អានតួអត្ថបទ
យេម៉ែន-អារ៉ាប៊ី សាអូឌីត

អាមេរិក​នឹងឈប់​ចាក់ប្រេង​ឲ្យ​​យន្តហោះ​អារ៉ាប៊ី សាអូឌីត ដែល​ធ្វើ​សង្រ្គាម នៅយេម៉ែន

អាមេរិក​នឹង​បិទ​បញ្ចប់​បេសកកម្ម​ផ្គង់ផ្គង់​ប្រេង ដល់​យន្តហោះ​ចម្បាំង​របស់​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​បើក​ប្រតិបត្តិការ​ធ្វើសង្រ្គាម ក្នុង​ប្រទេស​យេម៉ែន។ ដំណឹង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ចេញ​ពី​ខាង​ទីភ្នាក់ងារ​ព័ត៌មាន​SPA ដែល​ជា​ស្ថាប័ន​ព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប៊ី សាអូឌីត។ តាម​ទីភ្នាក់ងារព័ត៌មាន​SPA ដែល​ចុះផ្សាយ​ទាំងស្រុង សេចក្តី​ថ្លែងការណ៍​​របស់​រដ្ឋាភិបាល នៅ​ថ្ងៃ​សៅរ៍នេះ គឺ​អារ៉ាប៊ី សាអូឌីត ដែល​ជាអ្នកស្នើ​សុំ​ទៅ​ខាង​ឲ្យ​អាមេរិក​ឲ្យ​ឈប់ ចាក់ប្រេង នៅ​លើ​អាកាស ឲ្យ​យន្តហោះ​របស់​សម្ព័ន្ធ​យោធា ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត តទៅទៀត។ 

យន្តហោះ​ចម្បាំង​របស់​ប្រទេស​អេមីរ៉ា អារ៉ាប់​រួម ដែល​ចូលរួមក្នុង​ប្រតិបត្តិការ​យោធា ដឹកនាំ​ដោយ​អារ៉ាប៊ិ សាអូឌីត នៅ​ប្រទេស​យេម៉ែន​នៅ​ឆ្នាំ ២០១៧
យន្តហោះ​ចម្បាំង​របស់​ប្រទេស​អេមីរ៉ា អារ៉ាប់​រួម ដែល​ចូលរួមក្នុង​ប្រតិបត្តិការ​យោធា ដឹកនាំ​ដោយ​អារ៉ាប៊ិ សាអូឌីត នៅ​ប្រទេស​យេម៉ែន​នៅ​ឆ្នាំ ២០១៧ © AFP PHOTO / HO / WAM
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ SPA អារ៉ាប៊ី សាអូឌីត​បាន​បញ្ជាក់​ថា ខ្លួន​បាន​សុំ​ទៅខាង​ភាគី​អាមេរិក​ឲ្យ​បញ្ឈប់​បេសកកម្ម ចាក់ប្រេង ឲ្យ​យន្តហោះ​ចម្បាំង​របស់​កងទ័ព​សម្ព័ន្ធអារ៉ាប់ ដែល​កំពុង​បើក​ប្រតិបត្តិការ​វាយប្រហារ​យោធា នៅ​ក្នុង​ប្រទេស​យេម៉ែន។ សម្រាប់​អារ៉ាប៊ី សាអូឌីត ដែល​ដឹកនាំ​ប្រតិបត្តិការ​យោធា របស់​សម្ព័ន្ធ​អារ៉ាប់ នៅ​យេម៉ែន សម្ព័ន្ធអារ៉ាប់ ​មាន​សមត្ថភាព អាច​ចាក់ប្រេង​ឲ្យ​យន្តហោះ​ចម្បាំង​របស់ខ្លួន ដោយ​ឯករាជ្យ។

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែងគាំទ្រ ការសម្រេចចិត្ត​របស់​អារ៉ាប៊ី សាអូឌីត និង​ថា ទីក្រុង​រីយ៉ាដ​បាន​ពិភាក្សា​ព្រមព្រៀង​រួចហើយ ជាមួយ ទីក្រុង​វ៉ាស៊ីនតោន។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក កាលពី​ថ្ងៃ​សុក្រ។ ដកស្រង់​ប្រភព​ស្និទ្ធិ​នឹង​សំណុំរឿងនេះ កាសែត​អាមេរិក Washington Post បាន​ចុះផ្សាយ​នៅ​មុន សេចក្តីថ្លែងការណ៍​របស់​អារ៉ាប៊ី សាអូឌីត ទៅ​ទៀត​ថា គឺ​អាមេរិក​ដែល​បាន​សម្រេចចិត្ត​ឈប់​ចាក់ប្រេង ឲ្យ​យន្តហោះ​របស់​សម្ព័ន្ធអារ៉ាប់ ដើម្បី បិទបញ្ចប់​ការគាំទ្រ​របស់​អាមេរិក សម្រាប់​សម្ព័ន្ធអារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ដែល​បាន​បើក​ធ្វើ​សង្រ្គាម​បីឆ្នាំមកហើយ នៅ​យេម៉ែន។

សូមអាន៖ ពី​សង្រ្គាម​ដោយ​ប្រយោល អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត នឹង​អាច​តទល់​​គ្នា​ដោយ​ផ្ទាល់

ការសម្រេចចិត្ត​នេះ ធ្វើឡើង នៅក្រោយ ដែល​សមាជិក​សភាអាមេរិក ទាំង ពីរ​គណបក្ស​បាន​គំរាម​នឹង​ធ្វើ​ច្បាប់​ប្រឆាំង បើសិន រដ្ឋបាល​លោកដូណាល់ ត្រាំ នៅតែ បន្ត ចាក់​ប្រេង​ឲ្យ​យន្តហោះ​ចម្បាំង អារ៉ាប៊ី សាអូឌីត ដែល​បើក​ប្រតិបត្តិការ​យោធា នៅក្នុង​ប្រទេស​យេម៉ែន។ ការបញ្ឈប់​ជំនួយ​យោធា​របស់​អាមេរិក កើតមាន​ផងដែរ នៅក្រោយ ដែល​វ៉ាស៊ីនតោន​បាន​ដាក់សម្ពាធ​ទៅលើ​ក្រុង​រីយ៉ាដ ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ី សាអូឌីត ក្នុង​ទឹកដី​តួកគី។

យ៉ាងណាក៏ដោយ ការសម្រេចចិត្ត​របស់​វ៉ាស៊ីនតោន នឹង​មិន​ជះឥទ្ធិពល រហូត​ធ្វើ ឲ្យ​យុទ្ធសាស្រ្ត​សង្រ្គាម​របស់​សម្ព័ន្ធ​អារ៉ាប់  ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត នៅ យេម៉ែន​ប្រែប្រួល​នោះទេ ព្រោះថា បើតាម​ទូរទស្សន៍ អារ៉ាប៊ី សាអូឌីត រហូតមក អាមេរិក​ចូលរួម​យ៉ាងតិចតួច​បំផុត ក្នុង​ប្រតិបត្តិការ​ចាក់សាំង នៅលើ​អាកាស​ឲ្យ​យន្តហោះ​របស់​កងទ័ព​សម្ព័ន្ធ​អារ៉ាប់។ មាន​តែ​យន្តហោះ ១ ក្នុង​ចំណោម​៥​ប៉ុណ្ណោះ របស់​សម្ព័ន្ធអារ៉ាប់ ដែល​ទទួល​ប្រេង​ពី​យន្តហោះ​អាមេរិក។ ម្យ៉ាងទៀត ទីក្រុង​រីយ៉ាដ​មាន​រួចស្រេច​ទៅហើយ យន្តហោះ​២៣​គ្រឿង សម្រាប់​ហោះ​ទៅ​ចាក់ប្រេង ឲ្យ​យន្តហោះចម្បាំង​របស់ខ្លួន នៅលើ​អាកាស ចំណែក​អេមីរ៉ា អារ៉ាប់រួម ដែល ចូលរួម​ដៃ​ជាមួយ​អារ៉ាប៊ី សាអូឌីត មាន​ផងដែរ យន្តហោះ​ចាក់ប្រេង ចំនួន ៦គ្រឿង។

នៅ​ថ្ងៃ សុក្រ​ម្សិលមិញ កងទ័ព​សម្ព័ន្ធ​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត បាន​ប្រកាស​ផងដែរ បើក​ប្រតិបត្តិការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ ដើម្បី​វាយដណ្តើម​យក​ទីក្រុង​កំពង់ផែ ពីដៃ ក្រុមប្រឆាំង​យេម៉ែន គឺ​ពួកឧទ្ទាម ហ៊ូទី ដែល​គាំទ្រ ដោយ​អ៊ីរ៉ង់។ ការវាយប្រហារ​ទៅលើ​ទីក្រុង​កំពង់ផែ Hodeïda ដែល​ជាច្រកនាំចូល​ទំនិញ និង​ជំនួយស្បៀង ៨០ភាគរយ របស់​ប្រជាជន​យេម៉ែន នឹង​អាច​ទៅ​បន្ទុកបង្អាក់ ដំណើការ​ចរចា ដើម្បី បិទបញ្ចប់​សង្រ្គាម​នៅ​យេម៉ែន ដែលអាមេរិក និង​អង្គការ​សហប្រជាជាតិ បាន​ទាមទារ ចង់បាន តាំង​ពី​ចុងខែ កក្កដា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ