អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាពអាហ្វ្រិក​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្អាក​ការ​ចោទប្រកាន់​មេដឹកនាំ​កំពុង​កាន់តំណែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសៅរ៍​ម្សិលមិញ សហភាព​អាហ្វ្រិក​បាន​បិទបញ្ចប់​ជំនួបកំពូល​វិសាមញ្ញ​របស់​ខ្លួន ដែល​បើក​ធ្វើ ដើម្បី​ជជែក​អំពី​ទំនាក់ទំនង​ រវាង​អាហ្វ្រិក និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ នៅ​ក្រោយ​ជំនួបកំពូល​នេះ ប្រទេស​សមាជិក​សហភាព​អាហ្វ្រិក​​​បាន​ចេញ​សេចក្តីសម្រេច​មួយ ទាមទារ​ឲ្យ​តុលាការ​​ក្រុងឡាអេ ផ្អាក​​​ដំណើរការ​កាត់ទោស​ទៅលើ​មេដឹកនាំ​ប្រទេស ដែល​កំពុង​កាន់តំណែង។

លោក​ Uhuru Kenyatta ប្រធានាធិបតី​កេនយ៉ា នៅ​ក្នុង​ជំនួបកំពូល​សហភាព​អាហ្វ្រិក​ថ្ងៃ​សៅរ៍ ១២តុលា ២០១៣។ លោក Uhuru Kenyatta កំពុង​រងការ​ចោទប្រកាន់​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ
លោក​ Uhuru Kenyatta ប្រធានាធិបតី​កេនយ៉ា នៅ​ក្នុង​ជំនួបកំពូល​សហភាព​អាហ្វ្រិក​ថ្ងៃ​សៅរ៍ ១២តុលា ២០១៣។ លោក Uhuru Kenyatta កំពុង​រងការ​ចោទប្រកាន់​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តាមអ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ តើ​គេ​អាច​យក​អភ័យឯកសិទ្ធិ​ជា​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​​មក​ការពារខ្លួន​ នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានដែរ​ឬទេ?
 
អភ័យឯកសិទ្ធិ ទោះជា​ក្នុង​ឋានៈ​អ្វីក៏ដោយ (ជា​ប្រមុខរដ្ឋ​ ​ប្រមុខរដ្ឋាភិបាល ឬ​ក៏​ជា​សមាជិក​សភា​ក៏ដោយ) មិនមាន​សុពលភាព​ នៅចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។ គោលការណ៍​នេះ មាន​ចែង​ច្បាស់ៗ នៅ​ត្រង់​មាត្រា ២៧ នៃ​អនុសញ្ញា​ក្រុងរ៉ូម ឆ្នាំ​១៩៩៨ ស្តីពី​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ដោយឈរលើ​គោលការណ៍​នេះ​ហើយ​ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើការ​ចោទប្រកាន់​ទៅលើ​ប្រមុខដឹកនាំ​ប្រទេស​មួយចំនួន ដែល​កំពុង​កាន់​តំណែង ដូចជា ប្រធានាធិបតី​ស៊ូដង់ ប្រធានាធិបតី និង​អនុប្រធានាធិបតី​កេនយ៉ា ជាដើម។

សំណួរ-ការទាមទារ​របស់​​សហភាព​អាហ្វ្រិក​ ​ឲ្យតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ផ្អាករាល់​ដំណើរការ​កាត់ទោស​មេដឹកនាំ​ប្រទេស​កំពុង​កាន់តំណែង តើ​ធ្វើឡើង​ក្នុង​ហេតុផលអ្វី ហើយ​មាន​មូលដ្ឋាន​អ្វី​ជាសំអាង​ដែរ​ឬទេ?
 
មូលហេតុ​សំខាន់​បំផុត គឺ​សហភាព​អាហ្វ្រិក​យល់ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​ភាព​លម្អៀង ដោយ​ធ្វើការ​ចោទប្រកាន់ និង​កាត់ទោស​តែ​ទៅលើ​មេដឹកនាំ​អាហ្វ្រិក។ មាន​អ្នក​ខ្លះ ដូចជា ប្រធានាធិបតី​កេនយ៉ា ជាដើម ដែល​កំពុង​រងការចោទប្រកាន់​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ហៅ​តុលាការ​នេះ​ថា​ជា “តុលាការ​ចក្រពត្តិ និង​រើសអើង​ប្រកាន់​ពូជសាសន៍”។

ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​សមាជិក​សហភាព​អាហ្វ្រិក​ទាមទារ​ឲ្យ​ផ្អាក​ដំណើរការ​កាត់ទោស​មេដឹកនាំ​ ដែល​កំពុង​កាន់តំណែង គឺ​រួមមាន​​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​កេនយ៉ា និង​ប្រធានាធិបតី​ស៊ូដង់។

តាមពិត នៅ​ក្នុង​សេចក្តីសម្រេច កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ សហភាព​អាហ្វ្រិក​បាន​លើកឡើង​ថា “តុលាការ​អន្តរជាតិ​មិន​ត្រូវ​ធ្វើការ​ចោទប្រកាន់ និង​កាត់ទោស​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល ដែល​កំពុង​កាន់​តំណែង​នោះទេ”។ នេះ​មានន័យថា អ្វី​ដែល​ប្រទេស​អាហ្វ្រិក​ចង់​បាន គឺ​ចង់​ឲ្យតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គោរព​អភ័យឯកសិទ្ធិ​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល។

ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​​បាន​បញ្ជាក់ កាល​ពី​ម្សិលមិញ​ថា សហភាព​អាហ្វ្រិក​កំពុង​សិក្សា​ពី​លទ្ធភាព​ដាក់​សំណើ​មួយទៀត គឺ​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា ២៧ នៃ​អនុសញ្ញា​ក្រុង​រ៉ូម ទាក់ទង​នឹង​រឿង​អភ័យឯកសិទ្ធិ​នេះ។

ក៏ប៉ុន្តែ ក្នុងពេលនេះ អ្វី​ដែល​សហភាព​អាហ្វ្រិក​ទាមទារ​ជា​បន្ទាន់ គឺ​ឲ្យ​ផ្អាក​ដំណើរការ​កាត់ទោស​មេដឹកនាំ​អាហ្វ្រិក ដែល​កំពុង​កាន់តំណែង។ ការទាមទារ​នេះ​នឹង​ត្រូវ​ធ្វើឡើង តាមរយៈ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ដោយ​យោង​ទៅលើ​មាត្រា ១៦ នៃ​អនុសញ្ញា​ក្រុងរ៉ូម ដែលចែង​ថា ​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប អាច​ចេញ​សេចក្តីសម្រេច​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្អាក​ដំណើរការ​ស៊ើបអង្កេត ចោទប្រកាន់ និង​កាត់ទោស​ទៅលើ​សំណុំរឿង​ណាមួយ​បាន។

សំណួរ-​ចាប់តាំង​ពី​បង្កើតឡើង រហូតមកទល់នឹង​ពេលនេះ តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ ​បាន​ធ្វើការ​ចោទប្រកាន់ និង​កាត់ទោស​ ទៅលើ​បទឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​ណាខ្លះ?
 
ចាប់តាំង​ពី​អនុសញ្ញា​ក្រុងរ៉ូម​ចូលជាធរមាន​ នៅ​ឆ្នាំ​២០០២​មក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បើក​ការស៊ើបអង្កេត ​ចោទប្រកាន់ និង​កាត់ទោស​​ទៅលើ​សំណុំរឿង​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅ​ក្នុង​ប្រទេស​ចំនួន ៨ គឺ កេនយ៉ា, ស៊ូដង់, កូតឌីវ័រ, លីប៊ី, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ, សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល, អ៊ូហ្កង់ដា និង​ម៉ាលី។

សរុបទៅ មនុស្ស​ដែល​ជាប់​ក្នុង​ការ​ស៊ើបអង្កេត ឬ​ត្រូវ​រងការ​ចោទប្រកាន់ ឬ​ត្រូវ​បាន​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់ទោស​រួចហើយ សុទ្ធតែ​មក​ពី​ប្រទេស​នៅ​ក្នុង​ទ្វីបអាហ្វ្រិក។ ដូច្នេះ​ហើយ​បាន​ជា​មេដឹកនាំ​មួយចំនួន​នៅ​អាហ្វ្រិក​ចោទប្រកាន់ថា​តុលាការ​ក្រុងឡាអេ​នេះ​មាន​ភាព​លម្អៀង កាត់ទោស​តែ​មេដឹកនាំ​នៅអាហ្វ្រិក។

ក៏ប៉ុន្តែ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​សង្គមស៊ីវិល នៅ​អាហ្វ្រិក​យល់​ឃើញផ្សេង​ទៅវិញ។ គេ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់ទោស​មេដឹកនាំ​នៅ​អាហ្វ្រិក មិនមែន​​ដោយមាន​​ការ​រើសអើងប្រកាន់​ពូជសាសន៍​​ទេ ក៏ប៉ុន្តែ គឺ​ដោយសារ​តែនៅ​អាហ្វ្រិក​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ច្រើន ហើយ​ភាគច្រើន ក្នុង​ប្រទេស​អស់ទាំងនេះ​មិនមាន​ប្រព័ន្ធតុលាការ​ឯករាជ ដើម្បី​កាត់ទោស​អ្នក​មាន​អំណាច។

កាលពីប៉ុន្មាន​ថ្ងៃ​មុននេះ លោក​កូហ្វ៊ី អាណាន់ អតីត​អគ្គលេខាធិការ​អ.ស.ប និង​ជា​ពលរដ្ឋ​មក​ពី​អាហ្វ្រិក​ម្នាក់​ដែរ បាន​រិះគន់​​សហភាព​អាហ្វ្រិក​ថាបាន​នាំគ្នា​គិតគូរ​ការពារ​មេដឹកនាំ ច្រើន​ជាង​ជនរងគ្រោះ។ លោក​ ដេសម៉ុនដ៍ ទូទូ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​មក​ពី​អាហ្វ្រិក​ខាង​ត្បូង​វិញក៏​មិន​សំចៃ​មាត់ដែរ ដោយ​បានលើកឡើង​ថា ការណ៍​ដែល​មេដឹកនាំ​អាហ្វ្រិក​នាំគ្នា​ទាមទារ​កុំឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់ទោស​មេដឹកនាំ​កំពុង​កាន់តំណែង គឺ​មានន័យថា ជា​ការ​ផ្តល់​អាជ្ញាប័ណ្ណ បើក​ដៃ​ឲ្យ​មេដឹកនាំ​ធ្វើ​ទុក្ខ​បុកម្នេញ និង​សម្លាប់​ប្រជាជន​ខ្លួនឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ