អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោកស្រី​គ្លីនតុន​កំពុង​មាន​សុទិដ្ឋិនិយម លោកត្រាំ​កំពុង​ត្រូវ​បាន​​ថ្នាក់ដឹកនាំ​បក្ស​មួយ​ចំនួន​​រត់ចោល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ។ ខណៈ​នេះ និង​ក្រោយ​ពី​បាន​ជជែក​ដេញដោល​គ្នា​ជា​លើកទី២ នា​ថ្ងៃ​អាទិត្យ ទី៩ តុលា​មក បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប គឺ​លោកស្រី​គ្លីនតុន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​ត្រាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន និង​កំពុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​យ៉ាង​សកម្ម។ តាម​លទ្ធផល​ស្ទង់មតិ លោកស្រី​គ្លីនតុន​ទទួល​បាន​សម្លេង​គាំទ្រ​លើស​លោក​ត្រាំ​ដល់​ទៅ ១១%។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ថ្នាក់ដឹកនាំ​ម្តង​ម្នាក់ៗ​ក្នុង​គណបក្សសាធារណរដ្ឋ​បាន​ប្រកាស​ឈប់​គាំទ្រ​លោកត្រាំ។

លោកស្រី​គ្លីនតុន​កំពុង​មាន​សុទិដ្ឋិនិយម លោកត្រាំ​កំពុង​បន្ត​បាត់​​ការ​គាំទ្រពី​ថ្នាក់ដឹកនាំ​បក្ស
លោកស្រី​គ្លីនតុន​កំពុង​មាន​សុទិដ្ឋិនិយម លោកត្រាំ​កំពុង​បន្ត​បាត់​​ការ​គាំទ្រពី​ថ្នាក់ដឹកនាំ​បក្ស PHOTO DESK / AFP
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី១១ តុលា​នេះ មាន​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​ក្នុង​គណបក្ស​សាធារណរដ្ឋ​ជិត ៥០រូប​បាន​ប្រកាស​ជា​សាធារណៈ​ឈប់​គាំទ្រ​លោក​ដូណាល់ ត្រាំ ក្នុង​នោះ មាន​ទាំង​ឥស្សរជន​កំពូល និង​ល្បីៗ ដូច​យ៉ាង​លោក Mitt Romney លោកស្រី Condoleeza Rice និង​ថ្មីៗ​ចុង​ក្រោយ​នា​ថ្ងៃ​ចន្ទ ទី១០ តុលា គឺ​លោក Paul Ryan ដែល​ជា​ប្រធាន​រដ្ឋសភា។ លោក Paul Ryan ដែល​ជា​ឥស្សរជន​ម្នាក់​មាន​ទម្ងន់​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​បាន​ប្រកាស​ក្លែងៗ​ថា លោក​នឹង​ឈប់​ការពារ ឬ​មួយ​ក៏​ឈប់​ធ្វើ​យុទ្ធនាការ​ឲ្យ​លោក​ដូណាល់ ត្រាំ​ទៀត​ឡើយ ឬ​និយាយ​បែប​ម្យ៉ាង​ទៀត លោក​ផ្តាច់​ការ​ទាក់ទង​ទាំង​ស្រុង​ជាមួយ​លោក​ត្រាំ។

បើ​គេ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា វា​ហាក់​ដូច​ចម្លែក​ខ្លាំង​ណាស់​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​បាន​ផ្តើម​ដោះដៃ​ចោល​បេក្ខជន​ដូណាល់ ត្រាំ​ដែល​ពួគ​គេ​បាន​គាំទ្រ​តាំង​ពី​ដំបូង ពោល​តាំង​ពី​នា​សមាជបក្ស​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​បក្ស។ ធ្ងន់ធ្ងរ​ជាង​នេះ ការ​ឈប់​គាំទ្រ​លោក​ត្រាំ​របស់​ពួក​គេ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោកត្រាំ​កំពុង​ចាញ់​ប្រៀប​លោកស្រី​គ្លីនតុន​ដែល​ជា​បេក្ខជន​គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ។ លទ្ធផល​ស្ទង់​មតិ​ធ្វើ​ឡើង​រួម​គ្នា​ដោយ​ទូរទស្សន៍ NBC និង​កាសែត Wall Street Journal ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ ទី១០ តុលា​ឲ្យ​ដឹង​ថា លោកស្រី​គ្លីនតុន​ទទួល​បាន​សម្លេងគាំទ្រ​លើស​លោកត្រាំ​ដល់​ទៅ ១១%។
 
តែ​បើ​គេ​មើល​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ​ឃើញ​ថា ជម្រើស​រត់ចោល​លោកត្រាំ​របស់​មន្រ្តី​ជាន់ខ្ពស់​ក្នុង​បក្ស​មក​ពី​ពួក​គេ​មិន​អាច​បន្ត​ទ្រាំមើល ទ្រាំ​ស្តាប់ និង​ទ្រាំ​ឮ​ពាក្យ​សម្តី​របស់​លោក​ត្រាំ​ទាក់ទង​នឹង​បញ្ហា​សង្គម​ដែល​ពេល​ខ្លះ បាន​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​ជា​ហូរហែ។ ចុង​ក្រោយ​​ថ្មីៗ​នេះ គឺ​ការ​បែក​ធ្លាយ​ខ្សែអាត់​វីដេអូ​ថត​ក្នុង​ឆ្នាំ ២០០៥ ដែល​លោកត្រាំ​មាន​ចរិត និង​បាន​ប្រើ​សម្តី​គ្រោតគ្រាត​មើល​ងាយ​ស្រ្តីភេទ។ ក្នុង​រឿង​អាស្រូវ​មួយ​នេះ ក៏​ដូច​ជា​រឿង​អាស្រូវ​មួយ​ចំនួន​មុនៗ​ដែរ លោក​ត្រាំ​តែង​តែ​បាន​ចេញ​មុខ​សុំទោស។ តែ​ការ​សុំទោស​របស់​ត្រាំ​ពិត​ជា​មិន​អាច​បិទបាំង និង​លៀងកំហុស​របស់​លោក​បាន​ទេ។
 
គណបក្ស​សាធារណរដ្ឋ​កំពុង​ជួប​វិបត្តិផ្ទៃក្នុង
 
គណបក្ស​សាធារណរដ្ឋ​មិនមែន​ខ្លាច​បាត់បង់​តែ​កៅអី​ប្រធានាធិបតី​នៅ​សេតវិមាន​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​បារម្ភ​ពី​ការ​បាត់បង់​អសនៈ​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា​ផង​ដែរ។ សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ ក្រៅ​ពី​បោះឆ្នោត​ជ្រើសរើស​រូប​ប្រធានាធិបតី​ថ្មី ពលរដ្ឋ​អាមេរិក​ក៏​ត្រូវ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​សម្រាប់​អាណត្តិ ២ឆ្នាំ និង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន ១ភាគ៣ សម្រាប់​អាណត្តិ ៦ឆ្នាំ​ដែរ។ ឃើញ​ថា នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ ហើយ​ល្បែង​នយោបាយ​ដែល​លោកត្រាំ​កំពុង​លេង​ពេល​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​បក្សសាធារណរដ្ឋ​ភាគ​ច្រើន​មើល​ឃើញ​ថា កំពុង​រុញ​គណបក្ស​ឲ្យ​ធ្លាក់​ក្នុង​ជ្រោះ​មរណៈ។
 
បើ​គេ​ជឿ​លើ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​នៅ​ផ្ទៃក្នុង​គណបក្ស​សាធារណរដ្ឋ​ដែល​មិន​ផ្សាយ​ជា​សាធារណៈ​ឲ្យ​ដឹង​ថា នា​ការ​បោះឆ្នោត​ខាង​មុខ គណបក្ស​គូប្រជែង គឺ​គណបក្ស​ប្រជាធិបតេយ្យ​មិន​ត្រឹម​តែ​ដណ្តើម​បាន​កៅអី​ប្រធានាធិបតី​ប៉ុណ្ណោះ​ទេ តែ​អាច​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា​ទៀត​ផង និយាយ​ឲ្យ​ស្រួល​យល់ គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​ក្តោប​យក​ទាំង​អំណាច​ប្រធានាធិបតី អំណាច​សភា និង​អំណាច​ព្រឹទ្ធសភា។ លោក Paul Ryan ដែល​ទើប​ដោះដៃ​ចោល​លោក​ត្រាំ​បាន​ផ្តល់​អនុសាសន៍​ដល់​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​ផ្សេង​ទៀត​ក្នុង​បក្សសាធារណរដ្ឋ​យ៉ាង​សាមញ្ញ​ថាអស់​លោក​បន្ត​ធ្វើ​យុទ្ធនាការ​តាម​លទ្ធភាព​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង។
 
តាម​រយៈ​ពាក្យ​សម្តី​របស់​លោក Paul Ryan របៀប​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា គណបក្ស​សាធារណរដ្ឋ​កំពុង​ជួប​វិបត្តិផ្ទៃក្នុង និង​កំពុង​ឆ្លង​កាត់​ព្យុះភ្លៀង​មួយ​ដែល​គ្រប់​គ្នា​លែង​ខ្វល់​ពី​រឿង​ជួយ​ស្រោចស្រង់​ជោគវាសនា​របស់​លោក​ដូណាល់ ត្រាំ​ទៀត​ឡើយ តែ​ត្រូវ​គិតគូរ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ពោល​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​បាត់បង់​អសនៈ​របស់​ខ្លួន​នៅ​ក្នុង​សភា និង​នៅ​ក្នុង​ព្រឹទ្ធសភា។
 
លោក​ដូណាំ ត្រាំ​ប្តេជ្ញា​តស៊ូ​រហូត​ដល់​ទឹក​ចុងក្រោយ
 
ទោះ​បី​ជា​មាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​បាន​រត់ចោល​លោក​ត្រាំ​ក៏​ដោយ ក៏​គណបក្ស​សាធារណរដ្ឋ​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​បន្ត​ជូនដំណើរ និង​គាំទ្រ​លោក​ត្រាំ​ឲ្យ​ដល់​ទីបញ្ចប់​ដែរ។ រឿង​ប្តូរ​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​នេះ ឬ​គណបក្ស​នោះ​នៅ​កណ្តាលទី​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់​អាមេរិក​ទេ តែ​វា​អាស្រ័យ​លើ​ច្បាប់​របស់​គណបក្ស​នីមួយៗ។ គណបក្ស​សាធារណរដ្ឋ​មាន​និតិវិធី​ក្នុង​ការ​ប្តូរ​បេក្ខជន ប្រសិន​បើ​រូប​បេក្ខជន​នោះ​ស្លាប់ ឬ​លាលែង។
 
នៅ​ក្នុង​ករណី​នេះ គណបក្ស​ត្រូវ​កោះ​ឲ្យ​មាន​សមាជ​ថ្មី​ដើម្បី​ជ្រើសរើស​បេក្ខជន​ថ្មី។ ក៏​ប៉ុន្តែ ការ​អនុវត្ត​នីតិវិធី​របៀប​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ។ ម្យ៉ាង​ទៀត គេ​មិន​ដឹង​ថា តើ​គណបក្ស​អាច​បង្ខំ​ឲ្យ​បេក្ខជន​ម្នាក់​កំពុង​បង្ក​រឿងអាស្រូវ និង​កំពុង​បន្ត​យុទ្ធនាការ​ឃោសនា​យ៉ាង​សកម្ម​ចុះចេញ​បាន​ដែរ ឬ​អត់?។ តែ​លោកត្រាំ​បាន​បញ្ជាក់​រួច​ហើយ​ថា លោក​នឹង​បន្ត​ការ​តស៊ូ​តាម​របៀប​លោក​រហូត​ដល់​ទឹក​ចុង​ក្រោយ។ ឃើញ​ថា គណបក្ស​សាធារណរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត​ទ្រាំរស់​ជាមួយ​លោក​ត្រាំ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត ទី៨ វិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ