អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Fidel Castro៖ « គំរូ​សេដ្ឋកិច្ច​គុយបា​បច្ចុប្បន្ន ឈប់​ដំណើរការ​ទៀត​ហើយ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈពេល ៤ឆ្នំា​កន្លង​មក​ហើយ ដែល​លោក Fidel Castro បាន​លា​ឈប់​​ពី​តំណែង​​ប្រធានាធិបតី​នៃ​ប្រទេស​គុយបា។ ក៏​ប៉ុន្តែ​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក​អតីត​ប្រធានាធិបតី Fidel Castro បាន​ផ្តើម​លេច​មុខ​ជា​ច្រើន​ដង និង​ថែម​បញ្ចេញ​មតិ​ធ្វើ​ឲ្យ​គេ ឯង​ភ្ញាក់​ផ្អើល​ទៀត​ផង។ លោក Fidel Castro បាន​ប្រកាស​ទទួល​ស្គាល់​ពេញ​មាត់ អំពី​កំហុសឆ្គង​​មួយ​ចំនួន​នៃ​បដិវត្តន៍​គុយបា ដែល​មាន​អាយុកាល​ជាង ៥០ឆ្នំា​កន្លង​ទៅ​នេះ។

Fidel Castro (រូបខាងស្តំា អង្គុយ​លើ​កៅអី) កំពុង​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​អាមេរិកំាង លោក Jeffrey Goldberg
Fidel Castro (រូបខាងស្តំា អង្គុយ​លើ​កៅអី) កំពុង​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​អាមេរិកំាង លោក Jeffrey Goldberg ©Fuente: The Atlantic
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​មាន​អាយុ ៨៤ឆ្នំា លោក Fidel Castro ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បិតា​បដិវត្តន៍​គុយបា​ក្នុងឆ្នំា ១៩៥៩។ លោក Fidel Castro ជា​អ្នក​កាច់​ចង្កូត​ប្រទេស​គុយបា​តំាង​ពី​ឆ្នំា​ ១៩៥៩។ គឺ​ទើប​តែ​នៅ​ឆ្នំា​ ២០០៦ ពោល​គឺ​នៅ​ពេល​ដែល​ធ្លាក់​ខ្លួន​ឈឺ​ ធ្វើ​អ្វី​លែង​​កើត​ទេ ទើប​ Fidel Castro បាន​សម្រេច​ផ្ទេរ​តំណែង​ប្រធានាធិបតី ទៅ​ឲ្យ​ប្អូន​ប្រុស​របស់​គាត់ គឺលោក Raul Castro ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៩ឆ្នំា។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ទោះ​បី​ជា​លោក Fidel Castro មិន​កាន់​អំណាច​ដោយ​ផ្ទាល់​ក៏​ដោយ សូម្បី​តែ​ពេល​គាត់​​ឈឺ​ដេក​នឹង​កន្ទេល​រាល់​ថ្ងៃ​​ហើយ​ក៏​ដោយ ក៏ Fidel Castro ​នៅ​តែ​ជា​អគ្គមគ្គុទេសក៍​របស់​គុយបា Fidel Castro នៅ​តែ​ជា​អគ្គលេខាធិការ​បក្ស​​កុម្មុយនិស្ត និយាយ​បែប​ម្យ៉ាង​ទៀត ស្រមោល Fidel Castro នៅ​តែ​បន្ត​គ្រប​ដណ្តប់​លើ​ឆាក​នយោបាយ​គុយបា​​បច្ចុប្បន្ន។

Fidel Castro មាន​មោទនភាព​ខ្លំាង​ណាស់ ចំពោះ​នយោបាយ​របស់​ខ្លួន ជាង ៥០ឆ្នំា​កន្លង​ទៅ​នេះ។ តែ​បើ​យើង​និយាយ​អំពី​ស្ថានភាព​សេដ្ឋកិច្ចជាតិ និង​ពី​ជីវភាព​ប្រជាជន​គុយបា​ទូទៅ​វិញ បដិវត្តន៍​របស់ Fidel Castro ហាក់​ដូច​ជា​មិន​បាន​​នាំ​ការ​ជឿនលឿន​អ្វី​ឲ្យ​គុយបា​ទេ។ ក្នុង​ករណី​នេះ អាច​ថា​ជា​រឿង​មួយ​ធម្មតា​ទេ ព្រោះ​ថា ក្នុង​រយៈពេល​ជាង​៥០ឆ្នាំ​កន្លង​ទៅ​​នេះ សេដ្ឋកិច្ច​គុយបា​ស្ថិត​ក្រោម​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក។ កន្លង​មក សេដ្ឋកិច្ច​​គុយបា​ពឹង​ផ្អែក​សឹង​តែ​ស្រុង​លើ​​អតីត​សហភាពសូវៀត។ ​ឥឡូវនេះ គ្មាន​ទៀត​ទេ សហភាព​សូវៀត តែ​គុយ​បា​បាន​ងាក​ទៅ​រក​​ប្រទេស​ចិន​​ និង​ប្រទេស​វ៉េណេហ្សុយអេឡា (Venezuela) ឲ្យ​ជួយ​វិញ​ម្តង។ ក៏​ប៉ុន្តែ សេដ្ឋកិច្ច​គុយបា​នៅ​តែ​ស្ថិត​ក្នុង​សភាព​ដុនដាប​ដដែល។ បើ​និយាយ​ពី​ជីវភាព​ប្រជាជន​គុយបា​វិញ អ្នក​ធ្វើ​ការ​បាន​​ប្រាក់​ខែ​គិត​ជា​មធ្យម​តែ​១៨ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ។

លោក Fidel Castro អតីត​ប្រធានាធិបតី​គុយបា
លោក Fidel Castro អតីត​ប្រធានាធិបតី​គុយបា ©Reuters

Fidel Castro« គំរូ​សេដ្ឋកិច្ច​គុយបា​បច្ចុប្បន្ន ឈប់​ដំណើរការ​ទៀត​ហើយ »

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​អាមេរិកំាង​ម្នាក់ លោក Fidel Castro បែរ​ជា​ធ្វើ​ការ​ទិតៀន​របប​ដឹកនំា​នយោបាយ​​របស់​ខ្លួន​​ឯង​ទៅ​វិញ។ គឺ​ចម្លើយ​មួយ ដែល​បាន​ធ្វើ​ឲ្យ​គេ​ឯង ភ្ញាក់​ផ្អើល​គ្រប់​គ្នា។ សំណួរ​របស់​អ្នក​កាសែត​នោះ សួរ​ថា តើ​នយោបាយ​សេដ្ឋកិច្ច​គុយបា​បច្ចុប្បន្ន អាច​នឹង​​យក​ទៅ​អនុវត្តន៍​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុង​លោក​ដែរ ឬ​ទេ ?

ឆ្លើយ​ដោយ​មិន​បាច់​គិត​យូរ Fidel Castro បាន​ប្រកាស​ជា​សាធារណៈ​ ដោយ​ទទួល​ស្គាល់​ពេញ​មាត់ ថា កុំ​ថា​ឡើយ យក​ទៅ​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត សូម្បី​តែ​សម្រាប់​ប្រទេស​គុយបា​ខ្លួន​ឯង ក៏​លែង​មាន​ដំណើរការ​ទៀត​ឡើយ។ មួយ​វិញ​ទៀត Fidel Castro ក៏​បាន​លើក​មក​និយាយ​ដែរ អំពី​វិបត្តិ​គ្រាប់​មីស៊ីល​កាល​ពី​ឆ្នំា ១៩៦២។ វិបត្តិ ដែល​កាលណោះ Fidel Castro បាន​ជំរុញ​សហភាព​សូវៀត ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ វាយប្រហារ​សហរដ្ឋអាមេរិក នៅ​ក្នុង​ករណី​ណា ដែល​អាមេរិក​វាយប្រហារ​គុយបា​នោះ។ នេះ​ជា​ទង្វើ​មួយ ដែល Fidel Castro បាន​សម្តែង​ការ​សោកស្តាយ​​យ៉ាង​ខ្លំាង។ និយាយ​ជា​រួម​ទៅ Fidel Castro ហាក់​ដូច​ជា​បាន​ទទួល​ស្គាល់​របប​មូលធននិយម តាម​បែប​អាមេរិកំាង និង​មាន​ការ​ខកចិត្ត​ជា​ខ្លំាង ដែល​បាន​នំា​គុយបា​ឲ្យ​ធ្លាក់​ក្នុង​របប​កុម្មុយនិស្ត​ជាង ៥០​ឆ្នំា​កន្លង​ទៅ​នេះ។

លោក Raul Castro ប្រធានាធិបតី​គុយបា
លោក Raul Castro ប្រធានាធិបតី​គុយបា ©AFP

Fidel Castro ជួយ​គំាទ្រ​កំណែទម្រង់​នយោបាយ​សេដ្ឋកិច្ច​របស់​ប្អូន​ប្រុស

តំាង​ពី Fidel Castro បាន​ប្រគល់​តំណែង​ប្រធានាធិបតី ទៅ​ឲ្យ​ប្អូន​ប្រុស គឺ Raul Castro ក្នុង​ឆ្នំា ២០០៦​មក Fidel Castro មិន​ដែរ​និយាយ​ពី​ការ​ដឹកនំា​របស់​ប្អូន​ខ្លួន​ទេ។ ក៏​ប៉ុន្តែ ពាក្យ​ពេចន៍​ដែល​​លោក Fidel Castro បាន​និយាយ​ពេល​នេះ ក៏​មិន​មាន​ជា​រឿង​មួយ​ចៃដន្យ​ដែរ ព្រោះ​ថា​ ទីមួយ៖ មាន​អាយុ ៨៤ឆ្នំា និង​កំពុង​មាន​ជំងឺ​ផងនោះ Fidel Castro បាន​ដឹង​ខ្លួន​ឯង​រួច​ជា​ស្រេច​ថា ប្រហែល​ជា​គ្មាន​ថ្ងៃ​ណា​មួយ ដែល​លោក​អាច​វិល​ត្រឡប់​ទៅ​​កាន់​ឆាក​នយោបាយ ជា​ថ្មី​បាន​ទេ។ ទីពីរ៖ Fidel Castro យល់​យ៉ាង​​ច្បាស់ អំពី​អនាគត គ្មាន​កោះ​ត្រើយ​របស់​ប្រទេស​គុយបា និង​ពី​ជីវភាព​ដុនដាប​របស់​ប្រជាជន​គុយបា​ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ និង​ទីបី៖ គឺ​ Fidel Castro ចង់​ជួយ​​​​ប្អូន​ប្រុស​ខ្លួន លោក Raul Castro ដែល​​កំពុង​កាន់​តំណែង​ប្រធានាធិបតី និង​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​នយោបាយ​សេដ្ឋកិច្ចជាតិ។
សូម​ជម្រាប​ជូន​ថា ចាប់​តាំង​ពី Fidel Castro ធ្លាក់​ខ្លួន​ឈឺ​ធ្វើ​ការ​លែង​កើត នៅ​ឆ្នាំ​២០០៦​មក គេ​សង្កេត​ឃើញ​មាន​ចរន្ត​ពីរ​ ដើរ​បែក​ផ្លូវ​គ្នា នៅ​ក្នុង​រដ្ឋាភិបាល​គុយបា​បច្ចុប្បន្ន៖ នៅ​ម្ខាង គឺ​អ្នក​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រកាន់​យក​នយោបាយ​ដដែល ដោយ​មិន​​មាន​ផ្លាស់ប្តូរ​អ្វី​ទាំង​អស់។ នៅ​ម្ខាង​ទៀត ពិសេស​គឺ​លោក Raul Castro ដែល​ជា​ប្អូន​ប្រុស​លោក Fidel Castro ​តែ​ម្តង ចង់​​ធ្វើ​ការ​កែប្រែ​នយោបាយ​សេដ្ឋកិច្ច​គុយបា​ខ្លះៗ តាម​រយៈ​ការ​​បើក​ចំហ​ទីផ្សារ​ ដោយ​ប្តូរ​ពី​សេដ្ឋកិច្ច​​ផែនការ ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារ​វិញ​ម្តង ពោល​គឺ​យក​​គំរូ​តាម​ចិន ព្រោះ​នៅ​គុយបា​សព្វ​ថ្ងៃ​នេះ អ្វីៗ​​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ទាំង​អស់។

សរុប​មក​វិញ ក្រោយ​ពី​អវត្តមាន​លើ​ឆាក​នយោបាយ​គុយបា​អស់​រយៈពេល ៤ឆ្នំា​មក លោក Fidel Castro មិន​មែន​ជា​អ្នក​កំណត់​ជោគវាសនា​អនាគត​ប្រទេស​គុយបា​ទេ។ តែ​ដោយ​ Fidel Castro ​ជា​អ្នក​ដឹក​នំា​ដុះ​ស្លែ​ម្នាក់​ក្នុង​លោក​នោះ អ្វី​ដែល​លោក​និយាយ​ចេញ​មក ក៏​បាន​ធ្វើ​ឲ្យ​គេ​ឯង​ចាប់​អារម្មណ៍​គ្រប់ៗ​គ្នា​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ