អានតួអត្ថបទ
អាមេរិក-ម៉ិចស៊ិក

ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​ម៉ិចស៊ិក​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ផ្តើម​ទស្សនកិច្ច​រយៈពេល ២៤ម៉ោង​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក​ក្នុង​ថ្ងៃព្រហស្បតិ៍ ទី២ ឧសភា​នេះ។ លោក​អូបាម៉ា​នឹង​ត្រូវ​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​ម៉ិចស៊ិក Enrique Pena Nieto ដែល​ទើប​ឡើង​កាន់​តំណែង​នា​ពេល​ថ្មីៗ​នេះ។ ប្រមុខរដ្ឋ​​ម៉ិចស៊ិក​ដែល​បាន​ទុក​យុទ្ធនាការ​ប្រឆំាង​ឧក្រិដ្ឋកម្ម​រៀបចំទុកមុន​ថា ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ផ្សេង​ទៀត​ក្នុង​អណត្តិ​របស់​លោក។ ជា​ការ​កត់សម្គាល់ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​លើក​នេះ​ផ្តោតសំខាន់​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អន្តោប្រវេសន៍​រវាង​ប្រទេស​ទំាង​ពីរ ក្រោយ​ពី​បាន​គិតគូរ​ខ្លំាង​ពី​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការជួញដូរ​គ្រឿងញាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។

លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក Reed / Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៤​ហើយ​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក តែ​ជា​លើកទី១​សម្រាប់​លោក​ប្រធានាធិបតី​ម៉ិចស៊ិក Enrique Pena Nieto ដែល​ទើប​ឡើង​កាន់​តំណែង​នា​ពេល​ថ្មីៗ​នេះ។ អនុរដ្ឋមន្រ្តី​នៃ​ទំនាក់ទំនងបរទេស​របស់​ម៉ិចស៊ិក​ទទួល​បន្ទុក​សំណុំរឿង​អាមេរិក​ខាងជើង​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក និង​ម៉ិចស៊ិក​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សមភាព​នៅ​លើ​គ្រប់វិស័យ​ទំាងអស់​នៃ​ទំនាក់ទំនង​រវាង​គ្នា។

តំាង​ពី​ឆ្នំា ១៩៩៤ មក ម៉ិចស៊ិក គឺ​ជា​ប្រទេស​ដៃគូ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀងដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​នៅ​អាមេរិកខាងជើង។ ម៉ិចស៊ិក គឺ​ជា​អតិថិជន​សំខាន់​ជាង​គេ និង​ជា​ប្រទេស​ផ្គត់ផ្គង់​ទី៣​របស់​សហរដ្ឋអាមេរិក។ ជារៀង​រាល់​ឆ្នំា ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ម៉ិចស៊ិកកូ​មាន​ទឹកប្រាក់​ប្រមាណជា ៥០០ ០០០លានដុល្លារ។ តែ​លោក​អូបាម៉ា និង​លោក Enrique Pena Nieto មាន​បំណង​ចង់​បង្កើន​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​គ្នា។

លោក​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា នៅ​ក្នុង​អតីតកាល អាមេរិក និង​ម៉ិចស៊ិក​បាន​ផ្តោតសំខាន់​តែ​បញ្ហា​សន្តិសុខ​រវាង​គ្នា​តែ​ប៉ុណ្ណោះ និង​បាន​ភ្លេច​ចោល​ទំាង​ស្រុង​ពី​សក្តានុពល​សេដ្ឋកិច្ច​ដែល​មាន​រវាង​គ្នា។ យោង​តាម​លោក​អូបាម៉ា នៅ​មាន​វិស័យ​ជា​ច្រើន​ទៀត​ដែល​ប្រទេស​ទំាង​ពីរ​អាច​ធ្វើ​ការ​ដោះដូរ​ជា​មួយ​គ្នា​បាន ពិសេស​គឺ​ការងារ។ ក៏​ប៉ុន្តែ មាន​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ជា​ច្រើន​មិន​បាន​យល់​ឃើញ​យ៉ាង​ដូច្នេះ​ទេ។ អាទិភាព​ទីមួយ​ដែល​ពួក​គេ គឺ​បញ្ហា​អសន្តិសុខ​នៅ​តាម​បណ្តាយ​ព្រំដែន​រវាង​ប្រទេស​ទំាងពីរ។

យោង​តាម​តួលេខ​ផ្លូវការ​ផ្តល់​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International នៅ​ម៉ិចស៊ិក​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ការ​រត់ពន្ធ​គ្រឿង​សព្វាវុធ​ប្រមាណ​ជា ៧០% ដែល​រដ្ឋអំណាច​ម៉ិចស៊ិក​បាន​រឹបអូស​បាន គឺ​មក​ពី​សហរដ្ឋអាមេរិក។ សម្រាប់ Amnesty International គឺ​អាវុធ​ទំាងអស់​នេះ​ហើយ​ដែល​បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា និង​អសន្តិសុខ​ជា​រៀង​រាល់ថ្ងៃ​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក។

ក្រៅ​ពី​លើក​ឡើង​នូវ​បញ្ហា​ការ​ជួញដូរ​អាវុធ លោក​ប្រធានាធិបតី​អាមេរិក​ក៏​ចង់​ដឹង​អំពី​យុទ្ធសាស្រ្ត​របស់​លោក​ប្រធានាធិបតី​ម៉ិចស៊ិក​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ជួញដូរ​គ្រឿងញាន​ដែរ។ លោក​ប្រធានាធិបតី​ម៉ិចស៊ិក​បច្ចុប្បន្ន​ធ្លាប់​បាន​បង្ហាញ​ភាព​មិន​សប្បាយចិត្ត​ចំពោះ​យុទ្ធសាស្រ្ត​ប្រឆំាង​នឹង​ការ​ជួញដូរ​គ្រឿងញាន​របស់​អតីតប្រធានាធិបតី។ យុទ្ធសាស្រ្ត​ដែល​រៀបចំ និង​ចំណាយ​មួយភាគ​ធំ​ដោយ​ក្រសួង​ស៊ើបការសំងាត់​អាមេរិកំាង CIA ឬ​មួយ​ក៏ DEA តែ​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ខកចិត្ត។ គ្រាន់​តែ​ក្នុង​រយៈពេល ៦ឆ្នំា សង្រ្គាម​ប្រឆំាង​នឹង​ការ​ជួញដូរ​គ្រឿងញាន​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​ជា ៧០ ០០០នាក់។ នេះ​ហើយ​គឺ​ជា​ក្តីបារម្ភ​របស់​លោក​អូបាម៉ា ដោយ​លោក​បារម្ភ​ខ្លាច​បញ្ហា​អសន្តិសុខ​ឆ្លង​រាលដាល់​ដល់​ទឹកដី​អាមេរិកំាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ