អានតួអត្ថបទ
ប៊ូរុនឌី

ប៊ូរុនឌី៖ឧត្តមសេនីយ​ម្នាក់​ត្រូវ​បាន​ជន​មិនស្គាល់មុខ​បាញ់​សម្លាប់

នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី លោក​ឧត្តមសេនីយ Jean Bikomagu អតីត​អគ្គមេបញ្ជាការ​កងទ័ព​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​កណ្តាល​ទីក្រុង​ប៊ូយុំាប៊ូរ៉ា​នា​ថ្ងៃ​សៅរ៍ ទី១៥ សីហា។ មាន​ប្រភព​ដើម​ជា​ជាតិពិន្ធុ​ទូតស៊ី ឧត្តមសេនីយ Bikomagu ជា​មេទ័ព​នៅ​ក្នុង​សម័យ សង្រ្គាមស៊ីវិល​ប្រឆំាង​នឹង​ចលនា​ឧទ្ទាម​នៃ​កម្លំាង​ការពារ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន។

ទីក្រុង​ប៊ូយុំាប៊ូរ៉ា ប្រទេស​ប៊ូរុនឌី
ទីក្រុង​ប៊ូយុំាប៊ូរ៉ា ប្រទេស​ប៊ូរុនឌី AFP/Carl de Souza
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សាក្សី​មួយ​ចំនួន​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ​ចូលនិវត្តន៍ Jean Bikomagu ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាញ់​រះ​ទៅ​លើ​ឡាន​ដែល​លោក​កំពុង​ជិះ​ជាមួយ​កូនស្រី​ម្នាក់ និង​ដែល​ឡាន​របស់​គាត់​ទើប​ឈប់​ចត​នៅ​ពី​មុខ​ខ្លោង​ទ្វារ​ផ្ទះ។ ឧត្តមសេនីយ Jean Bikomagu បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ចំណែក​កូនស្រី​របស់​គាត់​ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជាក់​ថា រងរបួស​ធ្ងន់។ ក្រោយ​ការ​បាញ់​ប្រហារ​ភ្លាម ក្រុម​ឃាតករ​ក៏​បាន​រត់​ភៀសខ្លួន​បាត់​អស់។

គួរ​រម្លឹក​ជូន​ថា ឧត្តមសេនីយ Jean Bikomagu ជា​និមិត្តរូប​តំណាង​ឲ្យ​អតីត​កងទ័ព​ប៊ូរុនឌី​ដែល​ភាគ​តិច​មាន​ប្រភព​ពី​ជាតិ​ពិន្ធុ​ទូតស៊ី និង​ដែល​រូប​ឧត្តមសេនីយ​ផ្ទាល់​ក៏​មាន​ជាតិពិន្ធុ​ទូតស៊ី​ដែរ។ គឺ​លោក​ឧត្តមសេនីយ Jean Bikomagu រូប​នេះ​ឯង​ដែល​បាន​ដឹកនំា​កងទ័ព​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ចលនា​ឧទ្ទាម​ជាតិពិន្ធុ​ហ៊ូទូ​នៃ​កម្លំាង​ការពារ​ប្រជាធិបតេយ្យ​ពី​ឆ្នំា ១៩៩៣ ដល់ឆ្នំា ២០០៦។ សង្រ្គាម​ដែល​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៣០០ ០០០នាក់។

បច្ចុប្បន្ន​នេះ គឺ​អតីត​ចលនា​ឧទ្ទាម​នៃ​កម្លំាង​ការពារ​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​នៅ​ប៊ូរុនឌី ហើយ​មេបញ្ជាការ​កងទ័ព​សព្វថ្ងៃ​មាន​ឈ្មោះ Adolphe Nshimirimana ដែល​ជា​មនុស្ស​ជំនិត​នឹង​រូប​ប្រធានាធិបតី។ តែ​កាល​ពី ២សប្តាហ៍​មុន​នេះ រូប​មេបញ្ជាការ​ Adolphe ក៏​ត្រូវ​បាន​គេ​ធ្វើ​ឃាត​សម្លាប់​ចោល​ដែរ។ ដោយឡែក នៅ​មុន​ឃាតកម្ម​សម្លាប់​ឧត្តមសេនីយ Adolphe ក៏​មាន​ការ​ប៉ុនប៉ុង​សម្លាប់​សកម្មជន​សិទ្ធិមនុស្ស​ដ៏​ល្បី​ម្នាក់ គឺ​លោក Pierre Claver Mbonimpa។ លោក Mbonimpa ដែល​គេ​ស្គាល់​ថា បាន​ធ្វើ​ការ​រិះគន់​ឧត្តមសេនីយ Adolphe ជា​សាធារណៈ​ពី​បទ​បាន​សម្លាប់​សកម្មជនប្រឆំាង​ជា​ច្រើន​នាក់។ បន្ទាប់​ពី​ត្រូវ​របួស លោក Mbonimpa បាន​ចាក​ចេញ​ពី​ប្រទេស​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​បែលហ្ស៊ិក។

រូបភាព​ទំាង​អស់​នេះ​បាន​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ផ្ទុះ​ចេញ​នូវ​វប្បធម៌​សងសឹក​ដែល​នឹង​ធ្វើ​ឲ្យ​ប៊ូរុនឌី​ធ្លាក់​ទៅ​ក្នុង​វិបត្តិនយោបាយ​យ៉ាង​ជ្រៅ។ វិបត្តិនយោបាយ​ដែល​លោក​ប្រធានាធិបតី Pierre Nkurunziza ហាក់​ដូច​ជា​គ្មាន​សមត្ថភាព​ដោះស្រាយ តែ​បាន​ព្យាយាម​តោង​អំណាច​សម្រាប់​អាណត្តិទី៣ ទោះ​បី​ជា​មាន​ការ​ប្រឆំាង​ជំទាស់​ពី​បក្សប្រឆំាង ពី​សង្គមស៊ីវិល និង​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ