អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោកស្រី​គ្លីនតុន​កំពុង​ស្ទះ​កណ្តាល​ផ្លូវ តែ​លោក​ត្រាំ​បាន​ដល់​គោលដៅ

នៅ​សហរដ្ឋអាមេរិក យុទ្ធនាការ​ឃោសនា​របស់​បេក្ខជន​ប្រធានាធិបតី​​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ​កំពុង​ឈាន​ចូល​ដល់​ទីបញ្ចប់។ លោក​ដូណាល់ ត្រាំ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ឧសភា​ថា លោក​ទទួល​បាន ១ ២៣៧ប្រតិភូ​ដែល​ជា​ចំនួន​គ្រប់គ្រាន់​សម្រាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ។ តែ​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឯណោះ​វិញ លោកស្រី​ហ៊ីលឡារី គ្លីនតុន​កំពុង​ជួប​ឧបសគ្គ​កណ្តាល​ផ្លូវ ដោយសារ​តែ​របាយការណ៍​របស់​ក្រសួងការបរទេស​ទាក់ទង​នឹង​រឿងអាស្រូវ​អ៊ីមែល​របស់​លោកស្រី។

លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោក​ដូណាល់ ត្រាំ
លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោក​ដូណាល់ ត្រាំ Journal/NBC survey. dsk / AFP
ផ្សាយពាណិជ្ជកម្ម

ប្រហែល​ជា​គ្មាន​អ្វី​អាច​រារាំង​ដំណើរ​ផ្លូវ​របស់​លោក​ដូណាល់ ត្រាំ​ឆ្ពោះ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ទៀត​ឡើយ។ លោក​ដូណាល់ ត្រាំ​ដែល​បាន​កំចាត់​គូប្រជែង​ម្តង​ម្នាក់ៗ​ទាំង ១៦នាក់​នៅ​ក្នុង​បក្ស​បាន​ប្រកាស​ធានា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ឧសភា​ថា លោក​ទទួល​បាន ១ ២៣៧ប្រតិភូ​ដែល​ជា​ចំនួន​គ្រប់គ្រាន់​សម្រាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នា​ខែ​វិច្ឆិកា​ខាង​មុខ។

ដោយឡែក និង​ក្នុង​ពេល​ដែល​អ្វីៗ​ហាក់​ដូច​ជា​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន​សម្រាប់​លោក​ដូណាល់ ត្រាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ លោកស្រី​ហ៊ីលឡារី គ្លីនតុន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ជាប់​ស្ទះ​កណ្តាលផ្លូវ​ទៅ​វិញ។ ជាប់ស្ទះ​ដោយសារ​តែ​រឿងរ៉ាវ​ទាក់ទង​នឹង​អ៊ីមែលផ្ទាល់ខ្លួន​ដែល​លោកស្រី​បាន​ប្រើ​សម្រាប់​ទំនាក់ទំនង​ផ្លូវការ​ក្នុង​ពេល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស។ បន្ទាប់​ពី​របាយការណ៍​របស់​ក្រសួង​ការបរទេស រឿងអាស្រូវ​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ក្រសួង​ស៊ើបការណ៍សម្ងាត់ FBI។

តែ​លោកស្រី​គ្លីនតុន​បាន​ថ្លែង​ថា រឿងអាស្រូវ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​របស់​លោកស្រី​ទេ និង​ថា បណ្តា​រដ្ឋមន្រ្តី​ការបរទេស​មុនៗ​ក៏​ធ្លាប់​បាន​ប្រើ​អ៊ីមែលផ្ទាល់ខ្លួន​សម្រាប់​កិច្ចការ​រដ្ឋ​ដែរ។ ក៏​ប៉ុន្តែ រឿង​អាស្រូវ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​លោកស្រី​បាត់បង់​ប្រជាប្រិយភាព​ប្រឈម​នឹង​គូប្រជែង ពិសេស​លោក​ប៊ែរនី សេនដឺ។ ជាក់ស្តែង​នៅ​ក្នុង​រដ្ឋ Californie សម្លេង​គាំទ្រ​លោកស្រី​គ្លីនតុន និង​លោក​សេនដឺ​មាន​ប្រហាក់ប្រហែល​គ្នា។

យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​លោក​សេនដឺ​ឈ្នះ​លោកស្រី​គ្លីនតុន​ក្នុង​រដ្ឋ Californie ក៏​គ្មាន​អ្វី​អាច​រារាំង​លោកស្រី​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ