អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកបាន គីមូន​បញ្ចប់​តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជាមួយ​នឹង​លទ្ធផល​ខកចិត្ត​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃទី១ មករា ឆ្នាំ ២០១៧ អង្គការ​សហប្រជាជាតិ​មាន​អគ្គលេខាធិការ​ថ្មី គឺ​លោក​អង់តូនីញ៉ូ ហ្គូទែរ៉េស។ អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់​រូប​នេះ​បាន​ចូល​ជំនួស​កន្លែង​លោក​បាន គីមូន​ដែល​បាន​កាន់​តំណែងកំពូល​ពិភពលោក​មួយ​នេះ​អស់​រយៈពេល ២អាណត្តិ​ចំនួន ១០ឆ្នាំ។ តើ​អ្វី​ទៅ​ជា​លទ្ធផល​ដែល​លោក​បាន គីមូន​សម្រេច​បាន​ក្នុង​រយៈពេល ១០ឆ្នាំ​ក្នុង​នាម​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ?។

លោកបាន គីមូន​បញ្ចប់​តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជាមួយ​នឹង​លទ្ធផល​ខកចិត្ត​ខ្លាំង
លោកបាន គីមូន​បញ្ចប់​តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជាមួយ​នឹង​លទ្ធផល​ខកចិត្ត​ខ្លាំង
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ១០ឆ្នាំ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​បាន គីមូន​ដែល​ជា​ជនជាតិ​កូរ៉េ​មិន​បាន​សម្រេច​អ្វី​ឲ្យ​បាន​ដុំកំភួន​ប៉ុន្មាន​ទេ​សម្រាប់​ពិភពលោក ឬ​គេ​អាច​និយាយ​តាម​បែប​ម្យ៉ាង​ទៀត​ថា លោក​បាន គីមូន​មិន​អាច​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​ឲ្យ​មាន​ឯកភាព​នៅ​ផ្ទៃក្នុង​របស់​អង្គការ​ពិភពលោក​មួយ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ មាន​វិបត្តិ​មួយ​ចំនួន​បែរ​ជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រជែង​កម្លាំង​គ្នា និង​ការ​ដណ្តើម​ប្រយោជន៍​គ្នា​រវាង​ប្រទេស​មហាអំណាច ពិសេស​រវាង​សមាជិក និង​សមាជិក​អចិន្ត្រែយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​តែ​ម្តង ពិសេស​វិបត្តិ​ដែល​កំពុង​អូសបន្លាយ និង​ស្មុគស្មាញ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

គឺ​ការ​មិន​អាច​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​នេះ​ហើយ​ដែល​លោក​បាន គីមូន​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​កាល​ពី​ថ្ងៃទី១៣ ធ្នូ​ថា ជា​បរាជ័យ​ដែល​លោក​មាន​ការ​សោកស្តាយ​ខ្លាំងណាស់។ សោកស្តាយ ព្រោះ​លោក​បាន គីមូន​មិន​អាច​ធ្វើ​អ្វី​កើត​នៅ​ចំពោះ​មុខ​ការ​រារាំង បិទខ្ទប់​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដោយ​ការ​ប្រើ​សិទ្ធិវ៉េតូ​របស់​ប្រទេស​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ និង​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ សោកស្តាយ ព្រោះ​លោក​បាន គីមូន​បាន​រង់ចាំ​ជាង ១ឆ្នាំ​មុន​នឹង​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​វិបត្តិ​ស៊ីរី​ដោយ​ធ្វើ​ការ​តែងតាំង​ប្រេសិតពិសេស​ជា​បន្តបន្ទាប់​ចំនួន ៣នាក់។

នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពោល​ក្នុង​ពេល​ដែល​ទីក្រុង​អាឡិប​ដែល​ជា​ទីក្រុង​ទី២ របស់​ស៊ីរី​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​កម្លាំង​រដ្ឋាភិបាល​ស៊ីរី និង​ក្រោម​ការ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី លោក​បាន គីមូន​បាន​បញ្ចេញ​សកម្មភាព​កាន់​តែ​ខ្លាំង​ដោយ​បាន​ចោទ​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ជា​សាធារណៈ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ តែ​កាយវិការ​យ៉ាង​សកម្ម​នៅ​ប៉ុន្មាន​ខែ​មុន​ចាកចេញ​ពី​តំណែង​របស់​លោក​បាន គីមូន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​គ្រប់គ្រាន់ និង​យឺតពេល​បាត់​ទៅ​ហើយ។ មហាជន​ទូទៅ​ក្នុង​លោក​បាន​មើល​ឃើញ​ថា លោក​បាន គីមូន​គួរ​តែ​ចាត់​វិធានការ​នៅ​ស៊ីរី​តាំង​ពី​ដំបូង​ម្ល៉េះ ពោល​មិន​គួរ​ណា​ទុក​ឲ្យ​ស្ថានការណ៍​មួយ​នេះ​ធ្លាក់​ដុនដាប​ដល់​ម្លឹង​ទេ។

ក្រៅ​ពី​វិបត្តិ​នៅ​ស៊ីរី ក៏​មាន​វិបត្តិ​នៅ​ស៊ូដង់​ខាងត្បូង និង​នៅ​យេម៉ែន​ដែល​លោក​បាន គីមូន​អសត្ថភាព​ក្នុង​ការ​ដោះស្រាយ និង​គ្មាន​ជម្រើស​អ្វី​ទុក​ឲ្យ​ប្រទេស​មហាអំណាច​ជា​អ្នក​ចាត់​វិធានការ​ដោះស្រាយ​ដោយ​ទាញ​ចំណេញ​នយោបាយ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​ទេ។ តើ​ទង្វើ​របៀប​នេះ មិនមែន​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ភាព​អាណាធិបតេយ្យ​ក្នុង​លោក​ដែល​គេ​អាច​ហៅ​បែប​ម្យ៉ាង​ទៀត​ថា​ជា​ពិភពលោក​គ្មាន​អាណាព្យាបាល​ទេ ឬ​យ៉ាង​ណា?។ កុំ​ថា​ឡើយ​ដោះស្រាយ​វិបត្តិនយោបាយ​ប្រទេស​មួយ​មិន​បាន សូម្បី​តែ​វិបត្តិ​ជនភៀសខ្លួន​ហូរ​ចេញ​ពី​ប្រទេស​មាន​វិបត្តិ​ទាំង​នោះ​ក៏​លោក​បាន គីមូន​មិន​អាច​និយាយ​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក​ឲ្យ​អនុម័ត​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​បាន​ដែរ។

ជាមួយ​នឹង​ចំនួន​ជនភៀសខ្លួន ៦៥លាននាក់​ដែល​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ច្រើន​ជាង​គេ ឬ​មួយ​ប្តូរទីលំនៅ​ក្នុង​ស្រុក​ដើម្បី​គេច​ពី​សង្រ្គាម ពិភពលោក​មិន​ដែល​មាន​ចំនួន​ជនភៀសខ្លួន​យ៉ាង​ច្រើន​សម្បើម​ដូច​នេះ​ទេ​គិត​តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២។ សម្រាប់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៤៥ នេះ​ជា​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​ជាង​គេ​ដែល​ខ្លួន​មិន​ធ្លាប់​ប្រទះ​សោះ​ឡើយ។ រូប​លោក​បាន គីមូន​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ទទួល​យក​ជនភៀសខ្លួន​ដោយ​លើក​ឡើង​ពី​កាតព្វកិច្ច​មនុស្សធម៌ និង​បាន​ព្យាយាម​កែនប្រមូល​ថ្នាក់ដឹកនាំ​ពិភពលោក​ឲ្យ​អនុម័ត​លើ​ផែនការអន្តរជាតិ​មួយ​ក្នុង​ការ​ចែក​គ្នា​ទទួល​យក​ជនភៀសខ្លួន។ តែ​ទីបំផុត ប្រទេស​សមាជិក​បាន​សម្រេច​ឲ្យ​លើក​យក​ផែនការអន្តរជាតិ​មួយ​នេះ​ទៅ​ជជែក​គ្នា​នៅ​ឆ្នាំ ២០១៨ វិញ។

ចំណាត់ការ​លើ​ការ​គោរព​សិទ្ធិមនុស្ស​ក៏​ជា​ប្រធានបទ​មួយ​ដែល​លោក​បាន គីមូន​បាន​ទទួល​រង​ការ​រិះគន់​ដែរ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០០៩ ពោល​ទើប​ឡើង​កាន់​តំណែង​អគ្គលេខាធិការ​អាណត្តិទី១ បាន ២ឆ្នាំ អង្គការសហប្រជាជាតិ​បាន​ជាប់ចោទ​ពី​បទ​បិទភ្នែក និង​មិន​បាន​រារាំង​ការ​សម្លាប់​រង្គាល​មនុស្ស​ប្រមាណ​ជា ៤០ ០០០នាក់​នៅ​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​សេរីលង្កា​រវាង​ចលនា​ឧទ្ទាម​ខ្លារំដោះតាមូល និង​រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ។ បន្ទាប់​មក រូបភាព​របស់​អង្គការ​ពិភពលោក​ត្រូវ​បាន​អាប់ឱន​ដោយ​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ​ពី​សំណាក់​ទ័ពមួកខៀវ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិកកណ្តាល និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ លោក​បាន គីមូន​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ទង្វើ​របៀប​នេះ​របស់​ទាហាន​មួកខៀវ​ដែល​មាន​តួនាទី​ជា​អ្នក​ការពារ​ពលរដ្ឋ​ស៊ីវិល​ក្នុង​លោក។

ក្រៅ​ពី​ចំណុច​អវិជ្ជមាន​ដែល​លោក​បាន គីមូន​មាន​ការ​សោកស្តាយ​ខ្លាំង​ក្នុង​រយៈពេល​កាន់​តំណែង ១០ឆ្នាំ​កន្លង​មក ក៏​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដែល​លោក​សម្រេច​បាន​ដែរ ពិសេស​ក្នុង​បញ្ហា​អាកាសធាតុ​តាម​រយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី២១ កញ្ញា​កន្លង​ទៅ។ បន្ទាប់​មក​នៅ​ក្នុង​រយៈពេល ១០ឆ្នាំ​ជា​ចៅហ្វាយ​ពិភពលោក លោក​បាន គីមូន​បាន​ធ្វើ​ឲ្យ​អត្រា​នៃ​ភាពក្រីក្រ និង​អត្រា​មរណៈ​មាន​ការ​ថយ​ចុះ​ក្នុង​លោក។ បន្ទាប់​មក​ទៀត លោក​បាន គីមូន​បង្កើត​បាន​នូវ​កម្មវត្ថុ​អភិវឌ្ឍន៍​យូរអង្វែង​ចំនួន ១៧កម្មវត្ថុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ពិភពលោក​ចាប់​ពី​ពេល​នេះ​ទៅ​ទល់​ឆ្នាំ ២០៣០។ គឺ​ជា​កម្មវត្ថុ​ដែល​ជំនួស​ឲ្យ​កម្មវត្ថុ​សហស្សវត្សរ៍​អនុម័ត​កាល​ពី​ឆ្នាំ ២០០០។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​អគ្គលេខាធិការ​ថ្មី​អង់តូនីញ៉ូ ហ្គូទែរ៉េស​អាច​សម្រេច​បាន​លទ្ធផល​គ្រាន់​បើ​ជាង​លោក​បាន គីមូន​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង លោក​បាន គីមូន​បាន​ប្រគល់​ឲ្យ​លោក​អង់តូនីញ៉ូ ហ្គូទែរ៉េស​នូវ​ពិភពលោក​មួយ​ដែល​កំពុង​បន្ត​ប្រេះឆា មិន​ច្បាស់លាស់ និង​គ្របដណ្តប់​ដោយ​វិបត្តិ​គ្រប់យ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ