ហ្វីដែលកាស្រ្តូ បិតាបដិវត្តគុយបា ទទួលមរណភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២០
បិតាបដិវត្តគុយបា លោក ហ្វីដែល កាស្រ្តូ បានទទួលមរណភាព នៅថ្ងៃសុក្រទី ២៥ វិច្ឆិកា ក្នុងជន្មាយុ ៩០ឆ្នាំគត់។ ពិធីបូជាសពលោក ហ្វីដែល កាស្ត្រូ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ធ្នូ ២០១៦។ លោក ហ្វីដែល កាស្រ្តូ ឬប្រមុខម៉ាក្ស បានឡើងដឹកនាំប្រទេស បន្ទាប់ពីបានតស៊ូដោយកាន់អាវុធ និងបានកាន់អំណាចដឹកនាំប្រទេសតែម្នាក់ឯង រយៈពេលជាង កន្លះសតវត្សរ៍ និងបានតាំងខ្លួនជាសត្រូវរបស់សហរដ្ឋអាមេរិក ព្រមទាំងបានប្រឈមនឹង ប្រធានាធិបតីដល់ទៅ១១រូប ពោលគឺតាំងពីប្រធានាធិបតីEisenhower ដល់ Obama។ ដោយមានជំងឺប្រចាំកាយ លោក ហ្វីដែល កាស្ត្រូ បានលាលែងចេញពីតំណែង ប្រមុខរដ្ឋ នៅឆ្នាំ២០០៦ ដោយប្រគល់ភារកិច្ចដឹកនាំប្រទេសឱ្យលោក រ៉ាអ៊ូល កាស្ត្រូ ជាប្អូនប្រុស។
កើតនៅថ្ងៃទី ១៣ សីហា ១៩២៦ លោក ហ្វីដែលកាស្ត្រូ កើតក្នុងត្រកូលអន្តោប្រវេសន៍អេស្ប៉ាញ ដែលមករកស៊ីមានបាននៅគុយបា ដោយរបរកសិកម្មអំពៅ។ ក្រោយពីបញ្ចប់ការសិក្សាសាលាសាសនា លោកបានបន្តរៀននៅសាលាច្បាប់ដើម្បីក្លាយជាមេធាវី និងបានចូលប្រលូកក្នុងនយោបាយ ដោយទស្សនៈហិង្សាផងនៅពេលខ្លះ។
នៅអាយុ២៧ឆ្នាំ លោក ហ្វីដែល កាស្ត្រូ បានចាប់កាន់អាវុធ បញ្ចេញសកម្មភាពខុសច្បាប់បះបោរ ក្នុងបំណងផ្តួលរំលំរបបដាច់ការស្តាំនិយម។ ប្រតិបត្តិការដំបូងសំដៅវាយលេនដ្ឋានយោធាសំខាន់ទីពីររបស់រដ្ឋនៅឆ្នាំ១៩៥៣ បានបរាជ័យ លោកត្រូវបានអាជ្ញាធរចាប់ខ្លួននិងកាត់ទោសដាក់ពន្ធនាគារ រយៈពេល៣០ឆ្នាំ តែមិនបានធ្វើឱ្យលោកបាក់ស្បាតដកថយឡើយ។
ពីរឆ្នាំក្រោយ (១៩៥៥) ក្រោយពីទទួលការលើកលែងទោស លោកបានរត់គេចខ្លួនទៅប្រទេសម៉ិចស៊ិក ទីដែលលោកនិងប្អូនប្រុសបានជ្រួតជ្រៀបកាន់តែជ្រៅក្នុងមនោគមវិជ្ជាម៉ាក្សលេនីន និងបានប្រើពេលបីឆ្នាំរៀបចំផែនការទ័ពព្រៃ២៥ខែ ដើម្បីធ្វើបដិវត្តផ្តួលរំលំមេដឹកនាំផ្តាច់ការ Fulgencio Batista។
នៅឆ្នាំ១៩៥៦ ហ្វីដែល កាស្ត្រូ និងមិត្តរួមអាវុធ៨១នាក់ បានត្រលប់មកកោះគុយបាវិញ តែមានតែ៧នាក់ប៉ុណ្ណោះ ក្នុងនោះគឺមានរូបលោក និងប្អូនប្រុស ព្រមទាំងErnesto Che Guevara អាចរត់ចូលព្រៃលើកោះគុយបាបាន។ មានអាវុធតែ៧ដើម តែលោកកាស្ត្រូ អាចទាក់ទាញប្រមូលប្រជាពលរដ្ឋដែលមិនពេញចិត្តរបបដឹកនាំកំពុងកាន់អំណាច ហើយនៅថ្ងៃទី ១មករា ១៩៥៩ ទ័ពព្រៃលោកបានចេញវាយលុកបណ្តេញ បាទីស្តា បានជោគជ័យ ! រដ្ឋាភិបាលកាស្ត្រូ បានកើតចេញជារូបរាងតាំងពីនោះមក ដោយមានលោក ហ្វីដែលកាស្ត្រូ អាយុ ៣២ឆ្នាំជាមេទ័ព ជានាយករដ្ឋមន្ត្រី និងដឹកនាំប្រទេសរហូតតែម្នាក់ឯង ដល់ឆ្នាំ២០០៨។ លោកមិនសូវបង្ហាញជីវិតគ្រួសារទេ។ លោកកូនយ៉ាងហោច៩នាក់ កូនច្បងមានឯកទេសនុយក្លេអ៊ែរពីសូវៀត។
បដិវត្តកាស្ត្រូនិងអំណាចផ្តាច់ការ
លោក ហ្វីដែល កាស្ត្រូ ជាបិតាបដិវត្ត ជាអ្នកដែលបានផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ដោយបានផ្តួលរំលំមេដឹកនាំផ្តាច់ការ បាទីស្តា! ជាវីរបុរស សម្រាប់គុយបាខ្លះ និងជាមេដឹកនាំផ្តាច់ការ ប្រើអំណាច សម្រាប់ខ្លះផ្សេងទៀត។ បានសម្តី ពូកែវោហា ធ្វើសុន្ទរកថាគួរជាក់ចិត្ត រាប់ម៉ោង មិនចេះនឿយហត់ លោក ហ្វីដែលកាស្ត្រូ ដែលប្រឆាំងដាត់ខាតនឹងរបបមូលធននិយម នៅពេលបានឡើងកាន់អំណាច បានប្រែក្លាយគុយបាជាប្រទេសសង្គមនិយម តាមជំហរកុម្មុយនិស្តម៉ាកលេនីន មិនចូលបក្សសម្ព័ន្ធ និងមានបន្ទាត់នយោបាយដឹកនាំប្រទេស ធ្វើបដិវត្តិនយោបាយ សេដ្ឋកិច្ច និងសង្គម។
សម្គាល់ដោយអាវពណ៌គគីរ ទុកពុកចង្កាវែង ស៊ីហ្កានៅជាប់នឹងមាត់ លោកហ្វីដែល កាស្ត្រូ បានងាកទៅរកម៉ូស្គូ នៅឆ្នាំ១៩៦១ នៅពេលវ៉ាស៊ីនតោន បានព្យួរទំនាក់ទំនងការទូតជាមួយគុយបា។ របត់នយោបាយដែលសូម្បីតែសកម្មជនរួមបក្សក៏ភ្ញាក់ផ្អើលដែរ។
លោក កាស្ត្រូ បានអនុញ្ញាតឱ្យរុស្ស៊ី ដាក់មីស៊ីលនុយក្លេអ៊ែរលើដែនកោះរបស់ខ្លួនជាដែលនៅកៀកកើយបំផុត ប្រមាណតែ១៥០គីឡូម៉ែត្រពីសហរដ្ឋអាមេរិក។ ភាពប្រឈមដែលវិះនឹងនាំពិភពលោកឱ្យធ្លាក់ក្នុងវិបត្តិនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតទៅហើយ។ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបារហូតមកទល់ថ្ងៃនេះ និងបានលួចរៀបផែនការឃុបឃិតជាមួយពលរដ្ឋគុយបាចូលឈ្លានពានគុយបា តែត្រូវបរាជ័យ។ បើតាមរបាយការណ៍ពិសេសមួយរបស់សភា ភ្នាក់ងារសម្ងាត់អាមេរិកបានប៉ុនប៉ងធ្វើឃាតលោក កាស្រ្តូ ដល់ទៅ ៦៣៨ដង។ តែគ្មាននរណាអាចធ្វើលោក ហ្វីដែល កាស្ត្រូបាន។
នៅពេលរបបសហភាពសូវៀតដួលរលំទៅ គុយបាបាត់បង្អែកសេដ្ឋកិច្ច នៅតែអាចឈរជើងជាប់ ជាប្រទេសកុម្មុយនិស្តដ៏រឹងមាំជាងគេ។ បើទោះបីជាលោកកាស្ត្រូប្រើអំណាចផ្តាច់ការ បង្ក្រាបស្ទើររាបដល់ដី បក្សប្រឆាំង ក៏ប្រជាពលរដ្ឋគុយបាមួយភាគធំ នៅស្មោះស្ម័គ្រនឹងលោកជានិច្ច។ តែដោយហេតុបញ្ហាសុខភាព ទើបលោកត្រូវបង្ខំចិត្តដកខ្លួនជាបណ្តើរៗ និងផ្ទេរតំណែងទៅឱ្យប្អូនប្រុស ដែលជាដៃស្តាំ។ នានាទីចុងក្រោយ លោក ហ្វីដែលកាស្ត្រូ បានសាកល្បងបំពេញកង្វះខាតក្នុងការដឹកនាំ ដោយសុខចិត្តធ្វើកំណែទម្រង់សេដ្ឋកិច្ច សង្គមខ្លះ តាមរយៈជំនួយរបស់វេណេស៊ុយអេឡា និងចិន ដើម្បីកុំឱ្យប្រទេសលង់លិចបាន។
លោករ៉ាអ៊ូល កាស្ត្រូ ដឹកនាំប្រទេសម្នាក់ឯង
លោក រ៉ាអ៊ូលកាស្ត្រូ ពេលនេះ និងជាលើកទីមួយ ត្រូវដឹកនាំប្រទេសម្នាក់ឯង។ កាលពីឡើងកាន់អំណាចភ្លាមលោក រ៉ាអ៊ូល កាស្ត្រូ តែងឆ្លងយោបល់បង រាល់គ្រប់សេចក្តីសម្រេចសំខាន់ៗ។ ក្នុងរយៈពេល១០ឆ្នាំ លោក រ៉ាអ៊ូល កាស្ត្រូ បានផ្តើមធ្វើកំណែទម្រង់ ដោយបានអនុម័តជាប្រវត្តិសាស្ត្រធ្វើកំណែទម្រង់សេដ្ឋកិច្ចសង្គ្រោះគុយបាពីការក្ស័យធន តែមានទម្រង់ជាការដកខ្លួនចេញពីរបបចាស់ដោយសន្សឹមៗ។
ចំពោះការចរចាដោយស្ងាត់ៗជាមួយសហរដ្ឋអាមេរិក រហូតបានសម្រេចជាប្រវត្តិសាស្ត្រស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ក៏ទំនងមិនបានរំលងបងប្រុសដែរ។ នៅក្នុងពេលបិទមហាសន្និបាតបក្សប្រចាំឆ្នាំ កាលពីខែមេសា លោក ហ្វីដែល កាស្ត្រូមិនបានបន្ទោសអំពីការងាករេនយោបាយទូតទៅរកអាមេរិកជាអតីតសត្រូវឡើយ ដោយគ្រាន់រំលឹកថា ត្រូវប្រុងប្រយ័ត្ននឹងវ៉ាស៊ីនតោន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ