ជំនួបG7 ឱកាសចោទសួរនយោបាយអាមេរិកក្នុងសំណុំរឿងស៊ីរី
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមហាអំណាចកំពូលលើពិភពលោកទាំង៧ ហៅកាត់ថា G7 ត្រូវបើកជំនួបប្រជុំរបស់ខ្លួននៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលពីរថ្ងៃ នៅប្រទេសអ៊ីតាលី។ ជំនួបកំពូលប្រចាំឆ្នាំដំបូងនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃភាពតានតឹងនយោបាយពិភពលោកយ៉ាងខ្លាំង បន្ទាប់ពីអាមេរិកបានធ្វើសម្រេចជាឯកតោភាគី វាយប្រហារលើប្រទេសស៊ីរី និងបញ្ជូននាវាចម្បាំងទៅកូរ៉េខាងជើង។ ដូច្នេះ ជំនួបលើកនេះ ជាឱកាសសម្រាប់មហាអំណាចអឺរ៉ុបនិងជប៉ុន ត្រូវរួមគ្នាចោទសួរអាមេរិកឱ្យបំភ្លឺនូវសំណួរជាច្រើន ជាពិសេស និងដែលសំខាន់ជាងគេ គឺនយោបាយអាមេរិក ក្នុងវិបត្តិស៊ីរី តែម្តង។
ប្រយុទ្ធប្រឆាំងនឹងភេរវនិយម វិបត្តិលីប៊ី អ៊ុយក្រែន កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់... សេចក្តីសម្រេចរបស់អាមេរិកបញ្ជូននាវាចម្បាំងនៅបញ្ឈរនៅក្បែរឧបទ្វីបកូរ៉េ អាចជាប្រធានបទមួយនៃជំនួបកំពូលG7 ថ្នាក់រដ្ឋមន្ត្រីការបរទេស។ ការកំណត់អំពីទំនាក់ទំនងរបស់បស្ចឹមលោក ជាមួយរុស្ស៊ី ក៏ទំនងសំណុំរឿងដ៏សំខាន់មួយដែលជំនួបកំពូលត្រូវពិចារណា ប៉ុន្តែ គឺវិបត្តិស៊ីរី នេះតែម្តង ដែលនឹងត្រូវក្លាយជាប្រធានបទធំគ្របដណ្តប់ជំនួបកំពូលហ្សេ ៧ ស្ទើរតែទាំងស្រុង។
អ៊ីតាលីដែលជាប្រទេសម្ចាស់ផ្ទះ និងជាសមាជិកក្រុមG7 ម្នាក់ដែរ សង្ឃឹមថាជំនួបរយៈពេលពីរថ្ងៃនេះ នឹងអាចសម្រេចចេញជាសេចក្តីថ្លែងការណ៍មួយ ស្របតាមឆន្ទៈនិងដើម្បីគាំទ្រតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយឱ្យវិបត្តិស៊ីរី។
ជំនួបបំភ្លឺនយោបាយអាមេរិកនៅស៊ីរី
នាឱកាសនេះ ប្រមុខការទូត ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និងកាណាដា នៃក្រុមប្រទេសG7 ត្រូវជួបទល់មុខគ្នា ជាលើកដំបូង ជាមួយប្រមុខការទូតអាមេរិក ដើម្បីពិភាក្សាការងារផង និងជាពិសេសដើម្បីយល់កាន់តែច្បាស់អំពីនយោបាយអាមេរិកចំពោះវិបត្តិស៊ីរីផង។ ព្រោះថ្វីដ្បិតតែក្រុមG7 មិនប្រឆាំងនឹងការប្រតិបត្តិការយោធាលើស៊ីរីមែន តែគ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើលនឹងទង្វើវាយប្រហារលើស៊ីរី កាលពីថ្ងៃសុក្រ ជាឯកតោភាគី របស់រដ្ឋាភិបាលលោកត្រាំ។
គ្រប់គ្នាបានសំលៀងមាត់រួចជាស្រេចថានឹងចោទសួរ ប្រមុខការទូតអាមេរិកដោយផ្ទាល់ នៅថ្ងៃនេះ។ គឺតើអាមេរិកមានជំហរយ៉ាងណា ? តើអាមេរិកប្រុងធ្វើយ៉ាងដូចម្តេច ? ចង់បណ្តេញលោក បាស្ហារ អាល់អាសាទចេញពីតំណែងឬ ?
ព្រោះថា អាមេរិកមានសំឡេងបញ្ច្រាសបណ្តោយគ្នាខ្លាំងជុំវិញនយោបាយនេះ។ កាលពីថ្ងៃសៅរ៍ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រកាសថាការផ្តួលរបបក្រុងដាម៉ាស ជាអាទិភាពមួយរបស់រដ្ឋបាលលោកត្រាំ។ ឯចំណែករដ្ឋមន្ត្រីការបរទេសអាមេរិកវិញ បានអះអាងថាអាទិភាពរបស់អាមេរិកគឺការប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយមអង្គការរដ្ឋអ៊ីស្លាម។
តួនាទីរុស្ស៊ីក្នុងវិបត្តិស៊ីរី និងទំនាក់ទំនងជាមួយអាមេរិក
បើគ្មានរុស្ស៊ី គេពិតជាពិបាកដោះស្រាយវិបត្តិស៊ីរីនេះណាស់ ព្រោះនរណាក៏ដឹងថាម៉ូស្គូការពារជារហូតមកក្រុងដាម៉ាស។ ដោយហេតុតែវិបត្តិស៊ីរី ទំនាក់ទំនងរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តរបស់ក្រុងដាម៉ាសទាំងប៉ុន្មាន រាប់ទាំងរុស្ស៊ីផង សុទ្ធតែឡើងតានតឹងទាំងអស់។ រុស្ស៊ីនិងអ៊ីរ៉ង់ បានប្រកាសឆន្ទៈចង់រួមដៃគ្នាបើកកិច្ចសហប្រតិបត្តិការយោធា គាំទ្ររបបលោកអាសាដរហូតយកឈ្នះពួកភេរវនិយម។
អញ្ចឹងហើយបានជានៅក្នុងជំនួបកំពូលហ្សេ៧នេះ ក្រុមប្រទេសបស្ចឹមលោក ក៏នឹងត្រូវពិចារណារួមគ្នាថាតើគេត្រូវមានទំនាក់ទំនងយ៉ាងណា ជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានព្រលយមាត់ដែរ កាលពីម្សិលមិញ មុនបើកជំនួប ថា តើរុស្ស៊ីចង់មានទំនាក់ទំនងដូចម្តេចជាមួយអាមេរិក។ ចង់ឱ្យទំនាក់ទំនងអាមេរិក-រុស្ស៊ី ធ្លាក់ដុនដាបរហូតទៅ ឬក៏ត្រូវជជែកគ្នា ធ្វើការជាមួយគ្នា ដើម្បីអ្វីៗបានប្រសើរឡើង។ សម្រាប់លោក Tillerson រុស្ស៊ីអសមត្ថភាព មិនអាចការត្រួតត្រា គ្រប់គ្រងស៊ីរីឱ្យបំផ្លាញអាវុធគីមី តាមសន្យាបាន។ ដូច្នេះរុស្ស៊ីមិនអាចអួតអាងការពារស៊ីរី ម្នាក់ឯងបានទៀតកទេ។
ក្រោយជំនួបG7នេះ លោកប្រមុខការទូតអាមេរិក ត្រូវបន្តដំណើរទៅបំពេញទស្សនកិច្ចនៅក្រុងម៉ូស្គូ និងត្រូវជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីផង និងអាចជាមួយលោកពូទីនផង។ ថ្វីបើលោក Tillerson មិនធ្លាប់មានបទពិសោធន៍ការទូតមែន ប៉ុន្តែគ្រប់គ្នាសុទ្ធតែមើលឃើញថា ការបាញ់មីស៊ីលលើមូលដ្ឋានទ័ពស៊ីរី ដែលបានវាយប្រហារអាវុធគីមី បានផ្តល់ប្រៀបឱ្យអាមេរិកក្នុងការចរចាជាមួយម៉ូស្គូ។
ឯចំណែកម៉ូស្គូ ក៏ទំនងជាមើលប្រយោជន៍ការបាញ់មីស៊ីលអាមេរិកលើស៊ីរីដែរ ព្រោះថ្វីបើម៉ូស្គូមានប្រតិកម្មខ្លាំង តែមិនបានលុបចោលទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកទេ ! នេះជាសញ្ញាដ៏ល្អ បញ្ជាក់បណ្តាញការទូតនៅតាមភ្ជាប់ជានិច្ច។ ហើយបើតាមអ្នកវិភាគអាមេរិកខ្លះ រុស្ស៊ីក៏ទំនងជារីករាយនៅពេលអាមេរិកវាយស៊ីរីមួយក្តាំង ជាការព្រមាន ព្រោះម៉ូស្គូក៏ពិបាកដឹកមុខលោកបាស្ហារអាល់អាសាដឱ្យចូលអង្គុយតុចរចាណាស់។ ម៉ូស្គូអាចប្រើសេណារីយោ បណ្តោយឱ្យអាមេរិកវាយស៊ីរីជាថ្មី សម្រាប់សំឡុតគំរាម របបដាម៉ាស ក្នុងការផ្តល់សន្ទុះចរចាសន្តិភាព ក៏ថាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ