អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​ការកែប្រែ​ច្បាប់​ថាមពល​ត្រូវ​គេ​ចាត់​ទុកជា​ការក្បត់​ជាតិ នៅ​ម៉ិចស៊ិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ម៉ិចស៊ិក​បាន​ធ្វើ​កំណែទម្រង់​ជាប្រវត្តិសាស្រ្ត​មួយ។ កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ សភា​ម៉ិចស៊ិក​បាន​បោះឆ្នោត​យល់ព្រម​ឲ្យ​គេ​កែប្រែ​ច្បាប់​គ្រប់គ្រង​វិស័យ​ថាមពល​របស់​ប្រទេស ដែល​នឹង​បើកផ្លូវ​ក្រុមហ៊ុន​ឯកជន និង​បរទេស​ចូល​វិនិយោគ​នៅក្នុង​វិស័យប្រេង នៅ​ម៉ិចស៊ិក។ បក្ស​ឆ្វេង​និយម​បាន​ប្រឆាំង យ៉ាង​ដាច់ខាត មិន​ចង់​ឲ្យ​គេ​សើរើ​ច្បាប់​ដ៏​ចម្រូងចម្រាស។

ប្រជាជន​ម៉ិចស៊ិក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ស្តីពីថាមពល​ដែល​នឹង​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ម៉ិចស៊ិក
ប្រជាជន​ម៉ិចស៊ិក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ស្តីពីថាមពល​ដែល​នឹង​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ម៉ិចស៊ិក ©REUTERS/Edgard Garrido
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុងប្រទេស​ម៉ិចស៊ិក អាជីវកម្ម​ចម្រាញ់​យកប្រេង​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ។ តាំងពី​៧៥​ឆ្នាំមកហើយ រដ្ឋ​ជាម្ចាស់​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ប្រេង​តែម្នាក់​ឯង ដោយ​មិនមាន​ការចូលរួម​ពី​វិស័យ​ឯកជន ឬ​ក្រុមហ៊ុន​បរទេស។ ជាក់ស្តែងណាស់ កាលពី​ឆ្នាំ ១៩៣៨ រដ្ឋាភិបាល​ប្រទេស​នេះ បាន​បណ្តេញ​ក្រុមហ៊ុន​បរទេស​ឯកជន ដូចជា​របស់​អាមេរិក និង​អង់គ្លេស ឲ្យ​ឈប់​ធ្វើ​អាជីវកម្ម​ប្រេង នៅ​ម៉ិចស៊ិក។ នៅឆ្នាំនោះ រដ្ឋាភិបាល​ម៉ិចស៊ិក​បាន​បង្កើត​ច្បាប់ ធ្វើ​ជាតូបនីយកម្ម​លើ​វិស័យ​ថាមពល​ទាំងមូល នៅ​ម៉ិចស៊ិក ដោយ​មក​ពី​ខ្លាច​ថា ជនបរទេស​លួច​យក​ប្រេង និងឧស្ម័ន​របស់​ប្រជាជន​ម៉ិចស៊ិក។

ប៉ុន្តែ ជាង​៧០​ឆ្នាំ ស្ថានភាព​បាន​ប្រែប្រួល។ ប្រធានាធិបតី​ម៉ិចស៊ិក​បច្ចុប្បន្ន គឺ​លោក​Enrique Pena Nieto ចង់​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច របស់​ប្រទេស ដើម្បី​ឈាន​ទៅ​រក​ការស្មើមុខ ស្មើមាត់​ជាមួយ​ប្រេស៊ីល ដែល​ជា​ធំទីមួយ នៅ​អាមេរិកឡាទីន។ ដើម្បី​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច លោក​បានផ្តួចផ្តើម​គំនិត​គេ​កែប្រែ​ជំពូក​ជាច្រើន​នៅក្នុង​ច្បាប់​គ្រប់គ្រង​ថាមពល ដែល​ជា​គន្លឹះ​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ គណបក្ស​ធំៗ​បី ដែល​នៅក្នុង​នោះ មាន​គណបក្ស​កាន់អំណាច​បាន​គំាទ្រ​ការផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី បន្ទាប់ពី​គេ​បាន​ធ្វើការសង្កេត​ឃើញ​ដូចគ្នា​មួយ។ នោះ គឺ​ម៉ិចស៊ិក​មិន​បាន​កេងចំណេញ​ឲ្យ​អស់​លទ្ធភាព​ពី​ប្រេង និង​ឧស្ម័ន​​ដែល​ខ្លួន​មាន។

មួយវិញទៀត បើទោះបី​ជា​រដ្ឋ​បាន​បង្កើន​ថវិកា​រហូត​ដល់​២០​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដើម្បី​ធ្វើ​អាជីវកម្ម​ប្រេង ក៏ក្រុមហ៊ុន​ប្រេង​រដ្ឋ Pemex​មិន​អាច​រក​ប្រាក់​ចំណេញ​បាន។ ផ្ទុយទៅវិញ ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយនេះ រដ្ឋ​បាន​​ខាតបង់​លុយ​អស់​៣០​ពាន់​លាន​ដុល្លារ។ ខាតបង់ ដោយសារ​តែ​មក​ពី​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ការផលិតប្រេង​បានធ្លាក់​ចុះ​គួរ​ឲ្យ​កត់សំគាល់។ កាលពី​ឆ្នាំ ២០០៤ ម៉ិចស៊ិក​អាច​ផលិត​ប្រេង​បាន​៣លាន ៥សែន​ធុង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ បច្ចុប្បន្ន​នេះ មាន​តែ​ប្រេង​ប្រមាណ​តែ ជាង​២លាន​ធុង​ប៉ុណ្ណោះ ដែល​ម៉ិចស៊ិក​ផលិត​បាន​ក្នុង​មួយថ្ងៃ។

តាម​រដ្ឋាភិបាល ម៉ិចស៊ិក​នៅ​មាន​សំបូរ​​មាសខ្មៅ​ច្រើន​ដែល​គេ​មិន​ទាន់​បាន​ធ្វើ​អាជីវកម្ម។ ក្រុមហ៊ុន​រដ្ឋ​Pemex តែឯង​គ្មាន​លទ្ធភាព និង​សមត្ថភាព​ដើម្បី​ស្រូបយក​ឲ្យ​អស់​ធនធាន​ដែល​ម៉ិចស៊ិក​មានទេ។ តាមរដ្ឋមន្រ្តី​ថាមពល​ម៉ិចស៊ិក ការរុករក​អណ្តូងប្រេង​ថ្មីៗ និង​ប្រតិបត្តិការ​បូម​យក​ប្រេង​ពី​បាតសមុទ្រ​ដ៏​ជ្រៅ នៅ​សមុទ្រ​ម៉ិចស៊ិក មាន​តម្លៃ​ថ្លៃ និង​ប្រថុយប្រថាន​ខ្លាំងណាស់។ ដូច្នេះ ជាចាំបាច់ គេត្រូវការ​ការចូលរួម​វិនិយោគ​ពី​ឯកជន និង​ក្រុមហ៊ុន​បរទេស ដែលនឹង​នាំមក​ឲ្យ​ម៉ិចស៊ិក​ទាំង​ទុន និង​បច្ចេកវិទ្យា។ ប្រសិន​បើ អ្វីៗ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទៅតាម​ផែនការ​របស់​រដ្ឋាភិបាល នោះ គេ​សង្ឃឹមថា ម៉ិចស៊ិក​នឹង​អាច​ផលិត​ប្រេង​បាន​ច្រើន​ដូចមុន ពោល​គឺ​ត្រលប់​ទៅ​អាច​ផលិត​បាន​ជាង​៣លាន ៥សែន​ធុង ក្នុង​មួយថ្ងៃ គឺ​ដូចកាលពី​ឆ្នាំ ២០០៤​វិញ។

មតិ​ភាគច្រើន គាំទ្រ ឲ្យ​មាន​ការកែប្រែ​ច្បាប់​ដើម្បី​​អនុញ្ញាត បើកដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​បរទេស​ចូល​លូកដៃ​ក្នុង​អាជីវកម្ម​ប្រេង ព្រោះ​គេបាន​ឃើញ​ប្រយោជន៍ ក្រោយ​កំណែទម្រង់​លើកនេះ។ ម៉ិចស៊ិក​ជាប្រទេស​ធំទីពីរ​នៅ​អាមេរិកឡាទីន និង​ជា​ប្រទេស​ធំទី​១០​ក្នុង​ពិភពលោក​ខាង​ផលិត​ប្រេង ប៉ុន្តែ ម៉ិចស៊ិក​មាន​ប្រជាជន​ពាក់កណ្តាល​ដែល​ស្គាល់​គ្រោះអត់ឃ្លាន។ កំណែទម្រង់​រំញោច​សេដ្ឋកិច្ច ជា​រឿង​ខានមិនបាន សម្រាប់​រដ្ឋាភិបាល ប៉ុន្តែ យ៉ាងណាក៏ដោយ កំណែទម្រង់​ដែល​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​បរទេស​ចូល​ធ្វើ​អាជីវកម្ម​ប្រេង នៅ​តែ​ជាគ្រាប់ស្លែង​ដែល​ពិបាក​សម្រាប់​អ្នកជាតិ​និយម​ម៉ិចស៊ិក ជាពិសេស បក្ស​ប្រឆាំង។ សម្រាប់​ប្រជាជន​ម៉ិចស៊ិក វា​ជា​មោទនភាព​ជាតិ​មួយ​ខ្ពស់ ដែល​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ។ ក្រុមបក្សប្រឆាំង​បាន​ប្តេជ្ញាហើយ​ថា នឹង​បន្ត​ប្រមូល​ប្រជាជន​ឲ្យ​ធ្វើ​បាតុកម្ម ប្រឆាំង​មិន​ឲ្យ​ច្បាប់​នេះ​ចេញ​រួចទេ។

លោកប្រធានាធិបតី​វិញ​បាន​ខំប្រឹង​បញ្ចុះបញ្ចូល​ប្រជាជន​ម៉ិចស៊ិក ដោយបញ្ជាក់ថា ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​បរទេស​មាន​សិទ្ធិ​ត្រឹម​ចូលរួម​បូមប្រេង និង​លក់​ចែក​ប្រាក់​ចំណេញ​រួម ជាមួយ​រដ្ឋាភិបាល ប៉ុន្តែ ក្រុមហ៊ុន​ឯកជន​ទាំងនោះ គ្មាន​សិទ្ធិគ្រប់គ្រង និង​យក​ចំណែក​ប្រេង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខទេ។

កំណែទម្រង់​វិស័យថាមពល​របស់​ម៉ិចស៊ិក​នៅមាន​ដំណើរ​វែងឆ្ងាយ​ទៀត។ សភា​ទាំងពីរថ្នាក់​បាន​បោះឆ្នោត​ឲ្យ​គេ​កែប្រែច្បាប់​ឡើងវិញ ប៉ុន្តែ ដើម្បី​អាច​ចេញ​ជា​រូបរាង ជា​ផ្លូវការ គេ​ចាំបាច់​ត្រូវការ​សំឡេង​គំាទ្រ​ពី​ ថ្នាក់ដឹកនាំ​សហព័ន្ធ​ចំនួន ១៧ ក្នុង​ចំណោម​សហព័ន្ធ​៣២ នៅម៉ិចស៊ិក។ ប្រសិន​បើ​រដ្ឋាភិបាល​ម៉ិចស៊ិក​សម្រេច​បាន​ជោគជ័យ​ក្នុងការកែប្រែ​ច្បាប់​ថាមពល នោះ គេ​វាយតម្លៃថា ម៉ិចស៊ិក​នឹង​ទាញផល​ចំណេញ​បាន​ច្រើន​ពី​ប្រេង និង​ឧស្ម័ន។ ប្រាក់ចំណេញ​ពី​វិស័យនេះ​នឹង​មាន​ចំនួន​លើស​ទុន​វិនិយោគ​បរទេស និង​ជំរុញ​សេដ្ឋកិច្ច​ម៉ិចស៊ិក​ឲ្យ​បោះលឿន​ទៅមុខ ទៅ​ប្រជែង​ជាមួយ​ប្រេស៊ីល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ