អានតួអត្ថបទ
ប៊ូរុនឌី

ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ប៊ូរុនឌី៖ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់ និង​ស្រពិចស្រពិល

នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឮ​ជុំវិញ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Pierre Nkurunziza កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី១៣ ឧសភា​មក គេ​ពិបាក​នឹង​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​ពេល​នេះ។ អ្វី​ដែល​គេ​ដឹង គឺ​មាន​ការ​ផ្ទុះ​អាវុធ​យ៉ាង​ទ្រហឹង​អឺងកង​នៅ​ក្នុង​ទីក្រុង​ប៊ូយុំាប៊ូរ៉ា ចំណែក​រូប​លោក​ប្រធានាធិបតី Nkurunziza ដែល​បាន​ចេញ​ទៅ​ចូលរួម​ជំនួបកំពូល​ក្នុង​តំបន់​នៅ​ប្រទេស​តង់សានី​ស្តីពី​វិបត្តិ​ក្នុង​ប្រទេស​លោក​ក៏​នៅ​មិន​អាច​វិលចូល​ស្រុក​វិញ​បាន​ដែរ​នៅ​ថ្ងៃ​នេះ។ តើ​ដំណើរ​ដើមទង​នៃ​វិបត្តិនយោបាយ​ក្នុង​ប្រទេស​ប៊ូរុនឌី​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច?

ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ប៊ូរុនឌី៖ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់ និង​ស្រពិចស្រពិល
ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ប៊ូរុនឌី៖ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់ និង​ស្រពិចស្រពិល REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី​កំពុង​បន្ត​ច្របូលច្របល់ និង​ស្រពិចស្រពិល​ខ្លំាង។ ច្របូកច្របល់ និង​ស្រពិចស្រពិល ក្រោយ​ពី​មាន​ព័ត៌មាន​ផ្ទុយ​គ្នា​ជុំវិញ​ការ​ប៉ុនប៉ុង​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Pierre Nkurunziza ចេញ​ពី​អំណាច​ក្នុង​ពេល​ដែល​លោក Nkurunziza បាន​អវត្តមាន​ពី​ប្រទេស។ អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​ពុធ ទី១៣ ឧសភា​ម្សិលមិញ ដោយ​លោក​ឧត្តមនីយ Godefroid Niyombaré អតីត​នាយសេនាធិការ​បាន​ប្រកាស​តាម​វិទ្យុ​ពី​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Nkurunziza និង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​ទំាង​ស្រុង។ តែ​ស្រប​ពេល​គ្នា​នោះ លោក​នាយសេនាធិការ​បច្ចុប្បន្ន​ក៏​បាន​ចេញ​មុខ​ប្រកាស​តាម​វិទ្យុ​ពី​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​របស់​លោក​អតីត​នាយសេនាធិការ។

នៅ​ម៉ោង​នេះ ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ទីក្រុង​ប៊ូយុំាប៊ូរ៉ា​កំពុង​តានតឹង​ខ្លំាង​ដោយ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លំាង​រដ្ឋាភិបាល និង​កម្លំាង​របស់​អតីត​នាយសេនាធិការ​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។ មួយ​វិញ​ទៀត ក៏​គេ​មិន​ដឹង​ច្បាស់​ថា តើ​អំណាច​កំពុង​ស្ថិត​ក្នុង​ដៃ​អ្នក​ណា​ពិត​ប្រាកដ​ទេ។ លោក​នាយសេនាធិការ​បច្ចុប្បន្ន​បាន​ប្រកាស​ថា កងទ័ព​រដ្ឋាភិបាល​កំពុង​កាន់កាប់​ស្ថានការណ៍​បាន​មួយ​ភាគ​ធំ ពិសេស​តំបន់​យុទ្ធសាស្រ្ត​ជា​ច្រើន​កន្លែង​ក្នុង​ទីក្រុង ព្រម​ទំាង​ប្រកាស​ជា​ថ្មី​ពី​បរាជ័យ​នៃ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​អតីត​នាយសេនាធិការ Niyombaré ។ លោក Niyombaré ដែល​បាន​ឆ្លៀត​ធ្វើ​រដ្ឋប្រហារ​ក្នុង​ពេល​អវត្តមាន​លោក​ប្រធានាធិបតី​ Nkurunziza ដែល​ចេញ​ទៅ​ចូលរួម​ជំនួបកំពូល​តំបន់​ក្នុង​ប្រទេស​តង់សានី​ដើម្បី​និយាយ​ពី​វិបត្តិនយោបាយ​របស់​ប្រទេស​ប៊ូរុនឌី​នោះ​ឯង។

គួរ​រម្លឹក​ជូន​ថា វិបត្តិនយោបាយ​នៅ​ប៊ូរុនឌី​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ខែ​មេសា បន្ទាប់​ពី​គណបក្ស​របស់​លោក​ប្រធានាធិបតី​ Nkurunziza បាន​សម្រេច​ឲ្យ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិទី៣។ តំាង​ពី​ពេល​នោះ​មក កម្លំាងប្រឆំាង​ក៏​បាន​រៀបចំ​ក្បួនបាតុកម្ម​ជា​ហូរហែ​ប្រឆំាង​នឹង​បេក្ខជន​របស់​លោក Nkurunziza សម្រាប់​អាណត្តិទី៣។ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្បួនបាតុកម្ម​កាន់​តែ​រីកធំ​ទៅៗ​រហូត​ដល់​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ពី​អតីត​នាយសេនាធិការ​របស់​លោក Nkurunziza និង​ដែល​បាន​ជម្រុញ​ប្រទេស​ប៊ូរុនឌី​ឲ្យ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ