អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក និង​អារ៉ាប៊ី សាអូឌីត៖ សម្ព័ន្ធភាព​ដែល​កាន់ តែចុះ​ស្រអាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខការបរទេស​អាមេរិក លោក​Mike Pompeo បាន​បញ្ចប់​ទស្សនកិច្ច​នៅ​អារ៉ាប៊ី សាអូឌីត ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដោយ​គ្មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​នោះទេ។ នេះ​ជា​លទ្ធផល​នៃ​ទស្សនកិច្ច ដែល​មាន​គោលដៅ​ពីរ​ដើរ​បញ្ច្រាសគ្នា។ នៅ​ទីក្រុង​រីយ៉ាដ ប្រមុខការបរទេស​អាមេរិក ចង់បញ្ជាក់​ធានា​សម្ព័ន្ធភាព​ចាស់ឆ្នាំ ជាមួយ អារ៉ាប៊ី សាអូឌីត​ផង ប៉ុន្តែ​ជាមួយ​គ្នានោះ ក៏​ចង់​ដាក់​សម្ពាធ​ឲ្យ​អារ៉ាប៊ី សាអូឌីត រកមុខ​អ្នកទទួលខុសត្រូវ ដែល​បញ្ជា​ឲ្យ​សម្លាប់​អ្នកកាសែត លោក Jamal Kashoggi ផងដែរ។ នៅទីបំផុត នៅមុន​ចាកចេញពី ទីក្រុង​រីយ៉ាដ ប្រមុខ​ការបរទេស​អាមេរិក បាន​ត្រឹមតែ​បញ្ជាក់​ថា ក្សត្រ​ទាំងពីរ​អង្គ​របស់​អារ៉ាប៊ី សាអូឌីត បាន​សន្យា​រក​មុខ អ្នក​ដែល​សម្លាប់​អ្នកកាសែត​តែប៉ុណ្ណោះ នៅក្នុង​ពេល​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​ចាត់ទុក​រួចហើយ ថា គឺ​រាជបុត្រ​ស្នងរាជ្យ ដែល​ជា​អ្នកទទួល​ខុសត្រូវ​បញ្ជា​ឲ្យ​សម្លាប់​អ្នកកាសែត លោក Jamal Kashoggi។ 

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo ហើយ​និង​រាជបុត្រ​ស្នងរាជ្យអារ៉ាប៊ី សាអូឌីត នៅទីក្រុង​រីយ៉ាដ ថ្ងៃទី១៣​មករា ២០១៩
រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo ហើយ​និង​រាជបុត្រ​ស្នងរាជ្យអារ៉ាប៊ី សាអូឌីត នៅទីក្រុង​រីយ៉ាដ ថ្ងៃទី១៣​មករា ២០១៩ ©Andrew Caballero-Reynolds/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

តើអ្វីទៅ​ជា​សម្ព័ន្ធភាព​រវាង​អាមេរិក ហើយ​និង​មហាមិត្ត​អារ៉ាប៊ី សាអូឌីត នៅ​ឆ្នាំ​ថ្មី​នេះ? តើ​ទំនាក់ទំនង​ចុះ​ល្អក់កករ ដោយសារ​តែ​សំណុំរឿង​ឃាតកម្ម​លើ​អ្នកកាសែត លោក​ Jamal Kashoggi កាលពី​ឆ្នាំទៅ នៅ​តែ​តាម​លង បន្ត​បំពុល​ប្រទេស​ទាំងពីរ ឬ​ក៏យ៉ាងណា? នៅពេល​ដែល អាមេរិក​ត្រូវ​ប្រារព្ធ​ខួប​៥០​ឆ្នាំ នៃ​ការបោះបង្គោល​នយោបាយ​ការបរទេស​នៅ​តំបន់​ដើមបូព៌ា នៅឆ្នាំនេះ ទំនាក់ទំនង​អាមេរិក ហើយ​និង​អារ៉ាប៊ី សាអូឌីត កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​មួយ ដ៏ផុយស្រួយ​ខ្លាំង មិន​ធ្លាប់​មាន​កន្លងមក។

ឃាតកម្ម​ទៅ​លើ​លោក​ Jamal Kashoggi អ្នកកាសែត ប្រឆាំង​របប​គ្រប់គ្រង​អារ៉ាប៊ី សាអូឌីត កាលពី​ខែតុលា​នៅក្នុង​ស្ថានកុលស៊ុល ប្រទេស​តួកគី ជា​សំណុំរឿង​ដ៏ឈឺក្បាល​មួយទៀត ដែល​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក និង​អារ៉ាប៊ី សាអូឌីត កាន់តែ ឃ្លាត​ចាក​ឆ្ងាយ​គ្នា។

ខុសពី​រូបភាព​ខាងក្រៅ ដែល​បង្ហាញ​ពីទំនាក់ទំនង​ល្អូកល្អឺន​នឹងគ្នា នៅខាងក្រោយ​ឆាក​ឯណោះវិញ អាមេរិក និង​អារ៉ាប៊ី សាអូឌីត​ចាប់ខ្វែងគំនិតគ្នា តាំងពីពេល​ដែល​អារ៉ាប៊ី សាអូឌីត ចាប់ផ្តើម​គៀងគរ​ប្រទេស​អារ៉ាប់ ឲ្យកាត់ផ្តាច់​ការទូត ជាមួយ​ប្រទេស​កាតា ក្នុង​បទចោទប្រកាន់​ថា កាតា​គាំទ្រផ្តល់​ហិរញ្ញវត្ថុ ដល់​ក្រុមភេរវជន​អ៊ីស្លាមជ្រុលនិយម ហើយ​និង​មាននិន្នាការ​លំអៀង​ទៅ​អ៊ីរ៉ង់​ដែល​ជា​គូប្រជែង​ឥទ្ធិពល​របស់​អារ៉ាប៊ី សាអូឌីត នៅក្នុង​តំបន់។ អាមេរិកមិន​ចង់​ឃើញ​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន ឈ្លោះ​បែកបាក់​គ្នានោះ​ទេ ព្រោះ​អាមេរិក​ត្រូវការ​កម្លាំង​រួម​របស់​ក្រុមប្រទេស​អារ៉ាប់ សម្រាប់​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់។

ទាំង​មន្រ្តីជាន់ខ្ពស់ ហើយ​និង​ក្រសួងការពារ​ជាតិ​អាមេរិក​បារម្ភ​ខ្លាចថា ការកាត់ផ្តាច់​ចំណង​ទូត ជាមួយ​កាតា មាន​តែ​រុញច្រាន ឲ្យ​ប្រទេស​កាតា ខិតចូល​ទៅ​ជិត​អ៊ីរ៉ង់​កាន់តែ​ខ្លាំង។ នៅក្នុង​ជម្លោះ​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​របស់​អាមេរិក ក្រុងវ៉ាស៊ីនតោន​មាន​តែដើរ​ផ្លូវ​កណ្តាល និង​ព្យាយាម​បញ្ចុះបញ្ចូល​អារ៉ាប៊ី សាអូឌីត ឲ្យ​រំលត់​កំហឹង ព្រោះថា អាមេរិក​ មិនអាច​បោះបង់​ចោល ដាច់ខាត កាតា ប្រទេសដៃគូ​យុទ្ធសាស្រ្ត​ ដែល​​អាមេរិក មាន​ទីតាំង​មូលដ្ឋាន ហើយ​និង​វត្តមាន​កងទ័ព​អាមេរិក ដល់​ទៅ ១ម៉ឺននាក់នោះ។ នៅក្នុង​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​កាតា​នៅថ្ងៃ​អាទិត្យ រដ្ឋមន្រ្តី​ការបរទេស អាមេរិក លោក​Mike Pompeo ដែល​បាន​ដើរតួនាទី​ផ្សះផ្សា​រវាង​ភាគី​ជម្លោះ ទទួល​ស្គាល់​ថា វិបត្តិ​កាតា ជាមួយ ប្រទេស​អារ៉ាប់ ដឹកនាំមុខ​ដោយ​អារ៉ាប៊ី សាអូឌីត កំពុង​ឈាន​ចូល​ក្នុង​ដំណាក់កាល​មួយ ដែល​គ្មាន​ច្រកចេញ និង​កាន់តែ​ស្មុគស្មាញ។

ដាក់​ទណ្ឌកម្ម កាត់ផ្តាច់​ការទូត ជាមួយ​កាតា ដឹកនាំ​សម្ព័ន្ធអារ៉ាប់ ធ្វើ​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុមហ៊ូទីស ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ក្នុង​ទឹកដី​យេម៉ែន។ ទាំងនេះ ជា​នយោបាយ​ការបរទេស​របស់​ព្រះរាជបុត្រ មហាម៉េដ បិន សាល់ម៉ាន ដែល​ជាអ្នកមាន​អំណាច​ខ្លាំង នៅ​អារ៉ាប៊ី សាអូឌីត។ វិធានការ​ចាប់ដាក់​ពន្ធនាគារ​រាជបុត្រ គូប្រជែង ក្នុង​ប្រទេស ដើម្បី​ប្រមូលផ្តុំ​អំណាច របស់​រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត​បាន​បង្កើត​ជា​ក្តីបារម្ភ​របស់​សមាជិក​សភា​អាមេរិក ដែល​ធ្លាប់​តែ​មាន​ក្រសែភ្នែក​ល្អ និង​ចាត់ទុក​អារ៉ាប៊ី សាអូឌីត ជា​សម្ព័ន្ធមិត្ត សំខាន់​របស់​អាមេរិក ដើម្បី​ទប់ទល់​នឹង​អ៊ីរ៉ង់។

ជាលើកទី១ ក្នុង​ប្រវត្តិ​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ី សាអូឌីត ព្រឹទ្ធសភា​អាមេរិក​ដែល​គណបក្ស​កាន់អំណាច មាន​សំលេង​ភាគច្រើន បាន​បោះឆ្នោត ចេញសេចក្តី​សម្រេច​ពីរ ដែលនៅក្នុង​នោះ អាមេរិក​កំណត់ថា គឺ​ព្រះរាជទាយាដ មហាម៉េដ បិន សាល់ម៉ាន ដែល​ទទួល​ខុសត្រូវ​លើ​ការធ្វើ​ឃាត​លើ​អ្នកកាសែត។ ព្រឹទ្ធសភា​អាមេរិក​បាន​ទាមទារ​ផងដែរ ឲ្យ​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ បញ្ឈប់​ជាបន្ទាន់ ជំនួយ​យោធា ដល់​សម្ព័ន្ធ​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត សម្រាប់​ធ្វើ​សង្រ្គាម នៅ​យេម៉ែន។

ទោះ​មានការលើកឡើង​របស់​ប្រធានទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ រដ្ឋបាល លោក​ដូណាល់ ​ត្រាំ នៅតែ​មិនព្រម​ដាក់ទោស លើ​រាជបុត្រ​អារ៉ាប៊ី សាអូឌីត។ អតីត​មហាសេដ្ឋី​អចលនទ្រព្យ លោកដូណាល់ ត្រាំ​បាន​អះអាង​ជា​ច្រើនលើក​ពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​ជាមួយ អារ៉ាប៊ី សាអូឌីត មហាសេដ្ឋីប្រេង និង​ជាដៃ​គូយុទ្ធសាស្រ្ត​របស់​អាមេរិក ក្នុង​តំបន់។ សម្ព័ន្ធភាពដែល​ឈរ នៅ​លើ​ទឹកលុយ ព្រោះថា អារ៉ាប៊ីសាអូឌីត ជា​អតិថិជន​មាន​ប្រាក់​វាល់​ពាន់​លាន​ដុល្លារ សម្រាប់​កិច្ចសន្យា​ទិញ​អាមេរិក។ នេះបើតាម​លោកដូណាល់ ត្រាំ ដែល​ព្យាយាម​ការពារ​រាជបុត្រ ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត ពី​រលករិះគន់ ពី​សហគមន៍​អន្តរជាតិ ក្នុង​រឿង​ធ្វើ​សង្រ្គាម​អមនុស្សធម៌ នៅ​យេម៉ែន ហើយ​និង​ឃាតកម្ម​លើ​អ្នកកាសែត។

ទោះ​មាន​របាំង​ការពារ ពី​រដ្ឋបាល​លោក​ដូណាល់ ត្រាំ រាជទាយាដ​របស់​អារ៉ាប៊ី សាអូឌីត នៅ​តែ​ជា​ផ្ទាំងស៊ីប​រិះគន់ វាយប្រហារ​របស់​ព្រឹទ្ធសភា ដែល​អាច​មាន​អំណាច លើស​ប្រធានាធិបតី បើសិន​គេ​ប្រមូល​បាន​សំលេង​ពីរ ភាគបី។ នៅក្នុង​សេចក្តីព្រាងច្បាប់ និង​សេចក្តី​សម្រេច​ជាច្រើន ដែល ព្រឹទ្ធសភា​នឹង​អនុម័ត​នៅ​ឆ្នាំនេះ គេ​ឃើញ​មានច្បាប់​ដែល​ហាមមិន​ឲ្យ​អារ៉ាប៊ី សាអូឌីត មាន​អាវុធ​នុយក្លេអ៊ែរ ច្បាប់​ហាមផ្តល់​ជំនួយ​យោធា​ដល់​ទីក្រុង​រីយ៉ាដ ជាដើម។ ព្រឹទ្ធសភា​អាមេរិក​ទំនង​ចង់​ដាក់​សម្ពាធ ដើម្បី ឲ្យ​អារ៉ាប៊ី សាអូឌីត ដោះដៃ​ចោល រាជបុត្រ​ស្នងរាជ្យ ដែល អប្រជាប្រិយ ទាំង​ក្នុង​ស្រុក ហើយ​និង​នៅក្នុង​ឆាក​អន្តរជាតិ ដោយសារ ​សង្រ្គាម​នៅ​យេម៉ែន ហើយនិង​ឃាតកម្ម​លើអ្នកកាសែត។ អារ៉ាប៊ី សាអូឌីត គ្មាន​ព្រះរាជបុត្រ បិន​សាល់ម៉ាន ជា​ការប៉ងចង់​បាន​របស់​ព្រឹទ្ធសភា​អាមេរិក ប៉ុន្តែ មិនមែនជាក្តីប្រាថ្នា​​របស់​អារ៉ាប៊ី សាអូឌីត​ឡើយ។ ក្នុង​ពេល​រង​ការដាក់​សម្ពាធ​ពី​ព្រឹទ្ធសភា​អាមេរិក យ៉ាងដូច្នេះតៀត រាជទាយាទ​អារ៉ាប៊ី សាអូឌីត​ក៏​ដឹងដែរ​ថា ខ្លួន​មិនអាច​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ផ្លាស់ប្តូរ​ជំហរ គ្រប់ពេលវេលា​នោះដែរ។ ជាក់ស្តែង នៅពេល​លោកដូណាល់ ត្រាំ សន្យា​ធានា​ជួយ​សម្ព័ន្ធមិត្ត​ដើម្បី ទប់ទល់​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ ដដែល​បាន​ប្រកាស​ដកកងទ័ព​ចេញពី​ទឹកដី​ស៊ីរី ដែល​បើតាម​ទីក្រុង​រីយ៉ាដ គឺ​ជា​ការបើកឱកាស​ឲ្យ​អ៊ីរ៉ង់​កាន់តែបុកគ្រឹះ ពង្រឹង​ឥទ្ធិពល ក្នុង​ប្រទេស​ស៊ីរី​កាន់តែ​ខ្លាំង។ នយោបាយ​ដ៏គួរ​ឲ្យ​ខកចិត្ត​របស់​លោកដូណាល់ ត្រាំ ជា​សញ្ញា​មិន​ល្អ​ទាល់តែសោះ សម្រាប់​សម្ព័ន្ធភាព​អាមេរិក និង​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​តែ​ផុយស្រួយ​រួចទៅហើយនោះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ