អានតួអត្ថបទ
អ-ស-ប

អគ្គលេខាធិការ​ថ្មី​របស់​អសប​ចង់​បាន​២០១៧​ជាឆ្នាំ​ដើម្បី​សន្តិភាព

នៅ​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៧ ​ប្រធាន​ថ្មី​របស់​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​អំពាវនាវ​ ប្រជាជន​ក្នុង​ពិភពលោក​ឲ្យ​ចូលរួម​ជាមួយ​លោក ដើម្បី​ប្រែក្លាយ​ឆ្នាំ ២០១៧ ជា​ឆ្នាំ សន្តិភាព។ តាំង​ពី​ថ្ងៃ​ទី ១​មករា អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្គេ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​ត្រូវ​ចូល​កាន់​តំណែង ជាផ្លូវការ ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ជំនួស​លោក​បាន គីមូន។ 

លោក​Antonio Guterres​ប្រធាន​ថ្មី​នៃ​អង្គការ​សហប្រជាជាតិ
លោក​Antonio Guterres​ប្រធាន​ថ្មី​នៃ​អង្គការ​សហប្រជាជាតិ DON EMMERT / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​លើក​ដំបូង​បង្អស់ ក្នុង​នាម​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​អំពាវនាវ​សុំ​ឲ្យ​មនុស្ស​គ្រប់គ្នា ចូលរួម​ជាមួយ​លោក ដើម្បី​សន្យា យក​សន្តិភាព​ជា​កិច្ចការ​អាទិភាព សម្រាប់​ឆ្នាំ ២០១៧។ សម្រាប់​អគ្គលេខាធិការ​ថ្មី របស់​អង្គការ​សហប្រជាជាតិ អ្វី​ដែល​មនុស្សជាតិ​គោរព​ឲ្យតម្លៃ​ដូចជា ភាពថ្លៃថ្នូរ ក្តីសង្ឃឹម ការរីកចម្រើន និង​ភាពរុងរឿង គឺ​អាស្រ័យ​ទៅលើ​សន្តិភាព។ សន្តិភាព​កើតឡើង​ទៅបាន ​គឺ​អាស្រ័យ​ទៅលើ​កត្តា​មនុស្ស។ នៅ​ឆ្នាំ​២០១៧ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​បាន​អំពាវនាវ​មិន​ថា ប្រជាជន ឬ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​មហាអំណាច​ឲ្យ​ចូលរួម​គ្នា​ជាធ្លុងមួយ ដើម្បី​ជំនះ​គ្រប់​ឧបសគ្គ និង​ការខ្វែងគំនិត​គ្នា ដើម្បី​សុខ​សន្តិភាព​ក្នុង​ពិភពលោក។

 
ចាប់ពី​ថ្ងៃទី ១​មករា លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​បាន​ចូល​ដឹកនាំ ស្ថាប័ន​អន្តរជាតិ​កំពូល បន្ត​ពី​លោក​បាន គីមូន ដែល​អស់អាណត្តិ។ អគ្គលេខាធិការ​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​ប្រឈម​ដោះស្រាយ​សំណុំរឿង​សំខាន់ៗ​ដែល​នៅជាប់គាំង មិនទាន់​ដោះស្រាយ​ចប់ ដូចជា​វិបត្តិ​មនុស្សធម៌ សង្រ្គាម​បង្ហូរឈាម​នៅ​ស៊ីរី ជម្លោះ​ប្រយុទ្ធគ្នា​នៅ​ស៊ូដង់ យេម៉ែន ឬ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាដើម។

លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ ចូល​កាន់​ក្បាល​ម៉ាស៊ីន​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​កាលៈទេសៈ ដែល​ស្ថាប័ន​អន្តរជាតិ​កំពូល​មួយនេះ រងការរិះគន់​ថា ចុះខ្សោយ គ្មាន​អំណាច គ្មាន​សមត្ថភាព ដើម្បី​ដោះស្រាយ​ជម្លោះ ប្រដាប់​អាវុធ ជាពិសេស នៅ​ស៊ីរី។ ដោយ​បោះឆ្នោត​ជ្រើសរើស លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ ដែល​ធ្លាប់​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ព័រទុយហ្គេ និង​មាន​បទពិសោធន៍​នយោបាយ ខុស​ពី​លោក​បាន គីមូន ប្រទេស​សមាជិក​អង្គការ​សហ​ប្រជាជាតិ​រំពឹង​ថា លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ នឹងជួយ​ជំរុញ ផ្តល់​កម្លាំង​ជាថ្មី​ដល់​ស្ថាប័ន​កំពូល​មួយនេះ​ឡើងវិញ។ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​ផ្ទាល់​ធ្លាប់​ទទួល​ស្គាល់​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មិនមែន​ជា​មេដឹកនាំ​ពិភពលោក​ទេ។ ការងារ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ឆន្ទះ ប្រាថ្នា​ចង់​បាន​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច។ តើ​លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​ចង់​និយាយ​សំដៅ​ដល់​អនាគត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ឬ​យ៉ាងណា?

លោកដូណាល់ ត្រាំ ដែល​ធ្លាប់​រិះគន់​អង្គការ​សហប្រជាជាតិ នៅក្រោយ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​ថ្កោលទោស​សំណង់​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល ធ្លាប់បាន​បង្ហាញ ពីការមិនជឿជាក់​ទៅ​លើ​ស្ថាប័ន​អន្តរជាតិ​កំពូល​មួយនេះ។ នៅ​សប្តាហ៍មុន លោក​ដូណាល់ ត្រាំ​បាន​សរសេរ​នៅក្នុង​សារ Twitter​របស់​លោក​ថា អ្វីៗ​នឹង​ផ្លាស់ប្តូរ នៅអង្គការ​សហប្រជាជាតិ បន្ទាប់ពី​ថ្ងៃ ទី ២០​មករា ថ្ងៃ​ដែល​លោក​នឹងចូលស្បថ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ទី៤៥។ រហូត​មកដល់​ពេលនេះ គេ​មិនដឹង​ថា តើ​ការឈ្នះឆ្នោត​របស់​លោកត្រាំ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក នឹង​មាន​ផលប៉ះពាល់​ប៉ុណ្ណា​ដល់​អង្គការ​សហប្រជាជាតិ និង​កិច្ចការ​ពិភពលោក​ទាំងមូល។ បច្ចុប្បន្ននេះ ថវិកា​២២ភាគរយ​របស់​អង្គការ​សហប្រជាជាតិ​បាន​មក​ពី​វិភាគទាន​របស់​សហរដ្ឋអាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ