អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ដូណាល់ ត្រាំ នឹងក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០​មករា។ ពិធី​ស្បថ​របស់​លោក​ចូលរួម​ដោយ​មនុស្ស​ប្រមាណ ៩សែននាក់ (ទាំងអ្នកគាំទ្រ និង​ក្រុមប្រឆាំង​ត្រាំ) នៅទីក្រុង​វ៉ាស៊ីនតោន។ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោក​ដូណាល់ ត្រាំ បាន​សន្យា បង្រួបបង្រួម​អាមេរិក ជាធ្លុងមួយ និង​នាំ​យក​ការងារ​ពី​បរទេស មក​ឲ្យ​ប្រជាជន​អាមេរិកាំង​វិញ។

លោក​ដូណាល់ ត្រាំ ពី​មហាសេដ្ឋី​អចលនទ្រព្យ មក​ជាប្រធានាធិបតី​​ទី​៤៥អាមេរិក
លោក​ដូណាល់ ត្រាំ ពី​មហាសេដ្ឋី​អចលនទ្រព្យ មក​ជាប្រធានាធិបតី​​ទី​៤៥អាមេរិក
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ​ហើយ​និង​គ្រួសារ​បាន​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃព្រហស្បតិ៍ ​ម្សិលមិញ។ ទៅ​តាម​ប្រពៃណី និង​ទម្លាប់​ច្បាប់​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ លោក​ដូណាល់ ត្រាំ​បាន​ចូល​ទៅដាក់​កម្រង​ផ្កា​នៅ​មុខ​ផ្នូរ​របស់​ទាហាន មុន​នឹង​ចូលរួម​ក្នុង​ពិធី​ប្រគំតន្រ្តី ដែល​រៀបចំ ឡើង​រំលឹក​ដល់​លីនកូន អតីត​ប្រធានាធិបតី​ទី១៦​របស់​អាមេរិក។ នៅ​ព្រឹកថ្ងៃ​សុក្រនេះ លោក​ដូណាល់ ត្រាំ ត្រូវ​ទទួល​ទាន​អាហារ​ពេលព្រឹក​ជាមួយ​គ្រួសារ​របស់​លោកអូបាម៉ា មុន​នឹង​ធ្វើដំណើរ​ទាំង​អស់គ្នា ចេញ​ពី​សេតវិមាន ទៅ​កាពីតូល ជា​កន្លែង​ដែល​លោក​ដូណាល់ ត្រាំ ស្បថ ក្លាយ​ជា​ប្រធានាធិបតី​ទី ៤៥​របស់​អាមេរិក។

ក្រៅ​ពីគ្រួសារ​របស់​លោកអូបាម៉ា អតីត​ប្រធានាធិបតី មុនៗ ដូចជា​លោក​George W Bush​ លោក​ប៊ីលគ្លីនតុន ហើយ​និង​អតីត​ប្រធានាធិបតី​Jimmy Carter ជាដើម នឹង​ចូល​រួម​ជាមួយ​ប្រជាជន​អាមេរិកាំង​រាប់ម៉ឺននាក់​ផ្សេងទៀត នៅក្នុង​ពិធី​ស្បថស្បែ​របស់​លោក​ដូណាល់ ត្រាំ។ ផ្ទុយទៅវិញ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជាង ៥០​នាក់​បាន​ពហិការ​មិនទៅ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់តំណែង​របស់​លោក​ត្រាំ ដែល​ពួកគេ​បាន​ចោទថា មើលងាយ សកម្មជន​ការពារ​សិទ្ធិពលរដ្ឋ​ស្បែកខ្មៅ លោកJohn Lewis

តាម​អ្នកនាំពាក្យ​របស់​លោក​ត្រាំ បន្ទាប់ពី​ដាក់​ដៃ​ស្បថ​លើ​គុម្ពី​ព្រះ រួចហើយ ប្រធានាធិបតី ត្រាំ នឹង​ថ្លែង​សុន្ទរកថា មួយ ដែល​លោក​បាន​សរសេរ​ដោយ​ដៃ​លោកផ្ទាល់។ ជាសុន្ទរកថា​ដែល​ផ្តោត​ទៅលើ​ទស្សនវិស័យ ទស្សនវិជ្ជា ជាជាង លើកនិយាយ​ពី​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល។ នេះ​បើតាម លោកSean Spicer អ្នកនាំពាក្យ​របស់​លោក​ដូណាល់ ត្រាំ។

លោក​ដូណាល់ ត្រាំ​និង​ភរិយា​នៅ​វិមាន​រំលឹក​លីនកូន ប្រធានាធិបតី​ទី​១៦​របស់​អាមេរិក នៅថ្ងៃទី ១៩​មករា ២០១៧
លោក​ដូណាល់ ត្រាំ​និង​ភរិយា​នៅ​វិមាន​រំលឹក​លីនកូន ប្រធានាធិបតី​ទី​១៦​របស់​អាមេរិក នៅថ្ងៃទី ១៩​មករា ២០១៧ MANDEL NGAN / AFP

ពិធីស្បថ​ដែល​ថ្លៃ​កប់ពពក
លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​និយាយ​ហើយថា លោកនឹង​ធ្វើ​ឲ្យ​ពិធី​ស្បថ​ចូល​កាន់តំណែង​របស់លោក​ពិសេស​មិន​ធ្លាប់មាន នៅ​អាមេរិក។ តាម​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក ពិធី​ស្បថ​របស់​លោក​ដូណាល់ ត្រាំ មាន​តម្លៃ​ថ្លៃ​ខ្ពស់​កប់ពពក​ក្នុង​ប្រវត្តិ​អាមេរិក ដល់​ទៅ​ជិត ២០០​លាន​ដុល្លារ អាមេរិក។ គ្រាន់​តែ​គណៈកម្មាធិការ​សម្ពោធ​ប្រធានាធិបតី​តែម្នាក់ឯង រក អង្គាស​រក​បា្រក់​បាន​ដល់ទៅ ៩០​លាន ដុល្លារ សម្រាប់​រៀបចំ​ពិធី​ស្បថ​ចូល​កាន់តំណែង​របស់​លោក ដូណាល់ ត្រាំ គឺ​ច្រើន​ទ្វេរដង បើប្រៀបធៀប​នឹង​ពិធី​ស្បថ​របស់​លោកអូបាម៉ា នៅ​ឆ្នាំ ២០០៩ និង​ឆ្នាំ ២០១៣។

អនុក្រឹត្យ​ដែល​លោក​ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង ភាគច្រើន​នឹង​ចូល​ទៅ​រំលាយ​ជា​អសារបង់ ច្បាប់​របស់​លោកអូបាម៉ា
បន្ទាប់​ពី​សុន្ទរកថា និង​អាហារ​ថ្ងៃត្រង់ គ្រួសារ​របស់​ដូណាល់ ត្រាំ​នឹង​ចូល​កាន់កាប់​ជាផ្លូវការ សេតវិមាន នៅ​អំឡុង​ម៉ោង ១​កន្លះរសៀល។ តាម​អ្នកនាំពាក្យ​ខាងលើ មាន​អនុក្រឹត្យ​ជាច្រើន ដែល​លោក​ដូណាល់ ត្រាំ​នឹង​ចុះ​ហត្ថលេខា​ភ្លាមៗ នៅប៉ុន្មាន​ម៉ោង​ក្រោយ​ស្បថ​ចូលកាន់តំណែង នៅ​ថ្ងៃ​សុក្រ។

អ្នកនាំពាក្យ​របស់​លោក​ដូណាល់ ត្រាំ មិន​បាន​លម្អិត​ឲ្យ​គេ​ដឹង​ពី​ខ្លឹមសារ​នៃ​អនុក្រឹត្យដែល​លោក​ដូណាល់ ត្រាំ នឹង​ចុះ​ហត្ថលេខា នៅ​ពេល​ចូលកាន់តំណែង​នៅ​ថ្ងៃ​សុក្រនេះទេ។ ប៉ុន្តែ គេ​ដឹង​ហើយ​ថា ក្រុមរបស់​លោកត្រាំ ធ្លាប់​បាន​សិក្សា រៀបរៀង អនុក្រឹត្យ​ប្រមាណ ២០០ នៅក្នុង​វិស័យ សុខាភិបាល បរិស្ថាន អន្តោប្រវេសន៍ និង​ថាមពល។

Obamacare​ជាផ្ទាំងស៊ីប​វាយប្រហារ​របស់​លោក​ត្រាំ
ក្រុម​អ្នកជំនាញ​មួយចំនួន​បាន​វាយតម្លៃថា លោក​ដូណាល់ ត្រាំ ដែលរិះគន់​លោក​អូបាម៉ា ថា បាន​ធ្វើ​នយោបាយ​តាម​សង្គមនិយម ប៉ុន្តែ មិនមែន​មូលធន​និយម ច្បាស់​ជា​ប្រល័យ មិនទុក​ទេ ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា ដែល​លោក​រិះគន់ ចាត់ទុក​ថា បន្ទុកធ្ងន់ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​រាប់លាន​ដុល្លារ។

សាងសង់​ជញ្ជាំង​នៅ​ព្រំដែនជាមួយ​ម៉ិចស៊ិក
មួយវិញទៀត ដោយសារ​តែ​លោក​ដូណាល់ ត្រាំ​សន្យា​ប្រយុទ្ធប្រឆាំង នឹងអន្តោប្រវេសន៍​ខុសច្បាប់ គេ​ជឿថា លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹង​ចុះ​ហត្ថលេខា​ផងដែរ​ទៅលើ​អនុក្រឹត្យ​ដែល​និយាយ​ពីការសាងសង់​ជញ្ជាំង នៅ​ព្រំដែន​អាមេរិក ជាមួយ​ម៉ិចស៊ិក។ ទៅ​តាម​កម្មវិធី​របស់​លោក​ត្រាំ នៅក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត រដ្ឋបាល​អាមេរិក​ថ្មី​នឹង​កំណត់​ផងដែរ ចំនួន​អ្នកសុំ​សិទ្ធិ​រស់នៅ អាមេរិក ដែល​ដាក់​ស្នើ​ដោយ​ប្រជាជន​អាមេរិកឡាទីន។

កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​សេរី អន្តរប៉ាស៊ីហ្វិក​TPP
គេជឿថា លោក​ដូណាល់ ត្រាំ​នឹង​មិនលើកលែងផងដែរ​ដែរ កិច្ចព្រមព្រៀង ស្តីពី​ការដោះដូរ​អន្តរប៉ាស៊ីហ្វិក​TPP របស់​លោក​អូបាម៉ា​ដែល​លោក​ត្រាំ​ចោទថា បាន​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់ ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។ តាមអ្នកនាំពាក្យ​របស់​លោកដូណាល់ រដ្ឋបាល​ថ្មី​នឹង​ចរចា​ឡើងវិញលើ​កិច្ចព្រមព្រៀង TPP ជាមួយ​នឹង​ប្រទេស​កាណាដា និង​ម៉ិចស៊ិក។ ចរចា​ឡើងវិញ ឬ​ដកខ្លួន​ទាំងស្រុង របស់​អាមេរិក ពី​កិច្ចព្រមព្រៀង ដែល​រដ្ឋបាល​របស់​លោកអូបាម៉ា​បានធ្វើ​កន្លងមក។ ជំហរ​របស់​ប្រធានាធិបតី​ថ្មី​កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភដែរថា លោក ដូណាល់ ត្រាំ នឹង​ដកខ្លួន​ផងដែរ ពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បង្កើតឡើង ក្នុង​បំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ដើមហេតុ​នៃការឡើង​កំដៅ​នៃ​ភពផែនដី។

លោក​ត្រាំ ប្រធានាធិបតី​ប្រឆាំង​ក្រុមបញ្ញវន្ត
ដោយ​បោះឆ្នោត​ជ្រើសរើស​លោក​ដូណាល់ ត្រាំ មហាសេដ្ឋី​អចលនទ្រព្យ និង​ធ្លាប់​ជា​ពិធីករ​ទូរទស្សន៍ ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក អ្នកបោះឆ្នោត​អាមេរិកាំង​ចង់​កាច់បំបាក់​ប្រពៃណី របៀបរបប​ធ្វើនយោបាយ​ចាស់ៗ​កន្លងមក​របស់​អាមេរិក។ ប្រជាជន​អាមេរិក​បាន​ជ្រើសរើស​លោក​ត្រាំ ដែល​តាមពិត គ្មាន​បទពិសោធន៍​ធ្វើ​នយោបាយ​ទាល់តែសោះ។ លោក​គ្មាន​ចំណេះដឹង​ផ្នែក​នយោបាយ​ការបរទេស មិន​ដែលចូល​បម្រើក្នុង​កងទ័ព ឬ​ជា​សមាជិក​សភា ដូច​ដែល​ប្រធានាធិបតី​អាមេរិក​មុនៗ​ធ្លាប់​មាន​ក្នុង​ប្រវត្តិរូប​របស់ខ្លួន។

ក្នុង​នយោបាយ​ក្រៅប្រទេស ដែល​លោក​មិនដែល​មាន​បទពិសោធន៍​ទាល់តែសោះ​នោះ លោក​ដូណាល់ ត្រាំ គឺ​មាន​ជំហរ ផ្ទុយស្រឡះ​ពី​ប្រធានាធិបតី​អាមេរិកមុនៗ។ លោក​បានទទួល​ទូរស័ព្ទ​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ រហូត​ធ្វើ​ឲ្យ​ចិន​មិនសប្បាយចិត្ត។ លោក​ចង់​ចូលទៅ​ចងសម្ព័ន្ធភាព​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ដែល​អាមេរិក​កន្លងមក ចាត់ទុក​ជា​គូប្រជែង។ គេ​មិនដឹងថា តើ​លោក​ដូណាល់​ត្រាំគិត​ចង់​បាន​អ្វីនោះទេ។ គ្មានអ្នកណា​អាច​ស្មានដឹង យល់ចិត្ត​លោក​ត្រាំនោះទេ។ ខុសពី​ប្រធានាធិបតី​មុនៗ លោក​ដូណាល់ ត្រាំ បែរ​ជា​ទៅរករឿង​ប្រទេស​ដែល​អាមេរិក​ធ្លាប់​ពង្រឹង​ចង​សម្ព័ន្ធភាព ដូចជា​អង្គការ​អូតង់ ដែល​អាមេរិក​បោះជើង នៅ​អឺរ៉ុប ដើម្បី​ប្រឈម​នឹង​រុស្ស៊ី ហើយ​និង ជប៉ុន​ឬ​កូរ៉េខាងត្បូង​ដែល​អាមេរិក​សហការ​រហូតមក ដើម្បី​ប្រជែង​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី។ កន្លងមក លោក​ត្រាំ​ធ្លាប់បាន​ទាមទារ​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​ចេញលុយ​បង់ថ្លៃ ចំណាយ​របស់​កងទ័ព​អាមេរិក ដែល​ត្រូវ​ដាក់​ប្រចាំ​នៅ​ប្រទេស​ទាំងពីរ ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង។

ក្នុង​ប្រទេស​វិញ កម្មវិធីនយោបាយ​របស់​លោក​ត្រាំ ត្រូវ​បាន​គេរិះគន់​ថា នឹង​ធ្វើ​ឲ្យ​អាមេរិក​ធ្លាក់ ជាប់បំណុល​កាន់តែច្រើន។ ក្នុងនាម​ជា​អ្នកជំនួញ លោក​ដូណាល់ ត្រាំ គ្មាន​ចក្ខុវិស័យ​ដូច​អ្នកនយោបាយ​អាមេរិក​ទេ។ ឧទាហរណ៍ លោក​ដូណាល់ ត្រាំ​បាន​សន្យា​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល មិនថា របស់​ប្រជាជន​អាមេរិក ឬ​ក្រុមហ៊ុន​អាមេរិក។ លោក​ដូណាល់ ត្រាំ​ផ្ទាល់ កាល​នៅ​ពេល​ធ្វើ​ជំនួញ​លើ ធ្លាប់​រិះគន់ នយោបាយ​យកពន្ធ​ធ្ងន់​ពីក្រុមហ៊ុន។ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ធ្លាប់​ត្រូវ​បាន​គូប្រជែង ហ៊ីឡារី គ្លីនតុន​ចោទប្រកាន់​ថា ប្រហែល​លួចពន្ធ ហើយ ទើប​មិន​ប្រកាស​ពី​វិក័យប័ត្រ​បង់ពន្ធ​ជូនរដ្ឋ ជា​សាធារណៈ។ ការសន្យា​កាត់បន្ថយ​ពន្ធ បានជួយ​ធ្វើ​ឲ្យ​លោក​ឈ្នះឆ្នោត ប៉ុន្តែ អ្នកសេដ្ឋកិច្ច ជាច្រើន​បារម្ភថា វា​នឹង​ផ្តល់​ប្រយោជន៍​ខ្លាំងតែ​ទៅលើ​ក្រុមអ្នកធ្វើ​ជំនួញ ដែល​នឹង​ចំណេញ​ដល់​ទៅ ជាង ២សែន ក្នុង​ពេល​ដែល​ប្រជាជន​សាមញ្ញ​នឹង​ចំណេញ​បាន​ប្រមាណ ជាង ១០០​ដុល្លារ​ប៉ុណ្ណោះ​ពី​នយោបាយ​កាត់បន្ថយពន្ធ។ ហើយ គឺ​រដ្ឋ​អាមេរិក​ដែល​ត្រូវ​ខាតបង់​ប្រាក់ រាប់ពាន់ ដុល្លារ។ តាម​អ្នកសេដ្ឋកិច្ចវិទូ នយោបាយ​របស់​លោក​ត្រាំ គឺ​មិនអាច​ធ្វើ​ទៅបានទេ។ ក្នុង​រយៈពេល​១០​ឆ្នាំ វា​នឹង​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ប្រាក់ ១៥ពាន់ ពាន់​លាន​ដុល្លារ។ ប្រាក់បំណុល​របស់​អាមេរិក កើនទ្វេដង​ដល់ ពី៨៦% ទៅ ១៤០% នៅ​ឆ្នាំ ២០២៦។

លោក​ដូណាល់ ត្រាំ ជាប្រធានាធិបតី​អាមេរិក​លើកដំបូង​បង្អស់ ដែល​មាន​កូដប្រជាប្រិយ​តិចបំផុត នៅ​ពេល​ស្បថ​ចូលកាន់តំណែង។ នៅ​ថ្ងៃ​ម្សិលមិញ នៅ​ក្នុង​ពេល​ក្រុម​លោក​ដូណាល់ ត្រាំ​ជប់លៀង នៅ​មួយថ្ងៃ​មុន​ពិធី​ស្បថ ចូល​កាន់តំណែង​ជា​ប្រធានាធិបតី ក្រុមប្រឆាំង ដែល​ចូលរួម​ដោយ​ក្រុមតារា និង​ប្រជាជន​ក្រុង​ញូវយ៉ក​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ។

ប្រធានាធិបតី​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​មូលធននិយម​ផ្តាច់មុខ រហូត​ធ្វើ​ឲ្យ គេ​បារម្ភថា លោក​គិត​តែ​ពីផលប្រយោជន៍​សេដ្ឋកិច្ច តែមួយមុខ។ នៅក្នុង​រដ្ឋាភិបាល​របស់​លោក លោក​ដូណាល់ ត្រាំ​បានជ្រើសរើស​សុទ្ធតែ​មហាសេដ្ឋី​មកកាន់​តំណែង​សំខាន់ៗ ដូចជា​មហាសេដ្ឋី ប្រេង Tillersonឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស។ មហាសេដ្ឋី​ធនាគារ លោក​Mnuchin​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អាមេរិក​ជួប​វិបត្តិហិរញ្ញវត្ថុ មក​ធ្វើ​ជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច ឬ​មហាសេដ្ឋី​ម្ចាស់​អណ្តូងប្រេង​ម្នាក់ទៀត ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ថាមពល។ វត្តមាន​របស់​មហាសេដ្ឋី​នៅក្នុង​តំណែង​រដ្ឋាភិបាល រួម​ទាំង​កូនប្រសារ​ប្រុសរបស់​លោក​ជា​ទីប្រឹក្សា នៅ​សេតវិមាន ធ្វើ​ឲ្យ​គេ​ខ្លាចថា នឹងមានជម្លោះ​ផលប្រយោជន៍ ព្រោះថា ក្រុមគ្នីគ្នា​របស់​លោក​ដូណាល់ ត្រាំ នឹងកេង​ចំណេញ​ពី​តំណែង​ក្នុង​រដ្ឋាភិបាល​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ