អាមេរិក៖ព្រឹទ្ធសភាអនុម័តលើច្បាប់ស្តីពីកំណែទម្រង់វិស័យសារពើពន្ធរបស់លោកដូណាល់ ត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៣
នៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាបានអនុម័តលើច្បាប់ស្តីពីកំណែទម្រង់ក្នុងវិស័យសារពើពន្ធ។ បន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភានាថ្ងៃអង្គារ ទី១៩ ធ្នូ ច្បាប់ដដែលនេះនឹងបញ្ជូនទៅឲ្យសភាបោះឆ្នោតជាថ្មីនៅថ្ងៃពុធ ទី២០ ធ្នូនេះ។ សូមជម្រាបជូនថា កំណែទ្រង់លើវិស័យសារពើពន្ធនេះជាប្រធានបទអាទិភាពមួយសន្យាដោយលោកដូណាល់ ត្រាំក្នុងសម័យឃោសនាបោះឆ្នោត។ តែក្រុមអ្នកវិភាគបានមើលឃើញថា កំណែទម្រង់មួយនេះអាចនឹងធ្វើឲ្យរដ្ឋបាលអាមេរិកប្រឈមនឹងកំណើនប្រាក់បំណុលខ្ពស់។
គេអាចនិយាយបានទេថា ការដែលព្រឹទ្ធសភាបានអនុម័តលើច្បាប់ស្តីពីកំណែទម្រង់ក្នុងវិស័យសារពើពន្ធពេលនេះ ជាមហាកាដូមួយដែលលោកដូណាល់ ត្រាំបានទន្ទឹងរង់ចាំអស់មួយឆ្នាំមកហើយ។ ចូរកុំភ្លេចថា ក្រោយការកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោកដូណាល់ ត្រាំជិត ១ឆ្នាំមក នេះជាលើកទី១ ដែលកំណែទម្រង់អាទិភាពមួយរបស់លោកបានលេចចេញជារូបរាងឡើង។ គួរបញ្ជាក់ជូនបន្តិចថា ក្រោយការបោះឆ្នោតអនុម័តរបស់ព្រឹទ្ធសភានាថ្ងៃអង្គារ ទី១៩ ធ្នូមក ច្បាប់ស្តីពីកំណែទ្រង់ក្នុងវិស័យសារពើពន្ធដែលមានកម្រាស់ ១០៩៧ទំព័រមួយនេះនឹងត្រូវបញ្ជូនទៅឲ្យសភាបោះឆ្នោតអនុម័តជាថ្មីនៅថ្ងៃពុធ ទី២០ ធ្នូ។ បើគ្មានឧបសគ្គអ្វីរារាំងទេ ច្បាប់នោះនៅខ្វះតែហត្ថលេខីរបស់លោកដូណាល់ ត្រាំប៉ុណ្ណោះ មុននឹងដាក់ឲ្យអនុវត្តន៍ជាផ្លូវការ។
ជាកាដូណូអែលសម្រាប់លោកដូណាល់ ត្រាំពិតជារឿងមួយដែលមិនអាចប្រកែកបានទេ តែអ្នកដែលនឹងទទួលបានផលចំណេញផ្ទាល់ពីកំណែទម្រង់ក្នុងវិស័យសារពើពន្ធនេះ គឺពលរដ្ឋអាមេរិកាំង និងក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងស្រុកគ្រប់ខ្នាតទាំងអស់។ គោលដៅរបស់លោកដូណាល់ ត្រាំនៅក្នុងកំណែទម្រង់នេះ គឺកាត់បន្ថយការបង់ពន្ធរបស់ពលរដ្ឋ និងក្រុមហ៊ុន រោងចក្រ សហគ្រាសចាប់ពីឆ្នាំ ២០១៨ ទៅ។ បើតាមការគន់គូររបស់សភាអាមេរិកសម្រាប់ឆ្នាំ ២០១៩ អត្រាពន្ធនឹងថយចុះជាមធ្យមចំនួន ៨% ដែលគិតជាទឹកប្រាក់សរុបមាន ២៦០ ០០០លានដុល្លារ។ គេអាចនិយាយបាន រដ្ឋនឹងបាត់បង់ចំណូលពីការយកពន្ធចំនួន ២៦០ ០០០លានដុល្លារសម្រាប់ឆ្នាំ ២០១៩។
សន្ទុះកំណើនសេដ្ឋកិច្ច និងបង្កើតការងារថ្មី
លទ្ធផលដែលលោកដូណាល់ ត្រាំកំពុងរង់ចាំពីកំណែទម្រង់ក្នុងវិស័យសារពើពន្ធ គឺសន្ទុះកំណើនសេដ្ឋកិច្ច និងការបង្កើតការងារបន្ថែមជូនពលរដ្ឋអាមេរិកាំង។ ចូរកុំភ្លេចថា កំណែទម្រង់ក្នុងវិស័យសារពើពន្ធដែលលោកដូណាល់ ត្រាំចង់បាននេះបានធ្វើឲ្យរដ្ឋបាលអាមេរិកបាត់បង់ចំណូលច្រើនណាស់។ ជាមួយនឹងកំណែទម្រង់នេះ លោកដូណាល់ ត្រាំចង់ជួយបង្កើនការចាយវាយរបស់ពលរដ្ឋ និងជួយជំរុញការប្រកួតប្រជែងរបស់ក្រុមហ៊ុន រោងចក្រសហគ្រាសក្នុងស្រុក។ លោកត្រាំសង្ឃឹមថា ការចាយវាយបន្ថែមរបស់ពលរដ្ឋនឹងជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចឲ្យលើសពី ៣% ដែលអាមេរិកកំពុងមានសព្វថ្ងៃ ពិសេសបង្កើតការងារបន្ថែមឲ្យពលរដ្ឋ។
នៅក្នុងន័យនេះ លោកដូណាល់ ត្រាំបានសរសេរដោយអំណួតថា តម្លៃភាគហ៊ុននៅផ្សារភាគហ៊ុន និងសេដ្ឋកិច្ចនឹងស្គាល់ភាពរុងរឿងខ្លាំងនៅពេលណាដែលច្បាប់កំណែទម្រង់មួយនេះត្រូវបានអនុវត្តន៍ ១០០%។ តែក្រុមអ្នកវិភាគហាក់មិនបានយល់ឃើញដូចលោកដូណាល់ ត្រាំទេ។ សំណួរដែលពួកគេបានចោទសួរឡើងពេលនេះគឺថា តើលោកត្រាំនឹងយកលុយពីណាដើម្បីបំពេញលើចំណូលដែលរដ្ឋបានបាត់បង់ពីការយកពន្ធពីពលរដ្ឋ និងពីរោងចក្រ សហគ្រាស?។ នៅក្នុងន័យនេះ ក្រុមអ្នកវិភាគបានទាញសញ្ញាអាសន្នថា បើលោកត្រាំគ្មានយុទ្ធសាស្រ្ត ឬផែនការអ្វីច្បាស់លាស់ទេ នោះកំណែទម្រង់មួយនេះនឹងធ្វើឲ្យបំណុលអាមេរិកឡើងកាន់តែខ្លាំងថែមទៀត។
ក្រុមអ្នកវិភាគព្រមានពីកំណើនប្រាក់បំណុល
កន្លងមក ប្រធានាធិបតីអាមេរិកមុនៗក៏បានធ្វើកំណែទម្រង់ក្នុងវិស័យសារពើពន្ធនេះដែរដោយបានអះអាងដូចគ្នាថា ដើម្បីចូលរួមផ្តល់សន្ទុះកំណើនសេដ្ឋកិច្ច និងបង្កើតការងារបន្ថែមឲ្យពលរដ្ឋ។ នៅពេលដែលសេដ្ឋកិច្ចមានកំណើនបន្ថែម ហើយពលរដ្ឋអាមេរិកសម្បូរការងារធ្វើ រដ្ឋបាលអាមេរិកសង្ឃឹមនឹងយកផលចំណេញដែលទទួលបាននោះទៅបំពេញកន្លែងបាត់បង់ពីការយកពន្ធពីពលរដ្ឋ និងក្រុមហ៊ុន រោងចក្រសហគ្រាស។ តែគេសង្កេតឃើញជារួមថា លទ្ធផលជាក់ស្តែងដែលទទួលបានមិនដូចជាការរង់ចាំឯណា។ ចំណែកក្រុមអ្នកសេដ្ឋវិទូក៏មិនបានភ្ញាក់ផ្អើលលើលទ្ធផលគួរឲ្យខកចិត្តនោះទេ។
មេរៀននៅក្នុងអតីតកាលបានបង្ហាញរួចហើយនៅក្នុងជំនាន់លោកប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ Ronald Reagan ដែលច្បាប់ស្តីពីកំណែទម្រង់ក្នុងវិស័យសារពើពន្ធរបស់គាត់បានអនុម័តក្នុងឆ្នាំ ១៩៨១ និងក្នុងជំនាន់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋម្នាក់ទៀត គឺលោក George W. Bush ដែលច្បាប់ស្តីពីកំណែទម្រង់ក្នុងវិស័យសារពើពន្ធរបស់គាត់បានអនុម័តក្នុងឆ្នាំ ២០០១ ២០០៣។ កំណែទម្រង់មួយនេះបានជួយកាត់បន្ថយការបង់ពន្ធរបស់ពលរដ្ឋ និងក្រុមហ៊ុន រោងចក្រសហគ្រាសមែន តែរដ្ឋបានប្រឈមមុខនឹងកំណើនប្រាក់បំណុលខ្ពស់កប់ពពករហូតធ្វើឲ្យអាមេរិកក្លាយជាប្រទេសជាប់បំណុលគេច្រើនជាងគេក្នុងលោកទៀតផង។
ទីបំផុតនៅពេលនោះ រដ្ឋគ្មានជម្រើសរើសអ្វីនឹងត្រឡប់មកបង្កើនពន្ធលើពលរដ្ឋ និងក្រុមហ៊ុន រោងចក្រសហគ្រាសជាថ្មី ហើយថែមទាំងបង់លើសពីពេលមុន និងធ្ងន់ ក ជាងមុនទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ