ហ្វេសប៊ុកអាយុបាន១៥ឆ្នាំ រងការរិះគន់កាន់តែច្រើន ប្រមូលចំណូលបានកាន់តែខ្ពស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៤
នៅថ្ងៃចន្ទទី ៤កុម្ភៈ នេះជាគម្រប់ខួប១៥ឆ្នាំគត់នៃការបង្កើតហ្វេសប៊ុក ដែលកំពុងក្លាយជាប្រព័ន្ធសង្គមដ៏មានប្រជាប្រិយភាព និងដ៏ចម្រូងចម្រាស។ ហ្វេសប៊ុករងការរិះគន់និងរឿងអាស្រូវយ៉ាងច្រើន មានជាអាទិ៍ការលួចលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ និងសមត្ថភាពនៃការចែកចាយព័ត៌មាន មិនពិត។ តែទោះជាយ៉ាងដូច្នេះក្តី ក៏ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធសង្គមមួយនេះ បន្តកើនឡើងឥតឈប់ ហើយក្រុមហ៊ុនទទួលផលចំណេញកើនឡើងជាលំដាប់។
គឺនៅថ្ងៃទី ៤កុម្ភៈឆ្នាំ២០០៤ ដែលហ្វេសប៊ុកត្រូវបានតភ្ជាប់ក្នុងបណ្តាញអ៊ីនធ័រនែតជាលើកទីមួយ ក្នុងទម្រង់ជាបណ្តាញសម្រាប់ឱ្យក្រុមនិស្សិតភ្ជាប់ទំនាក់ទំនងឆ្លងមហាវិទ្យាល័យ។ តែនៅថ្ងៃនេះហ្វេសប៊ុកបានក្លាយជាប្រព័ន្ធសង្គម ដែលល្បីល្បាញជាងគេ មានប្រជាប្រិយភាពជាងគេ និងមានអ្នកប្រើប្រាស់ច្រើនជាងគេ (ក្នុងមួយខែៗមានអ្នកប្រើបណ្តាញនេះដល់ទៅ២,៣ពាន់លាននាក់) ព្រមទាំងមានប្រាក់ចំណូលក៏ច្រើន ដល់ទៅប្រមាណ៥៥ពាន់លានដុល្លារ ក្នុងនោះ៩៨%ជាបានមកពីការផ្សាយពាណិជ្ជកម្ម។
ចាប់កំណើតនៅឆ្នាំ២០០៤ ក្នុងនាមជាបណ្តាញទាក់ទងរបស់ក្រុមនិស្សិត ហ្វេសប៊ុកបានក្លាយជាប្រព័ន្ធសង្គម “ហ្វេសប៊ុក” នៅឆ្នាំ២០០៥ ហើយបើកឱ្យជនទូទៅ ដែលមិនមែនជានិស្សិត ចូលជាសមាជិករបស់បណ្តាញ នៅឆ្នាំ២០០៦។ ចាប់តាំងពីឆ្នាំ២០០៧មក ហ្វេសប៊ុកផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកអាចបង្កើតទំព័រហ្វេសប៊ុក (ផេក) តែក៏ជាការបើកផ្លូវឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងប្រព័ន្ធ។ គឺការផ្សាយពាណិជ្ជកម្មនេះហើយដែលជាប្រភពចំណូលដ៏ធំរបស់ក្រុមហ៊ុនហ្វេសប៊ុក (ក្នុងកំរិត៩៨%នៅឆ្នាំ២០១៨) និងដែលអនុញ្ញាតឱ្យពិភពលោកអាចបន្តប្រើប្រាស់ប្រព័ន្ធសង្គមនេះដោយឥតគិតថ្លៃជារហូត។
ហ្វេសប៊ុកបានស្គាល់ការវិវឌ្ឍគួរឱ្យសម្គាល់ខ្លាំង និងអាចចាត់ទុកថាជារបត់ថ្មីនៃប្រព័ន្ធសង្គម និងក្រុមហ៊ុន គឺនៅពេលប្រព័ន្ធនេះបានភ្ជាប់កម្មវិធីនៅក្នុងទូរស័ព្ទចល័ត Iphoneនៅឆ្នាំ២០០៨។ ចាប់ពីពេលនោះមក អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ អាចមើល តាមដាន បង្ហោះផ្សាយ ធ្វើគ្រប់ពេលគ្រប់ម៉ោង និងគ្រប់ទិសទី។ ហើយតាមរយៈកម្មវិធីកាន់តែច្រើន ដែលហ្វេសប៊ុកបង្កើតជាបន្តបន្ទាប់នៅ ហ្វេសប៊ុកក៏អាចកំណត់ពីទីតាំងរបស់អ្នកប្រើប្រាស់និងដឹងអំពីស្ទើរគ្រប់សកម្មភាពរបស់អ្នកប្រើប្រាស់វិញ។
ហ្វេសប៊ុកកាន់តែជឿនលឿន ការរិះគន់កាន់តែច្រើន ចំណូលឡើងកាន់ខ្ពស់
តាមការពិត តាំងពីចាប់កំណើតមក ហ្វេសប៊ុករងការរិះគន់តែរហូតមក ជាពិសេសទាក់ទងការគោរពជីវិតឯកជននិងទិន្ន័យបុគ្គល។ ការផ្សាយពាណិជ្ជកម្ម ក៏ជាប្រភពនៃការរំលោភជីវិតឯកជន និងលួចទិន្នន័យបុគ្គល ព្រោះហ្វេសប៊ុកបានដាក់កម្មវិធីសម្រាប់វិភាគអ្វីដែលយើងធ្វើ ដើម្បីផ្សាយពាណិជ្ជកម្មឱ្យចំណុច និងចំចិត្តម្ចាស់គណនី។
រហូតដល់អាយុ៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១១ ទើបហ្វេសប៊ុកចាប់មាននយោបាយការពារទិន្នន័យនិងជីវិតឯកជនរបស់អ្នកប្រើប្រាស់។ កន្លងមក លោក Mark Zuckerberg ដែលជាស្ថាបនិក បានត្រឹមតែធ្វើការសុំទោសប៉ុណ្ណោះ។
ប៉ុន្តែទោះមានននយោបាយការពារទិន្នន័យបុគ្គលក៏ដោយ ! ក៏បញ្ហាការពារទិន្នន័យមិនត្រូវបានគោរពទាំងស្រុងទេ។ កាលពីដើមឆ្នាំ២០១៨ ហ្វេសប៊ុកបានពង្វាង លក់ទិន្នន័យបុគ្គល ជាង ៨៧លាននាក់ទៅឱ្យក្រុមហ៊ុនអង់គ្លេស Cambridge Analytica ។ រឿងអាស្រូវដ៏ធំនេះ បានជំរុញឱ្យ Mark Zuckerberg ចេញសេចក្តីពន្យល់នៅចំពោះមុខព្រឹទ្ធសភាអាមេរិក និងរងការពិន័យ។ ហើយពេញមួយឆ្នាំកន្លងមកនេះ ហ្វេសប៊ុកក៏ជាប់ឈ្មោះជាប្រភពផ្តល់ព័ត៌មានមិនពិត។
បើតាមអ្នកវិភាគម្នាក់ដែលមានឯកទេសផ្នែកប្រព័ន្ធសង្គម នៅប៉ុន្មានឆ្នាំខាងមុខទៀតហ្វេសប៊ុក នឹងលែងក្លាយជាប្រព័ន្ធសង្គមលំដាប់ទីមួយទៀតហើយ។ ក្រៅអំពីការបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់ អ្នកវិភាគរូបនេះបានពន្យល់ថា ជាទូទៅជីវិតរបស់ប្រព័ន្ធសង្គមខ្លីណាស់ ហ្វេសប៊ុកមានអាយុយឺតយូរជាងគេមែន ក៏ប៉ុន្តែក៏ថយឥទ្ធិពលរបស់ខ្លួនទេ ព្រោះលោកសង្កេតឃើញថាពេលក្មេងជំទង់ជំនាន់ក្រោយ (១៣-១៥ឆ្នាំ) មិនសូវចង់លេងហ្វេសប៊ុកទេ - ក្មេងចង់គេចពីការត្រួតពិនិត្យរបស់ឪពុកម្តាយដោយជ្រើសរើសប្រព័ន្ធសង្គមថ្មីប្លែក ដែលមិនមែនជាប្រព័ន្ធសង្គមរបស់មនុស្សចាស់។
ប៉ុន្តែលោក Mark Zuckerberg មានយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីការពារហ្វេសប៊ុក និងបន្តទាក់ទាញសមាជិកក្មេង ហ្វេសប៊ុកបានបង្កើតប្រព័ន្ធរណបជាច្រើនផ្សេងទៀត គ្រប់គ្រងដោយហ្វេសប៊ុក ដូចជា Instagramme និង WhatsApp។ គឺកម្មវិធីពីរនេះហើយដែលបានជួយទ្រទ្រង់ប្រព័ន្ធសង្គមឱ្យនៅឈរលំដាប់កំពូលដដែល។
ជាសរុបទៅ ទោះបីជាបានឆ្លងកាត់រឿងអាស្រូវខ្លាំងពេញមួយឆ្នាំ២០១៨នេះក៏ដោយ ក៏ហ្វេសប៊ុក មានអ្នកប្រើប្រាស់សរុបជាងពីរពាន់លាននាក់ ពោលគឺជិតមួយភាគបីនៃមនុស្សជាតិ។ ចំណែកឯចំណូលវិញ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ ៦,២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ ឆ្នាំ២០១៨ មានរឿងអាស្រូវខ្លាំង តែប្រាក់ចំណូលបានកើនឡើងជាង៦០% ពលោក គឺជាចំណូលដ៏ខ្ពស់ជាងគេបំផុត។ ប៉ុន្តែនៅត្រីមាសទីបួន ក្រុមហ៊ុនបានស្គាល់កំណើនចំណូលទាបបំផុត មិនធ្លាប់មានគិតចាប់ពី៦ឆ្នាំមក។
ក្នុងវ័យ៣៤ឆ្នាំ បានក្លាយជាអ្នកមានទ្រព្យធនកំពូលលំដាប់ទី៥ពិភពលោក ដោយទ្រព្យធនសរុប ប្រមាណ៦៥,៦ពាន់លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ