អានតួអត្ថបទ

​​លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក ៖ តើ​អាច​មាន​ផលវិបាក​អ្វី​ខ្លះ ?

លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ដោយ​បាន​ឈ្នះ​ឆ្នោត​នៅ​យប់​ថ្ងៃ​ទី ៨ វិច្ឆិកា ! ​ចាប់​ពី​​ថ្ងៃទី​​២០ មករា ២០១៧ ថ្ងៃ​ចូល​​កាន់​តំណែងប្រធានាធិបតី​​ជា​ផ្លូវការ ​ លោក ដូណាល់ ត្រាំ ត្រូវ​ចាប់​ផ្តើមការងារ​ ដោយ​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​រាល់​សំណើ​​​ទាំង​ឡាយ​ដែល​លោក​បាន​សន្យា​នាពេល​ឃោសនា​បោះឆ្នោត។ កម្មវិធី​នយោបាយ​​ខ្លះ មាន​លក្ខណៈ​ហួស​ពីការពិត ដែល​នឹង​អាច​ផ្តល់​ផលវិបាក​មិន​ប្រាកដ​ប្រជា​ដល់​សហរដ្ឋ​អាមេរិក និង​ពិភពលោក។ នេះ​ជា​សំណើ​សំខាន់ៗ​ដែល​លោកដូណាល់​ត្រាំ ត្រូវ​ប្រឈម​នឹង​ភាព​ជាក់ស្តែង​

សកម្មជន​បក្ស​សាធារណរដ្ឋ​អបអរ​ជ័យ​ជំនះ​របស់​លោក Donald Trump នៅ​ Greenwood Village រដ្ឋ Colorado
សកម្មជន​បក្ស​សាធារណរដ្ឋ​អបអរ​ជ័យ​ជំនះ​របស់​លោក Donald Trump នៅ​ Greenwood Village រដ្ឋ Colorado Jason Connolly / AFP
ផ្សាយពាណិជ្ជកម្ម

បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​សហរដ្ឋ​អាមេរិក

គ្រាន់​តែ​បាន​ប្រកាស​ខ្លួន​ជា​បេក្ខជន​ប្រធានាធិបតី​ភ្លាម លោក​បាន​បញ្ចេញ​សំណើ​ដ៏​រន្ធត់​មួយ គឺ​ការ​ដេញ​អន្តោប្រវេសន៍​១១​លាន​នាក់​ចេញ​ពី​សហរដ្ឋ។ លោក​បាន​បញ្ជាក់​ជំហរ​នេះ​ និង​មិន​ធ្វើ​ការ​ប្តូរ​ផ្លាស់​ឡើយ ព្រោះ​អន្តោប្រវេសន៍​ខុសច្បាប់​ធ្វើ​អាមេរិកខាត​បង់​២០០ពាន់​លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ និង​ចង់​សង់​ជញ្ជាំង​ខណ្ឌ​ចែក​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ទៀត ដើម្បី​ទប់​លំហូរ​អន្តោប្រវេសន៍។ ​ប៉ុន្តែប្រតិបត្តិការ​នេះ ត្រូវ​ការ​ចំណាយ​ធំ​ខ្លាំង​ទាំង​កម្លាំង​មនុស្ស ទាំង​ថវិកា និង​ត្រូវ​រង​សម្ពាធ​មនុស្សធម៌ សិទ្ធិមនុស្ស​ដែល​ធ្វើ​ឱ្យ​ខូច​រូប​ភាព​សហរដ្ឋ​អាមេរិក​ខ្លាំង។ ​បើ​តាម​វិបសៃត៍ Buzzfeed លោកដូណាល់​ ត្រាំ​បាន​ខ្សិប​ប្រាប់​អ្នកកាសែត​New York Times ថា​នឹង​បោះបង់​សំណើ​នេះ​នៅ​ពេល​ជាប់​ឆ្នោត។

ហាម​មិន​ឱ្យ​អ្នកកាន់​សាសនាអ៊ីស្លាម​ចូល​អាមេរិក
តើ​លោកដូណាល់ ត្រាំ អាច​សម្រេច​ហាម​មិន​ឱ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចូល​ជាន់​ទឹក​ដីអាមេរិក​ទេដូច​សន្យា​បាន​ឬ ?! ​ថ្វី​បើ​អាមេរិក​​ធ្លាប់​ដាក់​បម្រាម​លើ​ក្រុមមនុស្ស​​ចំនួន​ដូច​ជា​ចិន ឬ​ជប៉ុន នៅ​ឆ្នាំ​១៩៤៣បាន​សម្រេច​មែន​ តែ​កាលណោះ​ដោយ​ផ្អែក​លើ​សញ្ជាតិ។ ក្រៅ​បរិបទ​សង្គ្រាម និង​ដោយ​ផ្អែក​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​អន្តរជាតិ ហាមឃាត់​មនុស្ស​ព្រោះ​សាសនា​មិន​អាច​ធ្វើ​ទៅ​រួច​បានឡើយ។

បញ្ចុះ​ពន្ធដារ
ចំពោះ​ការ​កាត់​បន្ថយ​ពន្ធដារ ដែល​លោក​មាន​ជា​ជំហរ​ជា​អ្នក​សេរីនិយម​បំផុត​នោះ ក៏​ទំនង​ជា​នឹង​ពិបាក​សម្រេច​បាន​ដែរ។ លោក​ចង់​កំរិត​ការ​បង់ពន្ធ​ត្រឹម​២០% មិន​មែន​៤០%​ដូច​ពេល​នេះ​ទេ មាន​ន័យ​ថា អ្នក​មានខ្លាំង​(១%)​នឹង​អាច​ចំណេញ​បាន២៧​ម៉ឺន​ក្នុង​មួយ​ឆ្នាំ​ ឯ​អ្នក​ក្រ​បំផុត(២០%)​ អាច​សន្សំ​បាន​តែ​១២៨ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។​ សំណើនេះ​នឹង​ធ្វើ​ឱ្យ​អាមេរិក​កើន​បំណុល​ដល់​ទៅ​១៤០% បើ​ប្រៀប​នឹង​នយោបាយ​លោក​អូបាម៉ា ដែល​មាន​ត្រឹម​៨៦%។

សើរើ​ទំនាក់ទំនង​ជាមួយ​ចិន
ដោយ​មាន​អំណួត​អំណាង​ខាង​រក​ស៊ី លោកដូណាល់​ត្រាំ​ ប្រកាស​ចង់​ចរចា​ឡើង​វិញ លើ​គ្រប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ដៃ​គូ​នៅ​លើ​ពិភពលោក មួយ​ម្តងៗ និង​ពិសេស​ជាមួយ​ចិន។ ប៉ុន្តែ​ជា​សំណើ​ដែល​អាច​ផ្ទុយ​នឹង​ច្បាប់​ពាណិជ្ជកម្ម​ពិភពលោក​ និង​អាច​នាំ​ឱ្យ​ប៉េកាំង​ធ្វើ​ការ​ប្តឹង​ផ្តល់​ផង។
ទាក់ទង​នឹងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម និ​ងអង្គការ​រដ្ឋ​អ៊ីស្លាម លោក ដូណាល់ ត្រាំ ចង់​បើ​កម្លាំង​យោធា​ប្រឆាំង​នឹង​សមាជិក​ក្រុម​គ្រួសារទាហាន​អាស៊ីស​តែ​ម្តង យុទ្ធសាស្រ្ត​នេះ បើ​ប្រធានាធិបតី​ត្រាំ ធ្វើ​មែន នោះគឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ហើយ។

Obamacare
ជា​ចុង​ក្រោយ អាមេរិក​ជាមួយ​នឹង​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ប៉ង​លុប​ចោលរាល់​ក្រិត្យ​ប្រធានាធិបតី​ ជាពិសេស​ក្រិត្យ​ទាក់ទង​នឹង​ការ​ធានា​រ៉ាប់រង​សុខភាព ព្រោះលោក​មហាសេដ្ឋី​យល់​ថា​ថ្លៃ​ជ្រុល។ ប៉ុន្តែ​សួរ​តើ​រដ្ឋបាល​លោក​អាច​មាន​សមត្ថភាព​ប៉ុណ្ណា​ក្នុង​ការ​ដាក់​វិស័យ​នេះ​ឱ្យ​មានការ​ប្រកួត​ប្រជែង​ ដើម្បី​បាន​ថោក៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ