លោកដូណាល់ ត្រាំ ប្រកាសអាសន្នជាតិ ដើម្បីយកប្រាក់ទៅសង់ជញ្ជាំងព្រំដែន
ចុះផ្សាយនៅថ្ងៃ៖
ដូចអ្វីដែលលោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើង គឺនៅថ្ងៃសុក្រទី១៥កុម្ភៈម្សិលមិញនេះ លោកប្រធានាធិបតីអាមេរិករូបនេះ បានសម្រេចប្រកាសអាសន្នជាតិ។ ការប្រកាសអាសន្នជាតិនេះ គឺដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាល អាចបង្វិលយកកញ្ចប់ថវិការដ្ឋ ទៅចំណាយលើការសាងសង់ជញ្ជាំងព្រំដែន ខណៈដែលថវិកាចំណាយនេះ ត្រូវបានសភាខុនក្រេស បដិសេធមិនប្រគល់ឲ្យ។ ការប្រកាសអាសន្នជាតិ របស់លោកដូណាល់ត្រាំនេះ ត្រូវបានអ្នកនយោបាយមកពីបក្សប្រជាធិបតេយ្យ រិះគន់យ៉ាងខ្លាំង។ អ្នកខ្លះ បានសន្យាដាក់ពាក្យប្តឹងទៀងផង ដោយលើកឡើងអំពីការបំពានអំណាច របស់ដូណាល់ ត្រាំ ដែលធ្វើការប្រកាសអាសន្ន ដោយឥតហេតុផលត្រឹមត្រូវ។
បង្វិលថវិកាជាង៦ពាន់លាន ចេញពីក្រសួងការពារជាតិ យកទៅសង់ជញ្ជាំង
ការប្រកាសអាសន្នជាតិ ដោយផ្អែកលើច្បាប់ National Emergencies Act ឆ្នាំ១៩៧៦ គឺមានន័យប្រៀបបាននឹងច្បាប់អាជ្ញាសិក។ ពោលគឺ ក្រៅពីមានសិទ្ធិដាក់ចុះនូវវិធានការបន្ទាន់នានា ប្រធានាធិបតី នឹងមានសិទ្ធិអំណាច ក្នុងការប្រើប្រាស់ថវិកាជាតិ យកទៅចាត់ចែងការងារណាមួយ ដែលខ្លួនយល់ថា វាស្ថិតក្នុងភាពអាសន្នជាតិ។
តាមរយៈនីតិវិធីពិសេសនេះ លោកដូណាល់ ត្រាំ នឹងអាចមានសិទ្ធិលូកដៃបង្វិលកញ្ចប់ថវិកា ដែលសភាខុនក្រេសបានសម្រេចទៅឲ្យស្ថាប័នណាមួយ ដោយយកវាទៅចាយនៅកន្លែងផ្សេង ក្នុងន័យនៃភាពអាសន្ននេះ។ ភាពអាសន្ន ដែលលោកដូណាល់ ត្រាំ បានលើកឡើងនេះ គឺការកសាងជញ្ជាំងព្រំដែន ជាមួយនឹងប្រទេសមិចស៊ិក នេះតែម្តង។
តាមការឲ្យដឹងពីសេតវិមាន គឺលោកដូណាល់ ត្រាំ អាចនឹងបង្វិលកញ្ចប់ប្រាក់ចំនួនសរុប៦១០០លានដុល្លារពីប្រភពពីរ របស់ក្រសួងការពារជាតិអាមេរិក។ ទីមួយគឺ ៣៦០០លានដុល្លារ ដកចេញពីថវិកាចំនាយក្នុងការសាងសង់ និងជួសជុលសម្ភារៈ អាគារ ក្នុងវិស័យយោធា ហើយទី២ គឺមាន២៥០០លានដុល្លារ ដែលដកចេញពីគម្រោងទប់ស្កាត់ការជួញដូរគ្រឿងញៀន នៃក្រសួងការពារជាតិដែរ។ ដូច្នេះក្រសួងការពារជាតិ ដែលនឹងក្លាយជាអ្នករងគ្រោះ ព្រោះថវិកាបំរុងចំនាយ ចំនួន៦១០០លានដុល្លាររបស់ខ្លួន នឹងត្រូវលោកដូណាល់ ត្រាំ បង្វិលយកទៅសាងសង់ជញ្ជាំងព្រំដែន។
សង់ជញ្ជាំងព្រំដែន ជារឿងអាសន្នដែលត្រូវធ្វើ?
ការប្រកាសអាសន្នជាតិ គឺវាទាល់តែមានករណីអាសន្ន កើតឡើងពិតប្រាកដណាមួយ។ តែសួរថា តើបញ្ហាសាងសង់ជញ្ជាំងព្រំដែននេះ វាមានលក្ខណៈអាសន្នរបៀបណា ទើបលោកដូណាល់ ត្រាំ ហ៊ានអនុវត្តនីតិវិធីនេះ?
នៅចំពោះមុខអ្នកកាសែត ក្នុងសួនច្បារសេតវិមាន កាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ លោកដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពអាសន្ន បណ្តាលមកពី “ការឈ្លានពានសម្រុកចូល” នៃគ្រឿងញៀន ព្រមទាំងក្រុមទុច្ចរិត ដែលឆ្លងដែនចូលពីប្រទេសមិចស៊ិកមក។
សួរថាតើ ភាពអាសន្នជាតិ ដែលលោកដូណាល់ ត្រាំ បាននិយាយនេះ វាសមហេតុសមផលដែរឬទេ? ភ្លាមៗ ក្រោយការប្រកាសអាសន្ននេះ លោកស្រី Nancy Pelosy ប្រធានសភាតំណាង និងលោក Chuck Schumer តំណាងក្រុមព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ បានរួមគ្នាចេញលិខិតប្រកាសមួយ ដោយបានលើកឡើងថា ការប្រកាសអាសន្នជាតិ ដោយផ្អែកលើវិបត្តិ ដែលពុំមានជាក់ស្តែងសោះ គឺវាជាទង្វើបំពានទៅលើរដ្ឋធម្មនុញ្ញ ហើយវានឹងធ្វើឲ្យសហរដ្ឋអាមេរិក ចុះអន់ថយស្ថិរភាព។
អ្នកនយោបាយ ក៏ដូចជាស្ថាប័នព័ត៌មានអាមេរិក បានចេញមុខមកបរិហាសឹងតែទាំងអស់គ្នា ទាក់ទិននឹងបញ្ហានេះ។ អ្នកខ្លះលើកឡើងថា លោកដូណាល់ ត្រាំធ្វើនេះ គឺជាអំពើបំពានអំណាច។ វិបតិ្ត ឬក៏អាសន្នជាតិ ដែលលោកត្រាំ លើកឡើង គឺជាការប្រឌិត ការបំផ្លើសបំប៉ោងទាំងស្រុង ក្នុងគោលដៅតែមួយគត់ គឺដើម្បីអាចបង្វិលប្រាក់ទៅសង់ជញ្ជាំងព្រំដែន ដែលគាត់បានសន្យាក្នុងពេលឃោសនាបោះឆ្នោត។ លោក Peter Schuck ព្រឹទ្ធសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Yale ដ៏ល្បីបំផុតរបស់អាមេរិក បានមានប្រសាសន៍ថា ការដែលលោកត្រាំ ប្រើស្នៀតនេះ ដើម្បីយកថវិកាជាតិទៅបំផ្លាញចោល ហេតុតែចង់បំពេញការសន្យា ដ៏ឆ្គួតលីលាដ៍របស់ខ្លួននេះ គឺវាជារឿងមួយហួសហេតុ មិនអាចទទួលយកបានជាដាច់ខាត។
.@GavinNewsom & @AGBecerra’s joint statement on Trump’s proposed "national emergency" pic.twitter.com/X69CCCBEA0
Governor Newsom Press Office (@GovPressOffice) 15 février 2019
“ចាំជួបគ្នា នៅតុលាការ!”
មានបុគ្គលនយោបាយ តំណាងរាស្ត្រ និងស្ថាប័នខ្លះ បានសន្យាថានឹងដាក់ពាក្យប្តឹង ទល់នឹងការប្រកាសអាសន្នជាតិ របស់លោកដូណាល់ ត្រាំនេះ។ ក្នុងនោះ មានរដ្ឋបាលរដ្ឋញូយ៉ក និងលោកអភិបាលរដ្ឋកាលីហ្វ័រញ៉ា ដែលបានប្រកាសប្រាប់ទៅលោកដូណាល់ ត្រាំ ថា ចាំជួបគ្នា នៅមុខតុលាការ។ អង្គការ ការសិទ្ធិសេរីភាពស៊ីវីល ACLU ដ៏មានឥទ្ធិពលមួយផងដែរនោះ ក៏បានសន្យា ថានឹងដាក់ពាក្យប្តឹងដែរ។
ក្រៅពីនេះ ប្រជាជនសាមញ្ញ ដែលជាម្ចាស់កម្មសិទ្ធិដីធ្លី នៅតាមបណ្តោយព្រំដែន ក៏អាចដាក់ពាក្យប្តឹងដែរ ព្រោះថា រដ្ឋអាចរឹបអូសដីធ្លីរបស់ពួកគេ ក្នុងន័យភាពអាសន្នជាតិនេះ ដើម្បីយកដីទៅសង់ជញ្ជាំងព្រំដែន។ ដូចគ្នាដែរ អង្គការសមាគមការពារបរិស្ថាន ក៏អាចប្តឹងជំទាស់ នឹងការសាងសង់ជញ្ជាំងថ្ម រាប់ពាន់គីឡូម៉ែត្រនេះដែរ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ជីវិតសត្វ និងរុក្ខជាតិ។ ជាងនេះទៅទៀត លោក Bobby Chesney សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Texas បានលើកឡើងថា ការដកប្រាក់របស់ក្រសួងការពារជាតិ ទៅចំណាយក្នុងរឿងផ្សេង ដែលមិនពាក់ព័ន្ធនិងវិស័យកងទ័ព ក៏អាចផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងនេះដែរ។
បើតាមការវិភាគ អ្វីដែលគេអាចយកមកសំអាងបាន ដើម្បីចាត់ទុកជាមោឃៈ នូវនីតិវិធីប្រកាសអាសន្នជាតិ របស់លោកដូណាល់ ត្រាំ នេះ គឺវាស្ថិតនៅលើពាក្យថា “អាសន្ន”។ តើវាមានភាពអាសន្ន មែន ឬមិនមែន? នៅចំពោះមុខអ្នកកាសែត កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំ បានលើកឡើងថា “តាមពិតទៅ ខ្ញុំអាចសាងសង់ជញ្ជាំង ដោយប្រើពេលយូរក៏បានដែរ តែខ្ញុំមិនចង់ គីខ្ញុំចង់ធ្វើវាឲ្យបានភ្លាមៗនេះតែម្តង”។ សម្តីនេះ គឺអាចមានន័យថា តាមពិតទៅ គ្មានទេភាពអាសន្ននោះ។ តែគឺលោកដូណាល់ ត្រាំ ទេ ដែលចង់ធ្វើវាឲ្យទាន់ហន់។
តែយ៉ាងណា ទាក់ទិននឹងការប្រឈមមុខនឹងពាក្យបណ្តឹងនេះ លោកដូណាល់ ត្រាំ បានចំអកថា លោកបន់ឲ្យតែដល់ថ្ងៃ ដែលពាក្យបណ្តឹងទាំងនោះ ឡើងដល់តុលាការកំពូលឲ្យឆាប់ៗទេ។ ជាការពិត លោកដូណាល់ ត្រាំ មានសង្ឃឹមក្នុងចិត្ត ថាគាត់ពិតជាឈ្នះ ព្រោះគាត់អាងថា នៅតុលាការកំពូល មានចៅក្រមជាច្រើនរូប ដែលគាត់បានតែងតាំង ហើយដែលសុទ្ធតែជាមនុស្ស មាននិន្នការអភិរក្សនិយមដូចលោក។
"You want to talk about a national emergency? Let's talk about today. The one year anniversary of another manifestation of the epidemic of gun violence in America. That's a national emergency. Why don't you declare that emergency, Mr. President? ... A Democratic president could." pic.twitter.com/NDvhb339aT
Kyle Griffin (@kylegriffin1) 14 février 2019
យកសិទ្ធិប្រកាសអាសន្នជាតិ បំពេញបំណងនយោបាយខ្លួន
ទោះចង់មិនចង់ នេះជាលើកទីមួយហើយ ដែលសិទ្ធិនេះ ត្រូវប្រធានាធិបតីប្រើ ដើម្បីយកទៅសម្រេចកម្មវត្ថុនយោបាយ ដែលខ្លួនបានសន្យា។ ទោះថ្ងៃមុខ បើប្រធានាធិបតីម្នាក់ៗ អាងតែយកសិទ្ធិនេះ មកប្រើ ដើម្បីអាចធ្វើអ្វី តាមចិត្ត ទៅតាមការសន្យានយោបាយរបស់ខ្លួន នោះគឺវាលែងមានន័យអ្វីទៀតហើយ។
សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ មួយចំនួន បានលើកឡើងថា ដល់ពេលហើយ ដែលត្រូវធ្វើកំណែទម្រង់ លើចំណុចនេះ។ គេមិនអាច ឲ្យប្រធានាធិបតីប្រើសិទ្ធិនេះ ដើម្បីគេចចេញពីការជំទាស់ របស់សភា ហើយដើម្បីអាចធ្វើតាម ការសន្យានយោបាយរបស់ខ្លួននោះទេ។ ទៅថ្ងៃមុខ ប្រធានាធិបតីផ្សេងៗ នឹងអាចធ្វើតាមគំរូអាក្រក់នេះដែរ។ ដូច្នេះបញ្ហានេះ គឺវាប៉ះពាល់ខ្លាំង ទៅលើតុល្យការអំណាច ការបែងចែកអំណាច រវាងស្ថានប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ របស់អាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ