តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៨
នៅយប់ថ្ងៃសៅរ៍ ទី២៦ ឆ្លងចូលថ្ងៃអាទិត្យ ទី២៧ តុលានេះ ទូរទស្សន៍អាមេរិកាំង CNN និង ABC បានផ្សព្វផ្សាយព័ត៌មានជុំវិញការស្លាប់ជាយថាហេតុប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីនៅក្នុងប្រតិបត្តិការកងកម្ម៉ង់ដូអាមេរិកាំងក្នុងប្រទេសស៊ីរី។ ព័ត៌មានមួយនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រសួងការពារជាតិអាមេរិកនៅឡើយទេ។ តែអ្នកនាំពាក្យនៅសេតវិមានបានប្រកាសឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំធ្វើសេចក្តីថ្លែងការណ៍មួយយ៉ាងសំខាន់នៅម៉ោង ៩ព្រឹក ម៉ោងនៅអាមេរិកនាថ្ងៃអាទិត្យ ទី២៧ តុលា។ ការប្រកាសរបស់អ្នកនាំពាក្យសេតវិមានយ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីលោកត្រាំបានសរសេរនៅក្នុងទំព័របណ្តាញសង្គម Twitter របស់លោកថា « មានហេតុការណ៍ដ៏ធំមួយទើបកើតមានឡើង »។
ដំណឹងស្លាប់ប្រមុខអង្គការរដ្ឋអ៊ីស្លាមអាប៊ូ បា អាល់ បាដាឌីត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍អាមេរិកាំង CNN និង ABC នៅយប់ថ្ងៃសៅរ៍ ទី២៦ តុលាឆ្លងចូលថ្ងៃអាទិត្យ ទី២៧ តុលា។ បើតាម CNN និង ABC ជនអាប៊ូ បា អាល់ បាដាឌីប្រហែលជាបានស្លាប់នៅក្នុងប្រតិបត្តិការរបស់កងកម្ម៉ង់ដូអាមេរិកាំងនៅតំបន់អ៊ីឡិបក្នុងទឹកដីស៊ីរី និងថា ការធ្វើតេស្តមួយកំពុងបន្តធ្វើដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ និងជាផ្លូវការពីការស្លាប់មេកើយអង្គការរដ្ឋអ៊ីស្លាម។ តែក្រសួងការពារជាតិអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញព័ត៌មាននេះ។ ដោយឡែក អ្នកនាំពាក្យសេតវិមានបានប្រកាសឲ្យដឹងពីការត្រៀមធ្វើសេចក្តីថ្លែងការណ៍មួយយ៉ាងសំខាន់របស់ប្រធានាធិបតីលោកដូណាល់ ត្រាំនាព្រឹកថ្ងៃអាទិត្យ ទី២៧ តុលានៅម៉ោង ៩ព្រឹក ម៉ោងក្នុងទឹកដីអាមេរិកាំង។
ដូច្នេះគេអាចទាយទុកបានថា ប្រហែលជាដំណឹងស្លាប់ជនអាប៊ូ បា អាល់ បាដាឌីដែលលោកត្រាំគ្រោងប្រកាសជាផ្លូវការ។ នៅក្នុងប្រទេសស៊ីរី ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានបណ្តាញនៅសឹងគ្រប់ទីកន្លែងក្នុងទឹកដីស៊ីរី និងកម្លាំងគួដឌីស្ថានស៊ីរីបានប្រាប់ឲ្យដឹងពីប្រតិបត្តិការជាប្រវត្តិសាស្រ្តរបស់កងកម្ម៉ង់ដូអាមេរិកាំងនៅក្នុងតំបន់អ៊ីឡិបស្ថិតប៉ែកពាយព្យស៊ីរី។ តាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ប្រតិបត្តិការរបស់កងកម្ម៉ង់ដូអាមេរិកាំងបានធ្វើឡើងនៅរំលងអធ្រាត្រយប់ថ្ងៃសៅរ៍ ទី២៦ តុលាឆ្លងចូលថ្ងៃអាទិត្យ ទី២៧ តុលាដោយមានប្រើឧទ្ធម្ភាគចក្រចំនួន ៨គ្រឿងបាញ់សង្រ្គប់ទៅលើផ្ទះមួយខ្នង និងរថយន្តមួយគ្រឿងក្នុងភូមិបារីឆា។ ប្រតិបត្តិការវាយប្រហារនោះបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ៩នាក់ ក្នុងនោះមានស្រ្តី ២នាក់ និងកូនក្មេងម្នាក់ នេះបើតាមការបញ្ជាក់របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។
តើក្នុងចំណោមសាកសពទាំងនោះមានរូបអាប៊ូ បា អាល់ បាដាឌីឬអត់? ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមិនហ៊ានបញ្ជាក់ទេ។ តែសម្រាប់ CNN ជនអាប៊ូ បា អាល់ បាដាឌីប្រហែលជាបានស្លាប់ដោយសម្លាប់ខ្លួនឯងតាមរយៈការទាញបំផ្ទុះអាវដែលផ្ទុកពេញដោយជាតិផ្ទុះជាប់នឹងខ្លួន ពោលមិនមែនស្លាប់ដោយត្រូវគ្រាប់កាំភ្លើងរបស់កងកម្ម៉ង់ដូអាមេរិកាំងទេ។
តើប្រមុខអង្គការរដ្ឋអ៊ីស្លាម អាប៊ូ បា អាល់ បាដាឌីជានរណា?
បន្ទាប់ពីបានបាត់ដំណឹងសូន្យឈឹងតាំងពីឆ្នាំ ២០១៤ អាល់ បាដាឌីបានបន្លឺសម្លេងឲ្យពិភពលោកឮក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦។ បន្ទាប់មកក្នុងថ្ងៃទី២៩ មេសា ឆ្នាំ ២០១៩ មេអង្គការរដ្ឋអ៊ីស្លាមរូបនេះបានលេចមុខនៅក្នុងខ្សែអាត់វីដេអូឃោសនាមួយ។ តែគេមិនដឹងថា តើខ្សែអាត់វីដេអូនោះថតពីពេលណា និងនៅកន្លែងណាពិតប្រាកដទេ។ គួររម្លឹកថា ពិភពលោកបានស្គាល់រូបមេអង្គការរដ្ឋអ៊ីស្លាមអាប៊ូ បា អាល់ បាដាឌីដំបូងក្នុងថ្ងៃទី២៩ មិថុនា ឆ្នាំ ២០១៤ ដែលជាថ្ងៃប្រកាសបង្កើតតំបន់កាលីហ្វាថ្មីដែលលាតសន្ធឹងពីផ្ទៃដីមួយភាគរបស់អ៊ីរ៉ាក់ឆ្លងចូលផ្ទៃដីមួយភាគរបស់ប្រទេសស៊ីរីក្បែរខាងដែលសរុបទៅ មានទំហំផ្ទៃក្រឡាដីប្រហាក់ប្រហែលនឹងប្រទេសអង់គ្លេស។
មានចងឆ្នួតពណ៌ខ្មៅលើក្បាល និងស្លៀកពាក់ខ្មៅជាមួយនឹងពុកមាត់ក្រាស់ឃ្មឹក អាប៊ូ បា អាល់ បាដាឌីមានឈ្មោះពិត អ៊ីប្រាហ៊ីម អាវ៉ាដ អាល់ បាឌ្រី។ ចាប់កំណើតក្នុងឆ្នាំ ១៩៧១ នៅក្នុងគ្រួសាក្រីក្ររស់ក្នុងតំបន់ទីក្រុងបាកដាកទឹកដីអ៊ីរ៉ាក់ អាល់ បាដាឌីចូលចិត្តកីឡាបាល់ទាត់ និងចង់ធ្វើជាមេធាវី។ តែដោយមិនអាចសម្រេចបំណងចង់ក្លាយជាមេធាវីបាន អាល់ បាដាឌីក៏បានចូលធ្វើទាហាន និងបានសិក្សាផ្នែកវិទ្យាសាស្រ្តខាងសាសនា។ នៅក្នុងសង្រ្គាមអ៊ីរ៉ាក់ដឹកនាំអាមេរិកក្នុងឆ្នាំ ២០០៣ អាល់ បាដាឌីបានបង្កើតក្រុមជីហាតមួយដែលពេលនោះ រូបគេត្រូវបានរដ្ឋអំណាចអ៊ីរ៉ាក់ឃាត់ខ្លួន និងបញ្ជូនចូលគុក។
តែបន្ទាប់ពីត្រូវបានដោះលែងវិញដោយគ្មានភស្តុតាង អាល់ បាដាឌីក៏បានចូលរួមជាមួយក្រុមឧទ្ទាមស៊ុយនីតក្រោមដំបូលរបស់អង្គការភេរវនិយមអាល់កៃដា។ បន្តិចម្តងៗ អាល់ បាដាឌីបានក្លាយជាមេដឹកនាំក្រុមឧទ្ទាមស៊ុយនីត ហើយឆ្លៀតឱកាសដែលអ៊ីរ៉ាក់កំពុងធ្លាក់ក្នុងសង្រ្គាមស៊ីវិលពេលនោះ អាល់ បាដាឌីបានពង្រីកកម្លាំងរបស់ខ្លួនចូលក្នុងទឹកដីស៊ីរីក្បែរខាងក្នុងឆ្នាំ ២០១៣ រួចក៏បានប្តូរឈ្មោះក្រុមឧទ្ទាមស៊ុយនីតទៅជាអង្គការរដ្ឋអ៊ីស្លាម។
ជោគជ័យធំធេងរបស់អាមេរិកនៅក្នុងសង្រ្គាមស៊ីរី
បើដំណឹងស្លាប់របស់អាប៊ូ បា អាល់ បាដាឌីជាដំណឹងប្រាកដមែន នេះជាជោគជ័យមួយដ៏ធំធេងរបស់អាមេរិក។ ចូរកុំភ្លេចថាក្នុងរយៈពេលចុងក្រោយនេះ និងដោយមានជំនួយអន្តរាគមន៍ពីកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិក កម្លាំង និងរចនាសម្ព័ន្ធរបស់អង្គការរដ្ឋអ៊ីស្លាមត្រូវបានកម្ទេចបែកសំបុកទាំងស្រុងនៅក្នុងទឹកដីស៊ីរីក៏ដូចជាអ៊ីរ៉ាក់។ ទន្ទឹមនឹងការវាយបំបែកសំបុកនៅអ៊ីរ៉ាក់ និងស៊ីរី សហគមន៍អន្តរជាតិក៏បានរួមសហការណ៍គ្នាចាត់វិធានការជាច្រើនដើម្បីទប់ស្កាត់ការចាកចេញរបស់យុទ្ធជនថ្មីទៅចូលរួមជាមួយអង្គការរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ថា អង្គការរដ្ឋអ៊ីស្លាមមានមនោគមន៍វិជ្ជា និងប្រើយុទ្ធសាស្រ្តយ៉ាងល្អក្នុងទាក់ទាញយុវជនបរទេសជាច្រើនពាន់នាក់ឲ្យចូលរួមជាមួយខ្លួន ពិសេសការឃោសនាតាមប្រព័ន្ធអ៊ីនធ័រនែត។
ការរួមសហការណ៍របស់សហគមន៍អន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យអង្គការរដ្ឋអ៊ីស្លាមចុះខ្សោយខ្លាំងតាំងពីការបាត់បង់ដែនដីគ្រប់គ្រង ចំនួនយុទ្ធជន និងប្រភពចំណូល។ ដូច្នេះគេអាចនិយាយបានថា បើដំណឹងស្លាប់អាប៊ូ បា អាល់ បាដាឌីដែលជាមេកើយជារឿងពិតមែន នោះមានន័យថា ពិភពលោកបានជីកអង្គការភេរវនិយមមួយនេះទាំងឫសដូចដែលអាមេរិកបានជីកឫសអង្គការអាល់កៃដាតាមរយៈការសម្លាប់បានអូសាម៉ា បេនឡាដិននៅក្នុងទឹកដីប៉ាគីស្ថានកាលពីខែឧសភា ឆ្នាំ ២០១១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ