អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិក​សម្រេច​បញ្ជូន​កម្លំាង​យោធា ៤៥០ នាក់​បន្ថែមទៀត​ទៅ​អ៊ីរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​សំរេច​ចិត្ត​អនុញ្ញាត​បញ្ជូន​កងទ័ព​អាមេរិក​ចំនួន ៤៥០ នាក់​បន្ថែម​ទៀត​ ដើម្បី​ស្រោចស្រង់​ស្ថានភាព​នៅ​ប្រទេស​អ៊ីរ៉ាក់ ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ជីហាត​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម។​ រដ្ឋបាល​លោក​អូបាម៉ា​បាន​ប្រកាស​ធានា​ថា ការ​បន្ថែម​កំលាំង​ថ្មី​នេះ​មិនមែន​ជា​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​យោធា​ទេ ហើយ​ កំលាំង​យោធា​បន្ថែម​នេះ​មិន​មែន​សំរាប់​ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធ​លើ​ដី​ទេ​។ ​បេសកកម្មចំបង​គឺ ​ផ្តល់​ការ​ហ្វឹកហ្វឺន​ និង​ផ្តល់​ប្រឹក្សា​យោបល់​ដល់​កងយោធា​អ៊ីរ៉ាក់។ ​សេចក្តី​សំរេច​ចិត្ត​ របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ​គឺ ក្រោយ​ពី​ទីក្រុង​យុទ្ធសាស្ត្រ​មួយ​ចំនួន​នៅ​អ៊ីរ៉ាក់​បាន​ធ្លាក់​ក្នុង​ដៃ​របស់​ពួកជីហាត​ កាល​ពីប៉ុន្មាន​សប្តាហ៍​មុន​នេះ។

លោក​ប្រធានាធិបតី​​អាមេរិក​អូបាម៉ា (រូបស្តំា) និង​ប្រមុខការទូត​ចន ឃ៊ែរី
លោក​ប្រធានាធិបតី​​អាមេរិក​អូបាម៉ា (រូបស្តំា) និង​ប្រមុខការទូត​ចន ឃ៊ែរី REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

បី​សប្តាហ៍​ក្រោយ​ពី​ទីក្រុង​ Ramadi ស្ថិត​នៅ​ចំងាយប្រមាណ​ ១១០ គីឡូម៉ែត្រ​ ភាគ​ខាងលិច​ទី​ក្រុង​បាដាដ​ ធ្លាក់​ក្រោម​ការ​គ្រប់​គ្រងរបស់​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​សំរេច​ចិត្ត​បញ្ជូន​កំលាំង​យោធា​ចំនួន​ ៤៥០​ នាក់​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ស្ថានភាព​។​ នេះ​ជា​សេចក្តី​សំរេច​ចិត្ត​ដ៏​ប្រយ័ត្ន​ប្រយែង​បំផុត​របស់​លោក​ប្រធានាធិបតី​អាមេរិក​​ ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​សង្គ្រាម​ឡើយ។

គិត​មកដល់​ពេល​នេះ​ ចំនួន​យោធា​អាមេរិក​បាន​កើនឡើង​ដល់​ ៣ ៥៥០ នាក់​ហើយ​ នៅ​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ពន្លឿន​ការ​បណ្តុះបណ្តាល​ផ្នែក​យោធា​ ដល់​ទាហាន​អ៊ីរ៉ាក់​ ជា​ពិសេស​កំលាំង​និកាយ​ស៊ុយនីត​។ ​ក្រៅ​ពី​បន្ថែម​កំលាំង​យោធា​ លោក​ប្រធានាធិបតី​ អូបាម៉ា​ ក៏​បាន​អនុញ្ញាត​បញ្ជូន​សំភារៈ​យោធា​មួយ​ចំនួន​ទៀត​ ដើម្បី​គាំទ្រ​កងយោធា​អ៊ីរ៉ាក់​ ក្នុង​នោះ​រួមមាន​ទាហាន​របស់​ជនជាតិគួដ និង​កងកំលាំង​កុលសម្ព័ន្ធ​ក្នុង​ស្រុក​ផ្សេងៗ​ទៀត។

ផ្តល់​ការ​ហ្វឹកហ្វឺន​ និង​ប្រឹក្សា​យោបល់​ផែ្នក​យោធា


កំលាំង​ទាហាន​បន្ថែម​ថ្មី​នេះនឹង​ត្រូវ​បណ្តុះបណ្តាល​កងទាហាន​អ៊ីរ៉ាក់​ នៅ​មូលដ្ឋាន​យោធា​ Al-Taqadoum ក្នុង​ខេត្ត​ Al-Anbar ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ដើម្បី​វាយ​ដណ្តើម​យក​ទីក្រុង​ Ramadi អោយ​បាន​មកវិញ​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ ​រហូត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ ដែល​ដឹកនាំ​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ បាន​បណ្តុះ​បណ្តាល​ទាហាន​អ៊ីរ៉ាក់​ចំនួន​ ៩ ពាន់​នាក់។​ ទាហាន​អ៊ីរ៉ាក់​ចំនួន​ ៣ ពាន់​នាក់​ផេ្សងទៀត ​កំពុង​ទទួល​ការ​ហ្វឹកហ្វឺន មុន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​ពួក​ជីហាត​ជ្រុលនិយម​ របស់​អង្គការ​រដ្ឋ​អ៊ីស្លាម។

បច្ចុប្បន្ន​នេះ​ ទាហាន​អ៊ីរ៉ាក់​ ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ទីតាំង​ខែ្ស​ត្រៀម​ ក្បែរ​ទីក្រុង​ Samarra ភាគ​ខាងជើង​ទីក្រុង​បាដាដ កៀក​គ្នា​ជាមួយ​កំលាំង​ទាហាន​ជនជាតិ​គួក​ និង​នៅទីក្រុង​ Al-Karmah ក្នុង​ខេត្ត​ Al-Anbar ដែល​សំបូរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ និកាយ​ស៊ុយនីត។ អស់​រយៈ​ពេល​ជា​ច្រើន​ខែមក​ហើយ​ រដ្ឋាភិបាល​អាមេរិក​ព្យាយាម​បញ្ចុះបញ្ចូល​អោយ​កុលសម្ព័ន្ធ​និកាយ​ស៊ុយនីត​ចូលរួម​ប្រយុទ្ធ​ រុញច្រាន​ពួកជីហាត​ចេញ​ពី​ទឹកដី​អ៊ីរ៉ាក់។

បទពិសោធន៍​ដូចឆ្នាំ​ ២០០៦


សហរដ្ឋ​អាមេរិក​ចង់​យក​គំរូ​តាម​បទពិសោធន៍​កាលពី​ឆ្នាំ​ ២០០៦ ដែល​កាលនោះ​ទាហាន​កុលសម្ព័ន្ធ​ស៊ុយនីត​បាន​ចូលរួម​ប្រយុទ្ធ​ ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​អាល់កៃដា​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​ ក្នុង​សន្និសីទ​កាសែត​ ក្រោយ​ជំនួប​ប្រជុំ​ប្រទេស​មហាអំណាច​ទាំង​ ៧​ ក្នុង​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​សប្តាហ៍​មុន​ លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ពន្យល់​ថា​ ប្រសិនបើ​គ្មាន​ការ​ចូលរួម​ពី​កំលាំង​ប្រយុទ្ធ​របស់​កុលសម្ព័ន្ធ​ក្នុង​ស្រុក​ទេ​ វាជា​ការ​លំបាក​ណាស់​ដែល​អាច​រក្សា​ការពារ​ទីតាំង​ ឬ​ទឹកដី​បាន​យូរ​អង្វែង។

ដូចនេះ​ ជា​ការចាំបាច់​ដែល​កំលាំង​ស៊ុយនីត​ត្រូវ​តែ​ចូលរួម​ប្រយុទ្ធ​ជាមួយ​កំលាំង​ទាហាន​អ៊ីរ៉ាក់។ ជុំវិញ​សំណួរ​ទាក់ទង​នឹង​ការ​បង្កើន​ទាហាន​អាមេរិក​បន្ថែម​ទៀត​នា​ពេល​អនាគត ក្នុង​ប្រទេស​អ៊ីរ៉ាក់​ លោក​ Ben Rhodes ទីប្រឹក្សា​របស់​លោក​ អូបាម៉ា​ បាន​អោយ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​មិន​បាន​ទាត់​ចោល​គំនិត​នេះ​ទេ។​ សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​មើល​យុទ្ធសាស្រ្ត​យោធា​របស់​ខ្លួន​ជា​ទៀង​ទាត់​ និង​បន្ថែម​ ឬ​បន្ថយ​កំលាំង​យោធា​ អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់​ស្តែង​នៅ​អ៊ីរ៉ាក់។

តើ​យុទ្ធសាស្រ្ត​សង្គ្រាម​របស់​លោក​អូបាម៉ា​ មានប្រសិទ្ធិភាព​ដែរឬទេ?​


តាម​រយៈ​ក្រសួង​ការពារ​ជាតិ​របស់​ខ្លួន សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ ក្នុង​សង្គ្រាម​ប្រឆាំង​ពួកជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម អាមេរិក​នឹង​មិន​បញ្ជូន​កងកំលាំង​ប្រយុទ្ធ​ផ្ទាល់ដី​ឡើយ។​ ពោលគឺ​ កង​យោធា​អាមេរិក ​រួម​ជាមួយ​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​មាន​តួនាទី​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​កង​យោធា​អ៊ីរ៉ាក់​ និង​ដឹកនាំ​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​តែ​ប៉ុណ្ណោះ​។​ ចំណែក​ ប្រតិបត្តិការ​វាយ​ប្រហារ​នៅ​លើ​ដីវិញ​គឺ ជាភារកិច្ច​របស់​កង​យោធា​អ៊ីរ៉ាក់​ទាំងស្រុង។

បរាជ័យ​ទីក្រុង​ Ramadi ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ជីហាត ​បាន​បង្កើត​អោយ​មាន​ភាព​តានតឹង​គ្នា​ រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ាក់។​ លោក​ Ashton Carter រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បង្ហាញ​មន្ទិល​សង្ស័យ​ ដោយ​ឥត​លាក់លៀម​ថា​ តើ​កំលាំង​ទាហាន​អ៊ីរ៉ាក់​មាន​ឆន្ទៈ​ចង់​ប្រយុទ្ធ​ពិត​បា្រកដ​ដែរឬទេ? ក្រោយ​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ Haider al-Abadi កាលពី​សប្តាហ៍​មុន​ លោក​ប្រធានាធិបតី​ អូបាម៉ា​ ក៏​បាន​អះអាង​ថា​ ជំនួយ​គាំពារ​របស់​សហរដ្ឋ​អាមេរិក​ដល់​ទាហាន​អ៊ីរ៉ាក់​មិនមែន​ត្រឹមតែ​សំរាប់​ប្រយុទ្ធ​ការពារ​ខ្លួន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ទាហាន​អ៊ីរ៉ាក់​អាច​ដឹកនាំ​ការ​វាយប្រហារ​ដោយខ្លួន​ឯង​ ដើម្បី​កំទេច​ពួកជីហាត។

សព្វថ្ងៃ​នេះ​ យុទ្ធសាស្រ្ត​សង្គ្រាម​ប្រឆាំង​ពួកជីហាត​ របស់​លោក​ប្រធានាធិបតី​ អូបាម៉ា​ កំពុង​ទទួល​រង​ការ​រិះគន់​ឥត​សំចៃ​ ពី​សំណាក់​គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ​ផង​ និង​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​គ្នា​ឯង​ផង។​ អ្នក​ខ្លះ​យល់​ឃើញ​ថា​ លោក​ អូបាម៉ា​ រួញរា ស្ទាក់​ស្ទើរ​ មិនហ៊ាន​បញ្ជូន​កំលាំង​ប្រយុទ្ធ​ទៅ​ប្រទេស​អ៊ីរ៉ាក់។​ យុទ្ធសាស្រ្ត​បច្ចុប្បន្ន​ហាក់​គ្មាន​បាន​ផ្លែផ្កា​បន្តិច​សោះ​ ខណៈ​ពេល​ដែល​សកម្មជន​ប្រយុទ្ធ​ជីហាត​ចេះតែ​រុលទៅ​មុខ​ កាន់កាប់​បាន​ទីតាំង​សំខាន់ៗ​មួយ​ចំនួន។​

ប៉ុន្តែ​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ តាមរយៈ​អនុរដ្ឋមន្រ្តី​ការបរទេស​ Antony Blinken រដ្ឋាភិបាល​របស់​លោក​ អូបាម៉ា​បាន​និយាយ​ការពារ​ថា​ យុទ្ធសាស្ត្រ​របស់​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​បាន​ធ្វើ​អោយ​អង្គការ​រដ្ឋអ៊ីស្លាម​បាត់បង់​ការ​គ្រប់គ្រង​ចំនួន​ ២៥% ក្នុង​ប្រទេស​អ៊ីរ៉ាក់​។​ ម៉្យាងទៀត​ ពួកជីហាត​ចំនួន​ ១​ ម៉ឺន​នាក់​ត្រូវ​បាន​សំលាប់ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ