អានតួអត្ថបទ

លោក​អូបាម៉ា ផ្តើម​លូក​ដៃ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បេក្ខជន​ប្រធានាធិបតី​អាមេរិក កាន់តែ​ឡើងកម្តៅខ្លាំង ! ពី​ដំបូង គេ​បាន​ឮការ​វាយប្រហារ​គ្នា​ខ្លាំង នៅក្នុង​បក្ស​​សាធារណរដ្ឋ រវាង​លោក ដូណាល់ត្រាំ និង​គូ​ប្រជែង​ក្នុង​បក្ស។ ប៉ុន្តែ​ពេល​នេះ ជំងឺ​វាយប្រហារ​ពាក្យ​សំដីបង្អាប់​បន្តុះ​គ្នា​ បាន​រាល​ដាល​ដល់​​បក្ស​ប្រជាធិបតេយ្យ​ ​រវាង​លោកស្រី​គ្លីនតុន និង លោក សេនដឺ​ជា​​គូប្រជែងក្នុង​បក្ស។ ​ពុំ​ធ្លាប់​មាន​ធ្វើ​បែប​នេះ​ឡើយ ក្នុង​ប្រវត្តិបក្ស។ ចំណែក​លោក​អូបាម៉ាវិញ ចាប់ផ្តើម​លូកដៃ​ចូល​កាន់តែ​ជ្រៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោក​អូបាម៉ា ផ្តល់​សន្និសីទ​កាសែត​នៅ​សេតវិមាន ថ្ងៃ​ទី ៥ មេសា ២០១៦
លោក​អូបាម៉ា ផ្តល់​សន្និសីទ​កាសែត​នៅ​សេតវិមាន ថ្ងៃ​ទី ៥ មេសា ២០១៦ REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា មិន​មែន​ជា​បេក្ខជន​ប្រធានាធិបតី​ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​នេះ​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ហាមឃាត់​ប្រធានាធិបតី​ ឈរ​ឈ្មោះ​ ឬ​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​លើស​ពី​ពីរ​អាណត្តិ​ឡើយ ! ប៉ុន្តែ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​ អូបាម៉ា បាន​បញ្ចេញ​សំឡេង និង​លូក​ដៃ​កាន់តែ​ជ្រៅ​ឡើង​ទៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​តែ​ម្តង។

 

ប្រពៃណី​ប្រធានាធិបតីផុត​អាណត្តិ​​ចូល​ឃោសនា​ជួយ​បេក្ខជនប្រធានាធិបតី

សម្រាប់​ពេល​នេះ រាល់​ការ​បញ្ចេញ​មតិ​យោបល់របស់​លោក​អូបាម៉ា គឺ​ដើម្បីការពារ​បក្ស​ប្រជាធិបតេយ្យ​ ព្រោះ​លោក​ប្រធានាធិបតី​អាមេរិក បាន​យល់​និង​ដឹង​ច្បាស់​ណាស់ យុទ្ធនាការ​ឃោសនា​នយោបាយដ៏​សន្ធោសន្ធៅ​ នៅ​​ពេល​នេះ អាចនឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ដល់​តុល្យការ​ការងារ​ ពីរ​អាណត្តិ​របស់​លោក​ផង និង​ដល់​​​​​​​​​​​ប៉ះពាល់​ដល់​រូប​លោក​ ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​​អាមេរិក​ផង។ លោក ដាច់ខាត​ត្រូវ​ការ​ពារ​​នយោបាយ​របស់​បក្ស​ប្រជាធិបតេយ្យ​របស់​លោក ព្រោះ​បើ​​បក្ស​សាធារណរដ្ឋ​អាច​ឈ្នះ​ឆ្នោត​ នៅ​ថ្ងៃទី ៨ វិច្ឆិកា​ខាង​មុន នោះ​សំណុំ​រឿង​ធំៗ​ដ៏​ក្តៅ​គគុក​និង​ដ៏​ចម្រូង​ចម្រាស​បំផុត ដែល​លោក​ប្រឹង​ការពារ​ និង​សម្រេច​បាន​រយៈ​ពេល​៨​ឆ្នាំ​កន្លង​មក ដូច​ជា​សំណុំ​រឿង​ធានារ៉ាប់រង​សុខភាព អូបាម៉ាឃែរ សំណុំ​រឿង​អាកាសធាតុ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​ជាមួយ​អ៊ីរ៉ង់ ឬ​ក៏​នយោបាយ​បើក​ចំហ​ទៅ​រក​គុយបា ​... អាច​នឹង​ត្រូវ​ប្រធានាធិបតី​ថ្មី​ រុះ​រើ ឬ​លុប​ចោ​ល​វិញ​ក៏​ថា​បាន ព្រោះ​សំណុំ​រឿង​ខ្លះ​ត្រូវ​បាន​អនុម័ត​ ​ឱ្យ​ប្រើ​បាន​តាម​រយៈ​ក្រិត្យ​ប្រធានាធិបតី​ប៉ុណ្ណោះ។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោកអូបាម៉ា មិន​អាច​នៅ​ស្ងៀម​មើល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ បាន​ឡើយ។ លោក​​បាន​ផ្តើម​ស៊ក​សៀត វាយប្រហារ​បែប​បញ្ចិត​បញ្ចៀង ដាក់​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សាធារណរដ្ឋ។ ប៉ុន្តែ​បើ​និយាយ​ពី​ការ​គាំទ្រ​បេក្ខជន​​នៅ​ក្នុង​បក្ស​ប្រជាធិបតេយ្យវិញ លោកអូបាម៉ា មិន​ទាន់​បាន​បង្ហាញ​ជំហរ​ជា​សាធារណៈ​ថា​គាំទ្រ​លោកស្រី គ្លីនតុន ឬ​លោក​ សេនដឺ ទេ។ តែ​នរណា​ក៏​ដឹង​ថា​លោកហាក់​​លម្អៀង​ទៅ​រក​លោកស្រី​គ្លីនតុន​ ដោយ​ធ្លាប់​បាន​ធ្លោយ​មាត់​សរសើរ​​អំពី​បទ​ពិសោធន៍ និង​អំពី​ភាព​ប៉ិន​ប្រសព្វ​របស់​លោកស្រីដែល​​ជា​អតីត​ភរិយា​ប្រធានាធិបតី និង​អតីត​រដ្ឋមន្ត្រី​ការបរទេស និង​ជា​អតីត​គូប្រជែង​ផ្ទាល់​របស់​លោក កាលពី​ឆ្នាំ​២០០៨។

​ លោកអូបាម៉ា រង់ចាំ​ឱកាស​ចេញ​ធ្វើ​យុទ្ធនាការ​

នៅ​ប្រទេសខ្លះ​ ជួន​មាន​រដ្ឋធម្មនុញ្ញ​ ​ហាមប្រាម មិន​​ឱ្យ​​ប្រធានាធិបតី​ កំពុង​កាន់​តំណែង​ (ផុត​អាណត្តិ​) ​ចូល​ពាក់​ព័ន្ធ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ទេ ! ​ឬ​ដូច​នៅក្នុង​ករណី​ប្រទេស​បារាំង ប្រធានាធិបតី​​ផុត​អាណត្តិ​តែង​​ខិត​ខំ​សាកល្បង​ធ្វើ​គ្រប់​យ៉ាង​ឱ្យ​នៅ​​ដាច់​ពី​ការ​បោះឆ្នោត​នេះ ដោយ​ឈរ​លើ​គោលការណ៍​ថា​ ជា​អ្នក​ដឹកនាំ​ប្រទេសម្នាក់ ជា​ម្តាយ​ឪពុក​មិន​កាន់​ជើង​ កូន​មួយ​ណា។ ប៉ុន្តែ​ ​​សហរដ្ឋ​អាមេរិក ​មាន​ទម្លាប់​ពិសេស ស្ទើរ​តែ​ក្លាយ​ជា​ប្រពៃណី ​ ​រាប់​តំណរ​មក​ហើយ ដែល​ប្រធានាធិបតី ផុត​អាណត្តិ​ទៅ​ហើយ ចេញមុខ​គាំទ្រ​ និង​ចូល​ប្រលូក​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យ៉ាង​ពេញ​ទំហឹង​ ជួយ​បេក្ខជន។ ហើយ​គឺ​បេក្ខជន​ម្នាក់ៗ​ជា​អ្នក​សម្រេច​ចិត្ត​ ថា​ត្រូវ​ទទួល​យក​ជំនួយ​ពី​ប្រធានាធិបតី​ផុត​អាណត្តិ​ឬ​អត់។

សេតវិមាន បាន​បដិសេធ មិន​ព្រម​ផ្តល់​​កាលបរិច្ឆេទ​​ច្បាស់​លាស់ នៃ​ការ​ចេញ​ធ្វើ​យុទ្ធនាការ​របស់​លោក​អូបាម៉ា​ទេ។ ប៉ុន្តែ ជាទូទៅ និង​ដើម្បី​ឱ្យ​សមហេតុផល ​ប្រធានាធិបតី​អាមេរិក​ត្រូវ​រង់​ចាំ​ដល់​​​ពេល​ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ត្រូវ​ចប់​សព្វគ្រប់សិន។ ​បើ​មើល​ទៅអារម្មណ៍​របស់​​​​​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ហាក់​ដូច​ជា អន្ទះ​សារ​ខ្លាំងណាស់ ចង់​ឱ្យ​ការ​បោះឆ្នោត​បេក្ខជន​ប្រធានាធិបតី​​នេះអាច​ផ្តល់​លទ្ធផល​ បាន​មុន​ខែ​កក្កដា ដឹង​ច្បាស់​ថា បេក្ខជន​រូប​ណា​ជា​តំណាង​បក្ស​ប្រជាធិបតេយ្យ សម្រាប់​ការ​បោះឆ្នោតប្រធានាធិបតី​ថ្ងៃ​ទី ៨ វិច្ឆិកា ២០១៦។

នៅ​ពេល​វេលា​ហុច​ឱ្យ​ភ្លាម លោក​អូបាម៉ា នឹងចេញ ​ប្រលូក​ឃោសនា​បាន​ពេញ​ទំហឹង ដោយ​ពេញ​ចិត្ត ដើម្បី​ឱ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​អាច​មក​អង្គុយ​ក្នុង​សេតវិមាន​បន្ត​ពី​លោក។ នេះ​​បើ​តាមសំដី​​អ្នក​នាំពាក្យ​ប្រធានាធិបតីដែល​អះអាងបន្ថែម​ទៀត​ថា លោក​អូបាម៉ា នឹង​មិនព្រងើយ​កន្តើយ បណ្តោយការ​​ដូច​ប្រធានាធិបតី​ George W Bush និង​ Bill Clinton ក្នុងសម័យឃោសនា​បោះឆ្នោត​ ​ឆ្នាំ​២០០៨ និង​២០០០​ឡើយ។

ការគាំទ្រ​របស់​ប្រធានាធិបតី​ផុតអាណត្តិ​ជា​គន្លឹះ​នៃ​ជ័យជំនះ ?!

កាលពី​ឆ្នាំ​២០០៨ ក្រោយ​ពី​បាន​បំពេញតួនាទី​ជា​ប្រធានាធិបតី​រយៈ​ពេល​៨​ឆ្នាំ លោក ប៊ូស (កូន) George W Bush (២០០១-២០០៩) និង​បាន​បញ្ចប់​​​អាណត្តិ ជាមួយ​នឹង​ប្រជាប្រិយភាព​ធ្លាក់​ខ្លាំង ព្រោះ​តែ​បាន​នាំ​អាមេរិក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ បេក្ខជន​ប្រធានាធិបតី​សម័យ​នោះ គឺ​លោក ចន​ McCain បាន​​ដក​ខ្លួន​ឱ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រធានាធិបតី។

ផ្ទុយ​ទៅ​វិញ កាល​ពី​៨​ឆ្នាំ​មុន​នោះ​ទៅ​ទៀត លោក ប៊ីល គ្លីនតុន (១៩៩៣-២០០១)ដែល​ជា​ប្រធានាធិបតី​ដ៏​ពេញ​និយម​បំផុត ចង់​ចូល​ជួយ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ សម្រាប់​បន្តតំណែង​​ពី​លោក​ដែរ តែ​លោក Al Gore ពេល​នោះ បាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង កំរិត​តួនាទី​លោក​ប៊ីល​គ្លីនតុន ក្នុងពេល​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ព្រោះ​យល់​ថា​លោក​​ គ្លីនតុន មាន​ប្រលាក់​ប្រលូស​នឹង​រឿង​អាស្រូវ​មាន​ស្រីស្នេហ៍​ តែ​បាន​ធ្វើ​ឱ្យ​បេក្ខភាព​របស់​លោក​មិន​សូវ​មាន​ទម្ងន់​ ទើប​បាន​ចាញ់​ឆ្នោត​លោកប៊ូស (២០០១-២០០៩)។

នេះ​ជា​មេរៀន​មួយ​ដែល​លោកស្រី បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ ចង​ចាំ​ជាប់​ជា​និច្ច​ក្នុង​ខួរ​ក្បាល។ ហើយ​បើ​តាម​អ្នក​វិភាគ​ តួនាទី​របស់​លោក​អូបាម៉ា នៅក្នុង​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​នេះ មាន​សន្ធឹក​ដូច​សម័យ​ប្រធានាធិបតី រីហ្កែន ដែល​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​​បក្ស​សាធារណរដ្ឋ​ លោក ចច ប៊ូស​ (ឪពុក) ​រហូត​បាន​ជោគជ័យ​នៅឆ្នាំ​ ១៩៨៨ ក្លាយ​​ជា​ប្រធានាធិបតី​អាមេរិក ពី​ឆ្នាំ ១៩៨៩-១៩៩៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ