អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ទម្លាយ​ឯកសារ​សម្ងាត់​ចុងក្រោយ​ទាក់ទង​នឹង​ការធ្វើ​ឃាត​អតីត​ប្រធានាធិបតី​Kennedy

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​​ព្រហស្បតិ៍ទី​២៦​តុលា២០១៧​នេះទៅ សាធារណជនគ្រប់​រូប​អាច​រក​អាន​បាន តាម​ទំព័រអ៊ីនធ័រនែត ​នូវ​រាល់​ឯកសារ​សម្ងាត់ ចុងក្រោយ​បង្អស់ ​ចំនួន​ជាង​បីពាន់​ឯកសារ​ ទាក់ទង​នឹង​ការ​ធ្វើ​ឃាត​អតីត​ប្រធានាធិបតី​អាមេរិក​ ចន ឃែណឺឌី John Fitzgerald Kennedy កាលពី​ជាង​៥០​ឆ្នាំមុន។ ជា​​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ត្រាំ ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក ដែល​ត្រូវ​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ តុលា ២០១៧​នេះ។ ប៉ុន្តែ​សួរ​ថា​តើ​ការ​ទម្លាយ​ឯកសារ​សម្ងាត់​នេះ​នឹង​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ ? ហើយ​ហេតុ​អ្វី​ទើប​ទម្លាយ​នៅ​ពេល​នេះ ?

លោក  Kennedy ស្វាគមន៍​ពលរដ្ឋ​នៅ​ Dallas ពីរបី​នាទី​មុន​ឃាតកម្ម។ ថ្ងៃទី ២២​វិច្ឆិកា ១៩៦៣
លោក Kennedy ស្វាគមន៍​ពលរដ្ឋ​នៅ​ Dallas ពីរបី​នាទី​មុន​ឃាតកម្ម។ ថ្ងៃទី ២២​វិច្ឆិកា ១៩៦៣ Domaine public
ផ្សាយពាណិជ្ជកម្ម

លោក ចន ឃែណឺឌី ដែល​ជា​ប្រធានាធិបតី​អាមេរិក​ទី ៣៥ ត្រូវ​ឃាតករ​បាញ់​សម្លាប់ នៅ​កណ្តាល​ហ្វូង​មហាជន ​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ ដាឡាស រដ្ឋ​តិចសាស់​ កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា ១៩៦៣។ កាលណោះ​លោក​ទើប​មាន​វ័យ​៤៦​ឆ្នាំ និង​ជា​ប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​បំផុត។ ជាង​៥០​ឆ្នាំ​ក្រោយ​មរណភាព​ សំណុំ​រឿង​​​ឃាតកម្ម​នេះ​ នៅ​តែ​បន្ត​ផុស​ផុល​គ្មាន​ថ្ងៃ​ចប់ និង​បន្ត​មកដល់​​នៅ​ថ្ងៃ​នេះទៀត តាម​រយៈ​ការ​ទម្លាយ​ឯកសារ​សម្ងាត់​ចុង​ក្រោយ​ជា​សាធារណៈ ក្រោយ​ពីមាន​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី គឺ​លោក ដូណាល់ ត្រាំ។ ប៉ុន្តែ​ឯកសារ​ដែល​រសើប​ខ្លាំង​បំផុត ត្រូវ​ពន្យារ​ពេល​៦​ខែ​ បន្ថែម​ទៀត។

តាមធម្មតា​ឯកសារ​ទាំង​នេះ ត្រូវ​​រក្សា​ជា​ការ​សម្ងាត់​រហូត​ដល់​ឆ្នាំ ២០២៩។ ប៉ុន្តែ​​ ក្រោយ​ពី​មាន​ការ​បញ្ចាំង​ភាព​យន្ត​ស្តី​ឃាតកម្ម​លើ​លោក​ឃែណឺឌី របស់​ផលិតករ​ Olivier Stone គ្រប់​គ្នា​កើត​សង្ស័យ​ថា​មាន​ការ​ផ្សំ​គំនិត​សម្លាប់​ប្រធានាធិបតី​អាមេរិក និង​សង្ស័យ​ទាំង​លើ​លទ្ធផល​អង្កេត​ផ្លូវការ​ទៀត។ ហើយ​នៅ​​​ថ្ងៃទី ២៦​តុលា ១៩៩២ ច្បាប់​អាមេរិក​បានបង្ខោច​​កំណត់​រក្សា​ឯកសារ​អង្កេត​ឃាតកម្ម​លើ​លោក ឃែណឺឌី ជា​សំងាត់​ត្រឹម២៥​ឆ្នាំ ពោល​គឺបង្ខិត​មក​​ត្រឹម​ថ្ងៃ​ទី ២៦ តុលា ២០១៧​នេះ​​ ដោយ​​ត្រូវបើកទំលាយ​​ជាសាធារណៈ​ក្នុង​ប្រព័ន្ធបណ្ណសារជាតិ​ និង​លែង​មាន​​បម្រាម​អ្វី​ទាំង​អស់​ លើក​លែង​តែ​ប្រធានាធិបតី​កាន់​អំណាច​ ប្រឆាំង។

ខួប​៥០​ឆ្នាំ​នៃ​មរណភាព​របស់​លោក​ ឃែណឺឌី

តែ​លោក​ត្រាំ បាន​បង្ហើប​​សេចក្តី​សម្រេចចិត្តតាំង​ពី​ថ្ងៃសៅរ៍​មក ថា​ ឯកសារ​សម្ងាត់​បំផុត ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​អតីត​ប្រធានាធិបតី​ឃែណឺឌី នឹង​ត្រូវ​បើក​ទម្លាយ​បង្ហាញ​ជា​សាធារណៈ ដើម្បី​តម្លាភាព។ ​​​លោក ត្រាំ​ ​ធ្លាប់​បាន​ព្រលយ​អំពីភាព​សង្ស័យក្នុង​ ​សំណុំ​រឿង​នេះ​តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​បេក្ខជន​ប្រធានាធិបតី​បក្ស​មក​ម្ល៉េះ។ ដោយ​លោក​មាន​ចម្ងល់​នឹង​រូបភាពឯកសារ​(នៅ​​ក្នុង​សារព័ត៌មាន​ National Enquirer ឆ្នាំ​១៩៦៣ )ឃើញ​ឃាតករ​ឈរ​ចែក​ខិត្តបណ្ណ​ឃោសនា​នយោបាយ​កាស្ត្រូ ជាមួយ​នឹង​មនុស្ស​ម្នាក់​ទៀត។ លោក​ឆ្ងល់​ថា​តើ​បុរស​នោះ​ជា​នរណា ? ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​និយាយ​ពី​ជន​ម្នាក់​នោះ​សោះ ? ដោយ​ពិត​ទៅ​បុរស​នោះ​គឺ​ជា​ឪពុក​របស់ លោក ថេត គ្រូស បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​។ សម្រាប់​លោក​ត្រាំ​ឃាតកម្ម​លើ​លោក កេនឺឌី ទំនង​ជា​ការ​ផ្សំគំនិត​ក្បត់ មិនមែន​ជា​ឃាតកម្ម​ធ្វើ​ឡើង​ឃាតករ​ទោល​ ដូច​កា​រ​សន្និដ្ឋាន​ជាផ្លូវការ​ទេ។

សេណារីយោផ្សំ​គំនិត គុយបា រុស្ស៊ី CIA FBI ...

ឯកសារ​អង្កេត​ឃាតកម្ម​លើ​អតីត​ប្រធានាធិបតី​អាមេរិករបស់​CIA FBI​ និង​តុលាការ​អាមេរិក​ ត្រូវ​បាន​ទម្លាយ​ជាង​៣​ម៉ឺន​រួច​មក​ហើយ ហើយ​ថ្ងៃ​នេះ​ជា​ការ​ទម្លាយ​​​ឯកសារចុងក្រោយ ​ចំនួនប្រមាណ​​ជាង​៣១០០​​សំណុំ​ និង​សំណុំ​ឯកសារ​ ​ជាប់​បម្រាមរាប់​សិបពាន់​ផ្សេង​ទៀត ត្រូវ​ បង្ហោះ​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​វិបសៃត៍​បណ្ណសារជាតិ។

ខ្លឹម​សារ​ក្នុង​ឯកសារសម្ងាត់​​ទាំង​នេះ មាន​ពាក់ព័ន្ធ​នឹង​បរិបទនៃឃាតកម្ម សកម្មភាពរបស់​ឃាតករ និងសកកម្មភាព​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក ព្រមទាំង​អំណាច​​ជ្រៀតជ្រែក​របស់​បរទេស។ ស្លាប់​៤៨​ម៉ោង​ក្រោយ​ការ​ចាប់ខ្លួន ឃាតករ​ លី ហារវេ អូស្វ័ល Lee Harvey Oswald បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ិចស៊ិកូ ពីរបី​សប្តាហ៍​មុន​ហេតុការណ៍ ឃាតកម្ម។ ដំណើរ​របស់​ឃាតករ​នេះ ស្ថិត​ក្រោម​ការ​តាមដាន​របស់​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក CIA ​ព្រោះ Lee Harvey Oswald ទំនង​ជា​ទៅ​ទីនោះ​ដើម្បី​ជួប​ចារបុរស​រុស្ស៊ី​និង​គុយបា និយាយ​អំពី​ផែនការ​សម្លាប់​ប្រធានាធិបតី​អាមេរិក។ ឯកសារ​នេះ ក៏អាច​បើក​កកាយ​ឱ្យ​ឃើញ​អំពី​កង្វះ​ខាត​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក ហើយ​​ប៉ុនប៉ង​លាក់​។

ប៉ុន្តែ​បើ​តាម​អ្នក​​ជំនាញ ការ​ទម្លាយ​ឯកសារ​សម្ងាត់​នេះ ទំនង​ជា​មិន​អាច​បិទ​បញ្ចប់​ទេរវកថា​​ស្តី​ពី​មរណភាព​របស់​ប្រធានាធិបតី​អាមេរិក ដ៏​ពេញ​និយម​​ដូច​រូប​លោក ឃែណឺឌី ​បាន​ទេ។ ពលរដ្ឋ​អាមេរិក​ជាង​ពាក់​កណ្តាល នៅ​តែ​បន្ត​គិត​ជា​និច្ច​ថា ឃាតករ​មិន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​ទេ។

ជំនឿ​​ថា​មាន​ការ​ផ្សំគំនិត​ក្បត់​សម្លាប់​ប្រធានាធិបតី ជាមួយ​​គុយបា រុស្ស៊ី FBI CIA ឬ​ពួក​ម៉ាហ្វីយ៉ា មិន​អាច​ជម្រុះ​អស់​ពី​ផ្នត់​គំនិត​អាមេរិក​បាន​ទេ។ លោក​ ដូណាល់ ត្រាំ​ផ្ទាល់ ក៏​ចោទ​សួរ​អំពី​ទំនួល​ខុស​ត្រូវ​របស់​ឪពុក​លោក​ថេត គ្រូស អតីត​គូប្រជែង​ក្នុង​បក្ស។ ផ្ទុយ​ទៅ​វិញ ការ​ទម្លាយ​ឯកសារ​ ដើម្បី​តម្លាភាព​ ទំនងជា​​រឹត​តែ​ធ្វើ​ឱ្យ​មាន​ភាព​សង្ស័យ​ និង​ច្របូក​ច្របល់​ ថែម​ទៀត​ទៅ​វិញ​ទេ។ សម្មតិកម្ម​ថា​មាន​ការ​ផ្សំគំនិត​គ្នា​ នឹង​កាន់​តែ​ផុស​ផុល​ទៀត​ ព្រោះ​ឯកសារ​ខ្លះ ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ទៅ​ហើយ។ នេះ​ជា​​​ភស្តុតាង​ថ្មី បញ្ជាក់ថាអាមេរិក​​គ្មាន​ថ្ងៃ​ដែល​គេ​ដឹង​ការ​ពិត​នៃ​ឃាតកម្ម​សម្លាប់​លោក​ ឃែណឺឌី ឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ