សហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិករកឃើញកិច្ចព្រមព្រៀងមួយស្តីពីអន្តោប្រវេសន៍
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីបានជួបចរចាគ្នាអស់រយៈពេលជាច្រើនថ្ងៃរវាងភាគីអាមេរិក និងភាគីម៉ិចស៊ិកក្នុងទីក្រុងវ៉ាស៊ីនតោនមក រដ្ឋបាលអាមេរិក និងរដ្ឋាភិបាលម៉ិចស៊ិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយស្តីពីអន្តោប្រវេសន៍នាថ្ងៃសុក្រ ទី៧ មិថុនា។ កិច្ចព្រមព្រៀងមួយនេះបានអនុញ្ញាតឲ្យម៉ិចស៊ិករួចផុតពីការដំឡើងពន្ធពីអាមេរិកលើទំនិញម៉ិចស៊ិកនាំចូលអាមេរិក។ គួររម្លឹកថាកាលពីថ្ងៃទី៣១ ឧសភា និងដោយឃើញលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីម៉ិចស៊ិកចូលទឹកដីអាមេរិកកាន់តែច្រើន លោកដូណាល់ ត្រាំបានព្រមានថា បើរដ្ឋាភិបាលម៉ិចស៊ិកមិនចាត់វិធានការទប់ស្កាត់អ្វីទេ លោកនឹងដំឡើងពន្ធពី ៥% ដល់២៥% លើទំនិញម៉ិចស៊ិកនាំចូលអាមេរិកចាប់ពីថ្ងៃទី ១០មិថុនា។
ភាគីម៉ិចស៊ិកដែលដឹកនាំដោយប្រមុខការទូតលោកម៉ារសេឡូ អេប្រារបានផ្តើមចរចាជាមួយភាគីអាមេរិកមកពីគ្រប់ស្ថាប័នពាក់ព័ន្ធរយៈពេល ៣ថ្ងៃដោយចាប់ផ្តើមក្នុងថ្ងៃពុធ ទី៥ មិថុនា។ ទំរាំទទួលបានការព្រមព្រៀងគ្នានៅនាទីចុងក្រោយនាយប់ថ្ងៃសុក្រ ទី៧ មិថុនា ភាគីទាំងពីរបានជជែកគ្នាយ៉ាងតឹងសរសៃ ក អស់រយៈពេលជាង ១២ម៉ោងដោយមានការត ថ្លៃគ្នារវាងការទាមទារពីភាគីអាមេរិក និងសំណូមពរពីភាគីម៉ិចស៊ិក។ គេនាំគ្នានិយាយច្រើនថាជាកិច្ចព្រមព្រៀងអាមេរិក និងម៉ិចស៊ិក តែតាមពិតវាជាកិច្ចព្រមព្រៀងមួយដែលម៉ិចស៊ិកបានសន្យាជាមួយអាមេរិកក្នុងការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីម៉ិចស៊ិកចូលអាមេរិក។
ចូរកុំភ្លេចថា រដ្ឋបាលអាមេរិកបានបង្ខំឲ្យម៉ិចស៊ិកចាត់វិធានការគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ បើមិនដូច្នោះទេ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនឹងដំឡើងពន្ធពី ៥% ដល់២៥% លើទំនិញម៉ិចស៊ិកនាំចូលអាមេរិក។ រដ្ឋាភិបាលម៉ិចស៊ិកបានសន្យាចាត់វិធានការមិនធ្លាប់មានប្រឆាំងទប់នឹងអន្តោប្រវេសន៍ខុសច្បាប់ រួមមាន ទី១ ការដាក់ពង្រាយកម្លាំងឆ្មាំជាតិនៅទូទាំងប្រទេស ពិសេសនៅព្រំដែនប៉ែកខាងត្បូង និងទី២ ការកំចាត់ក្រុមអ្នកនាំមនុស្សឆ្លងដែន និងអ្នកជួញដូរមនុស្ស រួមទាំងបណ្តាញដឹកជញ្ជូន និងហិរញ្ញវត្ថុរបស់ពួកគេ។ ទីក្រុងម៉ិចស៊ិកកូបានប្រកាសក្នុងថ្ងៃព្រហស្បតិ៍ ទី៦ មិថុនាថា ចំនួនឆ្មាំជាតិដែលខ្លួនគ្រោងដាក់ពង្រាយមាន ៦ ០០០នាក់ តែតួលេខនេះមិនមានចែងច្បាស់នៅក្នុងកិច្ចព្រមព្រៀងទេ។
ទន្ទឹមគ្នានេះ ម៉ិចស៊ិកក៏បានសុខចិត្តលុតជង្គង់ធ្វើតាមការទាមទាររបស់អាមេរិកមួយទៀតទាក់ទងនឹងការសុំសិទ្ធជ្រកកោនរបស់ជនអន្តោប្រវេសន៍។ ជនអន្តោប្រវេសន៍ទាំងអស់ដែលបានដាក់ពាក្យសុំសិទ្ធិជ្រកកោនលើទឹកដីអាមេរកាំងនឹងត្រូវបញ្ជូនទៅកាន់ម៉ិចស៊ិកខណៈពេលដែលពួកគេរងចាំការពិនិត្យ សម្រេចពីតុលាការអាមេរិក មានន័យថា ពួកគេមិនអាចបន្តស្ថិតនៅលើទឹកដីអាមេរិកបានទៀតឡើយក្នុងពេលដែលរងចាំលទ្ធផលសម្រេចដោយតុលាការអាមេរិកលើពាក្យសុំរបស់ពួកគេ។
លោកដូណាល់ ត្រាំ និងសមភាគីម៉ិចស៊ិកអបអរសាទរលើកិច្ចព្រមព្រៀង
គេនៅមិនទាន់ដឹងថា វិធានការសន្យាដោយម៉ិចស៊ិកនឹងអាចកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលទឹកដីអាមេរិកដូចដែលលោកត្រាំចង់បានឬទេ។ អ្វីដែលគេដឹង ភាគីទាំងពីរអាមេរិក និងម៉ិចស៊ិកបានសម្តែងសាទរចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាន។ « អាមេរិកបានរកឃើញកិច្ចព្រមព្រៀងមួយចុះហត្ថលេខាជាមួយម៉ិចស៊ិក។ ការដំឡើងពន្ធលើទំនិញម៉ិចស៊ិកដែលគ្រោងអនុវត្តចាប់ពីថ្ងៃចន្ទ ទី១០ មិថុនាទៅត្រូវបានព្យួរដោយគ្មានកំណត់ថ្ងៃ » នេះជាប្រតិកម្មរបស់លោកត្រាំនៅក្នុងបណ្តាញសង្គម Twitter។ តាមលោកត្រាំ វិធានការសន្យាដោយម៉ិចស៊ិកនឹងអនុញ្ញាតឲ្យមានការកាត់បន្ថយ ឬការបំបាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីម៉ិចស៊ិកចូលអាមេរិក។
ចំណែកប្រធានាធិបតីម៉ិចស៊ិកលោកអង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដរក៏បានថ្លែងសាទរលើកិច្ចព្រមព្រៀង និងបានអរគុណដល់ការគាំទ្ររបស់ពលរដ្ឋម៉ិចស៊ិកទាំងអស់ដែលចូលរួមជួយឲ្យប្រទេសរួចផុតពីការដំឡើងពន្ធរបស់អាមេរិក។ តើកិច្ចព្រមព្រៀងអាមេរិក ម៉ិចស៊ិកពេលនេះនឹងអាចចូលរួមដោះស្រាយឲ្យវិបត្តិអន្តោប្រវេសន៍រវាងប្រទេសជិតខាងទាំងពីរគ្នាបានកម្រិតណាដែរ?។ នេះជាសំណួរមួយដែលគ្រប់គ្នាកំពុងរងចាំចម្លើយនាពេលខាងមុខ។ គួររម្លឹកថា អន្តោប្រវេសន៍ជាប្រធានបទក្តៅ និងចម្រូងចម្រាសខ្លាំងរវាងម៉ិចស៊ិក និងអាមេរិកក្នុងជំនាន់លោកត្រាំ។ លោកត្រាំបានប្រើគ្រប់មធ្យោបាយ ពិសេសចង់សង់ជញ្ជាំងនៅតាមព្រំដែនដើម្បីទប់សា្កត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់។ តែជម្រើសចុងក្រោយដែលលោកត្រាំបានប្រើពេលនេះ គឺនយោបាយដំឡើងពន្ធដូចដែលលោកត្រាំបានប្រើចំពោះក្រុមប្រទេសដៃគូផ្សេងដែរ។ តែសំណាងល្អ និងខុសពីប្រទេសផ្សេងដូចយ៉ាងចិន ម៉ិចស៊ិកបានលុតជង្គង់ធ្វើតាមលោកត្រាំ និងបានរួចខ្លួនពីការដំឡើងពន្ធនៅពេលនេះ។
ម៉ិចស៊ិកជាទឹកដីនៃការឆ្លងកាត់របស់ពលរដ្ឋរបស់ប្រទេសក្បែរខាង
គេនាំគ្នានិយាយច្រើនពីម៉ិចស៊ិក តែមិនមែនមានតែពលរដ្ឋម៉ិចស៊ិកទេដែលបានព្យាយាមឆ្លងទៅសុំសិទ្ធិជ្រកកោនក្នុងទឹកដីអាមេរិក។ នៅមានពលរដ្ឋមកពីប្រទេសក្បែរខាងម៉ិចស៊ិកផ្សេងទៀត ពិសេសប្រទេសក្វាតេម៉ាឡា សាល់វ៉ាដ័រ និងប្រទេសហុងឌុយរ៉ាសដែលជាប្រភពចាកចេញភាគច្រើនរបស់ជនអន្តោប្រវេសន៍។ គេអាចនិយាយបានថា ប្រទេសទាំងនេះបានប្រើទឹកដីម៉ិចស៊ិកជាទីកន្លែងឆ្លងកាត់ដើម្បីឆ្លងចូលអាមេរិក។ ប្រទេសក្វាតេម៉ាឡា សាល់វ៉ាដ័រ និងប្រទេសហុងឌុយរ៉ាសធ្លាប់ត្រូវបានលោកដូណាល់ ត្រាំប្រកាសផ្តាច់ជំនួយដោយចោទពីបទមិនបានចាត់វិធានការដើម្បីទប់ស្កាត់កុំឲ្យប្រជាជនរបស់ខ្លួនចាកចេញពីប្រទេស។
ដូច្នេះ ប្រភពដើមដែលរដ្ឋាភិបាលម៉ិចស៊ិកត្រូវពង្រឹង និងទប់ស្កាត់ជាអាទិភាព គឺនៅតាមព្រំដែនជាមួយប្រទេសក្វាតេម៉ាឡា សាល់វ៉ាដ័រ និងប្រទេសហុងឌុយរ៉ាស។ ក្នុងថ្ងៃពុធ ទី៥ មិថុនា រដ្ឋអំណាចម៉ិចស៊ិកបានឃាត់ក្បួនអន្តោប្រវេសន៍មួយមានគ្នាប្រមាណជា ១ ២០០នាក់ដែលបានឆ្លងពីប្រទេសក្វាតេម៉ាឡាចូលទឹកដីម៉ិចស៊ិក។ ចំណែកនៅព្រំដែនរវាងអាមេរិក និងម៉ិចស៊ិកវិញ គ្រាន់តែក្នុងខែឧសភាមួយ មានការឃាត់ខ្លួន និងរារាំងជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ ១៤៤ ០០០នាក់ ពោលកើន៣២% បើធៀបនឹងខែមេសា។ ដូច្នេះសម្រាប់លោកត្រាំ វាពិតជារឿងបន្ទាន់ខ្លាំងណាស់ដែលគេត្រូវចាត់វិធានការទប់ស្កាត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ