះ​ទៅ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់

នៅ​ថ្ងៃ​អាទិត្យ ទី៧ មិថុនា មន្រ្តីជាន់ខ្ពស់​មក​ពី ២៦ប្រទេសអាហ្រ្វិក​នៅ​តំបន់​​ប៉ែក​ខាងត្បូង និង​ខាង​កើត​បាន​បើក​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ឆាកមែលឆែក (Charm El-Cheikh) ប្រទេស​អេហ្ស៊ីប។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ត្រៀម​រៀបចំ​ជំនួបកំពូល​ថ្នាក់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៅ​ថ្ងៃពុធ ទី១០ មិថុនា​ខាង​មុខ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី មុន​នឹង​ឈាន​ទៅ​បង្កើត​ទីផ្សារ​រួម​នៅ​ក្នុង​តំបន់។

ក្បួនឡាកំាមីញ៉ុង​កំពុង​ដឹកទំនិញ​ឆ្លង​ដែន​ក្នុង​ស្រុក​ណូអេ​រ​រវាង​ប្រទេស​កូដឌីវ័ និង​ប្រទេស​ហ្កាណា
ក្បួនឡាកំាមីញ៉ុង​កំពុង​ដឹកទំនិញ​ឆ្លង​ដែន​ក្នុង​ស្រុក​ណូអេ​រ​រវាង​ប្រទេស​កូដឌីវ័ និង​ប្រទេស​ហ្កាណា AFP PHOTO/ SIA KAMBOU
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ថ្នាក់​មន្រ្តីជាន់ខ្ពស់​មក​ពី ២៦ប្រទេសអាហ្រ្វិក​ក្នុង​ទីក្រុង​ឆាកមែលឆែក (Charm El-Cheikh) ប្រទេស​អេហ្ស៊ីប គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​លទ្ធផល​ទទួល​បាន​ពី​កិច្ចចរចា​យ៉ាង​តានតឹង​អស់​រយៈពេល ៥ឆ្នំា​កន្លងទៅ។ ហើយ​គឺ​នៅ​ក្នុង​ទីក្រុង​ឆាកមែលឆែក (Charm El-Cheikh) ប្រទេស​អេហ្ស៊ីប​ដដែល​នេះ​ឯង​ដែល​នៅ​ថ្ងៃ​ពុធ ទី១០ មិថុនា​ខាង​មុខ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទំាង ២៦ប្រទេសអាហ្រ្វិក​ក្នុង​ចំណោម​ប្រទេស​អាហ្រ្វិក​ទំាង ៥៤ ក្នុង​តំបន់​ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី​រវាង​គ្នា មុន​នឹង​ឈាន​ទៅ​បង្កើត​ទីផ្សារ​រួម​មួយ​រវាង​រដ្ឋអាហ្រ្វិកប៉ែកខាងត្បូង និង​រដ្ឋអាហ្រ្វិក​ប៉ែកខាងកើត។ គឺ​ជា​ទីផ្សារ​រួម​មួយ​ដែល​មាន​ប្រជាជន​សរុប​ជាង ៦២៥លាននាក់ និង​មាន​​ផលិតសរុប​ក្នុង​ស្រុក​ជាង ១ ០០០ ០០០លានដុល្លារ។

អ្វី​ជា​ការ​កត់សម្គាល់ អនាគត​សហគមន៍​សេដ្ឋកិច្ច​រវាង ២៦ប្រទេសអាហ្រ្វិក​ក្នុង​តំបន់​មាន​បញ្ចូល​ដោយ​ប្រទេស​អាហ្រ្វិក​ចំនួន​ពីរ​ដែល​មាន​ការ​អភិវឌ្ឍន៍​ខ្លំាង​ជាង​គេ គឺ​អេហ្ស៊ីប និង​អាហ្រ្វិក​ខាង​ត្បូង និង​បណ្តាប្រទេស​មាន​សក្តានុពល ដូច​យ៉ាង​អេត្យូពី និង​កេនយ៉ា។ តែ​មិន​មាន​វត្តមាន​ប្រទេស​អ្នកមាន ដូច​យ៉ាង​នីហ្សេរីយ៉ា​ទេ។ កម្មវត្ថុ​របស់​ក្រុមប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី គឺ​ចង់​សម្រួល​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​ផង និង​ចង់​ក្លាយ​ជា​តួអង្គ​មាន​ទម្ងន់​ក្នុង​តំបន់​ដើម្បី​ជជែក​ជាមួយ​ស្ថាប័នសេដ្ឋកិច្ច​​ផ្សេង ដូច​យ៉ាង​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​ជា​ដើម។

គួរ​ជម្រាប​ជូន​ថា​មក​ដល់​ពេល​នេះ មាន​ប្រទេស​អាហ្រ្វិក​តិចតួច​ណាស់ ពោល​មាន​ប្រមាណ​តែ ១២% ប៉ុណ្ណោះ​ដែល​បាន​រកស៊ី​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាហ្រ្វិក​គ្នា​ឯង គឺ​មិន​ដូច​ប្រទេស​អាស៊ី​ដែល​មាន​ជាង ៥០% បាន​រកស៊ីដោះដូរ​ពាណិ្ជកម្ម​រវាង​គ្នា និង​ជាង ៧០% សម្រាប់​ប្រទេស​អឺរ៉ុប។ ភាព​យឺតយ៉ាវ​រវាង​ប្រទេស​អាហ្រ្វិក​គ្នា​ឯង គឺ​ភាព​សំាញំា​ច្បាប់​ពន្ធគយ និង​ពេល​វេលា​នៅ​តាម​ព្រំដែន ព្រម​ទំាង​តម្លៃពន្ធ​លើ​ទំនិញ​នំា​ចេញ នំា​ចូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ