អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើវត្តមានក្រុមគ្រួសារលោក ដូណាល់ ត្រាំ ក្នុងក្រុមការងារផ្ទេរអំណាចជាអំពើបក្សពួកនិយម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 លោក​ ដូណាល់​ ត្រាំ​ បាន​តែងតាំង​​កូន​បង្កើត​របស់​គាត់​​ចំនួន​បី​នាក់​ចូល​ទៅ​ក្នុង​សមាសភាព​ក្រុម​ការងារ​ផ្ទេរ​អំណាច​សំរាប់​រដ្ឋាភិបាល​ថ្មី។​ កូន​ទាំងបី​នាក់​នោះ​រួម​មាន​៖ Eric, Donald Junior និង​ Ivanka។ ក្រៅ​ពី​កូន​បង្កើត​ទាំងបី​នាក់​នោះ​ លោក​ ត្រាំ ក៏​បាន​បញ្ចូល​កូន​ប្រសារ​របស់​គាត់​ម្នាក់គឺ Jared Kushner (ស្វាមី​នាង​ Ivanka)​ ចូល​ទៅ​ក្នុង​ក្រុម​ការងារ​នោះ​ផងដែរ។​ វត្តមាន​សមាជិកក្រុម​គ្រួសារ​​របស់​​អនាគត​ប្រធានាធិបតី​អាមេរិក​ថ្មី​ ក្នុង​ការ​រៀបចំ​ផ្ទេរ​អំណាច​នេះ​កំពុង​តែ​ចោទ​ជា​ចម្ងល់​យ៉ាង​ខ្លាំង។​ តើ​ការ​តែងតាំង​នេះ​ស្រប​ច្បាប់​ដែរឬទេ?​ តើ​គេ​អាច​ចាត់​ទុក​ថា​នេះជា​អំពើ​បក្ស​ពួក​និយម​បាន​ដែរ​ឬទេ?​  

លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក
លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក Reuters/路透社
ផ្សាយពាណិជ្ជកម្ម

 

បណ្តា​សារព័ត៌មាន​អាមេរិក​ និង​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជុំវិញ​វត្តមាន​សមាជិក​ក្រុម​គ្រួសារ​លោក​ ដូណាល់​ ត្រាំ​ នៅ​ក្នុង​សមាសភាព​ក្រុមការងារ​រៀបចំ​ផ្ទេរ​អំណាច​សំរាប់​រដ្ឋាភិបាល​ថ្មី។​ សព្វ​ថ្ងៃ​នេះ​ លោក​ ដូណា​ល់​ ត្រាំ​ បាន​បញ្ចូល​កូន​បង្កើត​ចំនួន​ ៣ នាក់​ និង​កូន​ប្រសារ​ប្រុស​ម្នាក់​ទៅ​ក្នុង​ក្រុម​ការងារ​ផ្ទេរ​អំណាច​នោះ។​ ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​រៀបចំ​ជ្រើស​រើស​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ និង​តែងតាំង​មន្រ្តី​នៅ​តាម​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ថ្មី។​ ក្រុម​ការងារ​នេះ​ត្រូវ​ធានា​ថា​ ការ​ផ្ទេរ​អំណាច​នឹង​ត្រូវ​ធ្វើ​យ៉ាង​រលូន​ អោយ​បាន​មុន​ថ្ងៃ​ទី​២០ មករា​ ២០១៧​។ ថ្ងៃ​នោះ​ហើយ​ដែល​លោក​ ដូណាល់​ ត្រាំ​ នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ផ្លូវការ។​

ក្រោយ​ពីទទួល​ជ័យ​ជំនះ​ លោក​ ដូណាល់​ ត្រាំ​​ ធ្លាប់​បាន​ប្រកាស​ថា​នឹងប្រគល់​មុខ​ជំនួញ​រកស៊ី​ទាំងអស់​អោយ​កូន​បង្កើត​ជា​អ្នក​គ្រប់​គ្រង។​ តាមរយៈ​នេះ​ លោក​នឹង​បង្កើត​ក្រុមហ៊ុន​ផ្ទេរ​កិច្ចការ​រក​ស៊ី​មួយ​ (blind trust)​ ដោយ​លោក​គ្មាន​សិទ្ធិ​ចូល​ជ្រៀត​ជ្រែក​ត្រួត​ពិនិត្យ​ឡើយ​។ ហើយ​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​មាន​ភារកិច្ច​តាមដាន​ការ​គ្រប់​គ្រង​មុខ​ជំនួញ​របស់​កូន​បង្កើត​គាត់​។​ បើ​តាម​លោក​ Daniel DiSalvo អ្នក​ជំនាញ​ប្រចាំ​ City College នៅ​ទីក្រុង​ញ៉ូវយក​បាន​វិភាគ​ថា​ ករណី​លោក​ ដូណាល់​ ត្រាំ​ មាន​ចំនុច​ប្រទាក់​ក្រឡា​គ្នា​ច្រើន​ងាយ​ស្រួលណាស់​ ក្នុង​ការ​​បង្ក​អោយ​មាន​ជម្លោះ​ផល​ប្រយោធន៍ ឬ​ការ​ជួញ​ដូរ​ឥទ្ធិពល​រវាង​មជ្ឈដ្ឋាន​នយោបាយ​ និង​មុខ​ជំនួញ​ឯកជន​។

កូនប្រសារ​ដ៏​អាថ៌កំបាំង និង​ដ៏​មាន​ឥទ្ធិពល
បើ​យោង​តាម​សារព័ត៌មាន​អាមេរិក​នានា ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​ និង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កូន​ប្រសារគឺ Jared Kushner ​ជា​មនុស្ស​ជំនិត​បំផុត​ ដែល​លោក​ ដូណាល់​ ត្រាំ​ តែង​ពិគ្រោះ​យោបល់​ជាមួយ។​ ជាអ្នក​ជំនួញ​វ័យ​ក្មេង​ផែ្នក​អចលនទ្រព្យ​ Jared Kushner ​មាន​ខ្សែ​ស្រឡាយ​ចេញ​ពី​គ្រួសារ​ជ្វីស​អ័រតូដុក​ដ៏​មហាអភិរក្ស​និយម​ដើម​កំណើត​ប៉ូឡូញ។ ទស្សនាវដ្តី​ Vanity Fair​ ​ប្រៀប​ប្រដូច​ Jared Kushner​ ទៅ​នឹង​គ្រូ​ធ្មប់​សូត្រ​មន្ត​អាគម​ ដែលធ្វើ​អោយ​​លោក​ ដូណាល់​ ត្រាំ តែង​សុំ​ស្តាប់​យោបល់​ជានិច្ច​។

លោក​ស្រី​ Jeanne Zaino សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ប្រចាំ​ Iona College នៅ​ទីក្រុង​ញ៉ូវយក​បាន​វិភាគ​ថា​ Jared Kushner​ ឡើង​រះ​ត្រដែត​បែប​នេះ​​​ ព្រោះ​តែ​កូន​ប្រសារ​រូប​នេះ​បាន​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ចំពោះ​ឱពុក​ក្មេក​។ គេ​ជា​មនុស្ស​អាថ៌កំបាំង​ពុំ​ដែល​និយាយ​ជាមួយ​សារព័ត៌មាន​ ឬ​បញ្ចេញ​យោបល់​លើ​បណ្តាញ​សង្គម​ឡើយ។ ហើយ​រូប​គេ​នេះ​ហើយ​ជា​អ្នក​សរសេរ​សុន្ទរកថា​មួយ​ចំនួន​អោយ​លោក​ ដូណាល់​ ត្រាំ។ ថ្មីៗ​នេះ​​ គេ​ក៏​ឃើញ​ Jared Kushner បានជួប​សន្ទនា​ទល់​មុខ​គ្នា​ជាមួយ​លោក​ Denis McDonough នាយក​ខុទ្ទកាល័យ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ដើម្បី​រៀបចំ​កិច្ច​ការ​ក្នុង​សេតវិមាន។​

យោង​តាម​សារព័ត៌មាន​ New York Times និង​ Wall Street Journal​ លោក​ Jared Kushner ទំនង​ជា​បាន​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី​ម្នាក់​ ដើម្បី​ចង់​ដឹង​ពី​លទ្ធភាពតាម​ផ្លូវ​ច្បាប់ ​ក្នុង​ការ​ដែល​ខ្លួន​ចង់​ក្លាយ​ជា​សមាជិក​រដ្ឋាភិបាល​។ អ្វី​ដែល​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ គឺ​ Jared Kushner ក៏​ជា​អ្នក​ដែល​បាន​ផាត់​លោក​ Chris Christie ចេញ​ពី​​តំណែង​ប្រធាន​ក្រុម​ការងារ​ផ្ទេរ​អំណាច។​ ទង្វើ​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ការ​សង​សឹក​អោយ​ឱពុក​របស់​ខ្លួន​ ដែល​ធ្លាប់​បាន​ជាប់​ពន្ធាគារ​ចំនួន ២ ឆ្នាំ​ដោយ​សារ​ការ​ចោទ​ប្រកាន់​របស់​លោក​ Chris Christie​ ពេល​មាន​មុខ​​តំណែង​ជា​អគ្គ​រដ្ឋ​អាជ្ញា​ប្រចាំ​រដ្ឋ​ New Jersey។

ច្បាប់​ប្រឆាំង​អំពើ​បក្ស​ពួក​និយម (Federal Law Ant-Nepotism Law)
វេបសាយ​ Politico បាន​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី​មួយ​ចំនួន​។​ បើ​តាម​មេធាវីទាំងនោះ​ ប្រសិន​បើ​លោក​ ដូណាល់​ ត្រាំ​ ​តែងតាំង​កូន​ប្រសារ​គាត់​ជា​សមាជិក​រដ្ឋាភិបាល​ វា​ប្រាកដ​ណាស់​ នេះ​​ជា​អំពើ​បក្ស​ពួក​និយម។​ សូម​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​មាន​ច្បាប់​មួយ​ ដែល​គេហៅ​ថា​ ច្បាប់​ប្រឆាំង​អំពើ​បក្ស​ពួក​និយម។ ច្បាប់​សហព័ន្ធ​នេះ​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ១៩៦៧។​ ហើយច្បាប់​នេះ​បាន​ចែង​ច្បាស់​ហាមឃាត់​មិន​អោយ​អ្នក​មាន​តួនាទី​ខ្ពស់​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ (ជា​ពិសេស​ប្រធានាធិបតី)​ ​តែងតាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ ឬ​គ្រួសារ​សាច់​ថ្លៃ​អោយ​ចូល​បំរើ​ការ​មាន​ប្រាក់​បៀវត្សរ៍​ក្នុង​ជួរ​រដ្ឋាភិបាល។

ប៉ុន្តែ ច្បាប់​នេះ​ហាក់​មាន​ភាព​ស្រពិច​ស្រពិល​ពុំ​បាន​បញ្ចាក់​ច្បាស់​លាស់ជុំវិញ​ឋានៈ​ទីប្រឹក្សា​​។ ដកស្រង់​សំដី​នៅ​ក្នុង​ទស្សនាវដ្តី​ L'Express លោក​ Jean-Eric Brana សាស្រ្តាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ​ប៉ារីសទី ២ បាន​បញ្ជាក់​ថា​ វត្ត​មាន​​កូន​បង្កើត​ និង​កូន​ប្រសារ​របស់​លោក ​ដូណាល់​ ត្រាំ​ ​នៅ​ក្នុង​ក្រុម​ការងារ​ផ្ទេរ​អំណាច​គឺ មិន​ខុស​ច្បាប់​ទេ។​ ប៉ុន្តែ វា​គ្រាន់​តែ​ជា​ការ​ភ្ញាក់​ផ្អើល​មិន​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។​ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​លោក​ ត្រាំ តែងតាំង​ពួក​គេ​ចូល​ជា​សមាជិក​រដ្ឋាភិបាល​ ប្រាកដ​ណាស់​ វា​នឹង​ក្លាយ​ជា​អំពើ​ខុស​ច្បាប់។
បើ​តាម​សារព័ត៌មាន​ Washington Post លោក ដូណាល់​ ត្រាំ​ អាច​ពង្វាង​ច្បាប់​នេះ​ ដោយ​អាច​តែងតាំង​សមាជិក​គ្រួសារ​គាត់​ចូល​ទៅ​ក្នុង​​​ក្រុម​ការងារ​ប្រចាំ​ព្រឹទ្ធសភា។​

ម៉្យាង​ទៀត​ ប្រធានាធិបតី​អាច​ដាក់​បញ្ចូល​បុគ្គល​ណា​ក៏​បាន​ទៅ​ក្នុង​ខុទ្ទកាល័យ​ស្ទួន​មួយ​ ដែល​​គេ​ហៅ​ការិយាល័យ​ប្រតិបត្តិ​ប្រធានាធិបតី​ (EOP)។​ បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៣៩ ការិយាល័យ​នេះ​មាន​ដំណើរ​ការ​ស្រប​គ្នា​បេះបិទ​ទៅនឹង​ខុទ្ទកាល័យ​ប្រធានាធិបតី។​ សមាជិក​ខ្លះ​មាន​ឥទ្ធិពល​ដូច​រដ្ឋ​មន្រ្តី​អញ្ចឹង​។​ ការ​តែងតាំង​សមាជិក​ក្នុង​ការិយាល័យ​នេះ​ពុំ​ចាំ​បាច់​សុំ​ការ​អនុម័ត​ពីសភា​ឡើយ។​ ច្បាប់​ប្រឆាំង​អំពើ​បក្សពួកនិយម​​ក៏ពុំ​​បាន​បញ្ជាក់​លំអិត​ពី​ការ​តែងតាំង​នៅ​ក្នុង​ការិយាល័យ​នេះ​ឡើយ។ ជា​ទ្រឹស្តី​ លោក​ ត្រាំ​ អាច​តែង​តាំង​កូន​គាត់​ និង​កូន​ប្រសារ​នៅ​ក្នុង​ការិយាល័យ​នោះបាន​ ដរាប​ណា​ពួក​គេ​​មិន​ទទួល​ប្រាក់​បៀវត្សរ៍​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ