អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Washington Post ផ្សាយ​ថា លោក​អូបាម៉ា ដឹង​មុន​ជាច្រើន​ខែ ថា​រុស្ស៊ី​មាន​គំរោង​លុកលុយ​ការ​បោះឆ្នោត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សុក្រ ទី​ ២៣​ មិថុនា​ កាសែត​ Washington Post ​បាន​ចុះផ្សាយ​ថា ​CIA​ ធ្លាប់​បាន​ផ្តល់​ដំណឹង ​ដល់​រដ្ឋាភិបាល​លោក​អូបាម៉ា ​តាំងតែ​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ​អំពី​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ​ពី​សំណាក់​ចារកិច្ច​រុស្ស៊ី។ បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នេះ ​ លោក​អូបាម៉ា ​បាន​ដឹង​ថា​រុស្ស៊ី​មាន​គំរោង​លុកលុយ​ការ​បោះឆ្នោត​ ប្រធានាធិបតី​អាមេរិក​ តែ​លោក​អូបាម៉ា ​បាន​សម្រេច​ចិត្ត​មិន​វាយ​បក​វិញ​ភ្លាមៗ​ ដោយ​រងចាំ​ឲ្យ​ការ​បោះឆ្នោត​រំលង​ផុត​សិន។

លោក Obama និងលោកTrump
លោក Obama និងលោកTrump REUTERS/Carlos Barria/File Photo
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ ​ដែលថា​រុស្ស៊ី​បាន​បញ្ជារ​​ ឲ្យមាន​ការ​លុកលុយ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​ប្រធានធិបតី​អាមេរិក​នោះ ​ គឺ​ត្រូវ​បាន​គេ​ដឹង​សុះសាយ ​តាំងតែ​ពី​ចុង​ឆ្នាំ​២០១៦​ម្លេះ។ តែ​ថ្ងៃ ទី២៣ មិថុនា នេះ ​កាសែត ​Washington Post ​បាន​ចុះផ្សាយ​លំអិត​បន្ថែម​ទៀត។ ជារួម​ ​គឺ​លោក​អូបាម៉ា ​បាន​ដឹង​រឿង​នេះ ​ តាំងតែ​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦​ម្លេះ ​ដោយ ​មាន​ការ​ផ្តល់​ដំណឹង​ពី ​ក្រុមការងារ​របស់​ CIA។

CIA​ បានប្រាប់​លោក​អូបាម៉ា ​យូរខែ​មក​ហើយ

ខែ​ កក្កដា ២០១៦ ​មួយ​ថ្ងៃ​មុន​បោះឆ្នោត​រើស​បេក្ខជន​តំណាង​បក្ស​ប្រជាធិបតេយ្យ ​គណនី​អ៊ីម៉ែល ​របស់​គណបក្ស​នេះ ​ត្រូវ​បាន​ចោរ​ចូល​មក​លួច​យក​ទិន្ន័យ ​ហើយ​ផ្សាយ​តាម​Wikileaks។ កាលនោះ ​គេគ្រាន់​តែ​សង្ស័យ ​ថា​អាច​ជា​អំពើ​របស់​ចារកិច្ច​រុស្ស៊ី។ ជា​ផ្លូវការ ​ថា​ជា​ការ​សង្ស័យ ​តែ​ធាតុពិត ​ បើ​តាម​ការ​ចុះផ្សាយ​របស់ ​Washington Post ​គឺ ​រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ទទួល​ដំណឹង​ពី​ CIA​ ហើយ ​ដឹង​ច្បាស់​ថា​ជា​ទង្វើ​របស់​រុស្ស៊ី។

Washington Post ​ផ្សាយ​ថា ​នៅ​ថ្ងៃ​ទី ​៤ ​សីហា ​២០១៦ ​ លោក​ John Brennan ​នាយក​ CIA​ បាន​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​នាយក​ការិយាល័យ​សន្តិសុខ​រុស្ស៊ី ​ដើម្បី​និយាយ​ពី​បញ្ហា​នេះ។ ក្រោយ​មក​ ​នៅ​ខែ​កញ្ញា ​លោក​អូបាម៉ា ​បាន​ជួប​និយាយ​ដោយ​ផ្ទាល់​មាត់ ​ជាមួយ​លោក​ពូទីន ​នៅឯ​ជំនួប​កំពូល​នៅ​ចិន។ ក្នុងពេល​នោះ ​ លោក​អូបាម៉ា ​បាន​ប្រាប់​ទៅ​ប្រធានាធិបតី​ពូទីន​ថា ​បើសិន​ជា​រុស្ស៊ី​ ជា​អ្នក​ធ្វើ​មែន​ រុស្ស៊ី​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់។ ហើយ​ក្រោយ​មកទៀត ​នៅថ្ងៃ​ទី​ ៣១​ តុលា ​រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ផ្ញើរសារ​សំងាត់​មួយ​ ទៅកាន់​​រុស្ស៊ី ​ដើម្បី​រំលឹក​ថា ​បើ​សិន​ជា​រុស្ស៊ី ​មាន​បំណង​មក​បំផ្លាញ​ការ​បោះឆ្នោត​នៅ​អាមេរិក​មែន​នោះ ​ នោះ​ជា​រឿង​មួយ​ ដែល​អាមេរិក​មិន​អាច​ទទួល​យក​បាន​ទេ ​ហើយ​នឹង​វាយ​បក​វិញ។

បើតាម​ការ​ចុះផ្សាយ​របស់​ Washington Post ​នេះ ​គឺ​លោក​អូបាម៉ា ​ដឹង​ថា​រុស្ស៊ី​នៅ​ពីក្រោយ​ការ​ចូល​វាយ​លុក​តាម​បណ្តាញ​ព័ត៌មាន​វិទ្យា ​តាំងតែ​ពី​ខែ​កក្កដា​ ម្លេះ។ តែ​រហូត​ដល់​ថ្ងៃ​ទី​ ​៧ ​តុលា ​២០១៦ ​ទើប​រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ ​ថា​មន្ត្រី​ចារកិច្ច​រុស្ស៊ី ​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ វាយប្រហារ​ព័ត៌មាន​វិទ្យា ​ទៅ​លើ​គណបក្ស​ប្រជាធិបតេយ្យ។ លោក​អូបាម៉ា ​បាន​បង្អង់​ រហូត​ទាល់​តែ​ដល់​​ ខែ​មករា​ ឆ្នាំ​២០១៧​ មុន​នឹង​និយាយ​ដោយ​ចំៗ​ ថា​លោក​ពូទីន​ ជាអ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ទាំង​អស់​នេះ ​ ដើម្បី​ធ្វើ​យ៉ាង​ណា ​រារាំង​កុំ​ឲ្យ​លោក​ស្រី​ហ៊ីលឡារី​ គ្លី​នតុន​ ឈ្នះ​ឆ្នោត។

លោក​អូបាម៉ា រារែក​ មិនចង់​វាយ​បក​វិញ ​មុន​ពេល​បោះឆ្នោត

កន្លងមក ​ធ្លាប់​មាន​ការ​ចុះផ្សាយ​ជាច្រើន ​របស់​បណ្តាញ​ព័ត៌មាន​អាមេរិក ​ ដែល​ពន្យល់​ពី​មូលហេតុ ​ដែលលោក​អូបាម៉ា ​នៅ​អែរ​អង់។ ហេតុផល​នោះ​គឺ​ថា ​ លោក​អូបាម៉ា ​មិន​ចង់​វាយបក​ទៅ​រុស្ស៊ីវិញ ​ មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់។ លោក ​អូបាម៉ា ​ខ្លាចក្រែង​ថា​ បើ​វាយ​បក​ទៅ​វិញ ​ គឺ​មិន​ខុស​ពី​រុញ​រុស្ស៊ី ឲ្យ​ធ្វើ​ផ្គើន​រឹតតែ​ខ្លាំង ​ នៅ​ថ្ងៃ​បោះឆ្នោត​តែ​ម្តង។ ពោល​គឺ​ លោក​អូបាម៉ា ​ចង់​ប្រើ​ធម៌​ត្រជាក់ ​ជាមួយ​រុស្ស៊ី​សិន។

យ៉ាងណា​មិញ​ មាន​អ្នក​ជំនាញ​ខ្លះ ​ គេ​បាន​លើក​ឡើង​ថា​ ជំរើស​របស់​លោក​អូបាម៉ា ​នេះ ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី ​ដក​ថយ​ទៅវិញ​ដែរ ​ ​ព្រោះថា ​បើ​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្តែង ​ក្រុម​ចោរព័ត៌មានវិទ្យា​រុស្ស៊ី ​ អាច​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​បាន​យ៉ាង​ងាយ ​នៅថ្ងៃ​បោះឆ្នោត​ធំ​ ថ្ងៃទី​ ៨​ វិច្ឆិកា។

លោក អូបាម៉ា ​បញ្ជារឲ្យ​បង្កើត ​កម្មវិធី ​“គ្រាប់បែកបរមាណូឌីជីថល”

ប៉ុន្តែយ៉ាងណា ​​មិនមែន​មាន​ន័យ​ថា​ លោក​អូបាម៉ា ​អង្គុយ​ឱបដៃ​ចាំមើល ​ មិន​ធ្វើ​អ្វី​សោះនោះ​ទេ ​ ក្នុង​កំឡុង​ពេលនោះ។ ចុងខែធ្នូ​ លោក​អូបាម៉ា ​បាន​បញ្ជារ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ ទៅ​លើ​រុស្ស៊ី ​ដូច​ជា​ការ​បណ្តេញ​ចេញ ​នូវ​ភ្នាក់ងារ​សំងាត់​របស់​ចារកិច្ច​រុស្ស៊ី​៣៥​នាក់ ​ព្រមទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ទៀត ​ទៅលើ​បណ្តាញ​ចារកិច្ច​រុស្ស៊ី។

បើតាម​ការ​ចុះផ្សាយ ​របស់​ Washington Post ​គឺតាំង​តែ​ពី​ខែ​សីហា ​ឆ្នាំ​២០១៦​ លោក​អូបាម៉ា ​បាន​រៀបចំ​ក្រុម​ការងារ ​ឲ្យ​ត្រៀម​ខ្លួន​វាយ​បក​ ទៅលើ​រុស្ស៊ី​វិញ ​តាម​ប្រព័ន្ធ​បចេ្ចកវិទ្យា​ព័ត៌មាន ​រួច​ជា​ស្រេច។ លោក​អូបាម៉ា បាន​បញ្ជារ​ដោយ​សំងាត់​ ឲ្យ​CIA​ និង​ NSA ​រួមគ្នា ​ធ្វើការ​បង្កើត​កម្មវិធី​វាយ​លុក​ពិសេស​មួយ ​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​រុស្ស៊ី។ កម្មវិធី​វាយ​បំផ្លាញ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ ​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្ថាបនា ​ដើម្បី​អាច​ដាក់​ឲ្យ​អនុវត្ត​នា​ពេល​ខាង​មុខ។ មាន​អ្នក​ជំនាញ​ខ្លះ​គេ​ហៅ​កម្មវិធី​នេះ​ថា​ ជា ​“គ្រាប់​បែក​បរមាណូ ​ឌីជីថល” ​ទៀត​ផង។

កាសែត ​Washington Post ​បាន​សរសេរ​ថា ​រហូត​មក​ដល់​ពេល​​នេះ ​គ្មាន​អ្វី​សំអាង​ទេ​ ថា​កម្មវិធី​វាយ​បក​ទៅវិញ​នេះ ​ ស្ថិត​នៅ​ជា​ធរមាន​ដដែល ​រឺមួយ​ក៏​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ ​បញ្ជារ​ឲ្យ​បិទ​ទៅ​វិញ​ហើយ។ ដូច្នេះ ​ វាយ​បក​ទៅ​រុស្ស៊ី​វិញ​ ឬ​យ៉ាង​ណា ​ចាប់ពី​ពេល​នេះ​ទៅ​ គឺ​​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ដូណាល់ ​ត្រាំ​ តែ​ម្នាក់​គត់។

លោក ត្រាំ​ និយាយ​ទំលាក់​កំហុស​ លើលោក​អូបាម៉ា

ដូចយើងដឹង ទំលាប់​លោក ​ដូណាល់ ត្រាំ​រួច​ហើយ ​គឺគាត់​តែង​តែ​សរសេរ​បញ្ចេញ​យោបល់ ​នៅ​លើ​ Twitter។ ក្រោយ​ពេល​ Washington Post​ ចុះផ្សាយ​រឿង​នេះ ​ លោកត្រាំ ​បាន​ធ្វើ​សារ​មួយ​ភ្លាម ​ នៅ​លើទំព័រ​ Twitter ​របស់​គាត់​ថា ​ “រដ្ឋាភិបាល​អូបាម៉ា ​ដឹង​រឿង​ច្បាស់ ​ថា​រុស្ស៊ី ​ចូល​មក​លុកលុយ​ការ​បោះឆ្នោត​ តាំង​តែ​ពី​មុន​ថ្ងៃ​៨ ​ វិច្ឆិកា ​ តែ​មិន​បាន​ធ្វើ​អ្វី​សោះ។ ព្រោះ​ហេតុ​អ្វី?”

ពិតណាស់​ គឺក្នុង​សារនេះ​ លោក​ដូណាល់ ត្រាំ ​ចង់​ទំលាក់​កំហុស​ទៅ​លើ​លោក​អូបាម៉ា ​ថា​ដឹង​រឿង​ តែ​បណ្តោយ​មិន​ព្រម​វាយ​បក​ទៅខាង​រុស្ស៊ី​វិញ។

ទាក់ទងទៅ​នឹង​រឿងរ៉ាវ​នេះដែរ​ លោក​ត្រាំ បាន​ផ្តល់​បទ​សម្ភាសន៍​នៅ​ទូរទស្សន៍ ​Fox News ​កាល​ពី​ថ្ងៃ សុក្រ​ទី​២៣ មិថុនា​​ ដែល​ក្នុង​នោះ ​លោកត្រាំ ​បាន​បន្ទោស​បណ្តាញ​ព័ត៌មាន ​ថា​ហេតុអ្វី​មិន​បាន​នាំគ្នា​ផ្អើល​ ​ចាប់​អារម្មណ៍​ពី​រឿង​នេះ។ លោកត្រាំ​ ថា​ លោក​អូបាម៉ា ​ដឹង​រឿង​ ចុះ​ហេតុម្តេច​មិន​ធ្វើ​អ្វី​សោះ។ នៅក្នុង​បទសម្ភាសន៍​នេះ ​ លោកត្រាំ ​ថែមទាំង​និយាយ​ក្នុង​ន័យ​បញ្ឆិត​បញ្ឆៀង​ ថា ​លោក​អគ្គនាយក ​FBI​ ថ្មី​ដែល​ទទួល​បន្ទុក​ស៊ើបអង្កេត​រឿង​នេះ​ អាច​ជា​មនុស្ស​លំអៀង ​ព្រោះថា​លោក​នាយក​FBI​ ថ្មី ​គឺ​ជា​មិត្តភ័ក្ត ​នឹង​លោក ​James Comey​ ដែល​លោកត្រាំ​បាន​ដក​ចោល។ សម្រាប់​លោក​ត្រាំ ​ការ​នេះវា​អាច​ប៉ះពាល់ ​ដល់ការ​ស៊ើប​អង្កេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ