អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រូបភាព​​សហរដ្ឋ​​អាមេរិក​​​កាន់​តែ​​អវិជ្ជមាន​​​ដោយ​សារ​​តែ​​​លោក​​ដូណាល់​ ត្រាំ​​​ ជា​​​មនុស្ស​​​គ្មាន​​​ប្រជាប្រិយ​ភាព​​​​ ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ​ រូបភាព​សហរដ្ឋ​អាមេរិក​ចំពោះ​ពិភព​លោក​កំពុងតាំ​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក។​ ធ្លាក់​ចុះ​បែប​នេះ​ក៏​ដោយ​សារ​តែ​មតិ​សាធារណជន​លើ​ឆាក​អន្តរ​ជាតិ​កាន់​តែ​មិន​ទុក​ចិត្ត​លោក​ ដូណាល់​ ត្រាំ​។​ នេះ​ជា​សេចក្តី​សន្និ​ដ្ឋាន​នៃ​ការ​សិក្សា​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ ភៀវ (Pew) ​។​ ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​មនុស្ស​ជាង​ ៤ ម៉ឺន​រស់​នៅ​តាម​ប្រទេស​ចំនួន ៣៧។ តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អន្តរ​ជាតិ​លែង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​លោក​ ដូណាល់​ ត្រាំ​?

លោកដូណាល់ ត្រាំ និង​លោកស្រី​មែរគែល ក្នុង​ជំនួប​កំពូល​ហ្សេ២០ នៅ​អាល្លឺម៉ង់
លោកដូណាល់ ត្រាំ និង​លោកស្រី​មែរគែល ក្នុង​ជំនួប​កំពូល​ហ្សេ២០ នៅ​អាល្លឺម៉ង់ REUTERS/Patrik STOLLARZ
ផ្សាយពាណិជ្ជកម្ម

នយោបាយ​តាម​រយៈ​ពាក្យ​ស្លោក​ «ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​រុង​រឿង​ជា​ថ្មី»​ (Make America Great Again) របស់​លោក​ ដូណាល់​ ត្រាំ ពុំ​បាន​ធ្វើ​ប្រជា​ប្រិយភាព​របស់​គាត់​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក​មាន​រស្មី​ភ្លឺ​ចិញ្ចាច​ឡើយ។ នេះ​ជា​ការ​អង្កេត​សិក្សា​លើ​ប្រជា​ប្រិយ​ភាព​ប្រធានាធិបតី​អាមេរិកផង​ និង​លើ​រូបភាព​សហរដ្ឋ​អាមេរិក​ចំពោះ​មជ្ឈដ្ឋាន​បរទេស​ផង។​ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ Pew ​ដែល​ជា​ស្ថាប័នឯករាជ្យ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​​ឃ្លាំង​គំនិត​ផែ្នក​នយោបាយ​។​ ស្ថាប័ន​ដ៏ល្បី​មួយនេះ​​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើងចន្លោះ​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ដល់​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១៧។​ មាន​មនុស្ស​ចំនួន​ ៤០ ៤៤៧ នាក់​រស់​នៅ​តាម​ប្រទេស​ចំនួន​ ៣៧ ក្នុង​ទ្វីប​ចំនួន​ ៥ បាន​ចូល​រួម​ផ្តល់​មតិ​យោបល់។ ​សូម​ជំរាប​ជូន​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ Pew តែង​ធ្វើ​អង្កេត​សិក្សា​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ​។​

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ។​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ចំនួន​ជាង​ ៤​ ម៉ឺន​នាក់​ មាន​ ៧៤%​ បាន​និយាយ​ថា​ ពួក​គេ​ពុំ​ទុក​ចិត្ត​លោក​ ដូណាល់​ ត្រាំ ឡើយ​ ចំពោះ​សេចក្តី​សំរេច​ចិត្ត​របស់​គាត់​លើ​នយោបាយ​ក្នុង​ស្រុក​ និង​សំណុំ​រឿង​អន្តរជាតិ។​ នេះ​ជា​កំរិត​មិន​ទុក​ចិត្ត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចំពោះ​ប្រធានាធិបតី​អាមេរិក​ពី​សំណាក់​សាធារណជន​បរទេស​ ក្នុង​រយៈ​ពេល​ ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ។

តាម​រយៈ​ការ​ស្រាវ​ជ្រាវ​នេះ គេ​រក​ឃើញ​ថា​ ចំណុច​អវិជ្ជមាន​ខ្លាំង​ដែល​ធ្វើ​ឲ្យ​មហា​ជន​បរទេស​មិន​ពេញ​ចិត្ត​លោក​ ដូណាល់​ ត្រាំ​ គឺ​ដោយ​សារ​តែបុគ្គលិក​លក្ខណៈ​​ និង​កម្មវិធី​នយោបាយ​របស់​គាត់។​ ចំណុច​មួយ​ចំនួន​ធ្វើ​ឲ្យ​គេ​មិន​ចូល​ចិត្ត​លោក​ ដូណាល់​ ត្រាំ​ គឺ​មាន​ជា​អាទិ​ដូច​ជា​៖ ចរិត​ឆាប់​ខឹង​ច្រឡោត​ (៧៥%), ការ​មិន​ចេះ​អត់​ឱន​សណ្តោស​ប្រណី​ (៦៥%) និង​ជា​ប្រភេទ​មនុស្ស​គ្រោះ​ថ្នាក់​ (៦២%)។​ ម៉្យាង​ទៀត មនុស្ស​ភាគ​ច្រើន​ដែល​បាន​ជួប​សម្ភាស​ក្នុង​ចំណោម​ ​ គឺ​ពួក​គេ​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​សំណើ​កម្មវិធី​នយោបាយបច្ចុប្បន្ន​របស់​លោកប្រធានាធិបតី ។​ តួយ៉ាង​ដូចជា​ គំរោង​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំ​ដែន​ប្រទេស​ម៉ិចសិក​, ការ​សំរេច​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តីពី​អាកាស​ធាតុ​ក្រុង​ប៉ារីស​, ការ​លប់​ចោល​កិច្ច​ព្រម​ព្រៀង​បណ្តូរ​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក​, ការ​ព្យួរ​ទិដ្ឋាការ​ហាម​ឃាត់​ប្រជាជន​រស់​នៅ​ប្រទេស​កាន់​សាសនា​ឥស្លាម​ និង​ការ​លប់​ចោល​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ជាដើម។

ចំណែក​ប្រជាជន​រស់​នៅ​តាម​ប្រទេស​ដ៏ទៃ​ទៀត​ដែល​ធ្លាប់​តែ​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេច​របស់​សហរដ្ឋ​អាមេរិក​ គឺ​មាន​មនុស្ស​ជា​ច្រើន​នាក់​ណាស់​មិន​ចូល​ចិត្ត​លោក​ ដូណាល់​ ត្រាំ ឡើយ។​ ក្នុង​នោះ​មាន​ប្រទេស​ស៊ុយ​អែដ (-៨៣%), ហូឡង់​ (-៧៥%), អាល្លឺម៉ង់ (-៧៥%), ​បារាំង​ (-៧០%) និង​កូរ៉េ​ខាង​ត្បូង​ (-៧១%)។​ ចំណែក​ប្រជាជន​នៃ​ប្រទេស​ជិត​ខាង​សហរដ្ឋ​អាមេរិក គឺកាណាដា​ និង​ម៉ិច​សិក​ក៏​​ពុំ​ចូល​ចិត្ត​លោក​ ដូណាល់​ ត្រាំ​ ដែរ។​ អប្រជាប្រិយភាព​នេះ​ គឺ​ខ្ពស់​ជាង​លោក​ George W. Bush ទៅ​ទៀត​ ដែល​ធ្លាប់​បាន​កាប់​កាប់​អំណាច​រយៈ​ពេល​ ២ អាណត្តិ​រហូត​ដល់​ឆ្នាំ​២០០៨។

ដោយ​ទទួល​បាន​អត្រា​អប្រជាប្រិយ​ភាព​រហូត​ទៅ​ដល់​ ៧៤% បច្ចុប្បន្ន​នេះ លោក​ ដូណាល់​ ត្រាំ​កំពុង​ដឹក​មុខ​មេ​ដឹក​នាំ​ពិភព​លោក​ពីរ​រូប​ទៀត​។ តួយ៉ាង​លោក​ ស៊ី ជីន​ពីង​ ប្រធានាធិបតី​ចិន​មាន​កំរិតអប្រជាប្រិយ​ភាព​ ៥៣%​ ខណៈ​ពេល​​លោក​ វ្ល៉ាឌីមៀរ ពូទីន ប្រធានធិបតី​រុស្សី​មាន​គេ​មិន​ពេញ​ចិត្ត​រហូត​ទៅ​ដល់​ ៥៩%​ ឯណោះ។​ ក្នុង​ចំណោម​អ្នក​ជួប​សម្ភាសន៍​ទាំង​នោះ មាន​តែ ៥៥% ប៉ុណ្ណោះ​ ដែល​ចាត់​ទុក​លោក​ ដូណាល់​ ត្រាំ ថា​ជា​មេ​ដឹកនាំ​ខ្លាំង​ពូកែ។ ហើយ​ ៣៩% យល់​ឃើញ​ថា​ គាត់​ជា​មនុស្ស​មាន​ទឹក​មាត់​ប្រៃ​ពូកែ​និយាយ​បញ្ចុះ​បញ្ជូល​គេ។​ ក្នុង​ចំណោម​មនុស្ស​រស់​ចំនួន​ ៣៧ ប្រទេស​ដែល​បាន​ផ្តល់​មតិ​ ​ មាន​តែ​ប្រជាជន​រស់​នៅ​​ប្រទេស​អ៊ីស្រាអែល​ (៥៦%) និង​រុស្សី​ (៥៣%) តែ​ប៉ុណ្ណោះ​ដែល​មាន​យោបល់​វិជ្ជមាន​គាំទ្រ​លោក​ ដូណាល់​ ត្រាំ។​

អប្រជាប្រិយ​ភាព​បែប​នេះ​របស់​ប្រមុខ​ដឹកនាំ​អាមេរិកកំពុង​ធ្វើ​ឲ្យ​រូបភាព​សហរដ្ឋ​អាមេរិក​មើល​មក​ពី​ខាង​ក្រៅ​ ពោល​ គឺ​ពី​សំណាក់​មហាជន​អន្តរជាតិ កាន់​តែ​អវិជ្ជមាន​ថែម​ទៀត។​ កាល​ពី​ឆ្នាំ​២០១៦​ សហរដ្ឋ​អាមេរិក​ទទួល​បាន​ការ​ពេញចិត្ត​ចំនួន​ ៦១%។​ ប៉ុន្តែ​ អត្រា​នេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ៤៦% សំរាប់​ឆ្នាំ​២០១៧​នេះ។​ ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ ចក្ខុ​វិស័យ​សហរដ្ឋ​អាមេរិក​ចំពោះ​លិទ្ធិ​ប្រជាធិបតេយ្យ​ទទួល​បាន​ការ​កោត​សរសើរ​តែ​ចំនួន​ ៤៦%​ តែ​ប៉ុណ្ណោះ។

បើ​ទោះបី​ជា​នយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូណាល់​ ត្រាំ​មិន​ទទួល​បាន​ការ​ស្រលាញ់​ពេញ​ចិត្ត​ក៏ដោយ​ ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ ជន​ជាតិ​អាមេរិក​នៅ​តែ​មាន​គេ​ចូល​ចិត្តដដែល​ ដោយ​ទទួល​បាន​ពិន្ទុ​ ៥៨%។ ចំណែក​វប្បធម៌​ប្រជាប្រិយ​អាមេរិក​វិញ មាន​ជា​អាទិ​ តន្រ្តី​ ភាពយន្ត​ និង​កម្មវិធី​ទូរទស្សន៍ជាដើម​​ នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​កំរិត​ខ្ពស់​ពី​សំណាក់​ជន​បរទេស​ ពោល​ គឺ​​ទទួល​បាន​ពិន្ទុ​រហូត​ទៅ​ដល់​ ៦៥%។

សូម​រំលឹក​ជូន​ថា​ ពេល​បញ្ចប់​អាណត្តិ​ប្រធានាធិបតី លោក​ បារ៉ាក់ អូបាម៉ា​ ទទួល​បាន​កំរិត​​ប្រជា​ប្រិយ​ភាព​​ចំនួន​ ៦៤%​ ​ពី​សំណាក់​មនុស្ស​ម្នា​ជុំវិញ​ពិភព​លោក។​ ហើយ​ទន្ទឹម​គ្នា​នោះ ​​ រូប​ភាព​សហរដ្ឋ​អាមេរិក​មើល​ពី​ខាង​ក្រៅ​ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​ចំនួន​ ៦៤% ផង​ដែរ។​ ពោល​ គឺ​ជា​សហរដ្ឋ​អាមេរិក​បែប​វិជ្ជមាន​ ដែកលគេ​ឯង​ចង់​យក​ធ្វើ​ជា​គំរូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ