អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស​ចំនួន​៦ នៅ​អាមេរិកឡាទីន​មាន​មេដឹកនាំ​ជាមនុស្ស​ស្រី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឈីលី​បាន​ក្លាយ​ជាប្រទេស​ទី​៦ នៅ​អាមេរិក​ឡាទីន ដែល​មាន​មេដឹកនាំ​ជាមនុស្ស​ស្រី។ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍មុន លោកស្រី Michelle Bachelet បាន​ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ឈីលី បន្ទាប់​ពី​បាន​ឈ្នះឆ្នោត កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ​កន្លងទៅ។ ឈីលី ប្រេស៊ីល អាហ្សង់ទីន ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ នៅ​អាមេរិកឡាទីន​សុទ្ធ​តែ​មាន​មេដឹកនាំ​ជា​មនុស្ស​ស្រី។ តើ​មេដឹកនាំ​ជាស្រ្តី នឹង​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​ស្រ្តី​នៅ​អាមេរិកឡាទីន​បាន​ល្អប្រសើរ​ដែរឬទេ?

ពីឆ្វេង​ទៅ​ស្តាំ ប្រធានាធិបតី​អាហ្សង់ទីន ប្រធានាធិបតី​ឈីលី និង​ប្រធានាធិបតី​ប្រេស៊ីល
ពីឆ្វេង​ទៅ​ស្តាំ ប្រធានាធិបតី​អាហ្សង់ទីន ប្រធានាធិបតី​ឈីលី និង​ប្រធានាធិបតី​ប្រេស៊ីល
ផ្សាយពាណិជ្ជកម្ម

 

ប្រេស៊ីល និង​អាហ្សង់ទីន ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ជាងគេ​នៅ​តំបន់​អាមេរិកឡាទីន កំពុង​ស្ថិតនៅ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ស្រី។ ឈីលី​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ទី​៦ ទើប​បាន​ចូលរួម​ជាថ្មី ជាមួយ​ប្រេស៊ីល និង​អាហ្សង់ទីន និង​ប្រទេស​បីផ្សេងទៀត នៅ​អាមេរិកឡាទីន។ ប៉ុន្តែ គេ​មិនត្រូវ​ភ័ន្តច្រលំ ចាញ់បោក​រូបភាព​បន្លំ​ភ្នែក​ទេ។ នៅពីក្រោយ​រូបភាព​ល្អៗ ដែល​បង្ហាញ​ថា មនុស្ស​ស្រី​បាន​ឈាន​ចូល​កាន់​តំណែង​ជាប្រមុខ​រដ្ឋ ចំនួន​មនុស្ស​ស្រី តែ​មាន​តិច​នៅឡើយ នៅ​ក្នុង​ឆាក​នយោបាយ និង​ក្នុង​តំណែង​គន្លឹះ សំខាន់ៗ ទាំង​នៅក្នុង​រដ្ឋាភិបាល និង​តាម​ក្រុមហ៊ុន​ឯកជន។

យោងតាម​គណៈកម្មការ​សេដ្ឋកិច្ច​ដើម្បី​អាមេរិកឡាទីន របស់​អង្គការ​សហប្រជាជាតិ ស្រ្តី​សមាជិក​សភា ជារដ្ឋមន្រ្តី និង​ជា​ចៅក្រម តំណាង​ឲ្យ​២៦ភាគរយ​ប៉ុណ្ណោះ នៅពេល​តំណែង​​សល់​ពីនេះ ត្រូវ​កាន់កាប់​ដោយ​មនុស្ស​ប្រុស។

រហូតមកដល់​ពេលនេះ មាន​ប្រទេស​១៣ នៅក្នុង​តំបន់​ដែល​បង្កើត​ច្បាប់ កំណត់​ចំនួន​ចូលរួម​របស់​មនុស្ស​ស្រី នៅក្នុង​បក្ស​នយោបាយ។ ការខ្វះឆន្ទះ​នយោបាយ លាយផ្សំ​នឹង​លេស​គោរព​ទំនៀមទម្លាប់​ប្រពៃណី​របស់​ថ្នាក់ដឹកនាំ​បុរស ធ្វើ​ឲ្យ​មនុស្ស​ស្រី​នៅ​តែ​ស្ថិតនៅ​ក្រៅ​សៃង្វៀន​នយោបាយ។ ឧទាហរណ៍ នៅប្រទេស​ពេរ៉ូ រដ្ឋាភិបាល​នៅ​តែ​គិត​ថា តំណែង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច ដែលជា​ហោប៉ៅ​របស់​ប្រទេស ត្រូវតែ​កាន់កាប់​ដោយ​មនុស្ស​ប្រុស។

នៅ​អាមេរិកឡាទីន មនុស្ស​ស្រី​៥​នាក់ ក្នុង​ចំណោម​១០​នាក់​ត្រូវ​រស់នៅ​ក្រៅ​រង្វង់​ទីផ្សារ​ការងារ។ នៅពេល​បានចូល​ក្នុង​ទីផ្សារ​ការងារ​ហើយ ចំនួន មនុស្ស​ស្រី​រងគ្រោះ​បាត់បង់​ការងារ​ធ្វើ​ទៅ​វិញ ច្រើន​ជាង​មនុស្ស​ប្រុស។

បើសិន​អាមេរិកឡាទីន​មិន​សូវ​អំណោយផល​ដល់​ស្រ្តី ហេតុអ្វី​បាន​ជា​ប្រទេស​កាន់តែច្រើន នៅ​អាមេរិកឡាទីន​អាច​ចូល​កាន់តំណែង​ជា​ប្រមុខដឹកនាំ​ប្រទេស​យ៉ាងដូច្នេះ? តាមអ្នកជំនាញ ស្រ្តី​មេដឹកនាំ​ខាងលើ​អាច​ចូល​ដឹកនាំ​ប្រេស៊ីល អាហ្សង់ទីន ហ្សាម៉ាអ៊ីក ឬឈីលី​បាន មិនមែន​មក​ពី​គេ​ប្រើ​ហេតុផលថា ពួកគេ​ជា​មនុស្ស​ស្រី ដែល​អ្នកនយោបាយ​លើកស្ទួយ​នោះទេ ប៉ុន្តែ មកពី​កេរ្តិ៍​ឈ្មោះ វង្សត្រកូល​គ្រួសារ ដែល​ជា​អ្នកនយោបាយ និង​មក​ពី​លក្ខណៈ​សម្បត្តិ​ដឹកនាំ​ផ្ទាល់​របស់​ពួកគេ។ លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល ឌីលម៉ា រ៉ូស្សែហ្វ ធ្លាប់​ជាប់​ពន្ធនាគារ និង​ធ្លាប់​ចូល​រួម​ក្នុង​ចលនា​ទ័ពព្រៃ ប្រឆាំង​របប​ផ្តាច់ការ។ លោកស្រី​ប្រធានាធិបតី​Michelle Bachelet ក៏​ធ្លាប់​ចូលរួម​ចលនា​រំដោះ​ជាតិដើម្បី​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ពីណូស្ហេ​នៅ​ឈីលី។ លើកលែង​តែ​លោកស្រី​ប្រធានាធិបតី​អាហ្សង់ទីន ដែល​ចូលកាន់តំណែង បន្ទាប់​ពី​ស្វាមី​លោកស្រី ដែល​ធ្លាប់​ជា​ប្រធានាធិបតី​អាហ្សង់ទីន​ទទួល​មរណភាព។ ប៉ុន្តែ ដោយមកពី​ចរិក និង​លក្ខណៈ​បុគ្គល​រឹងមាំ​ដែល​ធ្វើ​ឲ្យ​លោកស្រី Cristina Kirchner ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទីពីរ។

ម្យ៉ាងទៀត គេ​មិនត្រូវ​គិតថា នៅពេល​ស្រ្តី​ដឹកនាំ​ប្រទេស​មួយ នោះ ស្ថានភាព លក្ខខណ្ឌ​របស់​មនុស្ស​ស្រី នឹង​ល្អប្រសើរ។ គេ​រឹតតែ​មិន​ប្រាកដ​ទៅទៀតថា មនុស្ស​ស្រ្តី​ចូល​កាន់អំណាច​ដើម្បី​កែលម្អ​ ទាមទារ​សិទ្ធិ​ឲ្យ​មនុស្ស​ស្រ្តីនោះ។ មិនមែន​គ្រប់​មេដឹកនាំ​ស្រី​ទាំង​អស់​សុទ្ធ​តែ​គាំទ្រ​បុព្វហេតុ​មនុស្ស​ស្រីទេ។ ជាក់ស្តែង នៅក្នុង​ករណី​អាហ្សង់ទីន។ លោកស្រី​ប្រធានាធិបតី​Cristina Kirchner ជាមេដឹកនាំ​អភិរក្ស​និយម ដែល​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​មនុស្ស​ស្រី​ពន្លូត​កូន។ នៅ​ឈីលី រដ្ឋាភិបាល​ក៏​ធ្វើ​ច្បាប់​ហាមឃាត់​ការពន្លូត​កូន​នេះ​ដែរ ដែល​តាមពិត ជា​ការទាមទារ​របស់​ស្រ្តី​ឈីលី ដើម្បី​ជៀសវាង​ការលួច​ធ្វើ​ដោយ​ខុសច្បាប់។ ប៉ុន្តែ ផ្ទុយទៅវិញ នៅ​ប្រទេស​បុរសនិយម ដែល​ដឹកនាំ​ដោយ​មនុស្ស​ប្រុស ដូចជា​នីការ៉ាហ្គ័រ ការពន្លូតកូន និង​ការរៀបអាពាហ៍ ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នា ត្រូវ​បាន​អនុញ្ញាត​ធ្វើ​ដោយ​ច្បាប់។

យ៉ាងណាក៏ដោយ គេ​មិន​ត្រូវ​មាន​គំនិត​ទុទ្ធិដ្ឋិនិយម​ពេកទេ​ទៅលើ​ការដឹកនាំ​របស់​មនុស្ស​ស្រី។ នៅ​អាមេរិកឡាទីន មេដឹកនាំ​ស្រ្តី​ទាំងអស់​មិន​ប្រាកដ​ថា នឹង​មាន​អំណាច​ពេញ​ក្នុង​ដៃទេ។ រដ្ឋាភិបាល​ជា​ច្រើន នៅ​តំបន់​អាមេរិកឡាទីន ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​វិហារគ្រិស្ត​សាសនា ដែល​ភាគច្រើន បាន​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល មិន​ឲ្យ​ធ្វើ​នយោបាយ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ស្រី។

មនុស្សស្រី​ចូល​ធ្វើ​ជា​មេដឹកនាំ​ប្រទេស កាន់​តួនាទី​ធំដំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​បក្ស​នយោបាយ គឺ​ជា​ដំណឹង​ល្អ​មួយ និង​បញ្ជាក់​ពី​ការបោះជំហាន​ទៅមុខ​របស់​មនុស្ស​ស្រី នៅក្នុង​ឆាក​នយោបាយ ​ដែល​ធ្លាប់​តែ​ដឹកនាំ​ដោយ​មនុស្ស​ប្រុស។ វត្តមាន​របស់​មនុស្ស​ស្រី ក្នុង​ជួរ​ថ្នាក់ដឹកនាំ គ្រាន់តែ​ជា​ការចាប់ផ្តើម និង​ត្រូវការ​ពេលវេលា​វែង​តទៅទៀត ដើម្បី​កែលម្អ​ស្ថានភាព​មនុស្ស​ស្រី នៅ​អាមេរិកឡាទីន ដែល​ធ្លាប់​តែ​កាន់កាប់​ដោយ​មេដឹកនាំ​ផ្តាច់ការ។ មេដឹកនាំ​ជាមនុស្ស​ស្រី ក៏​ជា​លទ្ធផល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​អាមេរិកឡាទីន​ទើប​ស្គាល់ ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ។ មេដឹកនាំ​ស្រ្តី​ទាំងនោះ នៅត្រូវការ​ពេលវេលា និង​ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ផ្តល់​សំឡេង និង​អំណាច​ដល់​មនុស្ស​ស្រី​ផ្សេងទៀត ដើម្បី​ឲ្យ​ស្រ្តី​ចូលរួម​កាន់តែច្រើន នៅក្នុង​ឆាកនយោបាយ ក្នុង​តំណែងដែល​ពួកគេ​អាច​​សម្រេច​ចិត្ត​ដើម្បី​ផលប្រយោជន៍​របស់​ស្រ្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ