អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​បន្ទន់​ជំហរ ចលនា​បាតុកម្ម​របស់​មហាជន​ប្រេស៊ីល កាន់តែ​ឡើង​ដៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះ​បី​ជា​ រដ្ឋាភិបាល​​បាន​ព្រមព្រៀង​លុប​ចោល​ការ​ដំឡើង​ថ្លៃ​មធ្យោបាយ​ធ្វើ​ដំណើរ​​ហើយ​ក៏​ដោយ ក៏​ចលនា​បាតុកម្ម​តាំង​ពី​ជាង​១០​ថ្ងៃ​មកនោះ មិន​ព្រម​បំបែក​ហ្វូង​ដែរ។ ផ្ទុយ​ទៅ​វិញ​ ការ​ប្រកូក​ប្រកាស​តាម​ប្រព័ន្ធសង្គម មាន​លក្ខណៈ​កាន់​តែ​ដាត់​ខាត​​ឡើងៗ​ ល្ងាច​មិញ​បណ្តា​ជន​ប្រេស៊ីល​ជិត​មួយ​លាន​នាក់ បាននាំ​គ្នា​ចុះ​ថ្នល់​ នៅ​តា​ម​ខេត្តក្រុង​ជាង​៨០​ពេញ​ទូទាំង​ប្រទេស​ និង​បាន​រាលដាល​ជាអំពើ​ហិង្សា​ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ម្នាក់។ លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល ឌីលម៉ា រ៉ូសេហ្វ ត្រូវ​បង្ខំ​ចិត្ត​លុប​ចោល​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន និង​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ជា​បន្ទាន់ នៅ​ថ្ងៃ​នេះ។

ទិដ្ឋភាព​បាតុកម្ម​នៅ​ទីក្រុង​ Rio de Janeiro ថ្ងៃទី​២០ មិថុនា ២០១៣
ទិដ្ឋភាព​បាតុកម្ម​នៅ​ទីក្រុង​ Rio de Janeiro ថ្ងៃទី​២០ មិថុនា ២០១៣ REUTERS/Luciana Whitaker
ផ្សាយពាណិជ្ជកម្ម

រលក​ចលនា​មនុស្ស​ធ្វើ​បាតុកម្ម មាន​ទំហំ​ធំធេង​ជាង​ កាលពី​១០​ថ្ងៃមុន​ទៀត ! ​ នៅ​ល្ងាច​មិញ​នេះ ហ្វូង​បាតុករ​នាំ​គ្នា​ចុះ​ថ្នល់​ ដើម្បី​អបអរ​ជ័យ​ជំនះ​​របស់​ពួក​គេ​ ព្រោះ​ រដ្ឋាភិបាល​ប្រេស៊ីល បាន​លុប​ចោល​ ការ​ដំឡើង​ថ្លៃ​មធ្យោបាយ​ ​តាម​ការ​ទាមទារ​របស់​បាតុករ។ ប៉ុន្តែ​ជាមួយ​នឹង​ការ​អបអរ នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​មហាជន​ប្រេស៊ីល ឆ្លៀត​នាំ​គ្នា​ទាមទារ​រដ្ឋាភិបាល​បន្ថែម​ទៀត។ សារ​អំពាវនាវ​តាម​ប្រព័ន្ធ​សង្គម​មាន​កាន់​ច្រើន​ឡើងៗ​ ឱ្យប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ ​លើក​តម្កើង វិស័យ​សាធារណៈ មាន​ជាអាទិ៍​វិស័យ​អប់រំ និង​ សុខភាព។

 
ថ្វីដ្បិត​តែ​ប្រេស៊ីល ​លូត​លាស់​ខ្លាំង ក្លាយ​ជា​ប្រទេស​ស្ថិត​ក្នុង​ចង្កោម​អ្នក​​មានសេដ្ឋកិច្ច​រស់​រវើក​២០​ប្រទេស​ដំបូង​ក៏​ដោយ ក៏​វិស័យ​ធំ​ពីរ អប់រំ​ និង​សុខាភិបាល​មាន​លក្ខណៈ​ទន់​ខ្សោយ​ខ្លាំង​ ជាពិសេស​សម្រាប់​បណ្តាជន​ក្រីក្រ។ បាតុករ​ដែល​ជា​និស្សិត ជា​មន្ត្រី​បុគ្គលិក រដ្ឋការ ចម្រុះ​គ្នា​ យល់​ថា​ដល់​វេលា​ដែល​ប្រេស៊ីល ត្រូវ​ធ្វើ​បដិវត្ត ! ធ្វើ​បដិវត្ត​ដើម្បី​ការ​ប្តូរ​ផ្លាស់​ប្រទេស​ជាតិ​ឱ្យ​ វិស័យ​អប់រំ​និង​សុខភាព​នេះ​ បាន​ប្រសើរ​ឡើង !

គេ​ពិត​ជា​មិន​អាច​អត់​គិត​បាន​ឡើយ​ថា រលក​ចលនាបាតុកម្ម​​ក្នុងទ្រង់ទ្រាយ​ធំ​បែប​នេះ គ្មា​ន​មេ​ គ្មាន​កើយ គ្មាន​ពណ៌​សម្បុរ​នយោបាយ ឬ សហជីព​ ជួយ​គាំទ្រ​នៅ​ពី​ក្រោយនោះ។ ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ជា​លើក​ទី​មួយ សហជីព​ជា​ច្រើន មានជាអាទិ៍​ សហជីព​កសិករគ្មាន​ដី សហជីព​សហភាព​និស្សិតជាតិ សហជីព​ពលករ​ និង​គណបក្ស​នយោបាយ​ឆ្វេងនិយម គណបក្ស​កុម្មុយនិស្ត​ប្រេស៊ីល ព្រមទាំង​អង្គការ​សង្គមស៊ីវិល​ ក៏​បាន​បង្ហាញចេតនា​ចូល​លើក​បដា​ ក្នុង​ក្បួន​បាតុកម្ម​ដែរ។ ប៉ុន្តែ​តំណាង​ក្រុម​យុវជន​អ្នក​ផ្តួច​ផ្តើម​បាតុកម្ម បាន​អះអាង​ថា​ពួក​គេ​ជា​ក្រុម​ឯករាជ្យ ផ្ទុះ​ចេញ​ស្ម័គ្រ ដូច្នេះ​នឹង​គ្មាន​ការ​ចរចា​សម្រុះ​សម្រួល​ណា​មួយ​ ជាមួយ​​រដ្ឋាភិបាល​ ដូច​ចលនា​បាតុកម្មរៀប​ចំ​ដោយ​​បក្ស​នយោបាយ​ ឬ​សហជីពទេ។ ប៉ុន្តែ​ចលនា​នេះ​នឹង​ចប់​ប្រសិន​បើ​រដ្ឋាភិបាល​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ច្បាស់​លាស់​របស់​ពួក​គេ។

 
លោកស្រី​ប្រធានាធិបតី​ ឌីលម៉ា រ៉ូសេហ្វ (Dilma Rousseff) បាន​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​បន្ទាន់​នៅ​ថ្ងៃ​នេះ ​និង​បាន​សម្រេច​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ ជា​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​សប្តាហ៍​ក្រោយ ដើម្បី​ពិចារណា​និង​វិភាគ​អំពី​ការ​ទាមទារ​​របស់​បាតុករប្រេស៊ីលនេះ។ រដ្ឋាភិបាល​របស់​លោកស្រី រ៉ូសេហ្វ ពិត​ជា​មិនអាច​​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​ដ៏​ច្រើន​​ ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ​​បាន​ឡើយ។ រដ្ឋាភិបាល​ ​ សឹង​ថាកំពុង​ស្លុត​ចិត្ត​ខ្លាំង ព្រោះ​ម្យ៉ាង​ត្រូវ​​ ទប់​ស្កាត់​កុំ​ឱ្យ​បាតុកម្ម​រាលដាល​​ជា​អំពើ​ហិង្សា​ ដោយបញ្ចៀស​​មិន​ប្រើ​កម្លាំង​ បង្ក្រាប​ ព្រោះ​ខ្លាច​កំហឹង​កាន់​តែ​ឆាប​ឆេះ​ខ្លាំងផង និង​ត្រូវ​រក្សា​សណ្តាប់​ធ្នាប់​​សាធារណៈ​ផង។

សូម​បញ្ជាក់​ថា នៅ​ល្ងាច​មិញ​ ស្ថាប័ន​រដ្ឋ​ មាន​ជាអាទិ៍ វិមាន​ប្រធានាធិបតី សភា​ជាតិ ក្រសួង​ការបរទេស​ បាន​រង​ការ​វាយ​ងុត​​បំផ្លាញ។ ក្រុម​អ្នក​លួច​បន្លំ​បាន​​ចូល​បំផ្លាញ លួច​តាម​ហាង​។ ជាង​នេះ​ទៅ​ទៀត មាន​បាតុករ​ម្នាក់​បាន​ស្លាប់​ ដោយ​រថយន្ត​កិន។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​​ ត្រូវ​ចូល​រួម​ប្រជុំ​បន្ទាន់​នេះ​​ដែរ បាន​ប្រាប់​អះអាង​ថា​ អាជ្ញាធរ​ប្រេស៊ីល​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សន្ធឹក​នៃ​បាតុកម្ម ដែល​អាច​ចាត់​ទុក​បាន​ថា ជា​ការ​ធ្វើ​បដិវត្ត​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ