អានតួអត្ថបទ
កម្ពុជា

ការទស្សន៍ទាយ​ក្នុង​ពិធី​ច្រត់​ព្រះនង្គ័ល​បង្ហាញថា​ពោតនិងសណ្តែក​ទទួល​ទិន្នផល​ល្អ​

ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​បាន​ធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃទី​៩ឧសភា​នេះ​ នៅ​ទីលាន​ព្រះ​ស្រែ​វាល​ព្រះមេរុ ​ខាងជើង​ ជាប់​ព្រះបរម​រាជវាំង​។ ការ​ផ្សង​ប្រផ្នូល ​ក្នុង​ព្រះរាជ​ពិធី ​ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ​ នៅ​ព្រឹក​មិញ ​បង្ហាញថា ​ពោត​ ទទួល​ទិន្នផល​ល្អប្រសើរ​។ រីឯ​សណ្តែក ទទួល​ផល​ល្អ​។ ក្នុងនោះ កម្លាំង​អូសទាញ សម្រាប់​ធ្វើ​កសិកម្ម ដូចជា គោ​ក្របី និង​សេះ មាន​ជំងឺ​ដង្កាត់​បន្តិចបន្តួច។ 

គោបារបស់ព្រះរាជាមួយនឹមបានបរិភោគ​ ពោត សណ្តែក និងស្មៅ ​បង្ហាញថា​ ពោត​ និង​សណ្តែក​ទទួល​ទិន្នផល​ល្អ​
គោបារបស់ព្រះរាជាមួយនឹមបានបរិភោគ​ ពោត សណ្តែក និងស្មៅ ​បង្ហាញថា​ ពោត​ និង​សណ្តែក​ទទួល​ទិន្នផល​ល្អ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គោបា​របស់​ព្រះរាជា​មួយ​នឹម ​បាន​បរិភោគ​ពោត ​សណ្តែក ​និង​ស្មៅ​ ក្នុងចំណោម​អាហារ​ ៧ មុខ ​ដែល​ត្រូវបាន​តម្កល់​លើ​ជើង​ពាន​ នៅ​កណ្តាល​ទីលាន​ព្រះ​សែ វាល​ព្រះមេរុ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល ​នៅ​ថ្ងៃ៤​រោច​ខែ​ពិសាខ​ ត្រូវ​នឹង​ថ្ងៃទី​៩ឧសភា​នេះ។

 
ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ឆ្នាំ​នេះ ​ព្រះ​អង្គម្ចាស់​ នរោត្តម​ ចក្រាវុឌ្ឍ​ បុត្រា​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម ​រណឫទ្ធិ​ ជា​ស្តេច​មេឃ ​និង​អ្នក​អង្គម្ចាស់​ក្សត្រី​ ស៊ីសុវត្ថិ ចាន់ស៊ីដា​ បុត្រី​របស់​សម្តេចព្រះរាម​ នរោត្តម​ បុប្ផា​ទេវី​ ជា​ព្រះ​មេហួ​។

ការ​ផ្សង​ប្រផ្នូល​តាមរយៈ​គោ​ព្រះរាជា​ បាន​ធ្វើឡើង​បន្ទាប់​ពី​ពិធី​ភ្ជួររាស់ ​សាប ព្រោះ​ព្រះ​ស្រែ​ ដែល​ស្តេច​មេឃ និង​ព្រះ​មេ​ហួ ធ្វើ​ជា​និមិត្តរូប នៃ​ការចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចម្ការ នៅក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​។

លទ្ធផល​ ត្រូវបាន​លោក​តា​អាចារ្យ​ បានប្រកាស​ថា ១-​ពោត ក្នុង​ឆ្នាំនេះ ​ទទួល​ផល​បាន​ល្អប្រសើរ​។ ​២-​សណ្តែក​ទទួលផល​បានល្អ​។ ៣-​ស្មៅ ជា​ចំណី​អាហារ​របស់​សត្វ​ពាហនៈ​ទូទៅ​ ប៉ុន្តែ​ក្នុង​ឱកាស​នេះ ​ដែល​គោ​ឧសភរាជ ​បាន​បរិភោគ​ស្មៅ ​បានសេចក្តី​ថា ឆ្នាំ​នេះ​កម្លាំង​អូស​ទាញ​ទាំងអស់​ មាន​គោ​ក្របី​ និង​សេះ ​ត្រូវ​ជួប​ប្រទះ​នឹង​ជំងឺ​តម្កាត់​បៀតបៀន​បន្តិច​បន្តួច។
ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល ជា​ការប្រកាស​ដល់​ប្រជាកសិករ ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ ​រៀបចំ​ការងារ​បង្ក​បង្កើន​ផល ខណៈ​ដែល​រដូវវស្សា​ចូលមក​ដល់​ហើយ​។​ការ​ផ្សង​ប្រផ្នូល តាមរយៈ​ការបរិភោគ​របស់​គោ​ឧសភរាជ​ដូច្នេះ នាំ​ឲ្យ​ប្រជា​កសិករ​មួយចំនួន​ ព្រួយ​បារម្ភ​ ដោយសារ​ថា គោ​ឧសភរាជ​ មិន​បាន​បរិភោគ​ស្រូវ ​និង​ទឹក ​ដែល​ទំនាយ​ទាយ​ថា ​ស្រូវ​នឹង​មិន​សូវ​បាន​ទិន្នផល​ល្អ ​ហើយ​ក៏​នឹង​មិន​មាន​ទឹក​គ្រប់គ្រាន់​ សម្រាប់​​ធ្វើស្រែ​ថែមទៀត​។

ការ​ផ្សង​ប្រផ្នូល​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ពេលនេះ​ គឺ​ដូចគ្នា​នឹង​ឆ្នាំ​មុន​។​ នៅ​ឆ្នាំ​មុន​ ទោះបីជា​ទឹកជំនន់​បាន​បំផ្លាញ​ស្រូវ​ជាង ​២៦​ម៉ឺន​ហិកតា ​ក៏​ប៉ុន្តែ​កម្ពុជា ទទួល​បាន​ស្រូវ​ ៨,៧៨ លានតោន​។យ៉ាងណា​ក៏ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​នៅ​គ្រប់​ទិសទី​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ