ហេតុអ្វីធនាគារកណ្តាលអាមេរិកឈឺក្បាល នៅពេលចំនួនការងារកើនឡើងខ្លាំង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥១
នៅអាមេរិក អត្រាការងារបង្កើតថ្មី មានសន្ទុះកើនឡើងខ្លាំងនៅខែមិថុនា។ របាយការណ៍របស់នាយកដ្ឋានការងារអាមេរិក ចេញផ្សាយ កាលពីថ្ងៃសុក្រ បានបង្ហាញថា នៅខែ មិថុនាកន្លងទៅ គេបានបង្កើតការងារថ្មី ជាង២សែនការងារ ដែលជាអត្រាខ្ពស់ ហួសពីការរំពឹង ព្យាករ ទុករបស់អ្នកវិភាគ។ នេះជាសាក្ខីកម្មដែលបញ្ជាក់ពីសេដ្ឋកិច្ចរឹងមាំរបស់អាមេរិក នៅក្នុងកាលៈទេសៈដែលកំពុងកើតមានសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសរសេរសារអួតសរសើរនយោបាយរបស់លោក ដែលបានជួយបង្កើតការងារឲ្យប្រជាជនអាមេរិក។ យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ បានទាមទារឲ្យធនាគារកណ្តាលអាមេរិក បញ្ចុះអត្រាការប្រាក់ ដើម្បី ជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចអាមេរិកបន្ថែមទៀត។
ចំនួនការងារធ្វើនៅអាមេរិក ដែលមានសន្ទុះកើនឡើងខ្លាំង នៅខែមិថុនា ពោល គឺបានកើនឡើង ដល់ទៅជាង២សែនការងារ ដែលជាអត្រាដ៏ខ្ពស់ មិនគួរឲ្យជឿ។ នៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមនឹងការគំរាមកំហែងដោយសារជម្លោះ ពាណិជ្ជកម្មជាមួយ ចិន អ្នកជំនាញជាច្រើនបានព្យាករថា ចំនួនការងារថ្មីនៅអាមេរិកនៅខែមិថុនា នឹងអាចមានត្រឹម ជាង ១សែនប៉ុណ្ណោះ។
ចំនួនការងារកើនឡើងច្រើន ខ្ពស់បែបនេះ គឺបញ្ជាក់ពីសេដ្ឋកិច្ចល្អ រឹងមាំរបស់អាមេរិក។ ដំណឹងនេះនឹងរំងាប់ទៅវិញ ពាក្យចចាមអារ៉ាម ហើយនិងការព្យាករទុករបស់អ្នកសេដ្ឋកិច្ចវិទូ ដែលថា ជម្លោះពាណិជ្ជកម្មចិន អាមេរិក ហើយនិងបរិយាកាសសេដ្ឋកិច្ចដ៏អាប់អួរ ក្នុងពិភពលោក អាចប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ហើយនិងអាចធ្វើឲ្យចំនួនបង្កើតការងារថ្មី នៅខែមិថុនា មានត្រឹមតែ ១សែន ៦ម៉ឺនការងារតែប៉ុណ្ណោះ។
ការពិតជាក់ស្តែង សេដ្ឋកិច្ចអាមេរិក បានបង្កើតការងារ ដល់ទៅ ២សែន ២ម៉ឺន ៤ពាន់ការងារ ពោលគឺកើនឡើងដល់ទៅ ៣ដង បើប្រៀបធៀបនឹងខែឧសភា ដែលគេកត់ត្រាឃើញ ចំនួនការងារបង្កើតថ្មី មានត្រឹមតែ ៧ម៉ឺនប៉ុណ្ណោះ។
តាមរបាយការណ៍ របស់នាយកដ្ឋានការងារអាមេរិក វិស័យដែលបានបង្កើតការងារ សម្រាប់ពលរដ្ឋអាមេរិកាំងនៅខែមិថុនា មានដូចជា រោងចក្រ ការដ្ឋានសំណង់ សេវាហិរញ្ញវត្ថុ សេវាជាទូទៅ ការអប់រំ ការដឹកជញ្ជូន ហើយនិងឃ្លាំងស្តុកទំនិញជាដើម។
នៅក្រោយនាយកដ្ឋានការងារអាមេរិកចេញផ្សាយរបាយការណ៍ បង្ហាញថា ការងារបង្កើតថ្មី នៅអាមេរិកបានកើនឡើងដល់ ជាង ២សែនការងារ លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ បានសរសេរសារTwitter ភ្លាម ថា ការងារ ការងារ ការងារ។ ប្រធានាធិបតី អាមេរិកបានលើកឡើងថា តួលេខ ការងារកើនឡើងខ្ពស់ បញ្ជាក់ថា សេដ្ឋកិច្ចអាមេរិកល្អមែនទែន។ លោកដូណាល់ត្រាំ បានទាញគុណសម្បត្តិ ដែលលោកបានជួយធ្វើមានការបង្កើតការងារ ក្នុងកម្រិតមួយខ្ពស់។
សម្រាប់លោកដូណាល់ ត្រាំ ដែលចង់បន្តតំណែងប្រធានាធិបតី នៅអាណត្តិទី ២ សេដ្ឋកិច្ចរឹងមាំរបស់អាមេរិកជាគ្រឹះបង្អែក ដែលលោកយកទៅអះអាង ដើម្បី អូសទាញម្ចាស់ឆ្នោតអាមេរិកាំង។
ជាមួយគ្នានោះ លោកដូណាល់ ត្រាំបានទាមទារឲ្យធនាគារកណ្តាល បញ្ចុះអត្រាការប្រាក់ ដើម្បីជំរុញ ឲ្យកំណើនសេដ្ឋកិច្ចអាមេរិក។ សម្រាប់ប្រធានាធិបតីអាមេរិកនឹងកើនឡើង បន្ថែមទៀត ពី ៤ ទៅ៥ភាគរយ បើសិនធនាគារកណ្តាលសុខចិត្តបន្ថយអត្រាការប្រាក់ ជាជាង ប្រកាន់ឥរិយាបទជាក្មេងក្បាលរឹង។
សេតវិមានបានលើកឡើងពីកំណើនសេដ្ឋកិច្ច ៣%នៅឆ្នាំ ២០១៩ ប៉ុន្តែ សេដ្ឋកិច្ចវិទូភាគច្រើន មិនយល់ស្របជាមួយនោះទេ។ ធនាគារកណ្តាលអាមេរិកផ្ទាល់ព្យាករថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ថយចុះ ពី២,៩% នៅឆ្នាំមុន មកនៅត្រឹម ២,១%នៅឆ្នាំនេះ ចំណែក មូលនិធិរូបិយវត្ថុបានលើកឡើងពីកំណើនសេដ្ឋកិច្ចអាមេរិក តែត្រឹម១,៩% ប៉ុណ្ណោះ។
កំណើនសេដ្ឋកិច្ចអាមេរិកអាចធ្លាក់ថយចុះ ដោយសារតែ នយោបាយរបស់រដ្ឋ ដែលកាត់បន្ថយការយកពន្ធ ពីក្រុមហ៊ុនឯកជន ត្រូវឈានដល់ទីបញ្ចប់នៅឆ្នាំនេះ នេះ គេនៅមិនទាន់សំពាធ ការប្រឈម ដោយសារសង្រ្គាមពាណិជ្ជកម្មចិន អាមេរិកផង។
ប្រឈមនឹងភាពមិនប្រាកដប្រជា របស់សេដ្ឋកិច្ចពិភពលោក ដែលរង្គោះរង្គើ ដោយសារជម្លោះ ពាណិជ្ជកម្មចិន អាមេរិក ហើយនិងអតិផរណានៅទាបជាងការរំពឹងទុក ធនាគារកណ្តាលអាមេរិក FED ធ្លាប់បានលើកឡើង កាលពីខែមិថុនាមុន ពីគម្រោង បញ្ចុះអត្រាការប្រាក់ ដើម្បីជួយផ្តល់សន្ទុះសេដ្ឋកិច្ចអាមេរិក។
ប៉ុន្តែ នៅពេលដែលចំនួនការងារបង្កើតថ្មី នៅខែមិថុនា កើនឡើងបែបនេះ វាបែរទៅជារឿងឈឺក្បាលទៅវិញ សម្រាប់ធនាគារកណ្តាលអាមេរិក។ ការងារបង្កើតថ្មី កើនឡើង មានន័យថា សេដ្ឋកិច្ចអាមេរិក នៅរឹងមាំ និងមិនត្រូវការជំនួយ ដែលបានមកពីការបញ្ចុះ បន្ថយ អត្រាការប្រាក់នោះទេ។ ចំនួនការងារកើនឡើងយ៉ាងដូច្នេះ គឺពិបាកនឹងឲ្យធនាគារកណ្តាលអាមេរិកសម្រេចចិត្តថា តើត្រូវបន្ធូរបន្ថយនយោបាយរូបិយវត្ថុ ឬនៅរក្សាអត្រាការប្រាក់ឲ្យនៅដដែលឬយ៉ាងណា។
មុននឹងសម្រេចចិត្តជាផ្លូវការនៅក្នុងកិច្ចប្រជុំ នៅដំណាច់ខែកក្កដានេះ ធនាគារកណ្តាលអាមេរិកត្រូវនៅចាំមើលលទ្ធផលរបាយការណ៍មួយ ទៀត ដែលអាចចេញផ្សាយនៅប៉ុន្មានថ្ងៃខាងមុខ។ នោះគឺជារបាយការណ៍ដែលនិយាយពីកំណើនសេដ្ឋកិច្ចរបស់អាមេរិក ២ត្រីមាសដើមឆ្នាំនេះ។ ក្រុមប្រឹក្សាធនាគារកណ្តាលអាមេរិកនឹងសម្រេចចិត្តយ៉ាងណា គឺអាស្រ័យលើលទ្ធផលរបាយការណ៍ចុងក្រោយនេះ។ ប៉ុន្តែ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច ហើយនិងអ្នកវិនិយោគ មួយចំនួន ស្ថិតក្នុងកាលៈទេសៈដែលបរិយាកាសសេដ្ឋកិច្ចពិភពលោកចុះស្រអាប់យ៉ាងដូច្នេះ គេរំពឹងថា ធនាគារកណ្តាលអាចបញ្ចុះអត្រាការប្រាក់ បើមិន0,៥%ទេ ក៏ត្រឹម0,២៥%ដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ