អានតួអត្ថបទ
ជំងឺអេបូឡា

អាហ្វ្រិក​ខាង​លិច​នៅ​តែ​ប្រយ័ត្ន​ប្រយែង ព្រោះ​អេបូឡា ​នៅ​មិន​ទាន់​កម្ចាត់​បាន​ទាំង​ស្រុង​ទេ

ថ្វី​ត្បិត​តែ​មេរោគ​អេបូឡា​ ហាក់​កំពុង​សាបរលាប​ ​ពី​តំបន់​អាហ្វ្រិក​ខាង​លិច ​ក្នុង​រយៈ​ពេល​ ២ខែ​ចុង​ក្រោយ​នេះ ​ប៉ុន្តែ ​មេរោគ​នេះ ​នៅ​មិន​បាត់​អស់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​ ២១ ​មីនា ​មាន​ករណី​ថ្មីមួយ​​នៅ​ប្រទេស​លីបេរីយ៉ា។ ​ចំណែក​ឯនៅ​ប្រទេស​ហ្គីណេ ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ ​មាន​ករណី​ឆ្លង​មេរោគ​នេះ​៩៥​ករណី។ ប្រទេស​សេរ៉ាឡេអូន ​បាន​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់ ​ដោយ​បាន​ដាក់​បំរាម ​មិន​ឲ្យ​មនុស្ស​ ចេញ​ទៅ​ណា​ទាំង​អស់ ​ក្នុង​រយៈ​ពេល​ ​បីថ្ងៃ​ចាប់​ពី​ថ្ងៃ​ ​ទី ​២៧​ ​មីនា​នេះ​ទៅ​ ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ រក​ករណី​សង្ស័យ។

យុវជន​​លីបេរីយ៉ា​​ម្នាក់ កំពុងទទួល​បានការ​ចាក់ថ្នាំ​វ៉ាក់សាំង​បង្ការ​មេរោគ​អេបូឡា
យុវជន​​លីបេរីយ៉ា​​ម្នាក់ កំពុងទទួល​បានការ​ចាក់ថ្នាំ​វ៉ាក់សាំង​បង្ការ​មេរោគ​អេបូឡា RFI/Sébastien Nemeth
ផ្សាយពាណិជ្ជកម្ម

ប្រទេស​បី​នៅ​តំបន់​អាហ្វ្រិក​ភាគ​ខាង​លិច ​មាន​ សេរ៉ាឡេអូន ​ហ្គីណេ ​និង​ លីបេរីយ៉ា ​នៅ​មិន​ទាន់​ទម្លាក់​ដៃ ​ឈប់​ប្រុង​ប្រយ័ត្ន​នឹង​ការ​រីក​រាលដាល ​នៃ​មេរោគ​អេបូឡា​ដ៏​កាច​សាហាវ ​នៅ​ឡើយ​ទេ។ ចាប់​តាំង​ពី ​មាន​លេច​ករណី​ដំបូង ​ប្រទេស​ទាំង​បី ​រួម​ជាមួយ​សហគមន៍​អន្តរជាតិ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន ​បាន​ជួយ​គ្នា​សស្រាក់​សស្រាំ ​ក្នុង​ការ​ទប់​ស្កាត់ ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​នេះ។ ចាប់​តាំង ពី​ដើម​ឆ្នាំ​ ២០១៥​នេះ ​ពុំ​មាន​ករណី​ឆ្លង​មេរោគ​អេបូឡា​ថ្មី ​បន្ថែម​ទៀត​ទេ។ ប៉ុន្តែ ​ប្រទេស​ទាំងបី​នៅ​តែ​បន្ត ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន។

វា​ជា​ការ​ត្រឹមត្រូវ​ណាស់ ​ព្រោះ​ថា ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ ​ករណី​ឆ្លង​មេរោគ​អេបូឡា ​ហាក់​​បាន​ងើប​ឡើង​វិញ​ នៅ​ប្រទេស​ហ្គីណេ ​ដែល​មាន​ករណី​សង្ស័យ​ថ្មី ​ចំនួន ​៩៥​ករណី ​ដែល​ភាគ​ច្រើន ​នៅ​ក្រុង កូណាគ្រី ​តែ​ម្តង។ លោក ​ប្រធានាធិបតី ​ហ្គីណេ ​បាន​ថ្លែង​ថា ​យើង​មិន​ត្រូវ​ភ្លេចខ្លួន ​ទុក​ឲ្យ​មេរោគ​អេបូឡា ​​វិល​មក​យាយី​ អាយុ​ជីវិត​ប្រជាជន​ឡើយ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​បាន​សម្តែង​ការ​ព្រួយបារម្ភ ​ដោយ​សារ ​តែ​ប្រជាជន​ហ្គីណេ ​ភាគ​ច្រើន ​ធ្វើ​​ដំណើរ​បម្លាស់​ទី​ច្រើន​ណាស់។ ដូច្នេះ ​មាន​ន័យ​ថា ​គេ​នឹង​អាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាលដាល​ ទៅ​​តំបន់​ផ្សេង​ និង ​ប្រទេស​ផ្សេង​ទៀត ​ជាមួយ​នឹង​ករណី​ឆ្លង​ថ្មី​ទាំង​នេះ។

ចំណែក ​នៅ​ប្រទេស ​លីបេរីយ៉ា​ ឯ​ណោះ ​មាន​ករណី​ថ្មី​មួយ​ទៀត​ដែរ ​ដែល​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ ​សៅរ៍ ​ទី ​២១ ​មីនា​ ​ម្សិលមិញ។ ករណី​នេះ​ ​គឺ ​ស្រ្តី​ជនជាតិ​លីបេរីយ៉ា ​ម្នាក់​​ដែល​បាន​ឆ្លង​មេរោគ​អេបូឡា។ តាម​ការ​សង្ស័យ​​ គឺ​ស្រី្ត​នោះ ​បាន​រួមភេទ​ជាមួយ​បុរស​ម្នាក់​ ដែល​ធ្លាប់​ឆ្លង​មេរោគ​អេបូឡា ​ប៉ុន្តែ​បាន​ជា​សះស្បើយ​ទៅវិញ។ អ្នក​ជំនាញ​បាន​ពន្យល់​ថា ​មេរោគ​អេបូឡា ​អាច​សំងំ​នៅ​ក្នុង​ទឹកកាម​របស់​បុរស​នោះ ​ក្នុង​រយៈ​ពេល​៣ខែ ​មុន​នឹង​ងាប់​អស់​ឥទ្ធិពល​ ថ្វី​ត្បិត​តែ​បុរស​នោះ​ ជា​សះស្បើយ​ហើយ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លីបេរីយ៉ា ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន RFI ​ថា​ រដ្ឋាភិបាល ​កំពុង​ត្រួត​ពិនិត្យ​ករណី​នេះ ​ដោយ​ប្រយ័ត្ន​ប្រយែង​ ជា​ទីបំផុត ​ហើយ​អាជ្ញាធរ ​បាន​ត្រៀម​លក្ខណៈ​ជាស្រេច ​ដើម្បី​ទប់​ស្កាត់ ​ក្នុង​ករណី​មាន​ឆ្លង​ករណី​ថ្មី​ទៀត។ លោក​បន្ត​ថា ​បើ​ហ្គីណេ ​និង​សេរ៉ាឡេអូន ​ដែល​ជា​ប្រទេស​ក្បែរខាង ​មាន​ករណី​ឆ្លង​ថ្មី ​មាន​ន័យ​ថា ​លីបេរីយ៉ា ​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ។

យ៉ាង​ណា​មិញ ​នៅ​ប្រទេស​សេរ៉ាឡេអូន ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ ​នៅ​ថ្ងៃ​អាទិត្យ​ទី ​២២ មីនា ​នេះ ​ដោយ​ហាម​មិនឲ្យ​ប្រជាជន​ ធ្វើ​ដំណើរ​ទៅ​ណា​ទាំង​អស់ ​ក្នុង​រយៈ​ពេល ​៣ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​ទី ​២៧ មីនា​ទៅ។ ក្នុង​រយៈពេល​នេះ ​ហាង​ទំនិញ ​ទីផ្សារ ​ទូទាំង​ប្រទេស​សេរ៉ាឡេអូន ​ត្រូវ​បិទទ្វារ​ទាំង​អស់ ​ហើយ​ប្រជាជន​ត្រូវ​នៅ​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន។ អាជ្ញាធរ​សុខាភិបាល ​នឹង​ធ្វើ​ការ​ចុះ​ជួប​ជាមួយ​ប្រជាជន​តាម​ផ្ទះ ​ដើម្បី​​ស្វែងរក​ករណី​ឆ្លង​ថ្មី​ណាមួយ ​ជា​ពិសេស ​នៅ​តាម​ទី​កន្លែង​ដែល​ធ្លាប់​មាន​អ្នក​ស្លាប់​ ដោយ​មេរោគ​អេបូឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ