អានតួអត្ថបទ
ប្រេស៊ីល

លោកស្រី Dilma Rousseff​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ប្រេស៊ីល​

លោក​ស្រី​Dilma​ Rousseff​ អាយុ​៦២​ឆ្នាំ​ជា​បេក្ខនារី​នៃ​គណបក្ស​ពលករ​ ​ ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ Lula​ ​ បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ចំនួន​៥៦%​ ឈ្នះ​លើ​គូ​ប្រជែង​គឺ​លោក​José​ Serra​ អាយុ​៦៨​ឆ្នាំ​នៃ​គណបក្ស​សង្គម-ប្រជាធិបតេយ្យ​ដែល​បាន​ទទួល​សន្លឹក​ឆ្នោត​ គាំទ្រ​ចំនួន​តែ​៤៤%។តុលាការ​ឆ្នោត​កំពូល​ប្រេស៊ីល​បាន​បញ្ជាក់​អះអាង​ តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​៣១តុលា​ ការជ្រើស​តាំង​ស្ត្រី​ដែល​មាន​ភ័ព្វ​ច្រើន​ណាស់​នឹង​ជាប់​ឆ្នោត​ ប្រធានាធិបតី​នៅ​វគ្គ​ទី២​។

លោកស្រី Dilma Rousseff,ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ប្រទេស​ប្រេស៊ីលនាថ្ងៃទី ៣១ តុលា​២០១០
លោកស្រី Dilma Rousseff,ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ប្រទេស​ប្រេស៊ីលនាថ្ងៃទី ៣១ តុលា​២០១០ REUTERS/Bruno Domingos
ផ្សាយពាណិជ្ជកម្ម

02:52

សេចក្តីរាយការណ៍​​របស់ François CARDONA ពីទីក្រុង Rio de Janeiro​ ប្រែសម្រួលដោយវីនស្តុនរតនា

ជា​អតីត​យុទ្ធនារី​នៃ​គណបក្ស​ឆ្វេង​និយម​ជ្រុល​ ​ លោក​ស្រី​Dilma​ Rousseff​អាយុ​៦២​ឆ្នាំ​ជា​ស្ត្រី​ទី១​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​ប្រេស៊ីល​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៨​លើ​ពិភព​លោក។​បេក្ខនារី​​នៃ​គណបក្ស​ពលករ​ជា​គណបក្ស​ឆ្វេងនិយម​ខ្វះ​សន្លឹក​ឆ្នោត​តែ​បន្តិច​បន្តួច​ កាល​បោះ​ឆ្នោត​​នៅ​វគ្គ​ទី១​ថ្ងៃ​៣តុលា ​គឺ​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ចំនួន​តែ​៤៧%​ កុំ​អី​ជាប់​ឆ្នោត​នៅ​វគ្គ​ទី១​ទៅ​ហើយ​ ​ រីឯ​គូ​ប្រជែង​គាត់​នៅ​វគ្គ​ទី១​គឺ​លោក​José​ Serra​អាយុ​៦៨​ឆ្នាំ​ជា​អតីត​ទេសាភិបាល​រដ្ឋ​Sao​ Paulo​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​តែ​៣៣%​ប៉ុណ្ណោះ។

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ​ លោក​ស្រី​Dilma​ Rousseff​ បាន​ឆ្លៀត​ឱកាស​ទាញ​យក​ចំណេញ​ពី​ការគាំទ្រ​និង​ពី​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ Lula​ da​ Silva​។ អ្នក​បោះឆ្នោត​សញ្ជាតិ​ប្រេស៊ីល​ចំនួន​១៣៦លាន​នាក់​ត្រូវ​ជ្រើស​រើស​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក​Lula​ ​ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ត​ទៅ​ទៀត។

ជា​អ្នក​ទទួល​កេរ្តិ៍​មរតក​បន្ត​ពី​លោក​Lula​ ​ ជួន​កាល​ត្រូវ​គេ​ឱ្យ​ឈ្មោះ​ក្រៅ​ថា​ជា​លោក​ស្រី​កណ្តាប់​ដៃ​ដែក​​ លោក​ស្រី ​Dilma​ Rousseff ​បាន​សន្យា​ថា​នឹង​ផ្តល់​កិត្តិយស​ចំពោះ​សន្លឹក​ឆ្នោត​ជន​ជាតិ​ប្រេស៊ីល​បោះ​ឱ្យ​គាត់​ហើយ​និង​ប្រយុទ្ធ​កំចាត់​ភាព​ក្រី​ក្រ។ លោក​ស្រី​ Dilma​ រំភើប​ចិត្ត​ខ្លាំង​ណាស់​​ ក្នុង​ឋានៈ​ជា​ស្ត្រី​ទី​១​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ប្រេស៊ីល។សកម្មជន​នៃ​គណបក្ស​ពលករ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ទទួល​អបអរ​សាទរ​ជ័យ​ជំនះ​ នៅ​ឆ្នេរជលសា​ Copacabana​។

នេះ​ជា​សម្រែក​អបអរ​សាទរ​លោក​ស្រី​ប្រធានាធិបតី​ Dilma ​របស់​បក្សព័ន្ធ​គាត់​ពេញ​មួយ​រាត្រី​ម្សិល​មិញ​ ស្រប​តាម​ចង្វាក់​របាំ​ប្រជាប្រិយ​ samba​ នៅ​ពេល​ដែក​គេ​ចាក់​ស្រា​ផឹក​ហូរ​ដូច​ទឹក។​លោក​ស្រី​ Dilma​ Rousseff ​ជា​អ្នក​រដ្ឋការ​អាយុ​៦២​ឆ្នាំ​ ជាស្ត្រី​ប្រធានាធិបតី​ប្រេស៊ីល​ទីមួយ មុនហ្នឹង គាត់​ពុំដែល​បាន​ជាប់ឆ្នោតសោះ។

ការនេះ​ពុំធ្វើ​ឲ្យ​នារី​ victoria ព្រួយបារម្ភទេ  victoria ​បានរាំ ​samba ​ជាមួយ​មិត្រ​ប្រុសខ្លួន​នៅ​ពីក្រោមដើមត្នោត៖” អំណោយទាន​និង​សមត្ថភាព គឺ​ជា​របស់លោក​Lula ដែល​ស្ថិត​នៅ​ពី​ក្រោយ​​លោកស្រី Dilma។ ប្រាកដហើយ លោកស្រី Dilma​ពុំដែលបាន​ជាប់ឆ្នោតទេ ប៉ុន្តែ​គាត់បាន​ធ្វើការនៅក្នុង​ក្រសួងរដ្ឋមន្ត្រីជាច្រើន។ គាត់​មានបទពិសោធន៍​ក្នុង​ជីវិត​សាធារណៈ។ គាត់​បាន​ប្រុងប្រៀបខ្លួនខ្លាំងណាស់។"

នៅក្នុង​ហ្វូងមនុស្ស មាន​យុទ្ធិកជន​ខ្លះ ដែលការពារ​ពួកអ្នកស្រឡាញ់​ភេទដូចគ្នា​ក៏​រាំ​គ្រវី​ចង្កេះ​ញ័រញាក់ទទ្រើតដែរ។ ទោះបីជាលោកស្រី Dilma Rousseff ថ្លែង​ប្រឆាំង​នឹង​ការរំលូត​កូនចោល​ហើយនឹង​អាពាហ៍ពិពាហ៍​រវាង​ពួកអ្នកស្រឡាញ់ភេទ​ដូចគ្នាក្តី ក៏​នារី Virginia នៅតែ​មានទំនុកទុកចិត្ត៖” គាត់​បាន​ធ្វើការនេះ​ដើម្បី​បាន​ជាប់​ឆ្នោត​ហើយ​ក៏​បាន​ទទួលសន្លឹកឆ្នោត​របស់អ្នកទាំង​អស់គ្នា ទាំង​ពួក​កាតូលិក ទាំង​ពួកអ្នកអភិរក្សនិយមជ្រុល ប៉ុន្តែ​គឺ​លោកស្រី Dilma។ ក៏​គឺ​ជាស្រ្តី​ម្នាក់ដែរ។ ខ្ញុំ​មានទំនុកទុកចិត្ត​លើរូបគាត់ ប៉ុន្តែ​ខ្ញុំ​នឹង​ពុំរួញរាទេ​ក្នុង​ការ​ទៅ​ធ្វើ​​បាតុកម្ម​គាំទ្រពួកអ្នកស្រឡាញ់​ភេទ​ដូចគ្នា។"

ទោះជាយ៉ាងណាក្តី គេមានគ្នា​ច្រើនណាស់ នៅទីនេះក្នុងការនឹកស្តាយ​ស្រណោះ​លោក Lula ដោយអះអាងថា គេ​ប្រាកដ​ក្នុងចិត្តថា លោក Lula​ដាច់ខាត​នឹង​ពុំស្ថិតនៅឆ្ងាយ​ពីលោកស្រី​​ប្រធានាធិបតីថ្មីឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ