អានតួអត្ថបទ
អូស្រ្តាលី

សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​អេដស៍​បើកធ្វើ​នៅ​អូស្រ្តាលី​ជាមួយ​នឹង​ការកាន់ទុក្ខ​សហការី​ដែល​ស្លាប់​នៅលើ​យន្តហោះ​ម៉ាឡេស៊ី

សន្និសីទ​អន្តរជាតិ​​លើកទី២០ ស្តីពី​ជំងឺអេដស៍​ បាន​ចាប់ផ្តើម​បើក​ធ្វើ នៅថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្រ្តាលី។ សន្និសីទ​ដែល​បាន​បើក​ធ្វើ​ជាមួយ​នឹង​ការ​កាន់ទុក្ខ​ចំពោះ​សមាជិក​ប្រតិភូ ៦រូប ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​យន្តហោះ​ម៉ាឡេស៊ី នៅ​អ៊ុយក្រែន។

អ្នក​ចូលរួម​សន្និសីទ​ឈរស្មិងស្មាធិ៍​គោរព​វិញ្ញានក្ខន្ធ​ដល់​សហការី ៦រូប ដែល​បាត់បង់​ជីវិត​នៅលើ​យន្តហោះ​ម៉ាឡេស៊ី MH17
អ្នក​ចូលរួម​សន្និសីទ​ឈរស្មិងស្មាធិ៍​គោរព​វិញ្ញានក្ខន្ធ​ដល់​សហការី ៦រូប ដែល​បាត់បង់​ជីវិត​នៅលើ​យន្តហោះ​ម៉ាឡេស៊ី MH17 REUTERS/Mark Dadswell
ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​ប្រមាណ​ជា ១ម៉ឺន ២ពាន់នាក់ ដែល​ក្នុងនោះ រួមមាន​អ្នក​វិទ្យាសាស្រ្ត អ្នក​នយោបាយ ព្រមទាំង​សកម្មជន​ខាង​ផ្នែក​ជំងឺ​អេដស៍ បាន​នាំគ្នា​ចាប់ផ្តើម​បើក​​សន្និសីទ​អន្តរជាតិ លើក​ទី២០ ស្តីពី​ជំងឺ​អេដស៍ នៅ​ទីក្រុង​ Melbourne ជាមួយ​នឹង​ការ​​ឈរ​ស្មិងស្មាធិ៍​មួយ​នាទី ដើម្បី​ជា​ការ​គោរព​វិញ្ញានក្ខន្ធ​ទៅដល់​សហការី​ ៦រូប ដែល​បានបាត់បង់​ជីវិត ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ Malaysia Airlines ជើង​ហោះហើរលេខ MH17 នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ សកម្មជន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​ទាំង ៦រូប ដែល​ក្នុងនោះ មាន​អ្នក​ជំនាញ​ខាង​ជំងឺ​អេដស៍​ដ៏ល្បីល្បាញ​មួយ​រូបផងនោះ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ហូឡង់ តាម​ជើង​ហោះហើរ​របស់​ក្រុម​ហ៊ុន​ម៉ាឡេស៊ី សំដៅ​មក​ចូលរួម​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ Melbourne នេះ។

លោកស្រី Françoise Barré-Sinoussi អ្នក​វិទ្យាសាស្រ្ត​បារាំង ដែល​បាន​ទទួល​ពានរង្វាន់​ណូបែល ក្នុងការ​រកឃើញ​មេរោគ HIV បាន​ថ្លែង​ថា “សូម​ឲ្យ​ការ​ស្មិងស្មាធិ៍​របស់​យើង​បង្ហាញ​ពី​ក្តីទុក្ខសោក កំហឹង និង​សាមគ្គី​ភាព​របស់​យើង ចំពោះ​ជនរងគ្រោះ។

គួរបញ្ជាក់ថា សន្និសីទ​អន្តរជាតិ ស្តីពី​ជំងឺ​អេដស៍ គឺ​ជា​ព្រឹត្តិការណ៍ ដែល​គេ​រៀបចំ​ធ្វើ នៅរៀងរាល់ ២ឆ្នាំ​ម្តង ដើម្បី​ជជែក​ពិភាក្សា​គ្នា អំពី​សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍ ដែលចាប់តាំង​ពី​ត្រូវ​បាន​គេ​រកឃើញ នៅ​ឆ្នាំ​១៩៨១​មក បាន​សម្លាប់​មនុស្ស រហូត​ដល់​ទៅ ៣៩លាន​នាក់ ពោលគឺ ស្មើ​នឹង ២ដង នៃ​ចំនួន​អ្នក​ស្លាប់ ដោយ​សង្រ្គាម​លោក​លើកទី១។

កាលពី​ឆ្នាំ​២០១៣​កន្លងទៅនេះ អ្នក​ផ្ទុក​មេរោគ HIV នៅ​ទូទាំង​ពិភពលោក​មានចំនួន​ប្រមាណ​ជិត ១៣លាន​នាក់ មនុស្ស ១,៥លាន​នាក់​ត្រូវ​បាត់បង់​ជីវិត​ដោយ​ជំងឺ​អេដស៍ ហើយ​អ្នក​ឆ្លង​មេរោគ HIV ថ្មីៗ មាន​​ប្រមាណ​ជាង ២លាននាក់​។

នៅ​ក្នុង​សន្និសីទ​រយៈពេល ៦ថ្ងៃ​ នៅ​ទីក្រុង Melbourne ប្រធានបទ​ដ៏​ចម្បងមួយ ដែល​គេ​នឹង​លើក​យក​មក​ជជែក​គ្នា គឺ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រើសអើង​ប្រឆាំង​នឹង​អ្នក​ផ្ទុក​មេរោគ ​HIV ជាពិសេស ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា នៅ​រុស្ស៊ី និង​ប្រទេស​នៅ​​ក្នុង​តំបន់​អាហ្វ្រិក​ ដែល​​គេ​យល់ថា​ជា​ច្បាប់​មាន​លក្ខណៈ​​រើសអើង​ប្រឆាំង​នឹង​អ្នក​ផ្ទុក​មេរោគ HIV ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ