អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អាមេរិក​ពិត​ជា​បាន​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​ចង់​ដក​​ទ័ពអាមេរិក​ចេញ​ពី​ស៊ីរី​ឬ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី២៩ សីហា​នេះ កាសែតប្រចាំថ្ងៃ​មួយ​ក្នុង​ប្រទេស​លីបង់​ឈ្មោះ Al-Akhbar បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​គណៈប្រតិភូ​អាមេរិក​មួយ​ក្រុម​នៃ​ទីភ្នាក់ងារ​សន្តិសុខ និង​ស៊ើបការណ៍សម្ងាត់​បាន​ទៅ​ជួប​ប្រមុខ​សន្តិសុខ​ស៊ីរី​ដ៏​មាន​ឥទ្ធិពល​លោក​អាលី មុំាលូក។ ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ដាម៉ាស់​កាល​ពី​ខែ​មិថុនា​ក្នុង​សប្តាហ៍​ទី៤។ ព័ត៌មាន​មួយ​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ទ័ពរដ្ឋាភិបាល​ស៊ីរី និង​រុស្ស៊ី​កំពុង​ត្រៀម​ជើងព្រួល​វាយប្រហារ​ដណ្តើម​ទីក្រុង​អ៊ីឡិប​ពី​ពួក​ឧទ្ទាម និង​ពួក​ជីហាត។ ស្ថានការណ៍​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បារម្ភ​យ៉ាង​ខ្លាំង ពិសេស​ស្ថានភាព​មនុស្សធម៌។

តើ​អាមេរិក​ពិត​ជា​បាន​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​ចង់​ដក​​ទ័ពអាមេរិក​ចេញ​ពី​ស៊ីរី​ឬ​?
តើ​អាមេរិក​ពិត​ជា​បាន​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​ចង់​ដក​​ទ័ពអាមេរិក​ចេញ​ពី​ស៊ីរី​ឬ​? REUTERS/Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

បើ​តាម​កាសែត​លីបង់ Al-Akhbar គណៈប្រតិភូ​អាមេរិក​មក​ពី​ទីភ្នាក់ងារ​សន្តិសុខ និង​ស៊ើបការណ៍សម្ងាត់​បាន​ដឹក​នាំ​ដោយ​មន្រ្តីជាន់ខ្ពស់​ម្នាក់​ដែល​កាសែត​មិន​បាន​ប្រាប់​ឈ្មោះ​ទេ។ ចំណែក​នៅ​ខាង​ភាគី​ស៊ីរី​វិញ គឺ​ដឹកនាំ​ដោយ​លោក​អាលី មុំាំលូក ប្រមុខ​សន្តិសុខ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​រួម​ទាំង​វត្តមាន​ប្រធាន​អគ្គនាយក​ផ្នែក​សន្តិសុខ និង​អនុប្រធាន​សេនាធិការដ្ឋាន។ ជំនួប​រវាង​អាមេរិក និង​ស៊ីរី​មាន​រយៈពេល ៤ម៉ោង និង​បាន​ធ្វើ​ឡើង​ក្នុង​ខែ​មិថុនា​សប្តាហ៍​ទី៤ នៅ​ក្នុង​សង្កាត់​ម៉ាហ្សេ​នៃ​ទីក្រុង​ដាម៉ាស់។ យោង​តាម​កាសែត Al-Akhbar ដដែល ភាគី​អាមេរិក​ប្រហែល​ជា​បាន​ធ្វើ​សំណើ​ដល់​ភាគី​ស៊ីរី​ក្នុង​ការ​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី។

សំណើ​មួយ​នេះ​ត្រូវ​បាន​អាមេរិក​ដាក់​លក្ខខណ្ឌ​ចំនួន ៣ ទៅ​កាន់​ស៊ីរី ទី១ ត្រូវ​ដក​កម្លាំងទ័ព​អ៊ីរ៉ង់​ចេញ​ពី​ប៉ែកខាងត្បូង​ស៊ីរី​ដែល​ស្ថិត​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល ទី២ ត្រូវ​ធានា​ពី​ការ​ចូលរួម​របស់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ស៊ីរី និង​លក្ខខណ្ឌ​ទី៣ ទីក្រុង​ដាម៉ាស់​ត្រូវ​ចែក​ព័ត៌មាន​ស្តីពី​វត្តមាន​ពួកជីហាត​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន។ ប្រសិន​បើ​រដ្ឋាភិបាល​ស៊ីរី​អាច​គោរព​លក្ខខណ្ឌ​ទាំង ៣ នេះ​បាន នោះ​អាមេរិក​នឹង​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​ទឹកដី​ស៊ីរី។ តែ​ខាង​ភាគី​ស៊ីរី​បាន​ចាត់​ទុក​ជា​លក្ខខណ្ឌ​ដែល​ខ្លួន​មិន​អាច​ទទួល​យក​បាន និង​ថា បាន​ព្រមព្រៀង​ជាមួយ​ភាគី​អាមេរិក​ក្នុង​ការ​បន្ត​កិច្ចសន្ទនា​នៅ​ពេល​ខាង​មុខ​ជា​បន្ត​ទៀត។

តាម​កាសែត​លីបង់ Al-Akhbar ដដែល វត្តមាន​នៃ​ជំនួប​រវាង​មន្រ្តីជាន់ខ្ពស់​អាមេរិក និង​ស៊ីរី​បាន​ធ្វើ​ឡើង​តាម​កាណាល់​រុស្ស៊ី និង​អេមីរ៉ាអារ៉ាប់រួម តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។

មាន​ឬ​មិន​មាន​ជំនួប​រវាង​មន្រ្តីជាន់ខ្ពស់​អាមេរិក និង​ស៊ីរី​ក្នុង​ទីក្រុង​ដាម៉ាស់?

រហូត​មក​ដល់​ពេល​ម៉ោង​នេះ ព័ត៌មាន​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ប្រភព​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ ហើយ​ក្រសួង​ការពារជាតិ ក៏​ដូច​ជា​ក្រសួង​ការបរទេស​អាមេរិក​ក៏​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ដែរ។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ព័ត៌មាន​មួយ​ដែល​គ្រប់​គ្នា​បាន​ចាប់​អារម្មណ៍​ដោយ​មាន​ការ​ថ្លឹងថ្លែង និង​ប្រយ័ត្នប្រយែង​ខ្លាំង ព្រោះ​ថា Al-Akhbar ជា​កាសែត​លីបង់​ដែល​មាន​ទំនោរ​រក​របប​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ ហើយ​ក៏​ស្និទ្ធ​នឹង​ចលនា​ហេស្បូឡាលីបង់​ដែល​កំពុង​ចូលរួម​ប្រយុទ្ធ​ជាមួយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ដែរ។ កំណត់​សម្គាល់​មួយ​ទៀត Al-Akhbar បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​នេះ​ដោយ​មិន​បាន​សំអាង​លើ​ភស្តុតាង ឬ​ប្រភព​ផ្លូវការ​ណា​មួយ​ឡើយ។

សូម​ជម្រាប​ជូន​ថា អាមេរិក​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ និង​បាន​បិទស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ដាម៉ាស់​តាំង​ពី​ដើម​ឆ្នាំ ២០១២ ពោល​បន្ទាប់​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ។ បន្ទាប់​មក អាមេរិក​ក៏​បាន​ដឹកនាំ​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដោយ​គាំទ្រ​កម្លាំង​សម្ព័ន្ធ​អារ៉ាប់ គួដឌីស្ថាន​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាត។ នៅ​ក្នុង​ទឹកដី​ស៊ីរី ទ័ពអាមេរិក​បាន​ឈរ​ជើង​នៅ​ក្នុង​ដែនដី​ដែល​គ្រប់គ្រង​ដោយ​ពួក​គួដឌីស្ថាន​ស្ថិត​ប៉ែក​ឦសាន។ តែ​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ពោល​ក្រោយ​ពី​ទ័ពរដ្ឋាភិបាល​ស៊ីរី​បាន​ប្រើ​អាវុធ​គីមី​វាយប្រហារ​លើ​ជនស៊ីវិល និង​ទីតាំង​ក្រុមអ្នកប្រឆាំង​មក កម្លាំងទ័ព​អាមេរិក​ក៏​បាន​វាយប្រហារ​លើ​ទីតាំង​របស់​កម្លាំងទ័ព​ស៊ីរី​ដើម្បី​ជា​ការ​សងសឹក​វិញ។

រុស្ស៊ី​កំពុង​ពង្រឹង​កម្លាំង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ទឹកដី​ស៊ីរី

នៅ​ស៊ីរី​ក៏​ដូច​ជា​នៅ​អ៊ីរ៉ាក់ អាមេរិក​បាន​លូកដៃ​ចូល​យ៉ាង​ជ្រៅ​តាម​រយៈ​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម។ តែ​សមរភូមិ​នៅ​ស៊ីរី​ជា​សមរភូមិ​មួយ​ស្មុគស្មាញ​ខ្លាំង​ណាស់ ព្រោះ​នៅ​ម្ខាង ស៊ីរី​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​រវាង​ក្រុមអ្នកប្រឆាំង និង​រដ្ឋាភិបាលស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ដែល​សហគមន៍​អន្តរជាតិ ពិសេស​ក្រុម​ប្រទេស​បស្ចិមលោក​លែង​ទទួល​ស្គាល់ និង​នៅ​ម្ខាង​ទៀត ទឹកដី​ស៊ីរី​មួយ​ភាគ​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​អង្គការ​រដ្ឋអ៊ីស្លាម។ អាមេរិក និង​ក្រុម​ប្រទេស​បស្ចិមលោក​បាន​បើក​ប្រតិបត្តិ​លើ​ទឹកដី​ស៊ីរី​ដើម្បី​បោស​សំអាត​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​ឆ្លៀត​ផ្តល់​ការ​គាំទ្រ​ចំពោះ​ក្រុមប្រឆាំង​ស៊ីរី​ក្នុង​គោលដៅ​ទម្លាក់​លោក​អាសាដ​ដែរ។

ផ្ទុយ​ពី​ក្រុម​ប្រទេសបស្ចិមលោក ប្រទេស​ដែល​គាំទ្រ​លោក​អាសាដ មាន​រុស្ស៊ី និង​ពួក​ហេស្បូឡា​នៅ​លីបង់​ក៏​បាន​ចូល​អន្តរាគមន៍​នៅ​ស៊ីរី​ក្រោម​លេស​វាយប្រហារ​ពួកជីហាត​ដែរ តែ​បាន​ឆ្លៀត​សំពង​ក្រុមប្រឆាំង​ស៊ីរី។ នៅ​ថ្ងៃ​អង្គារ ទី២៨​សីហា ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​ពង្រឹង​កម្លាំងទ័ព​ជើងទឹក​ក្រោម​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​ភាគខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ។ គោលដៅ​របស់​រុស្ស៊ី គឺ​ដើម្បី​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ផ្លូវអាកាស​ជា​យថាហេតុ​របស់​កម្លាំង​លោកខាងលិច​លើ​ស៊ីរី​ក្រោម​ហេតុផល​ថា របបស៊ីរី​របស់​លោក​អាសាដ​បាន​ប្រើ​អាវុធគីមី។ ឃើញ​ថា ស៊ីរី​កំពុង​ក្លាយ​ទៅ​ជា​សមរភូមិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មហាអំណាច​ទៅ​វិញ ពិសេស​រវាង​អាមេរិក និង​រុស្ស៊ី។

ជាមួយ​នឹង​ការ​គាំទ្រ​របស់​កម្លាំងទ័ពរុស្ស៊ី រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​ដោយ​វាយ​ដណ្តើម​យក​ទីក្រុង​ជា​ច្រើន​ពី​កណ្តាប់ដៃ​ក្រុមប្រឆាំង និង​ក្រុម​ជីហាត។ តើ​កំណើន​ភាព​តានតឹង និង​ការ​លូកដៃ​កាន់​តែ​ជ្រៅ​របស់​រុស្ស៊ី​ពេល​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​ងាក​ទៅ​ចរចា​ជាមួយ​ភាគី​ស៊ីរី​ដើម្បី​ដក​ខ្លួន​ចេញ​ដោយ​កិត្តិយស គេ​ត្រូវ​រង់ចាំ​ចម្លើយ​ផ្លូវការ​នៅ​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ