អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មរណៈភាព​អតីត​កីឡាករ​ប្រដាល់ Mohamed Ali ក្លាយ​ជា​សារ​នយោបាយ​សំរាប់​បេក្ខជន​ប្រជែង​ការ​បោះឆ្នោត​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​សុក្រ​ ទី​៣​ មិថុនា​សប្តាហ៍​មុន នាទីក្រុង​ Phoenix រដ្ឋ Arizona ​អតីត​ជើង​ឯក​​ប្រដាល់​សកល​ពិភពលោក​ គឺ​លោក​ Mohamed Ali បាន​ទទួល​មរណៈភាព​ក្នុង​អាយុ​ ៧៤ ឆ្នាំ​ ដោយសារ​អាការៈ​ផ្លូវ​ដង្ហើម។ ​និមិត្ត​រូប​អាមេរិក​ក្នុង​សតវត្ស​ទី​២០រូប​នេះ​បាន​លា​ចាក​លោក បន្ទាប់​ពី​ទទួល​យាយី​ដោយ​សារ​ជម្ងឺ​ Parkinson អស់​រយៈ​ពេល​ ៣២ ឆ្នាំ។ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ដំណឹង​មរណៈ​ភាព​នេះ​ សារ​ថ្លែង​ទុក្ខ​បាន​ប្រកាស​ជា​ហូរហែ​ពាសពេញ​សហរដ្ឋ​អាមេរិក​ និង​ពិភពលោក​ទាំងមូល​។​ ឆ្លៀត​ឱកាស​នេះ​ បេក្ខជន​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​បក្ស​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្ញើសារ​ព្រមៗ​គ្នា​តែ​ម្តង។​ ទន្ទឹម​គ្នា​នេះ​ ​ខ្លឹមសារ​នយោបាយ​ខ្លះ​ក៏​មាន​លក្ខណៈ​វាយ​ប្រហារ​ដោយ​ប្រយោល​លើ​គូបដិបក្ខ​របស់​ខ្លួន​ផងដែរ។

មរណៈភាព​អតីត​កីឡាករ​ប្រដាល់​អាមេរិក Mohamed Ali
មរណៈភាព​អតីត​កីឡាករ​ប្រដាល់​អាមេរិក Mohamed Ali AFP
ផ្សាយពាណិជ្ជកម្ម

នៅ​សល់​តែ​បេក្ខជន​ទាំង​បី​នាក់​ប៉ុណ្ណោះ​ ដែល​កំពុង​បន្ត​យុទ្ធនាការ​ឃោសនា​នៅ​ឡើយ។ សំរាប់​​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​មាន​លោកស្រី​ Hillary Clinton និងលោក​ Bernie Sanders។ ចំណែក​គណបក្ស​សាធារណរដ្ឋ​វិញ​ គឺ​មាន​តែ​លោក​ Donald Trump ម្នាក់​ឯង​តែ​ប៉ុណ្ណោះ។ ភ្លាមៗ​ក្រោយ​មរណៈភាព​អតីតៈ​ជើងឯក​ប្រដាល់​សកល​ពិភពលោក​ គឺ​លោក​ Mohamed Ali ​បេក្ខជន​ម្នាក់ៗ​បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​បង្អប់​អត្ថន័យ​នយោបាយ​តាម​របៀប​របស់​ពួក​គេ។​

តាម​រយៈ​គណនី​បណ្តាញ​សង្គម​ Twitter លោក​ Donald Trump បាន​ត្រឹម​តែ​លើក​យក​ចំណុច​ក្នុង​វិស័យ​កីឡា​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ពាក្យ​ពេចន៍​អ្វី​ក្បោះក្បាយ​លេចធ្លោ​ដូច​រាល់​សព្វ​ដង​ឡើយ។ ​លោក​ Trump បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ឥស្សរជន​ជើង​ឯក​កីឡា​ប្រដាល់​ម្នាក់។​ ហើយ​នេះ​ជា​ការ​គួរ​ឲ្យ​សោក​ស្តាយ​សំរាប់​គ្រប់​មនុស្ស​ទូទៅ។ ចំណែក​លោក Bernie Sanders វិញ​ គាត់​បាន​លើក​យក​គំរូ​យុវភាព​របស់​អតីត​ជើង​ឯក​ប្រដាល់​សកល​ពិភព​លោក​ផែ្នក​ទំងន់​ធ្ងន់គឺ​លោក​​ Mohamed Ali ​ដែល​ធ្លាប់​បាន​ចូលរួម​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​វៀតណាម​ក្នុង​ទសវត្សរ៍​ទី​៦០។

ការ​ថ្លែង​សារ​នយោបាយ​បែប​នេះរបស់​​លោក​ Sanders ​ព្រោះ​លោក​ចង់​ទាក់​ទាញ​សម្លេង​យុវជន​ឲ្យ​បាន​ច្រើន​ថែម​ទៀត។​ បច្ចុប្បន្ន​នេះ​ លោក​មាន​សំលេង​គាំទ្រ​ច្រើន​ពី​យុវជន​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ ហើយ​លោក​ចង់​ឲ្យ​យុវជន​ចូល​ប្រឡូក​ក្នុង​ការ​តស៊ូ​មតិ​ក្នុង​សង្គម​បែប​នេះកាន់​តែ​ច្រើន​ថែម​ទៀត។ ផ្ទុយ​ពី​បេក្ខជន​ទាំង​ពីរ​នាក់​ លោកស្រី​ Hillary Clinton បាន​ឆ្លៀត​ឱកាស​នេះ​វាយ​ប្រហារ​ពាក្យ​សំដី​ដោយ​ប្រយោល​លើ​គូបដិបក្ខ​សាធារណរដ្ឋ​ គឺ​លោក​ Donald Trump។ មិន​ខុស​ពី​​សេចក្តី​ប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ លោកស្រី​ Clinton បាន​និយាយ​រំលឹក​ពី​ភាព​វិជ្ជមាន​ក្នុង​សង្គម​អាមេរិក។

លោកស្រី​បាន​បង្ហាញ​ជំហរ​មិន​យល់​ស្រប​ចំពោះ​យុទ្ធនាការ​ឃោសនា​តាមបែប​បំភ័យ​បន្លាច​របស់​លោក​ Donald Trump។ ​សូម​រំលឹក​ថា​កន្លង​មក​ លោក​ Trump តែង​ធ្លាប់​បង្ហាញ​ទស្សនៈ​បែប​រើស​អើង​ប្រកាន់​ពូជសាសន៍​ តួយ៉ាង​ដូច​ជា​បំណង​ចង់​បិទ​ព្រំដែន​មិន​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាន់​ទឹកដី​អាមេរិក​ និង​ការ​សាង​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​អាមេរិក-ម៉ិចស៊ិក​ ដើម្បី​ទប់​ស្កាត់​ជន​អន្តោប្រវេសន៍​ម៉ិចសិក​ខុស​ច្បាប់​ជាដើម។ ក្នុង​សារ​នយោបាយ​របស់​ខ្លួន​ លោកស្រី​​ Hillary Clinton ក៏​បាន​រំលឹក​ពី​ប្រវត្តិ​របស់​លោក Mohamed Ali ។

លោកស្រី​ចាត់​ទុក​អតីត​ជើង​ឯក​ប្រដាល់​រូប​នេះ​ គឺ​ជា​តំណាង​ការ​តស៊ូ​ទាមទារ​យុត្តិធម៌​ក្នុង​សង្គម​ ជាពិសេស​ប្រឆាំង​ការ​រើស​អើង​ពូជសាសន៍​ពណ៌​សម្បុរ​ និង​សាសនា។ លោកស្រី​ Clinton បាន​សន្និដ្ឋាន​ថា​ ទោះបី​ជា​ Mohamed Ali ​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ប្រកប​ទៅ​ដោយ​ភាព​វ៉ឹកវរ​ ​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សង្គម​ប្រកប​ដោយ​ភាព​សណ្តោស​ប្រណី​ និង​តែង​ទុក​ជម្រើស​ឲ្យ​បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​កាន់​សាសនា​ និង​ផ្លាស់​ប្តូរ​នាម​ត្រកូល​តាម​ចំណង់​ចិត្ត។

តើ​លោក​ Mohamed Ali ​ជា​នរណា?​ តើ​គាត់​បាន​តស៊ូ​មតិ​លើ​បញ្ហា​អ្វី​ខ្លះ?

Mohamed Ali បាន​ចាប់​កំណើត​នា​ថ្ងៃ​ទី​ ១៧ មករា​ ១៩៤២ នៅ​ទីក្រុង​ Louisville រដ្ឋ​ Kentucky។ លោក​មាន​ឈ្មោះ​ពី​កំណើត​ថា​ Cassius Clay ក្នុង​គ្រួសារ​អាមេរិក​ស្បែក​ខ្មៅ​ដ៏​ក្រីក្រ​មួយ។​ លោក​មាន​ឱពុក​ឈ្មោះ​ Cassius Marcellus Clay Senior មាន​មុខ​របរ​ជាង​គំនូរ​ផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​ និង​រូប​ព្រះ​យេស៊ូ​ ដែល​ជា​ញឹកញយ​លោក​តែង​គូរ​ឲ្យ​ដង​ខ្លួនពណ៌​ ស និង​ភែ្នក​ពណ៌​ខៀវ។ ចំណែក​ម្តាយ​របស់​លោក​មាន​ឈ្មោះថា​ Odessa ជា​ស្រ្តី​បំរើ​កិច្ច​ការ​ផ្ទះ​ឲ្យ​ពួក​អ្នក​មាន​ស្បែក​ស។

អ្នក​ប្រដាល់​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​នា​ការ​ប្រកួត​អូឡាំពិក​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី​ នាឆ្នាំ​១៩៦០។ ក្នុង​អាយុ​ ១៨ កីឡាករ​​ពុំ​ទាន់​មាន​ឈ្មោះ​បោះសម្លេង​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាស​ ក្នុង​ទម្ងន់​ធ្ងន់​មធ្យម​ដោយ​បាន​ផ្តួល​គូ​ប្រកួត​ជា​បន្តបន្ទាប់។​ ជ័យ​ជំនះ​អូឡាំពិក​នេះ​បាន​បើក​ផ្លូវ​ឲ្យ​កីឡាករ​រូប​នេះ​ចាប់​យក​កីឡា​ប្រដាល់​ជា​លក្ខណៈ​​អាជីព។ បើ​ទោះបី​ជា​ខ្លួន​បាន​នាំ​មេដាយ​មាស​ជូន​ជាតិមាតុភូមិ​ គឺ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​យុវជន​រូប​នេះ​នៅ​យល់​ឃើញ​ថា​ ខ្លួន​នៅ​តែ​ទទួល​រង​ការ​មើល​ងាយ​ដោយសារ​ការ​ប្រកាន់​ពូជសាសន៍​ក្នុង​សង្គម។

នា​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ១៩៦៤ កីឡាករ​ Cassius Clay បាន​ក្លាយ​ជា​ជើងឯក​ពិភព​លោកទំងន់​ធ្ងន់​ ដោយ​បានផ្តួល​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ពិភព​លោក​គឺ​កីឡាករ​ Sonny Liston នា​ជុំទី​៧ ដោយ​បាន​វាយ​បង្ក​ឲ្យ​គូ​បដិបក្ខ​រង​របួស​ស្មា​ឆ្វេង​ ហើយ​បោះបង់​ចោល​ការ​ប្រកួត។ ​សំរាប់​សារព័ត៌មាន​អាមេរិក​ ការ​ប្រកួត​នេះ​មិន​ត្រឹម​តែ​ជា​ប្រកួត​ប្រដាល់​ធម្មតា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​តស៊ូ​មតិ​ផងដែរ។​ ក្នុង​ឆ្នាំ​នោះ​ផង​ដែរ​ ជើង​ឯក​ពិភពលោក​ ​ Cassius Clay បាន​ប្រកាស​ឈប់​ប្រើ​នាម​ត្រកូល​នេះ​ ដោយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា​ Cassius ​X។ កីឡាករ​រូប​នេះ​យល់​ឃើញ​ថា​ Clay ជា​មរតក​​បន្សល់​ទុក​ពី​សម័យ​ទាសភាព​ ដែល​ម្ចាស់​ស្បែក​ ស​ ដាក់​នាម​ត្រកូល​បែប​នេះ​ឲ្យ​ទាសករ​ស្បែក​ខ្មៅ​របស់​ខ្លួន។

ក្រោយ​ពី​បាន​ជួប​បុគ្គល​មួយ​ចំនួន​ ដែល​មាន​ឥទ្ធិពល​ដល់​ការ​គិត​ពិចារណា​របស់​ខ្លួន​ ជាពិសេស​ការ​ចូលរួម​ក្នុង​និកាយ​សាសនា​នយោបាយមួយ​ឈ្មោះ​ Nation of Islam ដឹកនាំ​ដោយ​បុគ្គល​ម្នាក់​ឈ្មោះ​ Elijah Muhammad Cassius ​X បាន​ប្រកាស​ប្រើ​ឈ្មោះ​ថ្មី​ផ្លូវការ​របស់​ខ្លួន​ គឺ​ Mohamed Ali ហើយ​បាន​តម្រូវ​អោយ​គេ​ហៅ​ឈ្មោះ​ថ្មី​នេះ​ស្រប​ទៅ​តាម​សាសនា​អ៊ីស្លាម​ ដែល​ខ្លួន​ទើប​តែ​ប្រកាន់​ចាប់​យក។ ក្រោយ​បាន​ក្លាយ​ជើង​ឯក​ពិភព​លោក​ជា​លើក​ដំបូង​កាល​ពីឆ្នាំ​ ១៩៦៤​ កីឡាករ​ Mohamed Ali​ បាន​ការ​ពារ​ខ្សែ​ក្រវ៉ាត់​ជើង​ឯក​ដោយ​ជោគជ័យ​បាន​ចំនួន​ ៩ លើក។​

ប៉ុន្តែ សង្រ្គាម​វៀតណាម​នា​ឆ្នាំ​១៩៦៦ បាន​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​បាត់​បង់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក​ពិភព​លោក។​ មូលហេតុ​ គឺ​ Mohamed Ali​ បាន​បដិសេធ​មិន​ចូល​ធ្វើ​ទាហាន​ធ្វើ​សង្គ្រាម​ ដោយ​បាន​លើក​អំណះ​អំណាង​ថា​ សាសនា​អ៊ីស្លាម​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សង្គ្រាម។​ គេ​នៅ​ចាំ​ឃ្លា​មួយ​របស់​ Mohamed Ali​ ដែល​បាន​ថ្លែង​ថា​ ពួក​វៀត​កុង​ គឺ​ជា​អាស៊ី​ស្បែក​ខ្មៅ​ ដូចនេះ​ ខ្លួន​មិន​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​ពួក​ស្បែក​ខ្មៅ​ឡើយ។​ នា​ថ្ងៃ​ទី ២១ មិថុនា​ ១៩៦៧ តុលាការ​បាន​​កាត់​ទោស​អោយ Mohamed Ali​ជាប់​ពន្ធនាគារ​ចំនួន​ ៥ ឆ្នាំ​ និង​បង់​ប្រាក់​ពិន័យ​ ១ ម៉ឺន​ដុល្លារ។​ ទោះបី​ជា​ Mohamed Ali​​ ពុំ​បាន​ជាប់​ឃុំ​ក៏​ដោយ​ ប៉ុន្តែ​អាជ្ញាធរ​បាន​ដក​ខ្សែ​ក្រវ៉ាត់​ជើង​ឯក​ និង​អាជ្ញាប័ណ្ណ​ប្រកួត​អាជីញ​របស់​កីឡាករ​ជើង​ឯក​ពិភព​លោក​រូប​នេះ។

ដោយ​គ្មាន​ភ័យ​ខ្លាច​ទទួល​រង​សម្ពាធ Mohamed Ali​​ នៅ​តែ​រ៉ឹងរូស​បន្ត​ការ​តស៊ូ​មតិ​ដដែល។​ នា​ឆ្នាំ​ ១៩៧០​ តុលាការ​បាន​សម្រេច​ប្រគល់​អាជ្ញាប័ណ្ណ​ប្រកួត​អាជីព​វិញ។​ នា​ឆ្នាំ​បន្ត​បន្ទាប់​ កីឡាករ​ Mohamed Ali​ បាន​ឡើង​ប្រកួត​លើ​សៃវៀន​ប្រដាល់​ជាថ្មី ដោយ​ទទួល​បាន​តំណែង​ជើក​ពិភពលោក​ខ្សែ​ក្រវ៉ាត់ WBA និង WBC ជាដើម។​ ក្រោយ​ពី​បាន​ប្រឡូក​ប្រដាល់​សកល​អាជីព​អស់​រយៈ​ពេល​ ២១ ឆ្នាំ​ Mohamed Ali​​ បាន​ប្រកាស​ចូល​និវត្តន៍​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​នា​ឆ្នាំ​ ១៩៨១។​ ជាសរុប ក្នុង​ការ​ប្រដាល់​អាជីព​ ​ Mohamed Ali​​ បាន​ឡើង​ប្រកួត​ ៦១ ដង​ដោយឈ្នះ​ ៥៦ ដង ក្នុង​នោះវាយ​គូបដិបក្ខ​ឲ្យ​សន្លប់​ ៣៧ ដង​ ​ហើយ​ចាញ់​តែ​ ៥ ដង​ប៉ុណ្ណោះ។​

ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នាទីក្រុង​អាត្លង់តា​ សហរដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ​១៩៩៦ លោក Mohamed Ali ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​អុជ​ភ្លើង​បើក​ការ​ប្រកួត​ផ្លូវការ។ លោក​អតីត​ប្រធានាធិបតី​អាមេរិក​ Bill Clinton នឹង​ត្រូវ​​អញ្ជើញ​អោយ​ឡើង​ថ្លែង​សុន្ទរកថា​នា​ថ្ងៃ​ទី​១០ មិថុនា​ខាងមុខ​នេះ​ ក្នុង​ពិធី​បូជា​សព្វ​​លោក Mohamed Ali។ ពិធី​នេះ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​កំណើត​របស់​គាត់​នាទីក្រុង​ Louisville រដ្ឋ​ Kentucky៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ