អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដូណាល់ ត្រាំ ជាប្រធានាធិបតី​​អាមេរិក ជា​ឱកាស​ពង្រឹងសហភាព​អឺរ៉ុប ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា​ លោក ដូណាល់ ត្រាំ នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ទី ៤៥ ចាប់​ពី​ថ្ងៃទី ២០​មករា សម្រាប់​រយៈ​ពេល​បួន​ឆ្នាំ។ លទ្ធផល​ផ្ទុយ​ពីការ​ស្ទង់​មតិ និង​ព្យាករណ៍​បានរញ្ជួយ​​ពិភពលោក​ទាំង​មូល​។ បើ​តាម​កម្មវិធី​នយោបាយ​របស់​លោក និង​ប្រសិន​បើ​លោក​ប្រធានាធិបតី​អនុវត្ត​តាម​មែន នោះ​គឺ​ប្រៀប​ដូច​ជា​កំពុង​កាច់​ចង្កូត​​អាមេរិក​ចូលរបត់​ថ្មី​ ខុស​ស្រឡះ​នឹង​អាមេរិក​នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ខាង​អឺរ៉ុប ហាក់​ដូច​ជា​មាន​លាក់​គំនួច​មួយ​ចង់​ឃើញ​លោក​ដូណាល់ ត្រាំ ក្លាយ​ជា​មេដឹកនាំ​អាមេរិក​ដែរ ? ហេតុអ្វី ? តើ​អឺរ៉ុបសង្ឃឹម​​អាច​ទាញ​ផល​អ្វី​បាន​ខ្លះ ពី​អាមេរិក​របស់​លោកត្រាំ ?

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker ផ្ញើ​លិខិត​អប​អរ​លោក​ត្រាំ
ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker ផ្ញើ​លិខិត​អប​អរ​លោក​ត្រាំ AFP PHOTO / JOHN THYS
ផ្សាយពាណិជ្ជកម្ម

គ្មាន​បទ​ពិសោធន៍​ មិន​ធ្លាប់​ប្រលូក​ក្នុង​តួនាទី​នយោបាយ មាន​និស្ស័យពី​កំណើត​​ជា​អ្នក​ជំនួញ សំដីក្អេងក្អាង មាត់​ឆៅ ចរិត​ឆេវឆាវ ផ្លាស់​ប្តូរ​លឿន នេះ​ហើយ​អ្វី​ដែល​គេ​អាច​បរិយាយ​ដោយ​ខ្លី ថា​នរណា​ជា​ ដូណាល់ ត្រាំ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពិភពលោក​ទាំង​មូល ជា​ទូទៅ ហាក់​មាន​ការ​ព្រួយ​បារម្ភ ​ មិន​ទុក​ចិត្ត​ ចង់​ឃើញ​ជោគជ័យ​របស់​លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ព្រោះ​មិន​ដឹង​ថា​តើ​លោក​ដូណាល់ ត្រាំ​ នឹង​អាច​ដឹកនាំ​ប្រទេស​​ទៅ​ទិស​ណា បើ​នយោបាយ​ការបរទេស​ក៏​មិន​ច្បាស់​លាស់ ពាណិជ្ជកម្ម​អន្តរជាតិ​ក៏​ស្ថិត​នៅ​លើ​ភ្លើង បញ្ហា​បរិស្ថាន​ក៏​លែង​ប្រាកដ​ប្រជា ដោយ​លោក​គំរាម​ចង់​វិល​ប្រើ​ថាមពល​រំពឹង​ទាំង​ស្រុង​លើ​ធ្យូងថ្ម ​ ...

តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ជាមាន​ល្បាយ​អារម្មណ៍​​ភ្ញាក់​ផ្អើល​ផង និង​ខក​ចិត្ត​ផង ក៏​ដោយ​ក៏​អឺរ៉ុប បានប្រកាស​​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ធ្វើការ​ជាមួយ​អាមេរិក​ និង​អញ្ជើញ​លោក​ដូណាល់ ត្រាំ មក​ចូល​រួម​ជំនួប​កំពូល​អឺរ៉ុប​អាមេរិក នៅ​ពេល​ហុច​ឱ្យ។ តាមការ​ពិត​ទៅ​ ​អឺរ៉ុបក៏​បាន​ត្រៀម​លក្ខណៈ​ដែរ ! អឺរ៉ុប​​មាន​លាក់​គំនួច​មួយ​ថា​ប្រសិន​បើ​លោក​ដូណាល់​ត្រាំ ក្លាយ​​ប្រធានាធិបតី​អាមេរិកមែន ក៏​មិន​ជា​អី​ឡើយ។ វា​មិន​មែន​ជា​មហន្តរាយ​សម្រាប់​សហភាព​អឺរ៉ុប​ឡើយ តែ​អាច​ជា​ផល​ល្អ​ទៅ​វិញ​ទេ ព្រោះ​មាន​ហេតុផល​ច្រើន ៖

 
មាន​អឺរ៉ុប​មិន​តិច​ទេ ជា​ពិសេស​អាល្លឺម៉ង់ និង​បារាំង មិន​ពេញ​ចិត្ត​នឹង​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប-អាមេរិក និង​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​ពាណិជ្ជកម្មសេរី​ផ្សេងៗ​ទៀត។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​ក្រោយ​ ហើយ​បើ​ចង់​ប្រឆាំង គ្មាន​មធ្យោបាយ​អ្វី​ប្រសើរ​ជាង​ការ​ជាប់​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ​ឡើយ ព្រោះ​គាត់​មាន​នយោបាយ​បិទ​ទ្វារ ការពារ​តែ​ប្រយោជន៍​អាមេរិក​ខ្លួន​ឯង មិន​ត្រូវ​ការ​ខ្វល់​ខ្វាយ​ពាក់ព័ន្ធ​ជាមួយ​អឺរ៉ុបច្រើន​ទេ ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច។ ប្រសាសន៍​លោក ត្រាំ ​នៅ​ពេល​ឃើញ​ប្រជាពលរដ្ឋ​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ​ចាក​ចេញ​ពី​អឺរ៉ុប បញ្ជាក់​បាន​ថា​អឺរ៉ុប​គ្មាន​ក្នុង​ក្រសែ​ភ្នែក​លោក​ទេ។

អាមេរិក​បាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្ថាបនា​អឺរ៉ុប តាំង​ពី​​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរមក តែជាមួយ​​លោក​ត្រាំ អឺរ៉ុប​ត្រូវ​ប្រឹង​ខ្លួន​ឯង ដោយកុំ​គិត​ចាំ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ទៀត។ នេះ​ជា​ឱកាស​ល្អ សម្រាប់​សហភាពអឺរ៉ុប បើ​ចង់​ក្លាយ​ខ្លួន​ជា​មហាអំណាច​ មាន​ឯករាជ្យ​ ដាច់​ពី​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។ ក្រែង​គម្រោង​នេះ​អឺរ៉ុប​ចង់​បាន រដ្ឋ​សហព័ន្ធ​មួយ​​តាំង​ពី​យូរ​មក​ហើយ តែ​ត្រូវ​ពន្យា​រ​ពេល​ ដោយ​សារតែ​ការ​លូកដៃ​របស់​អាមេរិក​ ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់​នោះអី ?!

ដំណាក់កាលទីពីរ អាមេរិក​របស់​លោក​ត្រាំ អាច​នឹង​កាត់​បន្ថយ​​សកម្មភាព​ក្នុង​​អង្គការ​អូតង់។ បច្ចុប្បន្ន​នេះ អាមេរិក​តំណាង​ឱ្យ​៧៥%​នៃ​ចំណាយ​របស់អូតង់ បើ​អាមេរិក​ដក​ខ្លួន​ចេញ អឺរ៉ុប​គ្មាន​អ្វី​យក​មក​បំពេញ​ហិប​ឡើយ។ ការ​ដក​ខ្លួន​ចេញ​ពី​អូតង់​របស់​អាមេរិក ពិត​ជា​ផលវិបាក​ដ៏​ឡូស៊ិក​មួយ​​នាំ​អឺរ៉ុប​ឱ្យ​រំលេច​ឡើង​នូវ​កិច្ចសហប្រតិបត្តិការ​យោធា​ ក្នុង​រង្វង់​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​តែ​មួយ។ ជាពិសេស​ក្នុង​​បរិបទ​នៃ​ទំនាក់ទំនង​តាន​តឹង​​រវាង​អឺរ៉ុប​និង​រុស្ស៊ីស្រាប់​ផង អឺរ៉ុប​ពិត​ជា​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ។ សមាជិក​អឺរ៉ុប​ត្រូវ​តែ​ប្រឹង​សហការ​គ្នា​ផ្នែក​យោធា​ ឬ​អា​ច​រុញ​ឱ្យ​សម្រេច​កិច្ចសហប្រតិបត្តការ​យោធា​ទ្វេ​ភាគី ឧទាហរណ៍​បារាំងនិង​បារាំង និងសម្រេច​​សក្តានុពល​បង្កើត​ស្ថាប័ន​យោធា​អឺរ៉ុប​ផង​ក៏​ថា​បាន។ កង្វះ​ខាតចំណុច​មួយ​ បាន​​រំខាន​អឺរ៉ុប​មិន​ឱ្យ​ក្លាយ​ជា​មហាអំណាច​យោធា​ទីពីរ​នៅ​លើ​ពិភពលោក​បាន។ សង្ឃឹម​ថា​ការ​ភ្ញាក់​ផ្អើលនឹង​លទ្ធផល​ឆ្នោត​អាមេរិក​ថ្ងៃទី ៨ វិច្ឆិកា អាច​ចាក់​ដល់​ចង្កេះ​មេ​ដឹកនាំ​អឺរ៉ុប ឱ្យ​ភ្ញាក់គិត​គូរ​ ស្ថាបនា​អឺរ៉ុប​មួយមាន​ទាំង​ស្ថាប័ន​រដ្ឋ​បាល និង​យោធា​។

អ្នក​ឯកទេស​និង​ជំនាញ​ ហ៊ាន​សន្និដ្ឋាន​បែប​នេះ ក៏​ព្រោះ​បាន​សម្គាល់​ឃើញ​អឺរ៉ុប​ផ្តើម​យល់​ ថាពីភាព​ចាំបាច់ខ្លាំងឡើង​​នៃ​ការ​បង្កើត​យោធា​អឺរ៉ុប​រួម តាំង​ពី​វិបត្តិ​គំរាម​កំហែង​ភេរវកម្ម និង​ដំណើរ​ចាក​ចេញ​ពីអឺរ៉ុប​របស់​អង់គ្លេស។​

ជោគជ័យ​របស់​ត្រាំ ក៏​ញុះញង់​ឱ្យ​អឺរ៉ុប​គិត​គូរ​​ធ្វើ​ទំនើប​កម្ម​អាវុធ​យុទ្ធភ័ណ្ឌ ដោយ​ស្វែង​រក​ការ​អាវុធ​ ផលិត​នៅ​អឺរ៉ុប។ បើ​ដូច្នេះ​មែន​នោះ​វា​ពិតជា​ប្រពៃ​ណាស់​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​ទាំង​ឡាយ​កាន់​តែ​មាន​សុខភាព​ល្អ និងទីផ្សារ​ការងារ​ក៏​អាច​រីក​ឡើង​នៅ​លើ​ទ្វីប​ដ៏​ចំណាស់​មួយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ