អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក ៖ លោកត្រាំ​បណ្តេញ​នាយក​FBI ចេញ​តំណែង​ ដោយ​គ្មាន​ប្រាប់​មុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ព្យុះភ្លៀង​នយោបាយ​មួយ​មេ​ទៀតហើយ​ នៅ​ថ្ងៃអង្គារ​ម្សិលមិញ ដោយ​បាន​ប្រកាស​ហូត​តំណែង​នាយក​ទីភ្នាក់ងារ​​FBI លោក James Comey ដែល​កំពុង​ដឹកនាំការ​ស៊ើប​អង្កេតស្តី​អំពីសំណុំ​រឿង​សង្ស័យ​រុស្ស៊ី​ចូល​លូក​ដៃក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ ជា​សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ! នេះ​ជា​ការពន្យល់​របស់​លោក​ត្រាំ។ ហើយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី សេតវិមាន​បាន​អះអាង​ “​ដក​លោក ខមី​ចេញ ដើម្បី​ឱ្យ​ភ្នាក់ងារអាច​​ចាប់ផ្តើមថ្មី”។

លោក James Comey​ដែល​លោក​ត្រាំ​បណ្តេញ​ចេញ​ពី​តំណែង​នាយក​FBI
លោក James Comey​ដែល​លោក​ត្រាំ​បណ្តេញ​ចេញ​ពី​តំណែង​នាយក​FBI REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ការ​ដក​តំណែង​នាយក​FBI ដូច​ដក​ស្មៅ​បែប​នេះ ពិត​ជា​ករណី​ដ៏​មហាកម្រ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។ តាម​ធម្មតា តួនាទី​នាយក​ទីភ្នាក់ងារ FBI​ ត្រូវ​បាន​តែង​តាំង​ឡើង​ សម្រាប់​រយៈ​ពេល ១០ឆ្នាំ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ភ្នាក់ងារ​រងសម្ពាធ​និង​​ឥទ្ធិពល​នយោបាយ។

លោកJames Comey ដែល​ចូល​កាន់​តំណែង​ជា​នាយក​ទីភ្នាក់ងារ នៅ​ឆ្នាំ​២០១៣ មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ថាអាច​មាន​ហេតុការណ៍​បណ្តេញ​លោក​ពី​តំណែង​យ៉ាង​ដូច្នេះ។ លោក ​ខមី បាន​ឮ​ព័ត៌មាន​ដក​លោក​ពី​តំណែង​តាម​ទូរទស្សន៍ ក្នុងពេល​កំពុងប្រជុំ​សមាជិក​FBIផ្សេង​ទៀត ដោយ​ដំបូង​ឡើយ​​លោក​គិត​ស្មាន​ជា​ដំណឹង​បញ្ឆោត។

ដក​មេFBIចេញ ដើម្បី​ស្តារ​ទំនុកចិត្ត

នៅពេល​គេ​ដឹង​ថា គឺ​FBI នេះ​ឯង​ជា​អ្នក​ដឹកនាំ​ស៊ើប​អង្កេត​ស្តី​អំពី​ទំនាក់ទំនង​ជា​យថាហេតុ​រវាង​លោក​ត្រាំ និង​រុស្ស៊ី ! ហើយ​​គឺ​FBIដដែល​នេះ​ឯង ដែល​បាន​បើក​អង្កេត​ប្រឆាំង​នឹង​លោក​ឧត្តមសេនីយ៍​ Flynn ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់ប្រធានាធិបតី​ត្រាំ មួយ​ខែ​ដំបូង។ គឺ​រូប​ លោក ខមី នេះ​ផ្ទាល់​តែ​ម្តង ដែល​បាន​ថ្លែង​ជា​សាធារណៈ​ច្រាន​ចោល​ការ​មន្ទិល​សង្ស័យ​របស់​លោក​ត្រាំ ដែល​ថា​រដ្ឋបាល​លោក​អូបាម៉ា បានធ្វើចារកិច្ច​​លួច​ស្តាប់លោក កាលនៅ​ជា​បេក្ខជន​ប្រធានាធិបតី ... យើង​ពិត​ជា​អាច​យល់​បាន​ច្បាស់​អំពី​អារម្មណ៍​របស់​លោក​ត្រាំ ចំពោះ​នាយក​ទីភ្នាក់ងារ​នេះ។

ពីរ​ថ្ងៃ​ក្រោយ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី លោក ត្រាំ ធ្លាប់​បាន​ចាប់​ដៃ​រលាក់​ជាមួយ​លោក ខមី និង​បាន​ចំអក​ថា “លោកឯង​ជាមនុស្ស​ដែល​ល្បី​ល្បាញ​ជាង​ប្រធានាធិបតី​អាមេរិក​ទី ៤៥​ទៅ​ទៀត”។

ប៉ុន្តែ​ជា​ផ្លូវការ ការ​បណ្តេញ​លោក ​ខមី ចេញ​ពី​តំណែង គឺ​ដើម្បី​ស្តារ​ទំនុក​ចិត្ត​ប្រធានាធិបតី។ នៅក្នុង​លិខិត​របស់​លោក​ត្រាំ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់ ថា ប្រធានាធិបតី​ ដូណាល់ ត្រាំ គ្មានទំនុក​ចិត្ត​សោះ​លើ​នាយកFBI ទៀត​ទេ ដូច្នេះ​លោក ខមី មិន​អាច​បំពេញ​តួនាទី​នេះ​ទៀត​បាន​ឡើយ ! លោក ខមី ត្រូវ​តែ​បណ្តេញ​តំណែង​ភ្លាម​រំពេញ តែ​ម្តង។ សម្រាប់​សេតវិមាន ការ​ចាកចេញ​របស់​លោក ខមី នឹង​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​មាន​សន្ទុះ​ចាប់​ផ្តើម​ថ្មី។ លោក​បាន​អះអាង​ថា បាន​ធ្វើ​សេចក្តី​សម្រេចចិត្ត​របស់​ប្រធានាធិបតីនេះ ដោយ​មាន​​ការ​ណែនាំ​របស់​​​ក្រសួង​យុត្តិធម៌។
 

សេចក្តី​ថ្លែងការណ៍​​បណ្តេញ​លោក Comey ចុះ​ហត្ថលេខា​ដោយ​លោក ត្រាំ
សេចក្តី​ថ្លែងការណ៍​​បណ្តេញ​លោក Comey ចុះ​ហត្ថលេខា​ដោយ​លោក ត្រាំ © Reuters

នៅក្នុង​កំណត់​ហេតុ​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ គេ​ឃើញ​មាន​ចំណុច​​បន្ទោស​លោក ចែម ខមី​ ជា​ច្រើន ដូច​ជា​ ការ​ចាត់ចែង​ដឹកនាំ​ការ​អង្កេត​សំណុំ​រឿង​អ៊ីមែល​លោកស្រី គ្លីនតុន​មិន​បាន​ល្អ។ កាលណោះ​លោកស្រី គ្លីនតុន ជា​បេក្ខជន​ប្រធានាធិបតី​មាន​ប្រជាប្រិយភាព​និង​នាំ​មុខ​ខ្លាំងផង តែ​លោក​ខមី បាន​ជ្រើសរើស​មធ្យោបាយ​ផ្តល់​ព័ត៌មាន​ខុស​ទម្លាប់​ ធ្វើ​សន្និសីត​កាសែត​ ថ្ងៃទី ៥​កក្កដា ២០១៦ បែបដូច​ការ​ពារ​លោកស្រី​គ្លីន ដោយ​បាន​ត្រឹម​តែ​បន្ទោស​លោកស្រី​ថា​ធ្វេសប្រហែសធ្ងន់ធ្ងរ។ ហើយ​កាលពី​សប្តាហ៍​មុន ​សភា​ បាន​បន្ទោស​លោក ខមី ​ថា​មាន​កំហុស​វិនិច្ឆ័យ​ លើ​ទំហំ​នៃ​សំណុំរឿង​សារអ៊ីមែល​របស់​លោកស្រីគ្លីនតុន។

នាយក​FBI ប៉ុស្តិ៍​ក្តៅ

លោក ចែម ខមី ជា​ឥស្សរជន​ដ៏​ប្រទាញ​ប្រទង់​បំផុត​នៅ​សហរដ្ឋ​អាមេរិក ! ជាមនុស្ស​ដែល​គេ​ខ្លាច​ក្រែង​ផង និង​ ស្អប់​ផង មិន​ថា​អ្នក​នោះ​នៅ​ខាង​បក្ស​សាធារណរដ្ឋ​របស់​លោកត្រាំ ឬ​បក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រី​គ្លីនតុនទេ។

លោក ដូណាល់ ត្រាំ ធ្លាប់​ជាន់​ឈ្លី​​បង្អាប់​ លោក ខមី​ ផង និង​​លើក​សរសើរផង នៅក្នុងអំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ជាន់​បង្អាប់​នៅ​ពេល​លោក ខមី ប្រកាស​ឈប់​តាមដាន​សំណុំ​រឿង​សារអ៊ីមែល​ឯកជន​លោក​ស្រី​គ្លីនតុន ដល់​​ពេល​​​ FBI ប្រកាស​បើក​អង្កេត​ប្រឆាំង​លោកស្រី​ គ្លីនតុន​ ១១​ថ្ងៃ​មុខ​ការ​បោះឆ្នោត​ប្រធានាធិបតី លោកត្រាំ​ក៏​បាន​លើក​សរសើរ តែ​ខាង​បក្ស​ប្រជាធិបតេយ្យនាំ​គ្នា​​បន្ទោស​វិញ និង​ចាត់​ទុកថា​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​លោកស្រីគ្លីនតុន​ចាញ់ឆ្នោតប្រធានាធិបតី។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក្តី ក៏​នាយក​FBI រូប​នេះ ហាក់​ដូច​ជា​មិន​រង្គោះ​រង្គើ​នឹង​ការ​វាយប្រហារ​ទាំង​អស់នោះឡើយ។ នាយក​ទី​ភ្នាក់ងារ​នៅតែ​បន្ត​ធ្វើ​ការ​​របស់​ខ្លួន​ដដែល ជាក់ស្តែង​ការ​អង្កេត​​អំពី​ចំណង​ជា​យថាហេតុ​រវាង​រុស្ស៊ី​និង​ក្រុមឃោសនា​របស់​លោក​ត្រាំ​ ដោយ​បាន​ទម្លាយ​អំពី​កិច្ច​សន្ទនា​របស់​លោក Flynn ទីប្រឹក្សា​សន្តិសុខ​ដំបូង​របស់​ប្រធានាធិបតី​ត្រាំ ជាមួយ​ឯកអគ្គរដ្ឋទូតរុស្ស៊ី រហូត​ទាល់ខ្ទាត​ពីតំណែង។ ការ​អង្កេត​លើ​សំណុំ​រឿង​នេះ​នៅ​តែ​បន្ត​​ធ្វើ​ជានិច្ច។

បណ្តេញ​នាយកFBI មួយ​ថ្ងៃ​មុន​​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីនៅ​អាមេរិក​
សម្រាប់​​អ្នក​វិភាគ​និង​សង្កេត​ការ​ជា​ច្រើន​ទៀត គឺ​ការ​អង្កេត​អំពី​ទំនាក់ទំនង​រុស្ស៊ី​-និង​ការ​ឃោសនា​បោះឆ្នោត​អាមេរិក​នេះឯង​ដែល​ធ្វើ​ឱ្យ​លោក​ខមីបាត់​បង់តំណែង។ ប្រព័ន្ធសារព័ត៌មាន​ជាច្រើន​ ក៏គ្មាន​នរណា​ជឿ​លើ​មូលហេតុ​នៃ​ការ​ទម្លាក់​លោក ខមី ផ្តល់​ជា​ផ្លូវការ​ដោយ​លោក​ត្រាំ​ទេ។

ទង្វើ​របស់​លោក​ត្រាំ បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​ទាំង​អ្នក​នយោបាយ អ្នកវិភាគ​ឯករាជ្យ ឬ​អ្នក​សង្កេតការណ៍​សាមញ្ញ រឹត​តែ​មាន​ជំនក់​ចិត្ត​គិត​ថា​ រដ្ឋបាល​លោក​ត្រាំ ពិត​ជា​មាន​អ្វី​លាក់​លៀម​ជាមួយ​រុស្ស៊ី ខ្លាច​ការ​អង្កេត ! ខ្លះ​ទៀត យល់​ថាមាន​តែ​ប្រទេស​មិន​ប្រជាធិបតេយ្យទេ​ដែល​ធ្វើ​យ៉ាង​ដូច្នេះ ! គឺ​ពិតជា​គួរ​ឱ្យ​ខក​ចិត្ត​បំផុត។ ម្យ៉ាង​ទៀត ដំណឹង​បណ្តេញ​លោក ខមី ធ្លាក់​មកតែ​មួយ​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​នៅ​អាមេរិក ជា​លើក​ដំបូង​ គិត​ចាប់​តាំង​ពី​៤​ឆ្នាំមក។

សេតវិមាន​បាន​សន្យា​នឹង​រក​ឥស្សរជន​មក​ជំនួស ឱ្យ​បាន​ឆាប់​ តែ​គ្រប់គ្នា​ចាប់ផ្តើម​គិត​តើ​ជន​នោះ​ឯករាជ្យ​ និង​ជំហរ​រឹង​ប៉ុណ្ណា ? ខ្លះ​បាន​សុំ​ឱ្យ​រដ្ឋ​អាជ្ញាឯករាជ្យ​មួយ​បើក​អង្កេត​សំណុំ​រឿង​សង្ស័យ​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ