លោកស៊ី ជីនពីង បំពេញទស្សនកិច្ចនៅស៊ីមបាវ៉េដែលល្បីឈ្មោះមិនល្អខាងសិទ្ធិមនុស្ស
លោកប្រធានាធិបតិចិន ស៊ី ជីន ពីង ដែលទៅចូលរួមក្នុងសន្និសីទ អ.ស.ប ស្តីពីអាកាសធាតុ បានចាកចេញពីទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ដើម្បីបន្តដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងតំបន់អាហ្វ្រិក។ ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅក្នុងតំបន់អាហ្វ្រិកនេះ បានចាប់ផ្តើមដំបូងគេ ពីប្រទេសស៊ីមបាវ៉េ ដែលជាប្រទេសមួយកម្រនឹងមានដំណើរទស្សនកិច្ចប្រមុខរដ្ឋបរទេស ដោយសារតែប្រទេសនេះល្បីឈ្មោះមិនល្អខាងសិទ្ធិមនុស្ស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៤
លោកស៊ី ជីនពីង ដែលធ្វើដំណើរចេញពីសន្និសីទអាកាសធាតុនៅប៉ារីស បានទៅដល់ប្រទេសស៊ីមបាវ៉េ នៅល្ងាចថ្ងៃអង្គារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកប្រធានាធិបតី រ៉ូប៊ែរ មូហ្កាបេ។
បើរាប់ចាប់តាំងពីឆ្នាំ១៩៩៦មក នេះគឺជាលើកដំបូងបង្អស់ ដែលប្រធានាធិបតីចិន ទៅបំពេញទស្សនកិច្ចនៅស៊ីមបាវ៉េ ហើយដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង នៅពេលនេះ គឺជាជោគជ័យផ្នែកការទូតដ៏ធំមួយ សម្រាប់លោករ៉ូប៊ែរ មូហ្កាបេ ប្រធានាធិបតីវ័យ ៩១ឆ្នាំ ដែលកាន់អំណាចជាប់រហូតចាប់តាំងពីស៊ីមបាវ៉េបានទទួលឯករាជ្យពីអង់គ្លេស នៅឆ្នាំ១៩៨០ ហើយដែលជាទូទៅ មិនសូវមានគេរាប់រក ដោយសារតែជាប់ឈ្មោះមិនល្អខាងសិទ្ធិមនុស្ស។
គេសង្កេតឃើញថា លោកមូហ្កាបេ ថ្វីដ្បិតតែត្រូវប្រទេសជាច្រើន ជាពិសេស បណ្តាប្រទេសលោកខាងលិចមិនរាប់រក ក៏ប៉ុន្តែ ជាមួយចិនវិញ ប្រធានាធិបតីស៊ីមបាវ៉េតែងតែរក្សាទំនាក់ទំនងល្អជាប់ជានិច្ច ចាប់តាំងពីក្រោយទទួលឯករាជ្យ។ ថ្មីៗនេះទៀត លោកមូហ្កាបេ ដែលត្រូវបានគេចោទប្រកាន់ស្ទើរតែជុំទិសពីការរំលោភសិទ្ធិមនុស្ស ជាពិសេស ការធ្វើទុក្ខបុកម្នេញក្រុមប្រឆាំងនយោបាយ ទើបនឹងទទួលបានពានរង្វាន់សន្តិភាពខុងជឺ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាពានរង្វាន់ណូបែលសន្តិភាព Made in China។
នៅក្នុងអំឡុងដំណើរទស្សនកិច្ច នៅក្នុងប្រទេសស៊ីមបាវ៉េ រយៈពេល ២ថ្ងៃនេះ លោកស៊ី ជីនពីង គ្រោងនឹងជជែកជាមួយលោករ៉ូប៊ែរ មូហ្កាបេ ជុំវិញការបោះទុនវិនិយោគរបស់ចិន នៅក្នុងប្រទេសស៊ីមបាវ៉េ ហើយបើយោងតាមក្រសួងការបរទេសស៊ីមបាវ៉េ កិច្ចព្រមព្រៀងមួយចំនួននឹងត្រូវចុះហត្ថលេខានៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ជាពិសេស គឺកិច្ចព្រមព្រៀងក្នុងវិស័យកសិកម្ម វិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។
បន្ទាប់ពីស៊ីមបាវ៉េ លោកស៊ី ជីនពីង នឹងបន្តដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃពុធ ដើម្បីជួបជាមួយលោកប្រធានាធិបតី យ៉ាកុប ហ្ស៊ូម៉ា ព្រមទាំងចូលរួមក្នុងជំនួបកំពូលអាហ្វ្រិក-ចិន ដែលនឹងបើកធ្វើនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយដែលនឹងមានការចូលរួមពីសំណាក់ប្រមុខរដ្ឋមកពីគ្រប់បណ្តាប្រទេសនៅក្នុងតំបន់អាហ្វ្រិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ