អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចប់​ហើយ​ឬ​រាត្រី​ទឹកឃ្មុំ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​បន្សល់​ទុក​ដោយ​លោក​បារ៉ាក់ អូបាម៉ា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​បាន​បិទបញ្ចប់​នា​យប់​ថ្ងៃ​អាទិត្យ ទី២១ ឧសភា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​វាចារ​វ៉ៃប្រហារ​ប្រទេស​អ៊ីរ៉ង់​ដោយ​មិន​ប្រណី​មាត់។ នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​អារ៉ាប់ អ៊ីស្លាម​ក្នុង​ទីក្រុង​រីយ៉ាដ លោក​ដូណាល់ ត្រាំ​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​គាំទ្រ​ភេរវនិយម ព្រម​ទាំង​ចាត់​ទុក​អ៊ីរ៉ង់​ជា​សត្រូវ​ម្នាក់​ដូច​ជា​អង្គការ​ភេរវនិយម​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម​អ៊ីចឹង​ដែរ។ ជំហរ​របស់​លោក​ត្រាំ​ពេល​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ចប់​ហើយ​ឬ​រាត្រី​ទឹកឃ្មុំ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​បន្សល់​ទុក​ដោយ​លោក​អតីត​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា?

ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​អារ៉ាប៊ីសាអូឌីត ថ្ងៃទី២០ ឧសភា ២០១៧
ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​អារ៉ាប៊ីសាអូឌីត ថ្ងៃទី២០ ឧសភា ២០១៧ Saudi Press Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​ប្រាប់​ពិភពលោក​ថា លោក​ជា​ប្រធានាធិបតី​អាមេរិក​ម្នាក់​ដែល​ប្តូរ​ជំហរ​ស្រេច​តែ​ចិត្ត​ដោយ​គ្មាន​នរណា​អាច​ទាយ​ទុក និង​មើល​ឃើញ​ជាមុន​បាន​ឡើយ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រាល់​កាយវិការ និង​ទង្វើ​ទាំង​អម្បាលម៉ាន​របស់​លោក​ត្រាំ​ក្នុង​នាម​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ក្នុង​លោក​ត្រូវ​បាន​គ្រប់​គ្នា​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត។ ជំហរ​ផ្លាស់ប្តូរ​របស់​លោក​ត្រាំ​ក្នុង​សំណុំរឿង​មជ្ឈិម​ដើមបូព៌ា​ត្រូវ​បាន​ស្តែង​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​នា​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ដើម្បី​បញ្ជាក់​ពី​ជំហរ​ផ្លាស់ប្តូរ​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា ពិសេស​ក្នុង​បញ្ហា​នៅ​ស៊ីរី នៅ​យេម៉ែន នៅ​អ៊ីរ៉ាក់ ឬ​មួយ​ក៏​នៅ​ក្នុង​ប្រទេស​លីបង់ លោក​ដូណាល់ ត្រាំ​មិន​ញញើត​នឹង​បោះដៃ​ទៅ​រក​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ស៊ុយនីត​នៅ​ក្នុង​តំបន់ ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​មហាអំណាច​ស៊ុយនីត​នៅ​ក្នុង​តំបន់ រួម​ទាំង​ក្រុម​ប្រទេស​អារ៉ាប់​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​ដទៃ​ផ្សេង​ទៀត។ ទន្ទឹម​គ្នា​នេះ លោក​ក៏​មិន​ញញើត​នឹង​វ៉ៃប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​មហា​អំណាច​ឈីអ៊ីត​នៅ​ក្នុង​តំបន់ និង​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​គ្នា​ជា​មួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​អារ៉ាប់​ដែល​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ដូណាល់ ត្រាំ​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​គាំទ្រ​ភេរវនិយម ព្រម​ទាំង​ចាត់​ទុក​អ៊ីរ៉ង់​ជា​សត្រូវ​មួយ​ដែល​ត្រូវ​កំចាត់​ដូច​ជា​អង្គការ​ភេរវនិយម​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម​អ៊ីចឹង​ដែរ។ មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ទំនាក់ទំនង​ល្អ​គ្រាន់​បើ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ដែល​លោក​អតីត​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ខំ​កសាង​ឡើង​នឹង​ត្រូវ​លោក​ដូណាល់ ត្រាំ​ជាន់​កម្ទេច​នៅ​ពេល​នេះ ឬ​យ៉ាង​ណា?។

គេ​ពិត​ជា​នៅ​ចាំ​មិន​ភ្លេច​ថា​ក្នុង​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ មាន​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បិទបញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ ហើយ​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​នេះ លោក​អូបាម៉ា​សង្ឃឹម​បញ្ចុះ​ឥទ្ធិពល​អ៊ីរ៉ង់ និង​ទាញ​អ៊ីរ៉ង់​ឲ្យ​ប្រកាន់​ជំហរ​ជា​អ្នក​សម្របសម្រួល​នៅ​ក្នុង​តំបន់ ពិសេស​ទាក់ទង​នឹង​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ តែ​ផ្ទុយ​ទៅ​វិញ ទីក្រុង​តេហេរ៉ង់​បែរ​ជា​បន្ត​ប្រកាន់​ជំហរ​ដដែល និង​ចេញ​មុខ​គាំទ្រ​ជា​ចំហ​លើ​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។ ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់​ក៏​កំពុង​បន្ត​អភិវឌ្ឍន៍​គ្រាប់មីស៊ីល​អន្តរទ្វីប និង​បន្ត​ពង្រីក​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

មែនទែន​ទៅ ជំហរ និង​មហិច្ឆតា​របៀប​នេះ​របស់​អ៊ីរ៉ង់​មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​គូប្រជែង​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ក៏​គ្មាន​នរណា​ថ្មី​ក្រៅ​ពី​អារ៉ាប៊ីសាអូឌីត​ដែរ។ តែ​អ្វី​ដែល​ថ្មី​ពេល​នេះ គឺ​ការ​ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ព្យាយាម​ដក​ខ្លួន​ពី​ការ​រំកិល​រក​គ្នា​រវាង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​វ៉ាស៊ីតោន​ដែល​បន្សល់​ដោយ​លោក​អូបាម៉ា។ លោក​ដូណាល់ ត្រាំ​បាន​យល់​ឃើញ​ថា មាន​តែ​ការ​ខោកក្បាល​អ៊ីរ៉ង់​ទេ​ទើប​អាមេរិក​អាច​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​នៅ​ក្នុង​តំបន់។ សម្ព័ន្ធមិត្ត​ដែល​ពិត​ជា​មិន​អាច​មើល​រំលង​ប្រយោជន៍​សេដ្ឋកិច្ច​បាន​ឡើយ ព្រោះ​នា​ឱកាស​នោះ លោក​ត្រាំ​ទទួល​បាន​កិច្ចសន្យា​ទិញ​អាវុធ​ពី​អារ៉ាប៊ីសាអូឌីត​ក្នុង​ទឹកប្រាក់​មិន​តិច​ជាង ១១០ ០០០លានដុល្លារ​ទេ។

អត្ថន័យ និង​ខ្លឹមសារ​វ៉ៃប្រហារ​អ៊ីរ៉ង់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ​នៅ​អារ៉ាប៊ីសាអូឌីត ពិត​ជា​អ្វី​ដែល​ក្រុមអ្នក​ប្រឆាំង​អ៊ីរ៉ង់​ទន្ទឹង​រង់ចាំ​ចង់​ឮ និង​ចង់​ស្តាប់​ចេញ​ពី​បបូរ​មាត់​របស់​លោក​ត្រាំ។ ជាមួយ​នឹង​សុន្ទរកថា​នេះ ពួក​គេ​បាន​យល់​កាន់​តែ​ច្បាស់​ពី​ជំហរ​របស់​អាមេរិក​ជាមួយ​អ៊ីរ៉ង់ និង​ពី​ទំនាក់ទំនង​រវាង​អាមេរិក និង​ពិភពអារ៉ាប់។ ក្រៅ​ពី​បាន​បំពេញ​ចិត្ត​អារ៉ាប៊ីសាអូឌីត ជំហរ​ខោកក្បាល​អ៊ីរ៉ង់​របស់​លោក​ដូណាល់ ត្រាំ​ក៏​កំពុង​ធ្វើ​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​នឹង​អ៊ីរ៉ង់​ញញឹម​បិទមាត់​មិន​ជិត​ដែរ។ ពលរដ្ឋ​អ៊ីស្រាអែល​បាន​យល់​ឃើញ​ដូច​ពលរដ្ឋ​អារ៉ាប់​និកាយ​ស៊ុយនីត​ដែល​ថា មហិច្ឆតា​របស់​អ៊ីរ៉ង់​កំពុង​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់។

សរុប​មក​វិញ​ឃើញ​ថា ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ​នៅ​មជ្ឈិមបូព៌ា​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ពេល​នេះ ហាក់​មិន​បាន​បង្ហាញ​ចេញ​នូវ​នយោបាយ​របស់​អាមរិក​ជាមួយ​ពិភពអារ៉ាប់ អ៊ីស្លាម​ដូច​ដែល​ប្រធានាធិបតី​អាមេរិក​មុនៗ​បាន​ធ្វើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ដូណាល់ ត្រាំ​បែរ​ជា​បាន​ផ្តោត​លើ​ការ​រឹតចំណង​ជា​មួយ​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់ និង​កំពុង​បញ្ឆេះ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​រវាង​ចលនា​ពីរ នៅ​ម្ខាង មាន​អារ៉ាប់ស៊ុយនីត អ៊ីស្រាអែល និង​អាមេរិក ចំណែក​នៅ​ម្ខាង​ទៀត មាន​អ៊ីរ៉ង់​ដែល​គាំទ្រ​ដោយ​ស៊ីរី និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ